kalib9

មានការគិតមួយជាទូទៅ ដែលយើងតែងតែគិតថា សិស្សដែលរៀនពូកែ បានទទួលពិន្ទុល្អ

ក្នុងការសិក្សារបស់ខ្លួន នឹងទទួលបានឱកាស ក្នុងការអភិវឌ្ឍន៍ ដើម្បីជោគជ័យក្នុងជីវិតរបស់ខ្លួន ច្រើនជាង សិស្សមធ្យម ឬខ្សោយ។ តែធាតុពិត មិនមែនអ៊ីចឹងនោះទេ។ នៅក្នុងអត្ថបទនេះ ចែកចាយសូមលើក យកចំនុចមួយចំនួន ដែលឆ្លុះបង្ហាញ ថាសិស្សដែលជាប់ពិន្ទុមធ្យមក្នុងការសិក្សាវិញទេ ដែលបានទទួលជោគជ័យជាងគេ។

យ៉ាងណាក៏ដោយ ក្នុងការដាក់ពាក្យរកការងារធ្វើ ដើម្បីទទួលតំណែង នៅក្រុមហ៊ុនណាមួយ ទាមទារឲ្យមានសញ្ញាបត្រ ទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ ភាគច្រើន ក្រុមហ៊ុននិមួយៗ មិនសូវជាខ្វល់ខ្វាយអំពីកម្រិតនៃពិន្ទុនៅក្នុងសញ្ញាបត្រនោះឡើយ។ និយាយដូច្នេះ មិនមែនមានន័យថា អ្នកមិនបាច់ខិតខំប្រឹងប្រែងរៀនសូត្រ ក៏អាចទទួលបានជោគជ័យបែបនេះ បានឡើយ។ វាគ្រាន់តែជាគំនិតទស្សនៈ និងឧទាហរណ៍ជាក់ស្តែងមួយចំនួន ថា ហេតុអ្វីបានជាសិស្សដែលជាប់និទ្ទេស “C”ក្លាយជាបុគ្គលជោគជ័យដ៏អស្ចារ្យបែបនេះ? ដើម្បីជ្រាប ចែកចាយសូមលើកយកហេតុផលចំនួន ៧ ដើម្បីចែកជូនប្រិយមិត្តអ្នកបានដឹង។

១. ពួកគេជាបុគ្គលដែលដឹងច្បាស់ជាងអ្នកដ៏ទៃ នូវអ្វីដែលពួកគេចង់បាន
សិស្សប្រភេទនេះ មិនដែលចំណាយពេលច្រើន ចូលរៀនមុខវិជ្ជាណាដែលខ្លួនមិនពេញចិត្ត ដែលយើងទាំងអស់គ្នា មិនហ៊ានខកខានឡើយ។ ពួកគេផ្តោតតែលើមុខវិជ្ជាណា ដែលពួកគេស្រឡាញ់ ចូលចិត្ត និងពាក់ព័ន្ធទៅនឹងចំណេះជំនាញ វិជ្ជាជីវៈ ដែលសម្រួលដល់ការងាររបស់ពួកគេប៉ុណ្ណោះ។ ជាក់ស្តែង ដូចលោក ស្ទីវ ចបស៍ (Steve Jobs) ស្ថាបនិកក្រុមហ៊ុន Apple លើកឡើងថា មធ្យោបាយតែមួយគត់ ដែលអាចធ្វើឲ្យ អ្នកជោគជ័យបាន នោះគឺ ស្រលាញ់នូវអ្វីដែលអ្នកធ្វើ ហើយបន្តធ្វើវាឥតឈប់។

 


២. ពួកគេមិនបណ្តោយឲ្យឱកាសកន្លងផុតឡើយ
សិស្សជាប់និទ្ទេស C ភាគច្រើន តែងចាប់យកឱកាស ប្រឡូកក្នុងការងារ មុនមិត្តភក្តិរបស់គេ ដែលជាមូលហេតុ ធ្វើឲ្យពិន្ទុក្នុងការសិក្សា ធ្លាក់ចុះ ។ ទោះបីយ៉ាងណា ពួកគេទទួលបាន ពិសោធន៍ដ៏មានតម្លៃ ដែលសិស្សដ៏ទៃ មិនបានទទួលក្នុងពេលដូចគ្នា។ ហើយយើងទាំងអស់គ្នា សុទ្ធតែដឹងហើយថា ក្នុងការដាក់ពាក្យរកការងារ គឺផ្អែកលើបទពិសោធន៍ ជាងការសិក្សា។ ដូច្នេះ ចង់មិនចង់សិស្សនិទ្ទេស “C” នឹងមានឱកាសច្រើនជាង។


៣. ពួកគេកសាងបណ្តាញទំនាក់ទំនងបានល្អ
ក្នុងខណៈពេលដែលសិស្សផ្សេងៗទៀត ជាប់រវល់សិក្សាលើមុខវិជា្ជជាច្រើន សិស្សនិទ្ទេស C ទទួលបានគំនិតដែលមានប្រយោជន៍ដ៏មហិមា ដោយសារ ចំណងទំនាក់ទំនងជាមួយនឹងក្រុមមនុស្សចម្រុះរៀងរាល់ ថ្ងៃ។ ជារឿងពិត ការស្គាល់អ្នកមានឥទ្ធិពលតាមលទ្ធភាព ដែលអាចធ្វើបាន ធ្វើឲ្យអាជីពរបស់អ្នកនាថ្ងៃខាងមុខ ទទួលបានផ្លែផ្កាវិសេសវិសាល។

៤. ពួកគេចេះបង្កើតភាពរីករាយដល់ជីវិត
ពួកគេជាប្រភេទសិស្ស ដែលតែងតែបង្ករភាពសប្បាយរីករាយដល់ខ្លួន ជានិច្ច ដោយកម្រនឹងខកខាន ក្នុងការចូលរួមក្នុងកម្មវិធីសប្បាយផ្សេងៗ ទាំងពេលនៅសិក្សា និងទទួលបានការងារ។ ជាធម្មតា និងទូទៅ មនុស្សទទួលបានការរីករាយច្រើនក្នុងជីវិត តែងទទួលបានជោគជ័យខាំ្លងជាងអ្នកដែលមិនដែលទទួលបានការរីករាយ។ ពួកគេចេះបង្កការសប្បាយរីករាយ ដល់អ្នកជុំវិញ ចេះដឹកនាំក្រុមបានល្អ ព្រមទាំងធ្វើឲ្យក្រុមទាំងមូលទទួលបានការសរសើរ ជារឿយៗ ដែលនេះហើយឆ្លុះបង្ហាញពីជំនាញពិសេស ដែលចៅហ្វាយនាយរបស់គេចង់បាន។ មនុស្សស្មុគ្រស្មាញ គតិអវិជ្ជមាន ទោះបីជាពួកគេពួកែគេយ៉ាងណាក៏ដោយ ក៏មិនអាចលេចធ្លោដូចបុគ្គលខាងលើបានដែរ។


៥. ពួកគេតែងរកដំណោះស្រាយយ៉ាងងាយបំផុតដើម្បីដោះស្រាយបញ្ហា
មហាសេដ្ឋីលេខ ១ ពិភពលោក ជំនាញផ្នែកកុំព្យូទ័រ លោក បៀល ហ្គេដស៍ (Bill Gates) គឺជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលជោគជ័យទាំងឡាយ ដែលមិនដែលទទួលបានពិន្ទុល្អកាលពីនៅរៀន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកទទួលបានឈ្មោះល្បីជាងគេនៅក្នុងការបង្កើតក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនសាជីវកម្មធំបំផុតក្នុងពិភពលោក។ បៀល ហ្គេដស៍ (Bill Gates) គឺជាបុគ្គលដែលមិនលាក់បាំង មានចិត្តទូលាយ ដែលគាត់មិនដែលចាត់ទុកកម្រិតពិន្ទុ ឬក៏សញ្ញាបត្រជាការសំខាន់ ជាជាងឲ្យតម្លៃទៅលើ គំនិតទូលំទូលាយជាងនេះ។ គាត់និយាយថា ខ្ញុំនឹងតែងតែជ្រើសរើសយកមនុស្សខ្ជឹលច្រអូសមកធ្វើការងារដ៏លំបាក។ ពីព្រោះគាត់នឹងអាចរកឃើញពីវិធីដែលងាយស្រួល ដើម្បីធ្វើវា។


៦. ពួកគេដើរតាមការស្រមើស្រមៃរបស់ខ្លួន
រឿងដែលជោគជ័យសឹងតែទាំងស្រុង កើតឡើងមកពីការស្រលាញ់រាល់ការធ្វើរបស់ខ្លួន។ ស្ត្រីមហាសេដ្ឋីពិភពលោក វ័យក្មេងបំផុត Elizabeth Holmes, ជាបុគ្គលដែលកំពុងធ្វើការបំបែកកំណត់ត្រាថ្នាំពេទ្យ បានបោះបង់ចោលការសិក្សា ហើយដើរតាមការស្រមើស្រមៃរបស់ខ្លួនវិញ។ យើងក៏បានស្គាល់ផងដែរ ចំពោះលោក Richard Branson ជាបុគ្គលដែលមានស្នេហាអស់សំណើច ដែលបានបោះបង់ចោលការសិក្សារបស់ខ្លួនក្នុងវ័យ ១៥ ឆ្នាំ ។ ឥឡូវនេះ លោកជាស្ថាបនិកក្រុមហ៊ុន អាកាសចរណ៍យក្សមួយ ឈ្មោះថា “Virgin Airline Company”។


៧. ពួកគេយល់ច្បាស់នូវអ្វីដែលត្រូវប្រឹងប្រែង
ជោគជ័យទាមទារនូវញ្ញាណរម្មណ៍ខ្លាំងពូកែ ការបែងចែកត្រឹមត្រូវជាមុន ចំណង់ និងសំខាន់បំផុតនោះគឺ សមត្ថភាពដើម្បីគ្រប់គ្រងការបរាជ័យបាន។ នៅក្នុងអាជីវកម្ម ក៏ដូចជាក្នុងជីវិត ជាធម្មតា តែងតែជួប ល្អ និងអាក្រក់ មិនខ្វល់ថា កម្រិតនៃការសិក្សារបស់អ្នកប៉ុណ្ណានោះទេ។ សិស្សជាប់និទ្ទេស “C” ទទួលបានជោគជ័យជាងគេពីព្រោះ ពួកគេដឹងច្បាស់ថា អ្វីដែលត្រូវធ្វើការប្រឹងប្រែងដើម្បីទទួលបាន ដែលចាប់ផ្តើមឡើងដោយ ចូលរួមរាល់ការប្រឡងឲ្យជាប់សិន និងបញ្ចប់ទៅវិញ ដោយធ្វើការស្វែងរកដើមទុន ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន។

error: Content is protected !!