kalib9

ព្រហ្មវិហារធម៌

សំណួរ៖ ដូចម្តេចដែលហៅថា ព្រហ្មវិហារធម៌? ចូលពន្យល់ពីធាតុនិមួយៗ នៃព្រហ្មវិហារធម៌?

ចម្លើយ៖ព្រហ្មវិហារធម៌ គឺជាធម៌របស់ព្រះព្រហ្មដែលក្រាលចិត្តសន្តោសប្រណីចំពោះមនុស្សគ្រប់ៗរូប ដោយ មិនរើសអើង។ព្រហ្មវិហារធម៌គឺជាទីនៅរបស់របស់ព្រហ្ម ឫជាធម៌ប្រតិបត្តិដើម្បី អោយមនុស្ស គ្រប់រូបរស់នៅបានល្អប្រសើរដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងត្រូវប្រតិបត្តិដើម្បីសាមគ្គី និងភាពសុខ ក្សេមក្សាន្តនៅក្នុងគ្រួសារ និងសង្គម។

ព្រហ្មវិហារធម៌មាន ៤គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា៖

១.មេត្តា៖ មានចិត្តស្រលាញ់រាប់អានញាត្តិមិត្ត និងសាធារណៈជន នៅក្នុងសង្គម ដោយគ្រាមរើសអើង និងប្រកបដោយសន្តានចិត្តភក្តីទូលាយ ដូចជាមាតាបិតា ចង់អោយតែកូនបានសេចក្តីសុខ បានចម្រើន ជានិច្ច ចៀសផុតពីទុក្ខវេទនា ពៀរវេរា និងគ្រោះមហន្តរាយគ្រប់ពេល។ មេត្តា ជាថាមពល នៃធម៌ដែល មានអានុភាពបំផុតអាចផ្សព្វផ្សាយដោយគ្មានរើសអើង ទៅកាន់បុគ្គលដែលជាទីស្រលាញ់របស់យើង ឫទៅកាន់បច្ចាមិត្តទៀតផង។ មេត្តា មានន័យថាស្និទ្ធស្នាល ការប្រតិបត្តិ ប្រកបដោយមេត្តា គឺសត្រូវ ទាំងអស់នឹង ត្រឡប់ក្លាយជាមិត្ត មិនអាចស្អប់ និងមិនចង់ពៀរវេរាចំពោះយើងបានយូរ។

២.ករុណា៖ ករុណា គឺមានចិត្តអាណិតអាសូរ ដោយគ្មានការច្រណែនឈ្នានីស យកត្រូវតែស្លួនឯង តិតៀន រិះគន់កំហុសអ្នកដ៏ទៃ។ អាណិត អាសូរចំពោះមនុស្សទាំងអស់នៅក្នុងសង្គម ដែលទទួលរងការទុក្ខ លំបាក ផ្សេងៗ ទាំងផ្លូវកាយ និងផ្លូវចិត្តអោយពួកគេរួចផុតពីទុក្ខលំបាក និងរស់នៅបានសុខ ស្រួលដូច ខ្លួនឯង។

៣.មុទិតា៖ មុទិតាមានចិត្តទន់ភ្លន់ មានចិត្តរីករាយ អបអរសាទរចំពោះសេចក្តីសុខចម្រើនរបស់អ្នកដ៏ទៃ មិនរើសមុខ និងចង់អោយគេស្ថិតនៅក្នុងសេចក្តីសុខ សុវត្ថិភាពដោយគ្មានការច្រណែន ឈ្នានីស។

៤.ឧបេក្ខា៖ គឺប្រកាន់ចិត្តជាកណ្តាល មិនលំអៀងទៅខាងណាគឺមានចិត្តអព្យាក្រឹត។ មិនមានចិត្តត្រេចអរ ហួសហេតុ និងមិនខឹងសំបារចំពោះនរណាទាំងអស់។ បំណងសំខាន់ ចង់អោយតែពួកគេរស់នៅ តាមលទ្ធិ ភាព សមត្ថភាព និងសេរីភាពរបស់ពួកគេ។ មិនមានចិត្តលោភលន់ ឫ ព្រួយកង្វល់ចំពោះអ្នក ជិតខាងដែល មាន ទ្រព្យសម្បត្តិច្រើនជាងខ្លួន។

ដូចនេះ មនុស្សម្នាក់ៗ ត្រូវប្រកាន់ភ្ជាប់នូវព្រហ្ម វិហារធម៌ ព្រោះថា វាជាប្រភពនៃសន្តិភាព និង វឌ្ឍនភាពនៃ សង្គម និងពិភពលោក។

error: Content is protected !!