kalib9

១. សូហ្វ័រថ្មី

រថយន្ត​ម៉ាក​ហុងដា (HONDA) ដ៏​ថ្មី​ស្រឡាង​មួយ​គ្រឿង​ កំពុង​បើក​យឺត​ៗ​ នៅ​មុខ​របរ​វិទ្យាល័យ​ទួល​ទំពូង ។ យុវតី​ម្នាក់​ក្នុង​ឯក​សណ្ឋាន​ជា​សិស្ស ដែល​ប្រកប​ដោយ​រូប​សម្រស់​​ដ៏ស្រស់​ភុំ​ផាន​​ដាច់​គេ កំពុង​ដើរ​ចេញ​ពី​របង​សាលា ជាមួយ​មិត្ត​នារី​របស់​នាង​ ពីរ​នាក់​ទៀត ។ ស្រស់​ស្រី ស្រដី​ទៅ​កាន់​មិត្ត​របស់​នាង៖

ដានី! ណារ៉ូ! គ្នា​ទៅ​សិន​ហើយ​ណ៎ា! នោះ​រថយន្ត​មក​ទទួល​គ្នា​ហើយ! ថ្ងៃ​នេះ​ លោក​ប៉ា​គ្នា​ត្រឡប់​ មក​ពី​កំពង់​សោម​វិញ​ផង!
ទៅ​ចុះ! បើ​ឯង​ប្រញាប់​ហើយ!
ដានី និង​ ណារ៉ូ ឆ្លើយ​ឡើង​ព្រម​គ្នា ៖
ស្អែក​ជួប​គ្នា!
ចប់​វាចា ស្រស់​ស្រី​យើង​ក៏​បែក​ពី​មិត្ត ទាំង​ពីរ​របស់​នាង ហើយ​យាត្រា​សំដៅ​មក​រថយន្ត ដែល​កំពុង​ចត​ចាំ​ទទួល​រូប​នាង រួច​ជា​ស្រេច ។ មាណវី​រាង​ភ្ញាក់​បន្តិច នៅ​ពេល​ដែល​ឃើញ​កំលោះ​ម្នាក់​ អង្គុយ​ក្នុង​រថយន្ត​របស់​នាង ។ ស្រស់​ស្រី​រាង​ភាំង រួច​ប្រញាប់​សម្លឹង​ទៅ​លេខ​រថយន្ត​ភ្លាម រួច​ទើប​នាង​ដើរ​ទៅ​គោះ​ទ្វារ​កញ្ចក់​រថយន្ត រួម​នឹង​វាចា​ស្រួយ​ដូច​អំបែង ៖

បើក​ទ្វារ! អ្នក​ឯង​ជា​អ្នក​ណា​ បាន​ជា​អង្គុយ​ក្នុង​ឡាន​របស់​ខ្ញុំ?
កំលោះ​យើង​រាង​ភ្ញាក់​បន្តិច រួច​ក៏​ប្រញាប់​បើក​ទ្វារ​រថយន្ត​ចេញ​មក​ភ្លាម ភ្ជាប់​មក​ជាមួយ​នូវ​សម្ដី​ឱន​លំទោន ហាក់​ខ្លាច​អំណាច​នៃ​កែវ​ភ្នែក​នាង​ក្រមុំ​ ក្នុង​វ័យ​ដប់​ប្រាំ​ពីរ​ឆ្នាំ​រូប​នេះ​ជា​ខ្លាំង ៖
អ្នក​នាង​ឬ ដែល​ឈ្មោះ​ ម៉ានី?

ត្រវ​ហើយ! ចុះ​ពូឯង​ជា​នរណា​ដែរ?
បាទ! ខ្ញុំ​គឺ​ជា​សូហ្វ័រ​ឡាន​ថ្មី​ របស់​អ្នក​នាង! ឪពុក​អ្នក​នាង​បាន​ទៅ​យក​ខ្ញុំ​ ពី​កំពង់​សោម! ហើយ​ទើប​តែ​មក​ដល់​ ពេល​ថ្ងៃ​នេះ​ឯង! ឯ​សូហ្វ័រ​ចាស់​របស់​អ្នក​នាង​ ក៏​ទើប​តែ​ចាក​ចេញ​ ក្នុង​ពេល​ខ្ញុំ​មក​ដល់​នេះ​ដែរ ហើយ​ខ្ញុំ​ក៏​មក​ទទួល​អ្នក​នាង​តែ​ម្ដង​ទៅ​ បាទ!
តរុណីវ័យ​ក្មេង សម្លឹង​សូហ្វ័រ​ថ្មី​ ពី​ក្បាល​ដល់​ចុង​ជើង គេ​មាន​អាយុ​ប្រហែល​ជា​ម្ភៃ​បួន​ឆ្នាំ កំពស់​ប្រមាណ​ជា ១,៧៥ សង់ទីម៉ែត្រ ទឹក​មុខ​របស់​គេ​មាន​ប្រជាប្រិយ ដិត​ដាម​ដោយ​ស្នាម​ញញឹម​ មាន​មន្ត​ស្នេហ៍ ។

យុវនារី​ងាក​មុខ​ចេញ ពី​ខ្សែ​ភ្នែក​កំលោះ រួច​បោះ​វាចា​បែប​កំបុត​ ហាក់​មិន​ពេញ​ចិត្ត​ពេញ​ថ្លើម ៖
ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បាន​ទៅ​ថា ពូ​ឯង​ជា​អ្នក​បើក​ឡាន​ឲ្យ​ខ្ញុំ​នោះ? ពីព្រោះ​មនុស្ស​ឥឡូវ ខ្ញុំ​ដូច​ជា​មិន​ទុក​ចិត្ត​សោះ! មាន​កល​ល្បិច​ច្រើន​វិធី​ណាស់!
សម្ដី​របស់​មាណវី​ ធ្វើ​ឲ្យ​កំលោះ​យើង​ញញឹម​ស្រស់ គ្រវី​ក្បាល​តិច​ៗ រួច​បើក​ទ្វារ​រថយន្ត​ យក​ទូរស័ព្ទ​ហុច​ទៅ​ឲ្យ​ស្រស់​ស្រី រួម​នឹង​វាចា ៖
នេះ​ទូរស័ព្ទ! សាកសួរ​លោក​ប៉ា​របស់​អ្នក​នាង​ មើល​ចុះ​បាទ!
កញ្ញា​យើង​ទទួល​ទូរស័ព្ទ ដោយ​កិរិយា​ព្រងើយ​កន្តើយ ទាំង​​មិន​ខ្ចី​មើល​មុខ​ប្រុសសង្ហា​យើង​ផង ។ នាង​បែរ​មុខ​ចេញ និយាយ​ទូរស័ព្ទ ។

កំលោះ​មុខ​ស្រស់​ ឈរ​ញញឹម​ស្រស់​ម្នាក់​ឯង ។ និយាយ​ទូរស័ព្ទ​រួច​ នាង​ក្រមុំ​បែរ​ភ័ក្ត្រ​មក​រក​ប្រុស​កំលោះ រួម​នឹង​សម្ដី​មិន​សូវ​សប្បាយ​ចិត្ត ៖
ហើយ​នៅ​ឈរ​ធ្វើ​អី​ទៀត? ម៉េច​ក៏​មិន​បើក​ទ្វារ​ភ្លាម​ទៅ! យើង​នឹង​អាល​បាន​ទៅ​ជួប​លោក​ប៉ា​ឆាប់ៗ!
បាទ​អ្នក​នាង!
កំលោះ​យើង​បើក​ទ្វារ​រថយន្ត ឲ្យ​ចៅ​ហ្វាយ​ស្រី​តូច ដោយ​កិរិយា​សុភាពរាប​សា ៖
សូម​អញ្ជើញ​អ្នក​នាង!

រថយន្ត​ចាប់​ផ្ដើម​ចេញ​ដំណើរ​បាន​បន្តិច ស្រស់​ស្រី​ចាប់​ផ្ដើម​រលាស់​វាចា​ ចោទ​សួរ​ទៅ​កាន់​បុរស​យើង ៖
ពូឯង​មក​ធ្វើ​ជា​អ្នក​បើក​ឡាន​ឲ្យ​យើង មាន​ដឹង​ពីលក្ខខណ្ឌ​ខ្លះៗ​ហើយ​នៅ?
អ្នក​នាង​សួរ​ខ្ញុំ ហាក់​ដូចជា​ខ្ញុំ​ធ្លាប់​រស់​នៅ​ជាមួយ​អ្នក​នាង​ពី​មុនមក? ខ្ញុំ​ធ្វើម៉េច​នឹង​អាច​ដឹង​បាន​បាទ!
មាណវី​​នឹក​ក្នុង​ចិត្ត (យី​សម្ដី​បាន​ណាស់​ទេ​តើ) ៖
អ្នក​នាង​មាន​លក្ខ​ខណ្ឌ​អ្វី​ទៅ​បាទ? គ្រាន់​តែ​ធ្វើ​ជា​អ្នក​បើក​ឡាន​ ចាំ​បាច់​មាន​លក្ខខណ្ឌ​ផង?
គឺ​ត្រូវ​តែ​មាន! ព្រោះ​អ្នក​បើក​ឡាន​បី​នាក់​ហើយ ដែល​យើង​ដេញ​ចោល​នោះ?
យី! ហេតុ​អី​ទៅ​អ្នក​នាង?
គឺ​មក​ពី​មិន​ព្រម​ធ្វើ​តាម​លក្ខខណ្ឌ​ហ្នឹង​ណ៎ា?
អ៊ីចឹង​អ្នក​នាង​ប្រញាប់​ប្រាប់​ខ្ញុំ​មក! តើ​លក្ខខណ្ឌ​នោះ​មាន​អ្វី​ខ្លះ? ខ្ញុំ​នឹង​គោរព​ឲ្យ​ឥត​ខ្ចោះ​ មិន​ឲ្យ​ទាស់​ចិត្ត​របស់​អ្នក​នាង​ទេ​បាទ!

ប្រហែល​ពូ​ឯង! បែប​នៅ​មិន​បាន​បី​ថ្ងៃ​ផង មើល​ទៅ​នោះ?
មនុស្ស​មិន​ត្រូវ​ហ៊ាន​វាយ​តម្លៃ​គ្នា​ឆាប់​យ៉ាង​នេះ​ពេក​ទេ! សូម​អ្នក​នាង​ប្រាប់​ខ្ញុំ​មក​ចុះ!
ត​ទៅ​នេះ សូម​ពូ​ឯង​បើក​ខួរ​ក្បាល​ និង​ត្រចៀក​ឲ្យ​ធំ​ៗ ដើម្បី​ឲ្យ​បាន​ឮ​ច្បាស់ ហើយ​មិន​ភ្លេច​! ទី​មួយ ពូ​ឯង​ត្រូវ​តែ​ក្រោក​មុន​ខ្ញុំ​ជានិច្ច ហើយ​រៀប​ចំ​ខ្លួន​ឲ្យ​ស្អាត​បាត ដើម្បី​កុំ​ឲ្យ​បាក់​មុខ​ដល់​ចៅ​ហ្វាយ! ទីពីរ​ គឺ​ពូឯង​ជា​អ្នក​នៅរង់​ចាំ​ខ្ញុំ មិន​មែន​ខ្ញុំ​រង់​ចាំ​ពូ​ឯង​ទេ!
នរៈ​ញញឹម​ស្រស់ រួច​លួច​គយ​គន់​ភ័ក្ត្រ​ស្រី តាម​កញ្ចក់​ទាំង​វាចា ៖
តែ​ប៉ុណ្ណឹង​ទេ​អ្នក​នាង? មាន​អ្វី​ពិបាក​ ខ្ញុំ​អាច​ធ្វើ​បាន!
នៅ​មាន​ទៀត! គឺ​ពូ​ឯង​ត្រូវ​រៀន​ចេះ​បិទ​មាត់ កុំ​ឲ្យ​រអិល​ខ្លាំង​ពេក! ព្រោះ​ខ្ញុំ​ត្រូវ​ការ​មនុស្ស​ចេះ​លាក់​ការណ៍!

លាក់ការណ៍? (បុរស​យើង​បញ្ជាក់​សួរ)
ត្រូវ​ហើយ! គឺ​ថ្ងៃ​ណា​ដែល​ខ្ញុំ​ខ្ជិល​រៀន ខ្ញុំ​ឲ្យ​ពូឯង​ជូន​ខ្ញុំ​ដើរ​កម្សាន្តតាម​ចិត្ត​របស់​ខ្ញុំ! តែ​ដាច់​ខាត​ កុំ​ឲ្យ​លោក​ប៉ា​អ្នក​ម៉ាក់​ជ្រាប​ឲ្យ​សោះ! និយាយ​រួម ហ៊ាន​តែ​ពូ​ឯង​ធ្វើ​ឲ្យ​ខ្ញុំ​ទាស់​ចិត្ត​តែ​បន្តិច ពូឯង​នឹង​ខ្ទាត​ចេញ​ភ្លាម! មិន​ឲ្យ​លើស​ពី​ ២៤ ម៉ោង​ទាន់​ទេ!
មួយខ​ចុង​ក្រោយ​របស់​មាណវី តម្រូវ​ឲ្យ​សូហ្វ័រ​ដ៏សង្ហា​យើង​ចាប់​ផ្ដើម​ប្រើ​ក្រសែ​ភ្នែក​រិះ​គិត​តែ​ម្នាក់​ឯង គឺ​អ្នក​កំពុង​តែ​ធ្វើ​ការ​វិភាគ​ ពី​ចរិយា​សម្បត្តិ​នៃ​តរុណី​ឆើត​ឆាយ​រូប​នេះ ។ បញ្ហា​ដែល​ជា​ឧបសគ្គ​សម្រាប់​ដំណោះ​ស្រាយ​ដ៏​លំបាក​មួយ ដែល​គេ​ពិបាក​នឹង​ទទួល​យក​បាន ក៏​កើត​មាន​យ៉ាង​ជាក់​ច្បាស់​ ក្នុង​ដួង​ចិត្ត​សម្ងាត់​នៃ​យុវ​កំលោះ​យើង ក្រសែ​ភ្នែក​ទុក្ខ​ព្រួយ រួម​នឹង​ស្នូរដង្ហើម​ធំ​កើត​មាន​មិន​សូវ​ដាច់​រហូត រថយន្ត​បាន​ចរ​មក​ដល់​គោល​ដៅ គឺ​ជា​ភូមិ​គ្រឹះ​របស់​លោក សំបូរ និង​អ្នក​ស្រី សន្យា​ ដែល​ជា​អ្នក​ជំនួញ​មួយ​ដ៏​ធំ​មួយ ។

សូហ្វ័រមុខ​ស្រស់​ បើក​ទ្វារ​រថយន្ត​ឲ្យ​ចៅ​ហ្វាយ​ស្រី ដោយ​កិរិយា​សុភាព​រាប​សា​ទាំង​កាយ​វាចា ៖
សូម​អញ្ជើញ​អ្នក​នាង!
យុវតី​យើង​ស្ទុះ​វឹង​ រត់​ចូល​ទៅ​ក្នុង​ផ្ទះ ។ នាយ​យើង​ឈរញញឹម គ្រវី​ក្បាល​ហួស​ចិត្ត នឹង​អាកប្បកិរិយា​របស់​ស្រស់​ស្រី ដែល​មើល​ទៅ​មិន​ខុស​ពី​ក្មេង​ អាយុ​បួន​ប្រាំ​ឆ្នាំ​នោះ​ឡើយ ។

មិត្ត​កំលោះ​រៀប​ចំ​រថយន្ត​ ដាក់​ក្នុង​រោង​ចត​ឡាន​រួច​រាល់​ហើយ គេ​ក៏​ដើរ​ទៅ​ទម្រេត​កាយ​ នៅ​លើ​អង្រឹង​ក្រោម​ដើម​ជម្ពូ​មួយដើម ខាង​ក្រោយ​ភូមិ​គ្រឹះ​នេះ ។ កំពុង​តែ​គេង​គង​ថ្ងាស​ បណ្ដែត​អារម្មណ៍​ទៅ​ឆ្ងាយ ស្រាប់​តែ​កំលោះ​យើង​រាង​ភ្ញាក់​បន្តិច ដោយសារ​សំឡេង​ មីង​ម៉ាប់ ជា​ចុង​ភៅ​ដ៏​ចំណាន​ របស់ភូមិ​គ្រឹះ​នេះ​ផ្ទាល់​និយាយ ៖
ក្មួយ​ សំអឿន! លោក​ប្រុស​មាន​ប្រសាសន៍ ឲ្យ​ក្មួយ​ទៅ​ជួប​លោក​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ឥឡូវ​នេះ!
កំលោះ​យើង​ងើប​ភ្លែត​ មិន​បង្អង់​រង់​ចាំ​យូរ ៖
តោះ​មីង!

នៅ​ឯ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ឯណោះ​វិញ ស្រស់ស្រី​ ម៉ានី កំពុង​ក្រសោបឱប​.ក លោក​ សំបូរ ដែល​កំពុង​អង្គុយ​លើ​សាឡុង កញ្ញា​យើង​វាចា​ទាំង​ធ្វើ​ឫកពា​ម្ញ៉ិក​ម្ញ៉ក់ ៖
លោក​ប៉ា! មក​ពី​កំពង់​សោម​ជើង​នេះ គ្មាន​ទិញ​អី​ផ្ញើ​កូន​បន្តិច​សោះ! កូន​មិនសុខ​ចិត្ត​ទេ!
លោក​ សំបូរ ទាញ​ដៃ​កូន​ក្រមុំ​ ដែល​នៅ​ឈរ​ពីក្រោយ​ ឲ្យ​មក​អង្គុយ​ក្បែរ​លោក ញញឹម​ស្រស់​ រួច​មាន​ប្រសាសន៍ ៖
កូន​នៅ​ចង់​បាន​អី​ទៀត? សម្លៀក​បំពាក់​គ្រឿង​អលង្ការ មាស​ពេជ្រ​ កូន​មាន​សព្វ​គ្រប់​អស់​ហើយ​ទេ​តើ? ទើប​ប៉ា​មិន​ទិញ​ផ្ញើ​កូន​ទៀត​ហ្នឹង​ណា៎!

អ្នកស្រី សន្យា ឆ្លើយ​ឡើង ៖
កូន​ម៉េច​ក៏​ថា លោក​ប៉ា​គ្មាន​អី​សម្រាប់​ផ្ញើ​កូន​អ៊ីចឹង​នោះ?
នួន​ស្រី​ប្រែ​ទឹក​មុខ​ទៅ​ជា​រីក​រាយ ៖
មាន​ន័យ​ថា លោក​ប៉ា​មាន​របស់​អី​ផ្ញើ​កូន​មែន​ទេ អ្នក​ម៉ាក់?
ពិត​ណាស់​កូន! នោះ​ហ្ន៎!
អ្នក​ស្រី​ចង្អុល​ទៅ សំអឿន ដែល​កំពុង​តែ​ដើរ​ចូល​មក ៖
ហ្នឹង​ហើយ! ដែល​លោក​ប៉ា​កូន​យក​ឲ្យ​ធ្វើ​ជា​សូហ្វ័រថ្មី របស់​កូន​ហ្នឹង​ណា៎!
នាង​ក្រមុំ​ប្រែ​ជា​មុខ​ស្អុយ​មួយ​រំពេច ក្នុង​គ្រា​ដែល​ឃើញ​ភ័ក្ត្រ​ប្រុស​កំលោះ​ សំអឿន គេ​បម្រុង​ដាក់​បង្គុយ​ចុះ​ផ្ទាល់​នឹង​ឥដ្ឋ តែ​លោក សំបូរ មាន​ប្រសាសន៍​ឃាត់ ៖
អង្គុយ​ខាង​លើ​សាឡុង​នេះ​មក ក្មួយប្រុស!
បាទ! លោក​អ៊ំ!

លោក​ សំបូរ មាន​ប្រសាសន៍​ទៅ​កាន់​បុត្រី​ថ្លើម​ចិត្ត ៖
នេះ​សូហ្វ័រ​ថ្មី​របស់​កូន! គេ​ឈ្មោះ​ថា សំអឿន គេ​ជា​កូន​កំព្រា​ទាំង​ឪពុក ទាំង​ម្ដាយ គួរ​ឲ្យ​អាណិត​ណាស់!
នាង​ក្រមុំ​ហាក់​មិន​អើ​ពើ នឹង​ការ​ណែនាំ​របស់​លោក សំបូរ អ្វី​បន្តិច​សោះ ។ អ្នក​ស្រី សន្យា អង្អែល​ក្បាល​បុត្រី​ថ្លើម​ចិត្ត​តែ​មួយ រួច​មាន​ប្រសាសន៍ ៖
សំអឿន គេ​មិន​ត្រឹម​តែ​ធ្វើ​ជា​សូហ្វ័រ​របស់​កូន​ទេ! គេ​ក៏​ជា​អ្នក​មក​បង្រៀន​កូន​ផង​ដែរ!
ថា​ម៉េច អ្នក​ម៉ាក់?

នាង​ក្រមុំ​ភ្ញាក់​ផ្អើល​ចំពោះ​សម្ដី​មាតា ។ លោក សំបូរ ញញឹម​ស្រស់​ទាំង​មាន​ប្រសាសន៍ ៖
សំ​អឿន គេ​ពូកែ​ខាង​គណិត​វិទ្យា និង​តែង​សេចក្ដី​ណាស់! ឆ្នាំ​នេះ​កូន​ត្រូវ​ប្រឡង​បាក់​ឌុប​ផង! ប៉ា​ពឹង​គេ​ឲ្យ​ជួយ​បង្រៀន​កូន​បន្ថែម! ក្រែង​មាន​សង្ឃឹម​! ព្រោះ​កូន​រៀន​ខ្សោយ​ណាស់! ចំណាត់​ថ្នាក់​វិញ គឺ​ចុង​ប៉ូច​គេ​រហូត!
ចំចំណុច​មាណវី​បាត់​មាត់​ឈឹង ទាំង​គេច​មុខ​ចេញ​អំពី​ការ​សម្លឹង​របស់​លោក​ប៉ា​នាង ជា​ពិសេស កែវ​ភ្នែក​ដ៏​មុត​ស្រួច​នៃ​កំលោះ សំអឿន ដែល​កំពុង​តែ​សម្លឹង​មក​រក​នួន​ល្អង ក្នុង​ភ័ក្ត្រ​ញញឹម​រាង​ស្រាល ដែល​ការ​ញញឹម​នេះ មាណវី​យល់​ឃើញ​ថា គឺ​ជា​ការ​សើច​ចំអក​ឲ្យ​នាង​ទៅ​វិញ ។ ឆោម​ស្រស់​លួច​សម្លក់​មក សំអឿន រួច​និយាយ​ក្នុង​ចិត្ត ៖

ហ៉ឹះ! បើ​អាគាត់​ឯង​គ្រាន់​បើ មិន​មែន​មក​ស៊ី​ឈ្នួល​បើក​ឡាន​ឲ្យ​គេ​ទេ! ។
លោក​ សំបូរ ងាក​មក​រក សំអឿន រួម​នឹង​ប្រសាសន៍ ៖
អ៊ំបាន​ឲ្យ​ ម៉ាប់ រៀប​ចំ​បន្ទប់​មួយ​ក្នុង​ផ្ទះ​នេះ ឲ្យ​ក្មួយ​រួច​រាល់​អស់​ហើយ!
មាណវី​ជ្រួញ​ចិញ្ចើម​បោះ​វាចា​ចំងល់ ៖
លោក​ប៉ា! ហេតុ​អី​ក៏​ឲ្យ​គេ​នៅ​ក្នុង​ផ្ទះ​នេះ​ដែរ? អ្នក​បើក​ឡាន​មុនៗ គឺនៅ​ផ្ទះ​តូច​ខាង​ក្រោយ​ទេតើ លោកប៉ា? ម៉េច​ក៏​គេ!
អ្នកស្រី សន្យា វាចា​កាត់​សម្ដី​កូន​ស្ងួន​ភ្ញា​ភ្លាម ៖
រវាង​លោក​ប៉ា​កូន និង​ឪពុក​ក្មួយ​ សំអឿន កាល​ពី​នៅ​រស់​ គឺ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា! ឪពុក​គេ​ចិត្ត​បាន​ណាស់ កូន!

ស្រស់​ស្រី​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​អ្នក​ស្រី រួច​នាង​ក្រមុំ​ស្រដី​ ហាក់​មិន​សប្បាយ​ចិត្ត ៖
ស្រេច​តែ​លោក​ប៉ា​អ្នក​ម៉ាក់ទៅ​ចុះ! តែ​ចំពោះ​កូន​វិញ វា​ដូចជា​មិន​សម​កាល​ ដែល​ឲ្យ​អ្នក​បើក​ឡាន មក​មាន​សិទ្ធិ​ដេក​ពួន​ក្នុង​ផ្ទះ ជាមួយ​ចៅ​ហ្វាយ​ដែរ!
បញ្ចប់​សម្ដី កញ្ញា​ម្ទេស​ខ្មាំង ងើប​វឹង​ចេញ​ទៅ​ ប៉ុន្តែ​មុន​នឹង​ចាក​ចេញ នាង​ក្រមុំ​ឆ្លៀត​ចោល​ក្រសែ​ភ្នែក​ សម្លក់​សម្លឹង សំអឿន បន្តិច ទើប​បោះ​ជំហាន​ចេញ​ទៅ ។

error: Content is protected !!