kalib9

៣. ទូល​​​ល្ពៅ​​​កាត់​​​ផ្សារ

នៅល្ងាចមួយ ពេល សំអឿន កំពុងជូតសម្អាតរថយន្ត កញ្ញាម្ទេសខ្មាំង ស្លៀកសំពត់ខ្មៅត្រឹម​ជង្គង់អាវពណ៌​ក្រហម​ឆេះ ពាក់​វ៉ែនតា​ខ្មៅ ស្ពាយ​កាបូប ដើរ​មក​រកកំលោះ​របស់​យើង បណ្ដើរបោះ​វាចា​បណ្ដើរ ៖
ប្រញាប់ទៅរៀបចំខ្លួនឲ្យ​បាន​ស្អាតបំផុត! ជូនយើង​ទៅ​ផ្សារ​ទិញ​របស់​បន្តិច!
សំអឿន ហាក់ភាំងនឹង​ការ​តុបតែង​ដ៏​ឆើត​ឆាយ​របស់​ កញ្ញាម្ទេសខ្មាំង យើង​រហូតភ្លេច​ខ្លួន ៖
នែ​ប្រញាប់​ទៅ! នៅ​​​ឈរ​ដល់​ណា​ទៀត!
បាទ​​​អ្នកនាង​​​ម្ចាស់!
នាង​ក្រមុំ​ហាក់​ក្នាញ់​នឹង​សម្ដី​អ្នក​កំលោះ​ជា​ពន្លឹក ។ កញ្ញា​ឆើត​ក៏​ចូល​ទៅ​ក្នុង​រថយន្ត​រង់​ចាំ​មិត្ត​យើង​មួយ​សន្ទុះ ទើប​ចេញ​ដំណើរ​សំដៅ​ទៅរក​គោល​ដៅ​តាម​ការ​បញ្ជា​របស់​ម្ចាស់​ស្រី​តូច ។ មិន​យូរ​ប៉ុន្មាន​រថយន្ត​ក៏​បាន​មក​ឈប់​ពី​មុខ​ផ្សារ​ធំ​ថ្មី ។
សំអឿន ប្រញាប់​ចេញ​មក​បើក​ទ្វារ​ឲ្យ​នាង​ក្រមុំ ៖
សូមអញ្ជើញ​អ្នក​នាង!
អ្នកឯង​ក៏​ចូល​ជា​ផ្សារ​ជាមួយ​យើង​ដែរ!
អ្នក​នាង​ឲ្យ​ខ្ញុំ​ចូល​ទៅ​ដែរ​មែន​ទេ?
ត្រូវហើយ!
សំអឿន ញញឹម​ស្រស់ ៖
អូ៎! សំណាង​ខ្ញុំ​មែន​ថ្ងៃនេះ​បាន​ស្រី​ស្អាត​បណ្ដើរ!
នែ! អ្នកឯង​កុំមាត់​ដាច​ពេក​បាន​ទេ? ខ្ញុំ​ហៅ​ឲ្យ​ទៅជួយ​កាន់​អីវ៉ាន់​ខ្ញុំ​ទេ!
ថារួចកញ្ញាឆ្នាស ក៏ដើរ​នាំមុខ​កំលោះយើង​សំដៅ​ចូល​ទៅ​ក្នុង​ផ្សារ ។ ចំណែកឯ​កំលោះ ភក្ដី និង សារ៉ា​ វិញ ពួកគេ​កំពុងញ៉ាំ​អាហារ​ក្នុង​ហាង​មួយ នៅ​ពេល​ដែល​ក្រឡេក​ឃើញ​មាណវី​យើង​ ភក្ដី បោះ​វាចា​ទៅ​កាន់ សារ៉ា ទាំង​ទឹក​មុខ​ចង​ចិញ្ចើម ។
គ្នា​ដូចជា​ស្អប់​មុខ​អា​អ្នក​បើក​ឡាន​ឲ្យ ម៉ានី ហ្នឹង​ដល់​ហើយ​ ធ្វើ​ឯង​ជា​អ្នក​តាម​ការ​ពារ ម៉ា​នី ជាប់​! តាំង​តែ​ពី​មាន​វា​មក​ ម៉ានី​ លែង បាន​ដើរ​លេងជា​មួយ​ពួក​យើង​ ដូច​មុន​ទៀត​ឡើយ!
គ្នា​ឮ​ ដានី​ និយាយ​ថា​ ម៉ា​នី​ គេ​មាន​គូ​ដណ្ដឹង​ហើយ! គេ​នោះ​ជា​កូន​អ្នក​មាន​ ជា​កូន​ថៅ​កែ​នៅ​កំពង់សោមផង​ណ៎ា! ឧបសគ្គ​ស្នេហា​របស់​ឯង​បាន​មក​ដល់​ហើយ!
ភក្ដី​ ធ្វើ​មុខមាំ​ ៖
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្នា​មិន​ព្រម​ឲ្យ​នរណា​រំលង​ខ្លួន​ ម៉ានី ​បាន​មុន​គ្នា​ឡើយ! ឯង​ចាំ​តែ​មើល​ចុះ! ទោះ​មិន​បាន​រៀប​ការ​ក៏​ត្រូវ​បាន​ខ្លួន​នាង​ដែរ! ព្រោះ​គ្នា​លួច​ស្រឡាញ់​នាង​យូរ​ណាស់​មក​ហើយ!
ភក្ដី ពោល​ទាំង​ទឹក​មុខ​បង្កប់ដោយពិសពុល ។
នៅក្នុង​ផ្សារ​ឯណោះ​វិញ ម៉ានី កំពុង​ដើរ​រើស​ម៉ូត​ខោអាវ​ ឯ សំអឿន ជា​អ្នក​ដើរ​តាម​ពី​ក្រោយ ។ នាង​ក្រមុំ​ទិញ​ខោ​អាវ​សំពត់​ជាច្រើន​ម៉ូត​ច្រើន​ម៉ាក រហូត សំអឿន កាន់ពេញដៃ​ទាំង​សង​ខាង ៖
អ្នក​នាង​! ម៉េច​ក៏​ទិញ​ច្រើន​យ៉ាង​នេះ ពាក់​អស់​ដែរ? ខ្ញុំ​ស្ដាយ​ប្រាក់​ណាស់​!
នាង​ក្រមុំ​ងាក​មុខ​ទៅ​រក​មិត្ត​យើង​ រួម​នឹង​វាចា​រាង​ចំអក ៖
យ៉ាង​ម៉េច​ច្រណែន​យើង​ឬ? បើ​ច្រណែន​ ប្រាប់​ឲ្យ​ត្រង់​មក​ យើង​ទិញ​ឲ្យ​ពាក់​មួយ​កំប្លេ​ពីរ​កំប្លេ​ដែរ ដើម្បី​ឲ្យ​មើល​ទៅ​សម​ភ្នែក​គេ​ឯង​ជាង​នេះ​បន្តិច!
សំអឿន ញញឹម​ពាក់​ស្មា​ដាក់​នាង​ក្រមុំ​ ៖
បាទទេអ្នកនាង! ចំពោះខោអាវខ្ញុំមាន​គ្រប់គ្រាន់ហើយ! បើ​អ្នកនាងចង់​ទិញឲ្យខ្ញុំ សុំកុម្ម៉ង់បានទេ!
 ស្រីឆើត​ឆាយ​ស្រដីតប​ទាំង​កិរិយា​តោះតើយ ៖
ចង់​ទិញ​អី​ប្រាប់​មកចុះ!
ទទួលបាន​នូវការ​អនុញ្ញាត បុរសយើង​និយាយតិចៗដាក់នាង​ល្អ ៖
អ្នកនាង​ទិញ​លីអូឲ្យ​ខ្ញុំ​ពីរបី​មក​បាទ! ព្រោះ​អី​លីអូ​ខ្ញុំ​វា​សឹក​ប្រើលែង​បាន​ទៅ​ហើយ​បាទ!
នាង​ក្រមុំ​សម្លឹង​មុខ​ប្រុស​កំលោះ​ ហាក់​ចង់​ហួស​ចិត្ត​បន្តិច និង​ក្នាញ់​បន្តិច​លាយ​គ្នា រួច​នាង​ដើរ​វឹង​ចេញ​ទៅ​ទុក​ឲ្យ​កំលោះ​យើង​ដើរ​ត្រឹកៗ តាមពី​ក្រោយ​ ។
ស្រស់​នារី​ដើរ​បណ្ដើរ​និយាយ​ក្នុង​ចិត្ត​បណ្ដើរ ៖
ហ៉ឹះ! អាគាត់​ឯង​ព្រហើន​ណាស់! ចាំ​មើល​លេង​អាគាត់​ឯង​ឲ្យ​ខ្មាស​អ្នក​ផ្សារ​ម្ដង!
ស្រស់​ស្រី​ក៏ដើរ​តម្រង់​ទៅ​រក​ទិញ​បន្លែ​ត្រី​សាច់​វិញ​ម្ដង រីឯ​កំលោះ​យើង​វិញ​ហាក់​ដូចជា​ខ្មាស​ខ្លួន​ឯង​ដែរ កាល​ដែល​ដើរ​តាម​មនុស្ស​ស្រី​ចូល​ផ្សារ​ទិញ​ម្ហូប​ ដែល​គេ​ពុំ​ធ្លាប់​បាន​ជួប​ប្រទះ​កន្លងមក ។
មីង! ឲ្យសាច់ជ្រូកខ្ញុំបីគីឡូមក!
ចា៎!
អស់​ប៉ុន្មានមីង?
ចា៎ ៥ ម៉ឺន​អ្នកនាង!
ម៉ានី បញ្ជាឲ្យអ្នកកំលោះ​ទទួលយក​សាច់​ពី​អ្នក​លក់ រួចនាងដើរ​សំដៅ​ទៅរក​តូបលក់​បន្លែ​ដែល​នៅ​ក្បែរ​នោះ​បន្ត​ទៀត ។
មាណព​យើង​ជ្រួញ​ចិញ្ចើម​ធ្វើមុខ​ស្អុយ ៖
អ្នក​នាង​ចង់​ទិញ​អី​ទៀត? ខ្ញុំ​កាន់​ចុក​ដៃ​សឹង​ស្លាប់​ទៅ​ហើយ!
កុំចេះសួរ! ទិញ​អី​ទៀត​វា​ស្រេច​តែ​ខ្ញុំ!
នាង​ល្អ​ដើរ​រ៉ុយ​សំដៅ​ទៅ​ទិញ​ស្ពៃ​ក្ដោប​ ២ គីឡូ ទំពាំង​សម្រាប់​ខ ២ គីឡូ ម្នាស់​ ៣ ថែម​ទៀត រួម​ទាំង​ផ្លែ​ឈើ​ទៀត​ផង រហូត​ សំអឿន កាន់​ផង​កណ្ដៀង​ផង​ដើរ​លែង​ចង់​ទៅ​មុខ​រួច ។ មិត្ត​យើង​រអ៊ូ​ឡើង​ ៖
ស្លាប់​ខ្ញុំ​ហើយ​អ្នក​នាង​! រក​រទេះ​រុញ​ដាក់​ទៅ​ បាក់​ដៃ​ខ្ញុំ​អស់ហើយ​!
ឆ្នោម​ស្និទ្ធ​ញញឹម​ស្រស់​ធ្វើហី ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ការ​លំបាក​របស់​មិត្ត​យើង ។ ស្រស់​ពិសី​បោះ​វាចា ៖
ស្រុក​យើង​ឥឡូវ​គេ​សន្សំ​សំចៃ​បន្តិច! មានឈ្នួល​ប្រើ​ហើយ​ គេ​ត្រូវ​ប្រើ​ឲ្យ​អស់​សាច់​ទើប​វា​មិន​ខាត! ព្រោះ​ស្រុក​យើង​ឥឡូវ​នេះ​ពិបាករ​កលុយ​ណាស់!
ឃើញ​អ្នក​កំលោះ​កាន់ចុក​ដៃ​សម្បើម​ហើយ នាង​ក្រមុំ​លួច​ញញឹម​ម្នាក់​ឯង ហើយ​នាង​ល្អ​ក៏​ក្រឡេក​ឃើញ​ផ្លែ​ល្ពៅធំ​ៗ​ ហើយ​ល្អៗ នាង​ក៏ដើរ​ទៅ​ទិញ​បាន​ផ្លែ​ល្ពៅ​មួយ​យ៉ាង​ធំ ។ នរៈ​ប្រញាប់​ពោល​ឡើង ៖
អ្នក​នាង​កាន់​ល្ពៅ​នេះ​ខ្លួន​ឯង​ចុះ​បាទ! ខ្ញុំ​គ្មាន​កន្លែង​ទំនេរ​សម្រាប់​ដាក់​ទៀត​ទេ!
ស្រស់​ចរណៃ​សើច​ស្រស់ ៖
ចំ​ជាល្ងង់​មែន! បើកាន់​តែ​មិន​បាន​ទេ ទូល​លើ​ក្បាល​ទៅ!
ថា​ម៉េច​អ្នកនាង​! (សំអឿន បើក​ភ្នែក​ធំៗ)
គឺ​ដាក់​ល្ពៅ​លើ​ក្បាល​ហ្នឹងណា៎!
ដាក់​លើ​ក្បាល​! ស្លាប់​ខ្ញុំ​ហើយ​ខ្មាស​គេ​ណាស់! ទៅ​មិន​រួច​ទេ!
ស្រស់​វរមិត្រ​មិន​បង្អង់​យូរ​ ក៏​ប្រើសិទ្ធិជាចៅហ្វាយបង្ខំឲ្យមិត្តយើងទួលផ្លែល្ពៅធំប៉ុនកូនកញ្ជើ រហូតបានសម្រេច ។ រួច ម្ទេសខ្មាំង បញ្ជាឲ្យនាយយើងដើរចេញទៅ … មនុស្សម្នាក្នុងផ្សារចោលភ្នែកសម្លឹង​មើលគេ​គ្រប់ៗគ្នា ធ្វើឲ្យមិត្តយើងខ្មាសគេ ចង់ជ្រែកផែនភព ឯចំណែក​កញ្ញាជើងល្អវិញ ញញឹមបិទមាត់លែងជិតទៅហើយ ដោយនាងបានកាច់បំបាក់មុខអ្នក​ ដែលនាងមិនចូលចិត្តបានដូចបំណង ។
មកដល់រថយន្តរៀបចំអីវ៉ាន់ ដាក់គូទឡានរួចរាល់ហើយ កំលោះ សំអឿន ងាកមកនិយាយជាមួយ កញ្ញាម្ទេសខ្មាំង ដែលកំពុងឈររង់ចាំឲ្យនាយបើក​ទ្វារឡានឲ្យ ៖
ថ្ងៃនេះ អ្នកនាងធ្វើឲ្យខ្ញុំខ្មាសគេរកអ្វីប្រៀបផ្ទឹមពុំបានទេ!
ម្ទេសខ្មាំង ញញឹមមានន័យជោគជ័យលើរូបបុរសយើង ៖
យី! ខ្ញុំទើបតែដឹងថា ខ្ញុំគេចេះខ្មាសគេដែរហ្ន៎? មិននឹកស្មានសោះ! តោះប្រញាប់ទៅ! ល្ងាចណាស់ហើយ!
សំអឿន ដើរវឹងទៅបើកទ្វារឡាន រួចចូលអង្គុយខាងក្នុងធ្វើមិនដឹង ។
នែម៉េច​ក៏មិនបើកទ្វារឡានឲ្យខ្ញុំ?
សំអឿន ឆ្លើយបែបហី៖
សូមអ្នកនាងបើកខ្លួនឯងម្ដងចុះបាទ!
ម្ទេសខ្មាំងចងចិញ្ចើមមួយរំពេច នាងបើកទ្វារឡានចូលអង្គុយ រួចទាញទ្វារបិទឮសូរគ្រាំង ទាំងសម្លក់ សំអឿន ហាក់គ្នាន់ក្នាញ់ចិត្ត រីឯកំលោះយើងវិញ លួចសើចតែម្នាក់ឯង ហួសចិត្តនឹងចរិត កញ្ញាម្ទេសខ្មាំង ឆ្នាសរកលេខដាក់គ្មាន នេះលែងនិយាយចេញ ។
***
យប់នេះ លោក សំបូរ និងអ្នកស្រី កំពុងអង្គុយជជែកគ្នាជាមួយ សំអឿន នៅលើទោងលំហែកាយយ៉ាងសប្បាយ និងស្និទ្ធស្នាល ។ ស្រស់ស្រីលើកថាសបង្អែម ដើរតម្រង់មករកអ្នក​ទាំងបី តែនាងក្រមុំនៅឈរលាក់ខ្លួន ក្បែរដើមជម្ពូ រួចនាងសម្លឹងមើលទៅ​លោកប៉ាអ្នកម៉ាក់របស់នាង ដូចជាស្និទ្ធស្នាលនឹងកំលោះ សំអឿន សម្បើមណាស់ គឺមិនដូចអ្នកបើកឡានមុនៗសោះ ។ ដួងចិត្តក្រមុំយើងពេលនេះ កំពុងតែនឹកឆ្ងល់យ៉ាងចម្លែក នាងក៏បន្តដំណើរទៅរកអ្នកទាំងបី ។ យុវកញ្ញាដាក់ថាសបង្អែមចុះ រួចលើកចានបង្អែមហុចទៅឲ្យលោក និងលោកស្រីទាំងស្រដី ៖
លោកប៉ាអ្នកម៉ាក់! បបរល្ពៅនេះស្អិតណាស់! កូនធ្វើវាដោយផ្ទាល់ដៃ លោកប៉ាអ្នកម៉ាក់សាកមើលចុះ!
កំលោះ សំអឿន ញញឹមទៅកាន់នាងក្រមុំ ៖
ចុះមានចំណែកខ្ញុំដែរទេ ​អ្នកនាង?
ស្រស់ជីវ៉ាងាកមុខផាំងទៅរកម្ចាស់សំឡេង ៖
អ្នកឯងមានចំណែកអីដែលខ្ញុំត្រូវដួសលើកមកឲ្យដែរនោះ?
ក្រែងល្ពៅនេះ ខ្ញុំជាអ្នកខំទូលដើរកាត់ផ្សារនោះអី? អ្នកនាងម៉េចក៏ថា ខ្ញុំគ្មានចំណែក!
លោក សំបូរ សម្លឹងមុខបុត្រី រួចងាកទៅសួរ សំអឿន ហាក់ចម្លែកក្នុងចិត្ត ៖
ទូលល្ពៅដើរកាត់ផ្សារ?
បាទត្រូវហើយលោកអ៊ំ! អ្នកនាងឲ្យខ្ញុំយួរខោអាវសាច់បន្លែ ស្ទើរជ្រែកខ្លួនទៅហើយ ថែំមទាំងដាក់ល្ពៅឲ្យខ្ញុំទូលដើរកាត់ផ្សារទៀតផង! ខ្ញុំខ្មាសគេសឹងជ្រែកដីទៅហើយ!
លោក សំបូរ និងអ្នកស្រី អស់សំណើចព្រមៗគ្នា ។ អ្នកស្រីលើកហត្ថាអង្អែលក្បាលស្ងួនភ្ងា រួមនឹងវាចា ៖
កូនឯងនេះ! អាងតែក្មួយស្លូត ចេះតែធ្វើបាបគ្នា បានហើយ!
ម្ទេសខ្មាំង ពេបមាត់រួចសម្លក់ទៅកាន់កំលោះយើង ដែលកំពុងតែសើចស្រស់មករកខ្លួន ។ នឹមនួនប្រញាប់ងាកមុខចេញយ៉ាងរហ័ស រួចរលាស់វាចាទៅកាន់លោក សំបូរ និងអ្នកស្រី ៖
កូនទៅរកសម្រាកសិនហើយ! ព្រោះថ្ងៃនេះ កូនដូចជាអស់កម្លាំងណាស់!
ថ្លែងនូវវាចានេះចប់ នរនាថក៏យាត្រាចេញទៅ ។
***
យប់នេះ នាងក្រមុំយើងគេងមិនលក់សោះ រសាប់រសល់ក្នុងដួងចិត្តយ៉ាងចម្លែក ភ្នែកខំបិទ តែចិត្តមិនស្ងប់ ។ ខ្យល់ជំនោរនាពេលរាត្រី ក៏ចាប់ផ្ដើមធ្លាក់មករំភើយៗ ស្បៃរាត្រីកាលក៏ក្រាលពាសពេញ ផែនភពសឹងចាក់ភ្នែកពុំយល់ រីឯដួងព្រះច័ន្ទ និងដួងតារាក៏កំពុងតែបញ្ចេញនូវពន្លឺដ៏ស្រទន់ព្រិចៗ ក្រាលពាសពេញផ្ទៃវេហាស៍ វិស័យបីដូចជាផ្ការីកលម្អក្នុងសួនច្បារនានិទាយរដូវ ។ កំពុងតែបណ្ដែតអារម្មណ៍រាយមាយ ស្រាប់តែមានសំឡេងច្រៀងល្វើយៗស្រាលៗ រសាត់តាមវាយោមកប៉ះនឹងសោតា នៃស្រស់ស្រីនោះ គឺជាបទចម្រៀងដែលមិនចេះសាបសូន្យរបស់អធិរាជសំឡេងមាសគឺ លោក ស៊ិន ស៊ីសាមុត ក្នុងបទមួយមានចំណងជើងថា “ភ័ព្វសំណាង” ដែលកំពុងច្រៀងឡើងវិញដោយកំលោះមួយរូប ។
ស្រស់ស្រីងើបកាយដើរទៅបើកបង្អួច ចោលខ្សែនេត្រសម្លឹងរកមើលម្ចាស់សំនៀង ដែលកំពុងចាប់ច្រៀងក្នុងវគ្គ ៖
ឃើញហ្វូងផ្កាយចោមច័ន្ទ
រៀមមួហ្មងប្រច័ណ្ឌដួងជីវ៉ា
ក្រអូបក្លិនតាមវាតា
 រៀមខ្វល់ឱរ៉ា ព្រោះស្នេហាស្រីថ្លៃ ។
ព្រោះស្រឡាញ់ ទើបរៀមកង្វល់
ដួងចិត្តអំពល់រិងរៃ
ស្ដាប់បណ្ដាំបងសន្យាណាថ្លៃ
ជាតិនេះ គឺស្រីដែលបងផ្ញើប្រាណ ។
មាណវីឈរសម្លឹងមកកំលោះយើង ភ្ជាប់ជាមួយនូវស្នូរដង្ហើមធំក្នុងទឹកមុខដ៏ស្រទន់ និងកំពុងតែរិះគិតដល់រឿងអ្វីម្យ៉ាង ។ នាងឃើញកំលោះយើងកំពុងគេង នៅលើទោងក្នុងដៃមានកាន់ រូបថតយកមកមើល ហើយមើលទៀត រួចយកមកឱបផ្ទប់នឹងផែនទ្រូង ។ ធីតាសោភាប្រញាប់បិទបង្អច​យ៉ាងរហ័ស ព្រោះកំលោះយើងពេលនេះ គេងើបកាយពីការគេង បណ្ដែតអារម្មណ៍មនោសញ្ចេតនាអណ្ដែតអណ្ដូងអម្បាញ់មិញនេះវិញហើយ ។ ស្រស់ស្រីដើរមកដាក់កាយលើពូកវិញ រួចនិយាយម្នាក់ឯង ។
ហ៉ឹះ! ឆ្កួតមែន! យប់ថ្មើរណេះទៅហើយ នៅមករវើរវាយម្នាក់ឯងទៀត!