kalib9

ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ម្នាក់​មិន​ចាំ​បាច់​ថា ​អ្នក​ត្រូវ​មាន​ជំនាញ​មួយ​ខ្លាំង ​​​បទ​ពិសោធន៍​ក្រាស់ក្រែល​​ ​ឬ​អាយុ​ច្រើន​នោះ​ទេ

ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ម្នាក់​មិន​ចាំ​បាច់​ថា ​អ្នក​ត្រូវ​មាន​ជំនាញ​មួយ​ខ្លាំង ​​​បទ​ពិសោធន៍​ក្រាស់ក្រែល​​ ​ឬ​អាយុ​ច្រើន​នោះ​ទេ។ ​អ្នក​អាច​ចាប់​ផ្ដើម​ពី​គ្រប់​កន្លែង​ ​​​គ្រប់​វ័យ ​និង​​គ្រប់​ពេល​វេលា ​​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ចង់​​​បង្កើត​អ្វី ​ហើយ​​ចង់​ធ្វើ​វា​កម្រិត​ណា។ ​​​ចំណុច​ខាងក្រោម​អាច​ជំរុញ​ចិត្ត​​ និង​តម្រង់​ទិស​អ្នក​ថា ​​មិន​ចាំ​បាច់​មាន​អ្វី​ក៏​អ្នក​អាច​ចាប់​ផ្ដើម​បាន​ដែរ។

១.​​​​នៅ​ក្មេង​ ហើយ​គ្មាន​បទ​ពិសោធន៍​​អត់​បញ្ហា
គ្មាន​បទ​ពិសោធន៍​មិន​ត្រឹម​តែ​មិន​មែន​ជា​ឧបសគ្គ​ទេ ​តែ​ពេល​ខ្លះ​វា​អាច​ជា​គុណសម្បត្តិ​ទៅ​វិញ។ ​​​មិន​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​មាន​ន័យ​ថា ​អ្នក​មិន​ដឹង​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​លើ​​រឿង​នេះ​​​ដូចគ្នា។ ​​​ពេល​ខ្លះ​ការ​មិន​ដឹង​នេះ​ ធ្វើ​ឲ្យ​អ្នក​បង្កើត​គំនិត​ថ្មី​ប្លែក​​ដែល​មិន​ធ្លាប់​មាន​នរណា​នឹក​ដល់។ ​​​​ដូច​ករណី​ អ្នក​នាង​ Sara Blakely ​​​ជា​ស្ថាបនិក ​និង​ម្ចាស់​ក្រុមហ៊ុន​ Spanx ​បាន​ចែក​រំលែក​ក្នុង​​កម្មវិធី​ Global Showcase ​ថា ​​​ដើម្បី​បង្កើត​មុខ​ជំនួញ​របស់​នាង​ឡើង ​នាង​ព្យាយាម​គិត​ថា ​​តើ​នាង​​អាច​ធ្វើ​កិច្ចការ​នីមួយៗ​យ៉ាង​ម៉េច​បើ​សិន​ជា​​នាង​មិន​ដឹង​អ្វី​ទាំង​អស់។ ​​​​វិធីសាស្ត្រ​នេះ​ ​​បាន​បង្កើត​នូវ​ការ​គិត​ថ្មី​​ ដែល​អាច​ជា​ហេតុផល​មួយ​ឲ្យ​អ្នក​​បង្កើត​​​ជំនួញ​មួយ​ដោយ​មាន​គំនិត​​ល្អៗ​​យក​មក​បញ្ចូល​ជា​​ជាង​​​អង្គុយ​រង់ចាំ​ឱកាស​មក​ដល់។

២. ​ចូលរួម​ការងារ​សហគមន៍
​​​ដើម្បី​ជំរុញ​ចិត្ត​​ និង​ទទួល​យក​ថាមពល​ផ្លូវ​ចិត្ត​​លើ​ភាព​ជា​សហគ្រិន​ ​​ ​​មិន​ចាំ​បាច់​ទាល់​តែ​ចូលរួម​សិក្ខាសាលា​ធំ​ៗ​និយាយ​ពី​សហគ្រិន​ទេ។ ​​អ្នក​អាច​ទាក់ទង​​អ្នក​ដែល​កំពុង​ធ្វើ​ជា​សហគ្រិន ​ព្យាយាម​ស្វែង​យល់​ ហើយ​អង្កេត​មើល​ថា ​​តើ​ពួកគេ​បញ្ជ្រាប​គំនិត​ទៅ​ក្នុង​គម្រោង​អាជីវកម្ម​ដូចម្ដេច​ ហើយ​បន្ទាប់មក​​រៀន​ពី​​ចំណុច​ទាំង​នោះ។ ​មនុស្ស​ប្លែកៗ​ដែល​អ្នក​ជួប​នៅ​ក្នុង​សង្គម​​អាច​នឹង​​ក្លាយ​​​​ជា​គ្រូ​ដើម ​​អ្នក​ផ្ដល់​ប្រឹក្សា ​​ឬ​ក៏​ជា​អ្នក​វិនិយោគ​ក៏​ថា​បាន។ ​​​តែ​ដើម្បី​បង្កើត​​ឱកាស​​​ឲ្យ​ខ្លួន​ឯង​​គឺ​អ្នក​ផ្ទាល់​ត្រូវ​ចូលរួម​សង្គម ​ត្រូវ​ទៅ​ស្គាល់​ពួកគេ​មុន ​ព្រោះ​ពួកគេ​ទាំង​នោះ​​មិន​មក​រក​អ្នក​មុន​ឡើយ។

៣. ​ជ្រើសរើស​គ្រូ​ដើម​ជំរុញ​ចិត្ត
ជា​ទូ​ទៅ​សហគ្រិន​ថ្មោងថ្មី​​ និង​យុវជន​ក្មេងៗ​ ​​តែង​លើក​យក​​សម្ដី​បុគ្គល​ជោគជ័យ ​និង​សហគ្រិន​ល្បី​ឈ្មោះ​ក្នុង​តំបន់​ពួកគេ​មក​និយាយ ​ព្រោះ​សកម្មភាព ​និង​សម្ដី​របស់​អ្នក​ទាំង​នោះ​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​ពួកគេ​ចង់​ចាប់​ផ្ដើម​អ្វី​មួយ​ដោយ​ខ្លួន​ឯង ​និង​​ចង់​ទទួល​បាន​ជោគជ័យ​​ដូច​នោះ​​ដែរ។ ​ដូច្នេះ​ បើ​អ្នក​ចង់​ធ្វើ​អ្វី​មួយ​តែ​មិន​ដឹង​ទៅ​ផ្លូវ​ណា​ ​អាច​ជ្រើសរើស​​​បុគ្គល​ជោគជ័យ​ ​ឬ​អ្នក​ជំនាញ​ក្នុង​វិស័យ​ដែល​អ្នក​ចង់​ប្រឡូក​ចូល​មក​​​ធ្វើ​ជា​គ្រូ​ដើម ​​​​ហើយ​រាល់​ពេល​​ដែល​អ្នក​ជួប​បញ្ហា​អាច​គិត​ដល់​គ្រូ​​ដើម​របស់​អ្នក​ និង​សមិទ្ធផល​ដែល​គាត់​សម្រេច​ដើម្បី​​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ពុះពារ​ជម្នះ​បន្ថែម​ទៀត​​​ឆ្ពោះ​ទៅ​រក​ជោគជ័យ។

ឃើញ​ទេ​ ចំណុច​ខាងលើ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​មិន​ចាំបាច់​ទាល់​តែ​មាន​បទពិសោធន៍​ទើប​អាច​ចាប់ផ្ដើម​អាជីវកម្ម​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ទេ។ ​សំខាន់​អ្នក​មាន​គំនិត ​និង​មហិច្ឆតា​ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ពី​ឥលូវ​នេះ។ ​​គ្រប់​ជំហាន​ដែល​អ្នក​ដើរ​មិន​ថា ​ជោគជ័យ​ ឬ​បរាជ័យ​ទេ​​​ ​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​បទ​ពិសោធន៍​មិន​អាច​កាត់​ថ្លៃ​បាន៕