kalib9

មិនយូរប៉ុន្មាន​ទេ ប្រសិនបើ​គេ​ក្រឡេកមើល​ទៅក្រោយ ត្រឹម​ទសវត្សរ៍​៥០

និង​៦០ គេ​អាច សង្កេតឃើញថា យុវជន​មួយចំនួន​តូច បាន​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​មក​អភិវឌ្ឍ​ខ្លួន និង សង្គមជាតិ ដោយស្មោះ​ត្រង់ និង​គុណធម៌​។ ប៉ុន្តែ ចាប់ពី​ចន្លោះ​ទសវត្សរ៍​៧០ រហូតដល់​បច្ចុប្បន្ន លើកលែងតែ​របប​ខ្មែរក្រហម ដែល​គេ​មិន​ចាយលុយ គេ​អាច​សង្កេតឃើញថា ទឹកចិត្ត ឬ​សន្តាន​ចិត្ត​របស់​យុវជន និស្សិត ឬ​បញ្ញា​វ័​ន្ត​ខ្មែរ ផ្តោត​អំពើពុករលួយ​ដោយ​មិនដឹង​ខ្លួន​។​

​បញ្ហា​ទាំងនេះ គេ​អាច​សង្កេតឃើញ​ដោយ​ងាយ តាមរយៈ​កាយវិការ ឥរិយាបថ ឬ​សម្តីសំដៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ឬ​ក្រុមយុវជន សិស្ស និស្សិត បញ្ញា​វ័ន​ផងដែរ ដូចជា នៅពេល​ពួកគេ​ធ្វើដំណើរ ទៅកាន់​ស្រុកកំណើត ឬ​ទៅ​ទីណា​ជួបគ្នា​ម្តងៗ ក្រៅពី​ការសួរសុខទុក្ខ ពី​សាច់ញាតិ បងប្អូន មិត្តភក្តិ ឬ​ឪពុកម្តាយ ពួកគេ ក៏​ទទួលបាន​នូវ​សំណួរ​ដ៏​គួរ​ចងចាំ​ដំបូង​គេ និង​អស់សំណើច​ដដែលៗ​ថា ម៉េច​ដែរ តើ​ការងារ​នោះ​ស្រួល​ទេ​? ពិបាក​ឬ​ស្រណុក​? ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​? និង​ថា តើ​អា​ចរក​ក្រៅ​បានទេ​?​។

ពាក្យ​ថា​រក​ក្រៅ​បាន មានន័យថា ប្រាក់កំរៃ ដែល​រកបាន​បន្ថែម ក្រៅពី​ប្រាក់ខែ​។ ការរក​ក្រៅ​បាន បើ​ចំពោះ បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ នារី​ធ្វើការ​នៅតាម​ក្លឹប​កម្សាន្ត​សប្បាយ ភោជនីយដ្ឋាន ខា​រា​អូ​ខេ ឬ​មគ្គទេសក៍ ទេសចរណ៍​មួយ​ភាគ​ធំ អាច​ជាការ​សមស្រប ព្រោះ​ប្រាក់កំរៃ​ភាគច្រើន​បានមកពី​ការផ្តល់​ឲ្យ ដោយ​ត្រឹមត្រូវ​ពី​ភ្ញៀវ​។ ប៉ុន្តែ ចំពោះ​បុ​គ្ឡិ​ក​អង្គការ ឬ​មន្ត្រីរាជការ គេ​ពិបាក​នឹង​ញែក​ឲ្យ​ដាច់​រវាង ពាក្យ់​រក​ក្រៅ​បាន​នេះដែរ​។

​សំណួរ ដែល​នាំទៅរក​ការប្រព្រឹត្ត​អំពើ​អវិជ្ជមាន​នេះ តែងតែ​កើត​ឡើងលើ​រូប​យុវជន​ខ្មែរ មិន​ថា និស្សិត ច្បាប់ ពេទ្យ កសិកម្ម សេដ្ឋកិច្ច ឬ​អាយ​ធី​នោះឡើយ​។ ក្រៅពីនេះ គេ​ក៏​នៅ​ឮ ការពិភាក្សា ដ៏​សកម្ម និង​ពេញនិយម​របស់​យុវជន ពី​បញ្ហា​នេះ នៅតាម​បណ្តា​ភោជនីយដ្ឋាន ហាង​កាហ្វេ ឬ​ទីសាធារណៈ ផ្សេងៗ​ទៀត​ដោយ​ចំហរ​ផងដែរ ដូចជា​ថា ម៉េច​ដែរ ធ្វើការ​ងារ​អី​?​នៅឯណា​? មាន​តួនាទី​ជា​អ្វី​ដែរ​? កន្លែង​នោះ​រក​ក្រៅ​បានទេ​? ហើយ​ប្រាក់ខែ​ប៉ុន្មាន​? ហើយ​ប្រសិនបើ ម្ចាស់​ចម្លើយ​ឆ្លើយថា ប្រាក់ខែ​តិច តួ​នា ទី​តូច ម្ចាស់​សំណួរ ប្រាកដជា​នឹង​បន្ត​ប្រយោគ​សំណួរ​របស់គេ​បែប​លេងសើច​ទៀតថា តួនាទី​តូច ប្រាក់ខែ​តិច មិន​សំខាន់ សំខាន់​ឲ្យ​តែ​រក​ក្រៅ​បាន​។ ពាក្យ​ថា រក​ក្រៅ​បាន​នេះ សម្រាប់​មន្ត្រីរាជការ ឬ​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន គឺ​មានន័យ​គ្រប់គ្រាន់​ថា គឺជា​ការប្រព្រឹត្ត​អំពើពុករលួយ ឬ​កិបកេង​ថវិការ​ស្ថាប័ន​ជាតិ ឬ​អង្គភាព​ដែល​ខ្លួន​ធ្វើការ​។ អំពើពុករលួយ មិនចាំបាច់​ដល់​ការ​កិបកេង​ថវិកា ឬ​ទ្រព្យសម្បត្តិ​ជាតិ ច្រើនសន្ធឹក​សន្ធាប់​នោះទេ សូម្បី​ការកេងបន្លំ​ម៉ោង​ធ្វើការ​របស់​រដ្ឋ ក៏​គេ​អាច​ចាត់​ចូល​ជា​បទ ឬ​អំពើពុករលួយ ដោយ​ប្រយោល​ដែរ​។​

​កិច្ចពិភាក្សា មិនចេះ​ដាច់ ស្ទើរតែ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​នេះ ពួកគេ​ភ្លេចខ្លួន​ថា ពួកគេ គឺជា​មេ រោគ ជា​អ្នកបង្កើត​ជំងឺ នៃ​អំពើពុករលួយ​នៅក្នុង​សង្គម ប៉ុន្តែ ពួកគេ​តែងតែ​ប្រើ​ទ្រឹស្តី យ៉ាង​ប៉ិនប្រសប់​ថា ស្អប់​អំពើពុករលួយ ស្អប់​អំពើ​កិបកេង​នានា ជាពិសេស​ស្អប់​ជន​ប្រព្រឹត្ត​អំពើពុករលួយ​។ ពួកគេ​ភ្លេច​ថា ពួកគេ គឺជា​សរសរ​ទ្រូង នៃ​ភាពរឹងមាំ​របស់​ប្រទេសជាតិ​។​

​មាន​សំណួរ​បាន​សួរ​ឡើង​ថា ប្រសិនបើ​ពួកគេ នៅតែ​ប្រកាន់​ឥរិយាបថ​បែបនេះ តើ​ភក្តីភាព​របស់​ពួកគេ អាចជួយ​សង្គម​បានទេ​? ហើយ​តើ​ពួកគេ គួរ​កាត់បន្ថយ ឬ​លុបចោល​នូវ​ការយល់ឃើញ​បែប​ភ័ន្តច្រឡំ​នេះ​បានទេ​? ប្រសិនបើ​បាន តើ​ពួកគេ គួរ​ចាប់ផ្តើម​ពី​ពេលណា ហើយ​អ្នកណា​ទៅមុន​?​ ៕