kalib9

iPhone X និង Galaxy S8 ចុះ​ត្រាំ​ទឹក

កាលប៉ុន្មាន សប្ដាហ៍​មុន យើង​បាន​ឃើញ​វីដេអូ​ខ្លះៗ ស្ដី​ពី​ការ​ធ្វើតេស្ត iPhone X ​ដែល​មាន​ទាំង​ការ​ទម្លាក់ ឬ​ធ្វើតេស្ត​ដាក់​ទារុណកម្ម​ផ្សេង​លើ​កំពូល​ស្មាតហ្វូន​មួយ​នេះ។ ចំណែក​វីដេអូ​ធ្វើតេស្ត​នេះ​វិញ នឹង​បង្ហាញ​ពី​ការ​ត្រាំ​កំពូល​ស្មាតហ្វូន​ទាំង​ពីរ គឺ iPhone X និង Galaxy S8 ក្នុង​កែវ​ទឹក ព្រមទាំង​ដាក់​បង្កក​មួយ​យប់​ពេញ ដើម្បី​ចង់​ដឹង​ថា តើ មួយ​ណា​ធន់​ជាង​មួយ​ណា?

ដំបូង​គេ​យក​ស្មាតហ្វូន​ទាំង​ពីរ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្នុង​កែវ រួច​យក​ទៅ​ដាក់​បង្កក​រយៈពេល ១យប់។ លទ្ធផល​ យើង​ឃើញ​ថា Galaxy S8 ហាក់​មាន​ប្រៀប លើ​ភាព​ធន់ទ្រាំ​ជាង iPhone X។ ដូច​នៅ​ក្នុង​វីដេអូ​ខាង​លើ​អីចឹង ក្រោយ​ការ​ធ្វើតេស្ត​ថ្វីត្បិត iPhone X ​នៅ​តែ​អាច​បើក​ចេញ ប៉ុន្តែ​មុខងារ​ខ្លះ លែង​ដំណើរការ ជាក់ស្ដែង FaceID មិន​អាច​ស្កេន​មុខ​ដោះ​សោ​បាន។ មិន​តែ​ប៉ុណ្ណោះ អេក្រង់ OLED ​របស់ iPhone X ​ក៏​មាន​បញ្ហា លក្ខណៈ​ញាក់ៗ​ទម្រង់​ឆ្នូត​ទទឹង។ កាន់តែ​ធ្ងន់ធ្ងរ​នោះ ក្រោយ​ពី​គេ​ដោត​ iPhone X ​បញ្ចូល​ថ្ម​តាម USB កុំព្យូទ័រ អេក្រង់​របស់​វា ឡើង​ពណ៌​ស​ពេញ គឺ​មិន​បង្ហាញ​ម៉ឺនុយ​កម្មវិធី​ឡើយ។

ងាក​ទៅ​មើល​ Galaxy S8 ​ហាក់​មាន​ភាព​ធន់ទ្រាំ​ជាង ក្រោយ​ការ​ធ្វើតេស្ត​បង្កក ព្រោះ​វា​នៅ​តែ​អាច​ដំណើរការ​បាន​ជា​ធម្មតា៕ ចុះ​ប្រិយមិត្ត​វិញ តើ​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ធ្វើតេស្ត​ខាង​លើ?