kalib9

៤. ក្រមុំ​​​ឆ្នាស កំលោះ​​​ឆ្នើម

រយៈពេលជាងមួយខែទៅហើយ ដែលមិត្តកំលោះរបស់យើងបានមករស់នៅក្នុងភូមិគ្រឹះនេះ ។ ការរស់នៅមិនសូវស៊ីចង្វាក់ជាមួយ កញ្ញាម្ទេសខ្មាំង និងកំលោះបើករថយន្ត កើតមានសឹងរាល់ថ្ងៃ ។ ល្ងាចនេះពេលបង្រៀន លោកគ្រូកំលោះយើងបានដាក់លំហាត់គណិតវិទ្យា ឲ្យនាងក្រមុំទាំងបីឡើងធ្វើម្ដងម្នាក់ ។

ពេលនេះ ណារ៉ូ ជាអ្នកឡើងធ្វើលំហាត់មុនគេ ចំណែកឯ ម្ទេសខ្មាំង និង ដានី កំពុងតែជជែកគ្នាឮសូររ៉ែ ៖
ដានី! តើឯងរៀបចំខោអាវហើយនៅ?
គ្នារួចរាល់អស់ហើយ! ចុះឯងវិញ?
គ្នាក៏ត្រៀមរួចរាល់អស់ហើយដែរ! ចុះឯងមានត្រៀមម៉ៃយ៉ូសម្រាប់ហែលទឹកសមុទ្រដែរទេ?
ស្លាប់ហើយ ម៉ានី! ស្លៀកតែខោធម្មតាវាបានហើយ! ចាំបាច់ស្លៀកវាធ្វើអី? ឲ្យគ្នាស្លៀកម៉ៃយ៉ូហែលទឹក គ្នាខ្មាសគេស្លាប់ហើយ!

ម៉ានី សើចស្រស់ ៖
ចុះឯងមានប្រាប់ប៉ាម៉ាក់ឯងហើយនៅថា ថ្ងៃនេះឯងមកគេងផ្ទះគ្នា? ព្រោះស្អែកឡានចេញដំណើរពីព្រលឹមផងណា៎!
គ្នាចាត់ការរួចរាល់អស់ហើយ!
លោកគ្រូកំលោះចង្អុលចំមុខ ម្ទេសខ្មាំង ៖
ម៉ានី! ឡើងធ្វើមួយខ្ទង់នេះ! ណារ៉ូ គេធ្វើរួចហើយ ហើយសុទ្ធតែត្រូវទាំងអស់!
ស្រស់ស្រីធ្វើមុខស្អុយ ៖

ថ្ងៃនេះ ដូចជាគ្មានអារម្មណ៍ធ្វើទេ! ព្រោះខ្ញុំ និង ដានី កំពុងតែគិតគូរពីរឿងធ្វើដំណើរកម្សាន្តទៅលេងកំពង់សោមស្អែកនេះ! ចុះពូឯងត្រៀមរួចរាល់ហើយនៅ? ព្រោះលោកប៉ាអ្នកម៉ាក់ក៏អនុញ្ញាតឲ្យពូឯងទៅដែរ!
មិនបាច់ប្រាប់គ្រូទេ លោកគ្រូដឹងហើយ! ហើយលោកគ្រូក៏គ្មានអ្វីត្រៀមផង! ព្រោះមនុស្សប្រុសខ្លួនមួយ មិនសាំញ៉ាំដូចអ្នកខ្លះទេប្អូន!
ស្រស់ភុំផាន ញញឹមចំអក រួចងាកទៅនិយាយជាមួយ ដានី ៖
ដានី! ព្រឹកមិញឯងមានដឹងថា នរណាឲ្យកាដូគ្នាដែរទេ?
គ្នាអត់ដឹងទេ!
ម្ទេសខ្មាំង ញញឹមស្រស់ ៖

នេះនែ កូនម៉ាស៊ីនថតដែល ភក្ដី ឲ្យគ្នាទុកជាអនុស្សាវរីយ៍សម្រាប់ថតរូប ពេលធ្វើដំណើរកម្សាន្តនេះណា៎! គេផ្ដាំឲ្យគ្នាទុករូបថតឲ្យគេ កន្លែងណាស្អាតៗបួនដប់សន្លឹកទៀតផងណា៎!
នាងក្រមុំនិយាយបណ្ដើរលើកកូនម៉ាស៊ីនថតរូបបង្ហាញ ដានី បណ្ដើរ រួចនាងក្រមុំលួចដៀងកន្ទុយភ្នែកសម្លឹងទៅ សំអឿន ដែលកំពុងឈរប្រែទឹកមុខទៅជាមិនសប្បាយចិត្តមួយរំពេច រួចមាណវីផ្ដើមវាចាបន្ត ៖

ភក្ដី ណាគេជាម​​​នុស្សមានចិត្តល្អ! ឪពុកម្ដាយគេក៏មាឋានៈខ្ពង់ខ្ពស់ រូបរាងគេក៏សង្ហា!
នាង ម្ទេសខ្មាំង សើចស្រស់ រួចស្រដីបន្តហាក់ដូចកំពុងគិតទៅដល់រូបភាពណាមួយ ។ ស្រីល្អបន្តសម្ដី ៖
ដានី ឯងគិតទៅមើល គ្នា និង ភក្ដី សមគ្នាដែរទេ? មានដូចគ្នា! ស្អាតដូចគ្នា! អូ៎! ប្រសើរមែនទែន មែនទេ ដានី? មិនដូចអ្នកខ្លះទេហ្ន៎! ដែលមិនចេះមើលឋានៈខ្លួនឯង!
សំអឿន ដកដង្ហើមធំ រួចសង្រួមនូវកាយវាចារាងទន់ភ្លន់ ៖
ថ្ងៃនេះ សម្រាកប៉ុណ្ណឹងសិនចុះ!

ណារ៉ូ កាន់សៀវភៅយកមកសួរលោកគ្រូកំលោះ ៖
លោកគ្រូ! ខ្ញុំចង់សួរលំហាត់នេះ លោកគ្រូបន្តិច!
សួរមកចុះ ណារ៉ូ!
លោកគ្រូ លំហាត់នេះធ្វើអញ្ចេះត្រូវទេ?

សំអឿន ពិនិត្យ​មើល​បន្តិច រួច​វាចា​ទាំង​ញញឹម​ស្រស់ ៖
អូ៎! ត្រឹម​ត្រូវ​ណាស់! ណារ៉ូ ពូកែ​មែន​ហ្ន៎! នេះ​បាន​គេ​ហៅ​ថា អ្នក​ឆ្លាត​វ៉ៃមែន! លោក​គ្រូ​មិន​ទាន់​ពន្យល់​ផង ធ្វើ​ត្រូវ​ទៅ​ហើយ! មាន​អ្នក​ខ្លះ​នោះ ទោះ​ជា​ពន្យល់​ពាន់​ដង​ម៉ឺន​ទៀត ក៏​ប្រហែល​ជា​ធ្វើ​ពុំ​បាន​ផង!
ថា​រួច អ្នក​កំលោះ​យើង​លួច​ចោល​កន្ទុយ​ភ្នែក​ទៅរក ម្ទេស​ខ្មាំង ដែល​កំពុងបើក​ភ្នែក​ធំៗ​មក​រក​នាយ ។ ម្ទេស​ខ្មាំង ដឹង​ថា​មិត្ត​យើង​ផ្លែ​ផ្កា​ឲ្យ​នាង​ នាង​ក្ដៅ​ចិត្ត​ភ្លាម ហើយ​ថែម​ទាំង​ឃើញ សំអឿន ធ្វើ​ជា​ស្និទ្ធ​ស្នាល​នឹង​ ណារ៉ូ ផង​នោះ រឹត​តែ​ធ្វើ​ឲ្យ​ឆាប​ឆួល​កំហឹង​ទ្វេ​ឡើង ។ ម្ទេស​ខ្មាំង ក៏​ងើប​រ៉ុយ​ទៅ​ទាញ​ដៃ ណារ៉ូ ចេញ​ពី សំអឿន ៖
ណារ៉ូ មកណេះ!
ឯង​មាន​ការ​អី ម៉ានី?

ម្ទេស​ខ្មាំង អូស​ណារ៉ូ​ចេញ​ពី​មុខ​លោក​គ្រូ​កំលោះ ៖
ឯង​ជា​ស្រី​ណា៎! កុំ​ជិត​ស្និទ្ធ​នឹង​អាគាត់​ហ្នឹង​ពេក​បាន​ទេ?
គ្នា​គ្រាន់​តែ​ចង់​ពិភាក្សា​ជាមួយ​លោក​គ្រូ​ រឿង​លំហាត់​ទេ​តើ! មាន​ទាស់​ខុស​អី?
តែ​គ្នា​មិន​ចង់​ឲ្យ​ឯង​ជិត​ស្និទ្ធ​នឹង​គេ​ទេ!
ហេតុ​អី​ទៅ?
ទៅ! ចូល​ទៅ​ក្នុង​សិន​ទៅ!
ណារ៉ូ គ្រវីក្បាល​ធ្វើ​មុខ​ឆ្ងល់ រួច​ដើរ​ចូល​ទៅ​ក្នុង​បាត់​ទៅ ។

ឯ ម្ទេស​ខ្មាំង បែរ​ភ័ក្ត្រ​ទាំង​កំហឹង​ មក​រក​អ្នក​កំលោះ រួម​នឹង​វាចា​មុត​ថ្លា ដូច​មុខ​កាំ​បិត ៖
អ្នក​ឯង​កុំ​ស្មាន​ថា ខ្ញុំ​គិត​ផ្សេង ក្រៅ​ពី​ខ្ញុំ​មិន​ចង់​ឲ្យ​មិត្ត​របស់​ខ្ញុំ​ មក​ជិត​ស្និទ្ធ​នឹង​អ្នក​ឯង​ឲ្យ​សោះ​ណា៎!
គ្រូ​ឆើត​ឆាយ​ត្រាយ​វាចា តបត​វិញ​ទាំង​ញញឹម​ស្រស់ ៖
ខ្ញុំ​គ្មាន​បាន​គិត​អី​បន្តិច​សោះ! ម៉េច​ក៏​អ្នក​នាង​ប្រញាប់​រអៀស​ខ្លួន​យ៉ាង​នេះ? ឬ​មួយ​ក៏​អ្នក​នាង​គិត​អី​ផ្សេង​ពី​នេះ​វិញ? បាន​ជា​នែ…

ស្រស់​ពិសី​ស្ដី​ ប្រញាប់​ចាប់​ចោទ​សំណួរ​ សួរកាត់​វាចា​នៃ​បុរស ៖
អ្នក​ឯង​ថា ខ្ញុំ​បាន​គិត​អីផ្សេង​ពី​នេះ?
សំអឿន លឿន​វាចា​ទាំង​ញញឹម​ស្រាល ៖
អ្នក​នាង​សាក​គិត​ខ្លួន​ឯង​ទៅ​មើល? ឬ​ក៏​អ្នក​នាង​នែ….
នែស្អី? (នួន​ល្អង​បញ្ជាក់​សួរ)

សំអឿន យក​ចង្អុល​ដៃ​គោះ​ សៀត​ផ្កា​ខ្លួន​ឯង​តិចៗ ហាក់​ដូចជា​កំពុង​រក​នឹក​ រួច​ក៏​ញញឹម​តិចៗ​ រួម​នឹង​វាចា ៖
អ្នក​នាង​ប្រហែល​ជា​ប្រច័ណ្ឌ​ខ្ញុំ និង​ ណារ៉ូ ទេ​ដឹង​បាទ?
ស្រស់កល្យាណ​ប្រាណ​ញាប់​ញ័រ វាចា​ទាំង​បើក​ភ្នែក​ធំៗ ៖
អ្នក​ឯង​ម៉េច​ក៏​ព្រហើន​ម្ល៉េះ? ហ៊ាន​ពោល​ពាក្យ​នេះ ដាក់​យើង​ផង?
ទន្ទឹម​នឹង​សម្រែក​នៃក្ដី​កំហឹង​នេះ ម្ទេស​ខ្មាំង លើក​បាត​ដៃ​ដ៏​ស្រឡូន​បម្រុង​មក​ទះ​កំផ្លៀង​កំលោះ​យើង តែ​នាយ​យើង​រហ័ស​ណាស់​ គេ​ចាប់​ដៃ​នាង​ក្រមុំ​ជាប់​ រួច​ញញឹម​ស្រស់​ រួម​នឹង​សម្ដី​ឡកឡឺយ ៖
បែប​ត្រូវ​ចំណុច​ហើយ មើល​ទៅ​បាន​ជា​ច្រឡោត​យ៉ាង​នេះ?
ឆោម​ស្ងួន​ខ្លួន​ជា​ស្រី​ខ្លាំង​សម្ដី តែ​អន់​កម្លាំង​កាយ ក៏​ប្រញាប់​គ្រវាស​ដៃ​ចេញយ៉ាង​រហ័ស រួច​ខ្ជាក់​វាចា​កំហឹង​ ដូច​ភ្នំ​ភ្លើង​ផ្ទុះ ៖

អ្នក​ឯង​គួរ​តែ​ចេះ​រៀន​បើក​ភ្នែក​មើល​ ពី​ឋានៈ​របស់​ខ្លួន​ឯង​ខ្លះ​ផង! កុំ​មាត់​អត់​ចេះ​ខ្មាស​ខ្លួន​ពេក! គួរ​តែ​ចេះ​គិត​ថា រវាង​ចៅ​ហ្វាយ​ និង​ខ្ញុំ​គេ តើ​វា​ខុសគ្នា​ប៉ុន​ណា​នោះ? រៀន​បើក​ភ្នែក​មើល​មុខ​មាត់​ ខ្លួន​ឯង​ខ្លះ​ផង!
នរៈ​ធ្វើ​ដូច​ភ្ញាក់​ ទាំង​សើច​ស្រស់​បោះ​វាចា ៖
ខ្ញុំ​មើល​មុខ​មាត់​ខ្លួន​ឯង​​ម៉េច​នឹង​បាន​ទៅ បើ​ភ្នែក​របស់​ខ្ញុំ​នៅ​លើ​មុខ​ដែរ​ហ្នឹង?
គួរ​តែ​ចេះ​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​ខ្លះផង!
បុរស​អស់​សំណើច​សើច​រឹត​តែ​ស្រស់​បស់​ជាង​មុន ៖
ប៉ុន្តែ​ពេល​ខ្ញុំ​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​ម្ដងៗ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ស្អាត​ក៏​ស្អាត! សង្ហា​ក៏​សង្ហា! មិន​ចាញ់​តួកុន​ហូលីវូត​ឡើយ​បាទ! គឺ​អាច​ដើរ​តួ​ឲ្យ​ក្រុមហ៊ុន​ហូលីវូតបាន​បាទ!
ស្រស់​ចរណៃ​យក​ដៃ​គោះ​ទ្រូង​តិចៗ ទាំង​ខ្ជាក់​នូវ​វាចា​ មាន​ន័យ​សើច​ចំអក​ ចំពោះ​ពំនោល​អ្នក​កំលោះ​យើង​មុន​នេះ ៖

វ៉កៗ! មុខ​នេះ​ទោះ​ជា​សុំ​គេ​ដើរ​តួ ខ្ញុំ​កញ្ជែះ​ លើក​ថាស​ផ្លែ​ឈើ​ ឲ្យ​ពួក​ហូលីវូត​អត់​យក​លុយ ក៏​គេ​មិន​យក​ភ្នែក​មើល​ផង! តែ​បើ​ដើរ​តួ​ដេក​ឲ្យ​ឡាន ឬ​រទេះ​ភ្លើង​កិន​ ឬ​យក​ទៅ​បោះ​ឲ្យ​ក្រពើ​ ស៊ី​ដើម្បី​ឲ្យ​ថត​មើល​ទៅ​ឃើញ​ស្ដែង ប្រហែល​ជា​ក្រុមហ៊ុន​ហូលីវូត គេ​អាច​ពិចារណា​ខ្លះ! ឆ្អើម​ណាស់! កោត​តែ​មិន​ចេះ​ខ្មាស​ខ្មោច​សោះ មនុស្ស​ណា​ ដែល​យើង​ស្អប់​បំផុត​ហើយ គឺ​មនុស្ស​នោះ​មុខ​មាត់​ ក៏​អន់​បំផុត​ដែរ!
សម្ដី​ស្រីវរមិត្រ​រឹត​តែ​ធ្វើ​ឲ្យ​គ្រូ​កំលោះ ចង់​ផ្ដង​ផ្ដោះ​ជា​បន្ត ៖

អូ៎! អ្នក​នាង​ស្អប់​ខ្ញុំ​ផង? ប្រយ័ត្ន​ណា៎ ពាក្យ​ចាស់​លោក​ពោល​ថា ស្អប់​ជំពប់​លើ​ណា៎!
ហ៉ឹះ! ចាំ​មួយ​លាន​ជាតិ​ទៀតចុះ! ចាំ​យើង​ចាប់​ជាតិ​ជា​មនុស្ស​ខ្វាក់​ភ្នែក​សិន សឹម​យើង​ដើរ​ទៅ​ជំពប់​លើ​មនុស្ស​ ដូចជា​អ្នក​ឯង​នេះ!
នរៈ​ភ័ក្ត្រ​ស្រទន់​លួច​គយ​គន់ស្រីតូចតន់ មិន​ដាក់​ភ្នែក​ទាំង​វាចា ៖
បាទ​មួយ​លាន​ជាតិ​ទៀត ក៏​ខ្ញុំ​ទ្រាំ​ចាំ​បាន​ដែរ​បាទ! តែ​ខ្ញុំ​ខ្លាច​ក្រែង​តែ​ជាតិ​នេះ​តែ​ម្ដង​ទេ! ព្រោះ​អី​អ្នកនាង​ និង​ខ្ញុំ​នៅជិត​គ្នា ទៅ​ណា​ជាមួយ​គ្នា​រាល់​ថ្ងៃ រមែង​អី​មាន​ថ្ងៃ​ណា​មួយ អ្នក​នាង​មក​ជំពប់​ ដួល​លើ​ខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន!
ពាល​ពៅ​នៅញញឹម​ សង្ឃឹម​ជោគ​ជ័យ​ក្នុង​ជម្លោះ​នេះ ៖
ហ៉ឹះ! អ្នក​ឯង​នេះ​ប្រៀប​បាន​នឹង​លាមក​មួយ​ដុំ គ្រាន់​តែ​ឃើញ​ភ្លាម​ យើង​ដើរ​វាង​មួយ​រយ​គីឡូ​ឯណោះ! ព្រោះ​យើង​ខ្ពើម​រអើម!

មិត្ត​យើង​ពើង​ដើម​ទ្រូង ញញឹម​សង​ទាំង​ស្រដី ៖
តែ​ខ្លាច​ថ្ងៃ​ណា​មួយ អ្នក​នាង​ដើរ​មិន​បាន​មើល​ក្រោម ស្រាប់​តែ​ជាន់​វា វីវរ​ធំ​ហើយ!
នួន​ល្អង​សង​សម្ដីស្ដី​ទៅវិញ ទាំង​ក្រេវ​ក្រោធ ៖
តែ​បើ​យើង​ជ្រុល​ដើរ​ជាន់​វិញ! យើង​នឹង​ជាន់​វា​ឲ្យ​ខ្ទេច! ឲ្យ​វា​វិនាស​ចេញ​ពី​ផែន​ដីនេះ មិន​ឲ្យ​សល់​នៅ​ទេ!
គ្រូ​កំលោះ​អស់​សំណើច​ សើច​សិស្ស​ស្រី​ស្រដី​ឌឺដង ក្នុង​បំណង​ឲ្យ​ស្រស់​វរមិត្រ​ រឹត​តែ​ក្ដៅ​ចិត្ត​ទ្វេ​ឡើង ៖
អូ៎! គិត​ទៅ​លាមក​នេះ ពិតជា​សំណាង​ណាស់! ដែល​បាន​ជើង​ស្រី​ស្អាត​ជាន់ ហាក់​ដូចជា​មិន​ខ្ពើម​រអើម​ដូច្នេះ​នោះ!

ស្រស់​នឹម​នួន​ផ្ទួន​សម្ដី​ស្ដី​សែន​ខឹង ៖
ឈប់​និយាយ​ភ្លាម​ទៅៗ!
ស្រស់​ទេវី​ក្ដៅ​ចិត្ត​ រហូត​ឡើង​ញ័រ​អស់​កាយា​ញ័រ​សំឡេង ។ ភ័ក្ត្រ​ស្រី​ឡើង​ក្រហម​ ដូច​មាន់​កំពុង​រក​ពង​មិន​ខុស ។ តាំង​ពី​នាង​កើត​មក ពុំ​ដែល​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​នាង​ខឹង​ យ៉ាង​ដូច្នេះ​ឡើយ ។ ឆោម​ឆើត​ក្ដាប់​ដៃ​យ៉ាង​ណែន ក្នុង​កែវ​ភ្នែក​ពេញ​ទៅ​ដោយ​ភ្លើង​កំហឹង ហាក់​គ្នាន់​ក្នាញ់ ចង់​ស្ទុះ​ទៅ​ស៊ីសាច់មាណព​យើង​ទាំង​រស់ ពុំ​ឲ្យ​មាន​សល់​ឆ្អឹង​ រីឯ​កំលោះ​យើង​ឈរ​ញញឹម​ឱប​ដៃ​ធ្វើ​ព្រងើយ រឹង​រឹត​តែ​ធ្វើ​ឲ្យ​ ម្ទេស​ខ្មាំង​ ក្ដៅ​ចិត្ត​ទ្វេ​ឡើង​រក​ថ្លែង​ពុំ​ត្រូវ ។ ស្រី​ពុំ​ងា​លើក​ដៃ​ចង្អុល​មុខ​ប្រុស​កំលោះ ទាំង​ញ័រ​ទទ្រើក រួម​នឹង​វាចា​កំហឹង​ឆេះ​ឆួល​ពេញ​ទ្រូង ៖
អ្នក​ឯង! ចាំ​មើល​ចុះ! យើង​នឹង​ជម្រាប​លោក​ប៉ា​ ឲ្យ​ដេញ​ក្បាល​អ្នក​ឯង​ចេញឥឡូវ​នេះ!
ថា​រួច​ ម្ទេស​ខ្មាំង​ ស្ទុះចេញ​វឹង រី​ឯ​កំលោះ​យើង​វិញ គិត​តែ​ពី​ឈរ​អង្អែល​ចង្កា​របស់​ខ្លួនឯង​បណ្ដើរ ញញឹម​បណ្ដើរ ។

ម្ទេស​ខ្មាំង ចេញ​បាន​បន្តិច ក៏​ទៅ​វ៉ាក់នឹង​លោក​ សំបូរ ដែល​កំពុង​ដើរ​ចេញ​ពី​បន្ទប់​ទឹក ។ ម្ទេស​ខ្មាំង ខ្ជាក់​វាចា​កំហឹង ៖
លោក​ប៉ា​ដេញ​ក្បាល​អាគាត់​នេះ​ចេញ​ឥឡូវ​នេះ​ភ្លាម​ទៅ! លោក​ប៉ា! វា​កាន់​តែ​ខ្លាំង​ដៃ​ហើយ!
លោក​ សំបូរ យក​កន្សែង​ជូត​មុខ​បណ្ដើរ មាន​ប្រសាសន៍​បណ្ដើរ ៖
ឯ​កូន​​ឯង​ក៏​មិន​ណយ​ដែរ! ទាល់​តែ​ខ្លាំង​ ជួប​ជើង​ខ្លាំង​អ៊ីចឹង ទើប​ត្រូវ​ចិត្ត​ប៉ា ព្រោះ​បើ​មិន​អ៊ីចឹង​ទេ កូន​ស្រី​ប៉ាមួយ​នេះ ប្រាកដ​ជា​ឡើង​ចាង​ខ្លាំង​ទៅៗ​ហើយ ដោយ​គិត​ស្មាន​ថា គ្មាន​នរណា​ខ្លាំង​ដល់​កូន!
លោក​ សំបូរ ពោល​ចប់ រួច​ក៏​ដើរ​ចេញ​ទៅ ទាំង​ញញឹម​ស្រស់ ទុក​ឲ្យ​ ម្ទេស​ខ្មាំង​យើង​ ឲ្យ​នៅ​ឈរ​ក្ដៅ​ចិត្ត​រោលរាល​ម្នាក់​ឯង​ កាន់​តែ​ខ្លាំង​ៗ​ឡើង ។