kalib9

មានជំនឿចិត្តលើខ្លួនឯងធ្វើការអ្វីក៏បាន!!!

មនុស្សយើងសុទ្ធតែធ្លាប់ជួបបទពិសោធន៍ និងឧបសគ្គក្នុងជីវិត ដែលតម្រូវឱ្យមានភាពរឹងមាំ និងតាំងចិត្តមោះមុត ដើម្បីទទួលបានជោគជ័យគ្រប់ការព្យាយាមទាំងអស់។ មានទម្លាប់មួយចំនួនដែលអ្នកក៏អាចបង្កើតបាន និងមានទឹកចិត្តរឹងមាំ ដូចបុគ្គលជោគជ័យក្នុងប្រវត្តិសាស្រ្តដែរ​៖


១. មានជំនឿចិត្តលើខ្លួនឯង
លោកHenry Ford ធ្លាប់និយាយថា “ទោះជាអ្នកគិតថាអ្នកអាចធ្វើបាន ឬគិតថាអ្នកមិនអាចធ្វើបាន ក៏ត្រូវទាំងអស់ដែរ”។ មនុស្សដែលមានកម្លាំងចិត្តរឹងមាំយល់ច្បាស់ថា គំនិតរបស់លោក Ford មានឥទ្ធិពលខ្លាំងណាស់ លើសមត្ថភាពដើម្បីជោគជ័យ។ គំនិតមួយនេះមិនមែនគ្រាន់តែជាឧបករណ៍លើកទឹកចិត្តប៉ុណ្ណោះទេ តែវាជាការពិត។ ការសិក្សាមួយក្នុងពេលថ្មីៗនៅប្រទេសអូស្រ្តាលីរកឃើញថា មនុស្សដែលមានជំនឿចិត្តលើខ្លួនឯង រកប្រាក់ចំណូលបានច្រើនជាង និងធ្វើការឆាប់ឡើងតំណែងជាងមនុស្សផ្សេងទៀត។
២. មិនស្និទ្ធស្នាលជាមួយមនុស្សបំពុល
ការរាប់អាននិងរាក់ទាក់ជាមួយមនុស្សទុទិដ្ឋិនិយមជារឿងលំបាកណាស់ សម្រាប់មនុស្សភាគច្រើន។ មនុស្សដែលមានទឹកចិត្តរឹងមាំ គ្រប់គ្រងទំនាក់ទំនងរបស់គេ ជាមួយនឹងមនុស្សបំពុល តាមរយការតាមដានអារម្មណ៍ខ្លួនគេយ៉ាងដិតដល់។ នៅពេលត្រូវនិយាយជាមួយមនុស្សទុទិដ្ឋិនិយម គេត្រូវប្រើប្រាស់ហេតុផលឱ្យបានច្រើន។ គេមិនបណ្តោយឱ្យកំហឹង ឬអារម្មណ៍អវិជ្ជមានផ្សេងទៀត ចូលមកបញ្ឆេះស្ថានភាព ដែលកំពុងតែមិនល្អស្រាប់នោះទេ។ គេមានសមត្ថភាពអាចមើលឃើញទស្សនរបស់មនុស្សទុទិដ្ឋិនិយម និងស្វែងរកចំណុចរួម ព្រមទាំងដំណោះស្រាយ ចំពោះបញ្ហាផ្សេងៗ។

៣. ទទួលយកការផ្លាស់ប្តូរ
មនុស្សមានកម្លាំងចិត្តរឹងមាំ ជាមនុស្សចេះបត់បែនតាមស្ថានការណ៍។ គេដឹងថាការភ័យខ្លាចចំពោះការផ្លាស់ប្តូរ គឺជាកត្តាធ្វើឱ្យគេមិនអាចសម្រេចបានកិច្ចការអ្វី ដែលមានប្រយោជន៍ និងជាការគំរាមកំហែងដល់ជោគជ័យ និងសុភមង្គលរបស់គេ។ គេសម្លឹងរកមើលការផ្លាស់ប្តូរនៅជុំវិញខ្លួន និងបង្កើតផែនការសកម្មភាព ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរ។ លុះត្រាតែអ្នកទទួលយកការផ្លាស់ប្តូរ ទើបអ្នកអាចស្វែងរកចំណុចល្អ ពីការផ្លាស់ប្តូរនោះបាន។ អ្នកនឹងបរាជ័យបើអ្នកនៅតែបន្តធ្វើការក្នុងរបៀបដដែលៗ ហើយរំពឹងថាតាមរយៈការព្រងើយកន្តើយ ការផ្លាស់ប្តូរនឹងទៅបាត់ពីជីវិតអ្នក។
៤. ទទួលស្គាល់បរាជ័យ
មនុស្សមានកម្លាំងចិត្តរឹងមាំជាមនុស្សដែលហ៊ានទទួលស្គាល់បរាជ័យ ដោយសារគេដឹងថា ផ្លូវទៅរកជោគជ័យមិនអាចគេចផុតពីបរាជ័យទេ។ គ្មាននរណាម្នាក់ដែលធ្លាប់ទទួលបានជោគជ័យពិតប្រាកដ ដោយមិនជួបបរាជ័យមុនទេ។ តាមរយៈការដឹងខ្លួនថា អ្នកកំពុងតែដើរលើផ្លូវខុស កំហុសរបស់អ្នកនឹងត្រួសត្រាយផ្លូវទៅរកជោគជ័យ។ គេច្រើនតែរកឃើញគន្លឹះជោគជ័យ ក្នុងជីវិតនៅពេលប្រឈមមុខនឹងបញ្ហាលំបាកបំផុត។ បញ្ហាជាកត្តារុញច្រានអ្នកឱ្យគិតខុស ពីទម្លាប់ធម្មតា និងស្វែងរកដំណោះស្រាយតាមរបៀបផ្សេងៗ រហូតដល់រកឃើញកត្តា ដែលអ្នកមើលរំលង ឬគិតមិនដល់។

៥. មិនរស់នៅជាមួយកំហុស
មនុស្សដែលមានកម្លាំងចិត្តរឹងមាំដឹងថា គេគួរតែផ្តោតការយកចិត្តទុកដាក់លើអ្វីខ្លះ ដើម្បីទទួលបានពន្លឺក្នុងជីវិត។ នៅពេលអ្នកផ្តោតចិត្តតែលើបញ្ហា ដែលកំពុងតែប្រឈម អ្នកបង្កើតនិងពង្រីកអារម្មណ៍អវិជ្ជមាន និងសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ឡើង ហើយរារាំងដល់គំនិតវិជ្ជមានជច្រើនទៀត។ នៅពេលអ្នកផ្តោតចិត្តលើសកម្មភាពដើម្បីធ្វើអ្វីៗ ឱ្យកាន់តែប្រសើរឡើង អ្នកបង្កើតបានអារម្មណ៍ប្រសិទ្ធភាព ដែលជួយបណ្តុះអារម្មណ៍វិជ្ជមាន។ មនុស្សមានកម្លាំងចិត្តរឹងមាំដកខ្លួននៅឆ្ងាយ ពីកំហុស ប៉ុន្តែគេធ្វើបែបនេះ ដោយមិនបំភ្លេចកំហុសទាំងនោះទេ។​

ប្រភព​៖ Success Magazine