kalib9

មេរៀន​ជោគជ័យ​ ៧​យ៉ាង​ ដែល​គ្មាន​បង្រៀន​នៅ​សាលា​

បន្ទាប់​ពី​បាន​អាន​នូវ​មេរៀន​ជា​ច្រើន​អំពី​ភាព​ជោគជ័យ​ លោក​អ្នក​ប្រហែល​ជា​មាន​សមត្ថភាព​ខ្លះ​ហើយ​ក្នុង​វិស័យ​ជំនួញ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​។ ខាង​ក្រោម​នេះ​គឺ​ជា​មេរៀន​ដែល​ លោក​អ្នក​មិន​អាច​រៀន​បាន​ពី​សាលា​ឡើយ​ ប៉ុន្តែ​ពី​ការ​អនុវត្ត​ផ្ទាល់​រ​បស់​អ្នក​៖​

១. ​បំភ្លេច​បរាជ័យ​​

សហ​គ្រិន​ដែល​ជោគជ័យ​ ឬ​អ្នក​ជំនួញ​ដ៏​អស្ចារ្យ​ដឹង​យ៉ាង​ច្បាស់​អំពី​បរាជ័យ​។ ពួក​គេ​មិន​ខ្លាច​បរាជ័យ​ទាំង​នោះ​ទេ ​ហើយ​ពួក​គេ​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់​ បន្ទាប់​ពី​ទទួល​បាន​បរាជ័យ​នោះ​។

​២.​ ធ្វើ​សកម្មភាព​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​

មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ភាព​ភ័យ​ខ្លាច​ ទោះ​បី​ជា​ពួ​ក​​គេ​មើល​ទៅ​ដូច​ជា​រឹង​មាំ​ មាន​​ទំ​នុក​ចិត្ត​ក៏​ដោយ​។ ​ពួក​គេ​ខ្លាច​បរាជ័យ​ហ្នឹង​ឯង​។ ​មេ​ដឹក​នាំ​ទាំង​ឡាយ​មាន​ភាព​ខុស​ពី​មនុស្ស​សាមញ្ញ​ត្រង់​ពួក​គេ​អាច​ធ្វើ​សកម្មភាព​ទោះ​បី​ជា​ពួក​គេ​មាន​ភាព​ភ័យ​ខ្លាច​យ៉ាង​ណា​ក៏​ដោយ​។

​៣.​ គម្រោង​អនាគត​គឺ​ជា​រឿង​ល្អ ​ប៉ុន្តែ​កុំ​មើល​រំលង​ពេល​បច្ចុប្បន្ន​

អ្វី​ដែល​យើង​រៀន​សព្វ​ថ្ងៃ​នេះ​គឺ​ការ​រៀប​គម្រោង​សម្រាប់​អនាគត​។ ប៉ុន្តែ​ទោះ​បី​ជា​លោក​អ្នក​មាន​ គម្រោង​អនាគត​ល្អ​យ៉ាង​ណា​ក៏​ដោយ ​តែ​បើ​លោ​ក​​អ្នក​រៀប​ចំ​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន​មិន​បាន​ល្អ​ទេ​នោះ ​លោក​អ្នក​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។

៤.​ កុំ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំនួរ​

បើ​សិន​ជា​លោក​អ្នក​មាន​សំនួរ​ សូម​កុំ​មាន​អារម្មណ៍​ថា​លោក​អ្នក​នឹង​មិន​សួរ​អ្នក​ដទៃ​ទេ​ ព្រោះ​ខ្លាច​គេ​ថា​លោក​អ្នក​អន់​ ឬ​ខ្មាស​អៀន​ឱ្យ​សោះ​។ នៅ​ពេល​ដែល​លោក​អ្នក​សួរ​សំនួរ​នៅ​ក្នុង​អង្គ​ ប្រជុំ​អ្វី​មួយ​ លោក​អ្នក​មិន​ត្រឹម​តែ​បំបាត់​ចម្ងល់​ខ្លួន​ឯង​ទេ ​ប៉ុន្តែ​លោក​អ្នក​កំពុង​តែ​បាន​ជួយ​​អ្នក​ដទៃ​ទៀត​ក្នុង​ការ​ស្រាយ​ភាព​មន្ទិល​របស់​ពួក​គេ​ផង​ដែរ​។

៥.​ បើ​សិន​ជា​លោក​អ្នក​យល់​ថា​ត្រូវ​ធ្វើ ​គឺ​វា​អ៊ី​ចឹង​ហើយ​

មាន​មនុស្ស​ច្រើន​ណាស់ ​យល់​ថា​ការងារ​មួយ​ជា​ការងារ​ត្រឹមត្រូវ​ ប៉ុន្តែ​ពួក​គេ​មិន​ចាប់​ផ្ដើម​ធ្វើ​វា​ទេ​។ នេះ​ហើយ​គឺ​ជា​បរាជ័យ​ដ៏​ធំ​របស់​មនុស្ស​ភាគ​ច្រើន​។ ឯ​មេ​ដឹក​នាំ​ដែល​ខ្លាំង​វិញ​ បើ​ទោះ​បី​ ជា​ពួក​គេ​ត្រូវ​ធ្វើ​វា​តែ​ម្នាក់​ឯង​ក៏​ដោយ​ ពួក​គេ​ដើរ​យ៉ាង​ស្វា​ហាប់​ ដើម្បី​បាន​សម្រេច​នូវ​អ្វី​ដែល​គេ​ យល់​ថា​ត្រឹម​ត្រូវ​។

៦. ​អ​​ត់​ធ្មត់​

គម្រោង​ការ​ខ្លះ​ចំណាយ​រយៈ​ពេល​យូ​រ​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​។ ចេញ​ពី​ស្ថាន​ភាព​រាល់​ថ្ងៃ​ រហូត​ដល់​ពេល​ទទួល​បាន​ជោគជ័យ​ ជីវិត​របស់​លោក​អ្នក​ជួប​ឧប​សគ្គ​យ៉ាង​ច្រើន​។ ដូច្នេះ​ហើយ​ ការ​អត់​ធ្មត់​ជាក់​ស្ដែង​របស់​លោក​អ្នក​មាន​ប៉ុន្មាន​ ភាព​ជោគ​ជ័យ​នឹ​ង មាន​ទំហំ​ប៉ុន​ហ្នឹង​ដែរ​។ ​

៧. មើល​ឃើញ​ភាព​អស្ចារ្យ​របស់​អ្នក​ដទៃ​ មិន​ត្រឹម​តែ​យ​ក​អ្នក​ដទៃ​ជា​កញ្ចក់​នោះ​ទេ​

អ្នក​ដទៃ​អាច​ជា​សិស្ស​របស់​អ្នក​នៅ​ពេល​ខ្លះ​ បើ​សិន​ជា​លោក​អ្នក​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្លាំង​។ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ក្លាយ​ទៅ​ជា​គ្រូរ​បស់​លោក​អ្នក​ត្រង់​ចំណុច​ដែល​លោ​ក​​អ្នក​មិន​ដែល​បាន​ដឹង​៕