kalib9

ជា​ងពីរ​ខែ​កន្លះ​មក​នេះ បន្ទាប់ពី Apple បាន​បង្ហាញ​វត្តមាន iPhone X ជា​ផ្លូវការ

ជា​ងពីរ​ខែ​កន្លះ​មក​នេះ បន្ទាប់ពី Apple បាន​បង្ហាញ​វត្តមាន iPhone X ជា​ផ្លូវការ​មក ឥឡូវ​នេះ​វា​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី៣ វិច្ឆិកា​តទៅ។ ប៉ុន្តែ​​មាន​ជន​ខ្លះ ប្រហែល​មិន​ចង់​រង់ចាំ ឬ​មិន​ចង់​ចាយ​ប្រាក់​ពី​ហោប៉ៅ​ទៅ​ទិញ​ទូរស័ព្ទ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​នេះ​ទេ។ តាម​របាយការណ៍​ពី​គេហទំព័រ techspot ថ្មី​នេះ ឱ្យ​ដឹង​ថា នៅ​មុន​ពេល iPhone X មាន​លក់​លើ​ទីផ្សារ ១ថ្ងៃ ចោរ​មួយ​ក្រុម​មាន​គ្នា ៣នាក់ បាន​លួច​យក​ទូរស័ព្ទ​ទំនើប​នេះ​បាន​ចំនួន ៣១៣គ្រឿង ដោយ​ការ​គាស់​ធុង​រថយន្ត​ដឹក​ទំនិញ UPS។

ទូរស័ព្ទ iPhone X ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ហាង Apple មួយ​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។ បន្ទាប់​ពី​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ UPS ​បាន​ចត​នៅ​ខាង​ក្រៅ​ផ្សារ Stonestown Galleria ​ហើយ​ចាក់សោ​កន្លែង​ផ្ទុក​ទំនិញ អ្នក​បោសសម្អាត​ម្នាក់​ក៏​បាន​ប្រទះ​ឃើញ​សកម្មភាព​លួច​ជញ្ជូន​ប្រអប់ iPhone X ​ចេញ​ពី​រថយន្ត​ UPS ដាក់​ចូល​ទៅ​ក្នុង​រថយន្ត Dodge។ គាត់​ថែមទាំង​បាន​ថត​រូប នៃ​ឧបទ្ទវហេតុ​ដែល​បាន​កើត​ឡើង ស្ថិត​នៅ​ចន្លោះ​ម៉ោង ១១,១៥នាទី ព្រឹក ទៅ​ម៉ោង ១១,៣០នាទី​ព្រឹក (រយៈពេល​ធ្វើ​សកម្មភាព​ប្រហែល ១៥នាទី)។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ CNET។

បុរស​បាន​ឃើញ​ហេតុការណ៍​ដដែល​នេះ បាន​លើកឡើង​ថា៖ “វា​គួរ​ឱ្យ​សង្ស័យ​ដែល​ក្រុម​ចោរ អាច​ធ្វើ​សកម្មភាព លួច​ជញ្ជូន iPhone ​ជាច្រើន​គ្រឿង​នៅ​ថ្ងៃ​នោះ”។ តម្លៃ iPhone ដ៏​មាន​ការ​ពេញ​និយម​នេះ ខ្ពស់​ជាង​ម៉ូដែល​មុនៗ គឺ​មាន​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ​អាមេរិក មាន​ន័យ​ថា ទឹកប្រាក់​សរុប​នៃ iPhone X ដែល​បាត់​ប្រមាណ ៣១៣គ្រឿង គឺ​ស្មើ​នឹង​ប្រហែល ៣៧០០០០ដុល្លារ​អាមេរិក។ មក​ដល់​ពេល​នេះ ក្រុម​ចោរ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ឡើយ៕