kalib9

លក្ខណៈសម្បត្តិរបស់អាចារ្យ

សង្គមខ្មែរ គឺជាសង្គមដែលគោរពព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាមានពិធីកម្មផ្សេងៗជាច្រើន ដែលបានផ្សា ភ្ជាប់​ទៅ​នឹងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ នៅក្នុងពិធីកម្មនោះ តែងតែនិមន្តព្រះសង្ឃ និងអញ្ជើញអាចារ្យ ដើម្បី​ដឹក​នាំក្នុងការរៀបចំធ្វើពិធីបុណ្យនោះ។ ដូច្នេះហើយ អាចារ្យត្រូវតែជាមនុស្សដែលមាន លក្ខណៈសម្បត្តិ ពោលគឺ​ចំណេះ​ដឹងផ្នែកខាងប្រពៃណីព្រះពុទ្ធសាសនានេះឲ្យច្បាស់លាស់ទើបអាចដឹកនាំពុទ្ធបរិស័ទខ្មែរធ្វើបុណ្យទានទាំងនោះកើត។

នៅក្នុងសៀវភៅក្រមសីលធម៌អាចារ្យក្នុងព្រះពុទ្ធសាសនា និងទំនៀម​ទម្លាប់ប្រពៃណីខ្មែរ របស់ក្រសួងធម្មការ និងសាសនា បានរៀបរាប់ថា អាចារ្យ​ត្រូវ​មានលក្ខណៈសម្បត្តិ ១៥យ៉ាង គឺ៖
១.វិជ្ជាសម្បត្តិៈ អាចារ្យ គឺជាអ្នកដឹកនាំ អ្នកបង្ហាត់បង្រៀន ជាអ្នកពន្យល់បង្ហាញ ជាពិសេសជាបុគ្គលគម្រូ ដែលគួរគោរពបូជា ដូច្នេះអាចារ្យត្រូវតែជាអ្នកមានចំណេះដឹងទូលំទូលាយ ទាំងផ្លូវលោកផ្លូវធម៌។
២.ត្រូវមានសមត្ថភាពដឹកនាំអ្នកដទៃ ឲ្យចេះធ្វើកិច្ច​ក្នុងពិធីបុណ្យ​ព្រះពុទ្ធសាសនា​ផង និងទំនៀមទម្លាប់ប្រពៃណីខ្មែរផង។

៣.ត្រូវមានសម្តីវោហារប៉ិនប្រសប់ប្រកបដោយវចីសុចរិត (ការនិយាយ​តែពាក្យពិត, និយាយផ្អែមល្ហែមទនភ្លន់, និយាយពាក្យធ្វើឲ្យកើតសាមគ្គីគ្នា និងនិយាយតែពាក្យណាដែលមានប្រយោជន៍) មិនត្រឹមតែប៉ុណ្ណោះត្រូវចេះប្រើសម្តីទាំងបួនបែបគឺៈ ចេះនិយាយសម្របសម្រួលវែកញែករកហេតុផល, ចេះនិយាយជំទាស់ និងបដិសេធដោយមានហេតុផល ឬច្បាប់សំអាង, ចេះនិយាយផ្តល់យោបល់ ឬបង្ហាញគំនិតល្អៗដល់អ្នកស្តាប់ និងចេះនិយាយសរសើរឲ្យគេពេញចិត្ត។
៤.ត្រូវមានទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ពីគ្រប់មជ្ឈដ្ឋាន។
៥.ត្រូវឈ្លាសវៃក្នុងការដឹកនាំ (ឈ្លាសវៃក្នុងការរៀបចំផែនការ, ការងារ, ការនិយាយស្តី, ការទំនាក់ទំនង, ការកសាង, ការក្តាប់ចំណង់ចំណូលចិត្តរបស់ពុទ្ធបរិស័ទ, ការដឹកនាំគ្រប់គ្រង ជាពិសេស ឈ្លាសវៃក្នុងកិច្ចដឹកនាំពិធីកម្មផ្សេងៗ)។


៦.ត្រូវឈ្លាសក្នុងព្រះវិន័យៈ គឺដឹងកាលវេលា របស់ណាគួរ និងរបស់ណាដែលមិនគួរ ដូចជា វេរចង្ហាន់ប្រគេនព្រះសង្ឃម៉ោង៤ព្រឹកជាដើម គឺមិនត្រឹមត្រូវទៅតាមពុទ្ធវិន័យ។
៧.ត្រូវតែជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនាៈ ចំណុចនេះសំខាន់ណាស់ អាចារ្យជាអ្នកដឹកនាំពុទ្ធបរិស័ទឲ្យជឿបុណ្យ ជឿបាប ជឿគុណ ទោស ជាដើម គឺអាចារ្យជាអ្នកដឹកនាំផ្ទាល់ មិនមែនខ្លួនឯងដឹកនាំឲ្យគេធ្វើបុណ្យ តែខ្លួនមិនជឿបុណ្យនោះទេ។
៨.ត្រូវតែជាអ្នកស្មោះត្រង់ មានកាយវាចាចិត្តល្អៈ អាចារ្យមិនត្រឹមតែជាអ្នកមានចំណេះវិជ្ជាខ្ពស់នោះទេ តែអាចារ្យត្រូវតែជាអ្នកមានសីល ជាអ្នកប្រព្រឹត្តល្អ។


៩.ត្រូវតែជាអ្នកមានហិរិ គឺសេចក្តីខ្មាសបាប ដោយមិនត្រូវប្រព្រឹត្តនូវអំពើថោកទាប ប្រព្រឹត្តរឿងអនាចារផ្សេងៗដែលសង្គមស្អប់ខ្ពើមឡើយ។
១០.ត្រូវតែជាអ្នកមានឱត្តប្បៈ គឺសេចក្តីខ្លាចបាប។
១១.ត្រូវតែជាអ្នកមានសេចក្តីអត់ធន់ ដូចជាអត់ធន់ចំពោះសេចក្តីលោភលន់ ខឹងក្រោធជាដើម។
១២.ត្រូវតែជាអ្នកមានសេចក្តីព្យាយាមច្រើន គឺការព្យាយាមប្រព្រឹត្តអំពើសុចរិត សិក្សារៀនសូត្រព្រះធម៌វិន័យច្រើន។

១៣.ត្រូវតែជាអ្នកមានសប្បុរិសធម៌ទាំង៧មានភាពជាអ្នកស្គាល់ថាសេចក្តីទុក្ខវិនាស និងសេចក្តីសុខចម្រើន កើតមកពីទុច្ចរិត និងសុចរិតជាដើម។
១៤.ត្រូវតែជាអ្នកត្រូវបានគេជ្រើសតាំងពីការប្រឡងជ្រើសរើស ឬបោះឆ្នោត ដែលមានការអញ្ជើញចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំ។
១៥.ប្រការដែលត្រូវចៀសវាង គឺកុំលោភលន់ កុះមានការយល់ខុស កុំមានះរឹងរូស កុំមានសេចក្តីប្រកាន់ខុស។ អត្ថបទដោយ៖ ឈួន ល័ក្ខ