kalib9

៥. ក្នាញ់​​​ចិត្ត​​​ឥតប្រៀប

ព្រឹក​ឡើង​នៅ​ចំ​ពី​មុខ​ភូមិ​គ្រឹះ​របស់​លោក សំបូរ រថយន្ត​ ១២ កៅអី កំពុង​ចត​នៅ​ ដើម្បី​រង់​ចាំ​ចាក​ចេញ​ ក្នុង​ពេល​បន្តិច​ទៀត​នេះ លោក សំបូរ មាន​ប្រសាសន៍ ៖
យី! ក្មួយ សំអឿន រៀប​ចំ​ខ្លួន​ហើយ​នៅ​ហ្ន៎?
មិន​ដឹង​ទេ​ប៉ា​វា!
ថ្ងៃ​នេះ ម្ទេស​ខ្មាំង លេង​ឈុត​ពណ៌​ក្រហម​ដូច​ម្ទេស​ទុំ ។ ម្ទេស​ខ្មាំង​លូក​មាត់ ៖
មើល​ទៅ​បែប​មិន​ទាន់​ភ្ញាក់​ពី​ដេក​ផង លោកប៉ា!
គឺ​ខ្ញុំ​ភ្ញាក់​តាំង​ពី​មាន់​រងាវ​ ឯ​ណោះ​បាទ!

អូ! លោក​គ្រូ​ថ្ងៃ​នេះ សង្ហា​ដល់​ហើយ!
ដានី ជញ្ជក់​មាត់​សរសើរ​នាយ​កំលោះយើង ដែល​កំពុង​ដើរ​ចូល​កម រីឯ​ ម្ទេស​ខ្មាំង​ យក​ដៃ​ក្ដិច​មិត្ត​ រួស​ស្រដី ៖
ដានី! ប្រញាប់​ឡើង​ឡាន​ភ្លាម​ទៅ!
តោះ!
សំអឿន និយាយ​តិចៗ​ដាក់​ត្រចៀក ម្ទេសខ្មាំង​ ល្មម​តែ​ឮ​ពីរ​នាក់ ៖
ថ្ងៃ​នេះ​ អ្នក​នាង​មើល​ទៅ​ស្អាត​ណាស់! ទាស់​តែ​ពាក់​អាវ​ម៉ូត​ហ្នឹង មើល​ទៅ​ដូច​អត់.ក!
ម្ទេស​ខ្មាំង ស្រែកយ៉ៃ ៖
អ្នក​ម៉ាក់! អាគាត់​នេះព្រហើន​ណាស់! ហ៊ាន​មើល​ងាយ​កូន​ថា កូន​ពាក់​អាវ​ហ្នឹង​ មើល​ទៅដូច​អត់​.ក! កូន​មិន​សុខ​ចិត្ត​ទេ អ្នក​ម៉ាក់!

អ្នក​ស្រី សន្យា ខំ​គយ​គន់​ពិនិត្យ​មើល​អាវ​កូន​ស្រី បង្វិល​កូន​ស្រី​មួយ​ជុំ រួច​មាន​ប្រសាសន៍ ៖
កូន​ពាក់​អាវ​.ក លើក​ខ្ពស់​អ៊ីចឹង ម៉ាក់​មើល​យូរៗ​ទៅ ឃើញ​ដូច​អត់​.ក​មែន!
ម្ទេស​ខ្មាំង ទន្ទ្រាំ​ជើង​ ដោយ​កំហឹង​ពេញ​ដើម​ទ្រូង ៖
អ្នក​ម៉ាក់! ហេតុ​អី​បាន …
លោក សំបូរ មាន​ប្រសាសន៍​កាត់​ឡើង ៖
បាន​ហើយ​ប្រញាប់​ឡើង​ឡាន​ទៅ!
ថា​រួច​ ពូក​គេ​ក៏​នាំគ្នា​ចូល​ឡាន​ទៅ រីឯ​ សំអឿន និង ណារ៉ូ គេ​មក​អង្គុយ​កៅ​អី​មុខ​ជិត​គ្នា ។ ម្ទេស​ខ្មាំង មាន​ទឹក​មុខ​ដូច​ជា​មិន​សូវ​ស្រស់​សោះ កាល​បើ​ឃើញ​ សំអឿន និង ណារ៉ូ អង្គុយ​ជាប់​គ្នា ហើយ​ដូច​ជា​ស្និទ្ធ​ស្នាល និង​ល្អូក​ល្អិន​គ្នា​ ដូចជា​សង្សារ​យ៉ាង​នេះ​នោះ ។

នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ ឮ​សូរ​តែ​ការ​ជជែក​សើច​សប្បាយ​ឥត​ដាច់​សូរ ហើយ​ថែម​ទាំង​មាន​ខារ៉ាអូខេ អត់​ភ្លេង​ច្រៀង​ថែម​ទៀត​ផង គឺ​មាន​តែ​មីក្រូ​ហ្វូន ហើយមិង​បាស់តែ​ប៉ុណ្ណោះ ។ សំអឿន និង ណារ៉ូ បាន​រួម​គ្នា​ច្រៀង​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ មាន​ចំណង​ជើង​ថា “ចិត្ត​ខ្លាច​ចិត្ត” ដែល​ជា​សំនៀង​ដើម​របស់​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរី​សុទ្ធា បទ​នេះ​បាន​និយាយ​អំពីនារី​ម្នាក់ និង​បុរស​ម្នាក់ ដែល​ស្រឡាញ់​គ្នា តែ​នារី​នោះ​គេ​ជា​អ្នក​មាន ឯ​បុរស​នោះជា​អ្នក​ក្រ ហើយ​បុរសនោះ​បាន​សម្ដែង នូវ​ការ​ខ្លាច​ចិត្ត​ ចំពោះ​នារី​នោះ​យ៉ាង​ខ្លាំង ហើយ​ឃ្លា​នៃ​បទ​ចម្រៀងនេះ​ត្រូវ​បាន​ សំអឿន និង​ ណារ៉ូ យក​នមកបក​ស្រាយ​យ៉ាង​ពីរោះ​ ស៊ី​ចង្វាក់​គ្នា​ល្អណាស់ ហើយ​ត្រូវ​សាច់​រឿង​របស់​គេ​ទាំង​ពីរ​ទៀត​ផង ដោយ​​នារី ណារ៉ូ ជា​អ្នក​មានជីវភាព​គ្រាន់​បើ ឯ​ សំអឿន ជា​អ្នក​ក្រី​ក្រ ។ លោក សំបូរ អ្នក​ស្រី សន្យា មីង​ម៉ាប់ នាំ​គ្នា​ទះ​ដៃ​ប្រាវ សរសើរ​ដល់​គូចម្រៀង​យើង​យ៉ាង​អស់​ពីចិត្ត ។ ចំណែក​ឯ​ ម្ទេស​ខ្មាំង វិញ​ធ្វើ​មុខ​មាំ រួច​ធ្វើ​ជា​និយាយ​ជាមួយ​ ដានី ខ្លាំងៗ ៖

ដានី! អម្បាញ់មិញ​ឯង​មាន​ឮ​សំឡេង​សត្វ​អី​លូ នៅ​ម្ដុំ​នេះ​ទេវុឺយ?
កំលោះ​ សំអឿន ងាក​មុខ​មក​ក្រោយ​រក​នាង​ក្រមុំ ធ្វើ​ហាក់​ដូច​ជារក​ប្រភព​សំឡេង ៖
យី! នៅ​ក្នុង​ឡាន​យើង​នេះ ប្រហែល​ជា​មាន​ចង្រិត​ដែក​ហើយ​មើល​ទៅ? បាន​ជា​ឮសូរ​យំ​អម្បាញ់មិញ​! ណារ៉ូ មាន​ឮ​ដែរ​ទេ?
អ្នកស្រី សន្យា មើល​មុខ​បុត្រី​ដែល​កំពុង​ក្ដៅ​ចិត្ត ។ អ្នក​ស្រី​មាន​ប្រសាសន៍ ៖
សំអឿន និង ណារ៉ូ ច្រៀង​ស៊ី​គ្នា​ណាស់! ម៉េច​ក៏​កូន​យក​ទៅ​ប្រៀប​នឹង​សំឡេង​សត្វ​អីលូ​ទៅវិញកូន? ពួក​គេ​ច្រៀង​បាន​ពីរោះ​ណាស់​ណា៎! សម​ជា​ដៃ​គូ​គ្នា​ណាស់!
ម្ទេស​ខ្មាំង ពេប​មាត់ ៖

បើ​ពីរោះ​ណាស់! ទៅ​ប្រលង​ចម្រៀង​ទៅ មិន​បាច់​មក​ច្រៀង​នៅ​ទីនេះ​ នាំ​តែ​ខូច​សំឡេង​ធ្វើអី​ម៉ាក់?
អ្នកស្រី​គ្រវី​ក្បាល ហួស​ចិត្ត​នឹង​ឫកពា​កូន​ស្រី ។ កំលោះ​ សំអឿន ប្រញាប់​វាចា​តប ៖
ចាំ​បាច់​ទៅ​ប្រឡង​ចម្រៀង​ធ្វើ​អី​ទៀត បើ​ខ្ញុំ​នេះ​ធ្លាប់​ថត​ដាក់​ថាស​ទៅ​ហើយ​នោះ!
ដានី ប្រញាប់​ចោទ​សួរ ៖
លោក​គ្រូ​ធ្លាប់​ថត​ដាក់​ថាស​ផង?
ម្ទេស​ខ្មាំង ញញឹម​ចំអក​ធ្វើ​ដូច​ជា​កំពុង​រក​នឹក ៖
អ្ហូ! មែន​ហើយ! គឺ​ធ្លាប់​ថត​ដាក់​ថាស​មែន!
ចុះ​ម៉េច​ក៏​​គ្នា​ដូច​ជា​មិន​ធ្លាប់​ស្គាល់​អ៊ីចឹង?

ម្ទេស​ខ្មាំង ផ្លាស់​ប្ដូរ​ឥរិយាបថ​ មក​ជា​ឱប​ដៃ​ឆ្លើយ​តប​ទៅ​ ដានី ទាំង​ញញឹម​ពេប​មាត់ ៖
គឺ​ធ្លាប់​ថត​ដាក់​ថាស​បាញ់​ឆែវ និង​ថាស​នំ​កូរ​នោះ​ណា៎! ដានី ម៉េច​ក៏​ឯង​ឆោត​ម្ល៉េះ? សមត្ថភាព​ដូច​ជា​គេ​ហ្នឹង តើ​មាន​ផលិត​កម្ម​ណា​ គេ​ត្រូវ​ការ​នោះ? បើ​ផលិត​កម្ម​ណា​ត្រូវ​ការ​គេ​នោះ ផលិត​កម្ម​នោះ​ខ្វាក់​ភ្នែក​ហើយ! សមត្ថភាព​ដូចជា​គេ​នេះ បាន​ត្រឹម​តែ​ថត​ដាក់​ថាស​បាញ់​ឆែវ និង​ថាស​នំ​កូរ​តែ​ប៉ុណ្ណោះ!
អ្នក​ទាំង​អស់​ សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ។ ម្ទេស​ខ្មាំង​ ញញឹម​ស្រស់​គិត​ថា ខ្លួន​កំពុង​តែ​មាន​ប្រៀប​ជាង​គូ​សត្រូវ​របស់​ខ្លួន ។ កំ​លោះ​យើង​ញញឹម​ស្រស់​តប​សង​ ទៅ​គូ​ប្រយុទ្ធ​វិញ រួម​នឹង​វាចា​ជា​ផ្លែ​ផ្កា​បន្ត ៖
បាន​ថត​ដាក់​ថាស​បាញ់​ឆែវ និង​ថាស​នំកូរ គឺ​ពិសេស​ផុត​លេខ​ហើយ! ព្រោះ​វា​លក់​ដាច់​ខ្លាំង​ណាស់! នរណា​ក៏​គេ​ចូល​ចិត្ត​ដែរ! គឺ​លក់​ដាច់​ជាង​ថាស​ចម្រៀង​របស់​អ្នក​ចម្រៀង​ល្បី​ៗ​ទៅ​ទៀត​ មែន​ទេ ណារ៉ូ?
មែន​ហើយ​លោក​គ្រូ ប្រជា​ជន​យើង​ចូល​ចិត្ត​បាញ់​ឆែវ និង​នំ​កូរ​ខ្លាំង​ណាស់! ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ​ លោក​គ្រូ!

ណារ៉ូ បែរ​ទៅ​រក​ ម្ទេស​ខ្មាំង ទាំង​វាចា​ចោទ​សំណួរ ៖
ម៉ានី! ក្រែង​​ឯង​ចូល​ចិត្ត​បាញ់​ឆែវ និង​នំកូរ​ណាស់​មែន​ទេ? ឲ្យ​តែ​ទៅ​ផ្សារ​ជាមួយ​គ្នា ញ៉ាំ​មិន​ដែល​ខាន​ទេ!
ម៉ានី ប្រញាប់​វាចា​​កាត់ ៖
បាន​ហើយ​ ណារ៉ូ!
ដានី លូក​មាត់ ៖
ម៉ានី! ឧបមា​ថា បើ​លោក​គ្រូ​ថត​ចម្រៀង​ដាក់​ថាស​មែន តើ​ឯង​ទិញ​ស្ដាប់​ដែរ​ទេ​វុឺយ?
នារី​ឆើត​ឆាយ​ត្រេក​អរ​ចិត្ត​ណាស់ កាល​បើ​បាន​ស្ដាប់​ឮសំណួរ​របស់​ ដានី នាង​ល្អ​ប្រញាប់​តបត​ទៅ​វិញ ទាំង​ទឹក​មុខ​ពេប​ជ្រាយ ៖
កុំ​ថា​ដល់​ថ្នាក់​យក​លុយ​ទៅ​ទិញ​ណា៎ ដានី! ទោះ​បី​ជា​ឲ្យ​ទទេ ឬ​ក៏​ជ្រុះ​នៅ​កណ្ដាល​ថ្នល់ ក៏​គ្នា​មិន​ខ្ចី​រើស​ ឬ​យក​ភ្នែក​មើល​ផង!
ដានី ចោទ​សំណួរ​បន្ត ៖

ចុះ​បើ​លោក​គ្រូ​ជួល​លុយ​ឲ្យ​ឯង​ទិញ តើ​ឯង​ព្រម​ទេ​វុឺយ?
ស្រស់​ស្រី​យើង​ញញឹម​ស្រស់ ហាក់​ពេញ​ចិត្ត​នឹង​ឆ្លើយ ៖
បើ​មាន​មនុស្ស​​​ល្ងង់ៗ ជួល​លុយ​ឲ្យទិញ​ ចេះ​តែ​ព្រម​ហើយ!
បុរស​យើង​ញញឹម​ស្រស់​ បោះ​សម្ដី​តប​ទៅ​វិញ ៖
បើ​អ្នក​នាង​បាន​ស្ដាប់​សំឡេង​របស់​ខ្ញុំ ប្រយ័ត្ន​លង់​ស្នេហ៍​លើ​ខ្ញុំ ដក​ចិត្ត​មិន​រួច​ណា៎!
កល្យាណ​ញញឹម​ចំអក សក​វាចា​ទៅ​វិញ​ ទាំង​ពេប​មាត់ ៖
ដេក​យល់​សប្តិ​ទៅ! យើង​មិន​មែន​ទិញ​យក​ទៅ​ស្ដាប់​ទេ!
គ្រូ​កំលោះ​បោះវា​ចា​តបសួរ​វិញជា​បន្ទាន់ ហាក់​ចង់​ផ្ទាន់​ឲ្យ​ស្រី ៖
បើ​អ៊ីចឹង​ទិញ​យក​ទៅ​ធ្វើ​អ្វី​ទៅ​អ្នក​នាង?

ស្រី​នួន​ល្អង​សង​វាចា​ ទាំង​ញញឹម​ចំអក​សក​ទៅវិញ ៖
គឺ​ទិញ​យក​ទៅ​ដំ​ចោល​ឲ្យ​អស់!
ប្រុស​ប្រាណ​បាន​វាចា​ចោទ​សួរ​ទៀត ទាំង​បើក​ភ្នែក​ធំៗ​ ដាក់​នាង​ក្រមុំ​យើង ៖
ថា​ម៉េច! ទិញ​យក​ទៅ​ដំ​ចោល?
ម្ទេស​ខ្មាំង ច្បាំង​សម្ដី​តប​ទៅ​វិញ​ ទាំង​សំឡេង​ខ្លាំងៗ ៖
មែន​ហើយ! គឺ​ដំ​កម្ទេច​ចោល​ឲ្យ​ឮ​សូរ​តែ​ផាំង! ផាំង!
អ្នក​ទាំង​អស់​គ្នា​ភ្ញាក់​ព្រើត​នឹង​សម្រែក​ របស់​ធីតា​ឆ្នាស​យើង ។ សូម្បីតែ​ពូតែ​កុង​ឡាន​ ក៏​ភ្ញាក់​នឹង​សំឡេង​ស្រែក​របស់​បុប្ផា​ឆ្នាស​យើង​ដែរ រហូត​រេ​ចង្កូត​រថយន្ត ។

ប្រុស​សង្ហា​ថ្លា​ថ្លែង​វាចា​តប​ទៅ​វិញ ទាំង​ញញឹម​ហួស​ចិត្ត​ ត្បិត​វាចា​ក្រមុំ ៖
អូ! ថាស​ចម្រៀង​របស់​ខ្ញុំ​ ដំទៅ​ឮសូរ​ដូច​គ្រាប់​បែក​ផ្ទុះ! បើ​អ្នក​នាង​ចង់​ដំវា​ចោល សូម​អ្នក​នាង​ទៅ​ទាក់​ទង​ខាង​អង្គការ​ស៊ីម៉ាក់​ ឲ្យ​មក​ជួយ​កម្ទេច! បើ​អ្នក​នាង​កម្ទេច​វា​ចោល ដោយ​ខ្លួន​ឯង ប្រយ័ត្ន​មាន​គ្រោះ​ថ្នាក់​ ដាច់​ដៃ​ដាច់​ជើង ឬ​ពិការ​ភ្នែក​ ដល់​ពេល​នោះ គ្មាន​នរណា​គេ​បេតី​ ចង់​បាន​អ្នក​នាង​ធ្វើ​ប្រពន្ធ​ទៀត​ទេ ណា៎អ្នកនាង!

ស្រី​ព្រលឹង​ខឹង​សែន​ខឹង ប្រឹង​វាចា​ថាទៅ​ទៀត ទាំង​កំហឹង ៖
ឈប់​និយាយ​ភ្លាម​ទៅ!
អ្នកស្រី សន្យា គ្រវី​ក្បាល​ហួស​ចិត្ត ៖
ហើយ​ក្មួយ សំអឿន ថត​ដាក់​ថាស​មែន ឬ​ក៏​អត់? បាន​ជា​កូន​ខំ​ជជែក​ឡើង​តឹង​សរសៃ​ក ដូច្នេះនោះ?
លោក​ សំបូរ គ្រវី​ក្បាល​ទាំង​មាន​ប្រសាសន៍ ៖
កូន​មក​ដើរ​លេង​កម្សាន្ត​សប្បាយ ឬ​ក៏​មក​ខឹង​កូន? ចំ​តែ​ម្ដង!
ស្រស់​នរនាថ​ប្រុង​ស្នៀត​ជានិច្ច នឹង​តប​ឆ្លើយ​សំណួរ​បិតា ៖
កូន​មក​ខឹង​ណា៎ លោក​ប៉ា! កូន​ខឹង​នឹង​ពពួក​សត្វ​ក្អែក​មួយ​ចំនួន ដើរ​ចូល​ក្នុង​ហ្វូង​ហង្ស ហើយ​តាំង​ខ្លួន​ឯង​ថា​ ជា​ហង្ស​ដែរ!

ប្រុស​ពន្លកស៊ក​វាចា​តប​ទៅ​វិញ ៖
តែហង្ស​ក្ដី ក្អែក​ក្ដី ជាតិ​ជា​សត្វ​បក្សី​ ដូច​តែ​គ្នា​មែន​ទេ ណារ៉ូ?
ចាស​! ត្រូវ​ហើយ​លោក​គ្រូ! ជា​សត្វ​បក្សី​ដូច​គ្នា!
ឃើញ ណារ៉ូ យល់​ស្រប​សម្ដី​របស់​មិត្ត​យើង មាណវី​ក្ដៅ​ស្លឹក​ត្រចៀក​ងុឹង រួច​ក៏​ប្រញាប់​វាចា​តប ៖
ហង្ស​ជា​សត្វ​ ដែល​មាន​ពណ៌ស្រស់​ស្អាត​ឆ្អិន​ឆ្អៅ! មាន​តម្លៃ​ថ្លៃ​ថ្នូរ រីឯ​ក្អែក​វិញ ខ្មៅជាង​ធ្យូង ស៊ីតែ​គំរង់​អសោច​ពេក​ក្រៃ ថោក​ទាប​ រក​សត្វណា​មកប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ! មែន​ទេ ដានី?
គ្នា​ក៏​គិត​អ៊ីចឹង​ដែរ!

អ្នក​កំលោះ​សើច​ស្រស់​ ផ្ដោះ​ផ្ដង​វាចា​បន្ត​ទៅ​ទៀត ៖
សត្វ​ហង្ស​ វា​មាន​តម្លៃ​ខ្ពង់​ខ្ពស់​ពេក​ទៅ រហូត​ដល់​គេ​គ្រប់​គ្នា​លែង​ស្គាល់​ថា សត្វ​ហង្ស​មាន​រូប​រាង​ដូច​ម្ដេច មែន​ទេ ណារ៉ូ?
ចាស​! មែន​ហើយ​លោក​គ្រូ តាំង​តែ​ពី​កើត​មក ខ្ញុំ​​មិន​ដែល​ឃើញ​ និង​ស្គាល់​សត្វ​ហង្ស​សោះ!
អ្នក​កំលោះ​មុខ​ស្រស់ ងាក​ទៅរក​ មីង​ម៉ាប់ ចាប់​សំណួរ​សួរ​ជា​ថ្មី ៖
ចុះ មីង​ម៉ាប់ ស្គាល់​សត្វ​ហង្ស​ដែរ​ទេ?
ចាស! មីង​ក៏​មិន​ដែល​ស្គាល់​ដែរ!
ដានី នារី​ក្រមិច​ក្រមើម​ ផ្ដើម​វាចា​ឡើង ៖

ចំណែក​គ្នា​វិញ ក៏​មិន​ដែល​ឃើញ និង​ស្គាល់​ហង្ស​ដែរ!
ឆោម​ឆ្លៅ​ក្ដៅ​ចិត្ត ឮ​តែ​ឆេវ​ ដូច​រំសេវ​ ត្រូវ​គេ​ដុត ៖
ដានី! និយាយ​ទៅ​និយាយ​មក តើ​ឯង​នៅ​ខាង​គ្នា ឬ​ក៏​នៅ​ខាង​គាត់​ហ្នឹង?
ដានី តប​ទាំង​ស្ទាក់​ស្ទើរ​ចិត្ត ត្បិត​ខ្លាច​កែវ​ភ្នែក ម្ទេស​ខ្មាំង យើង ៖
គ្នា​និយាយ​តាម​ការ​ពិត​ទេតើ ម៉ានី! មក​ពី​គ្នា​មិន​ដែល​ឃើញ​មែន! គ្នា​ធ្លាប់​ឮ​តែ​នៅ​ក្នុង​រឿង​ព្រេង​និទាន!
នរៈ​ញាក់​ចិញ្ចើម​ដាក់​មាណវីពីរបីដង ក្នុង​បំណង​ឲ្យ​កែវ​នួន​ល្អង ចង​កំហឹង​កាន់​តែ​ខ្លាំង ដែល​​ខណៈ​នេះ នួន​នាង​យើង​កំពុង​អង្គុយ​ ក្ដាប់​មាត់​ដក​ដង្ហើម​វែងៗ ពេញ​ដោយ​សេចក្ដី​គ្នាន់​ក្នាញ់​ក្នុង​ដួង​នេត្រា ។ ចំណែក​ឯ​លោក សំបូរ និង​អ្នកស្រី កាល​បើ​ឃើញ​បុត្រី​បណ្ដូលចិត្ត បាត់​មាត់​ដូច​គេ​ចុក​ដូច​នេះ ក៏​លួច​ញញឹម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក សំបូរ មាន​ប្រសាសន៍​ដើម្បី​សាង​បរិយាកាស​ ឲ្យ​រីករាយ​ឡើង​វិញ ៖

បាន​ហើយៗ! ឈប់​ជជែក​គ្នា​ទៅ យើង​មក​កម្សាន្ត​សប្បាយ! មិន​មែន​មក​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​ទេ! សំអឿន និង ណារ៉ូ ច្រៀង​បន្ត​ទៀត​ចុះ! អ៊ំ​ចង់​ស្ដាប់!
ទទួល​បាន​នូវ​ការ​អនុញ្ញាត​ពី​លោក សំបូរ ភ្លាម​ មិន​បង្អង់​រង់​ចាំ​យូរ ពួកគេ​នាំ​គ្នា​ច្រៀង​ចម្រៀង​ជាច្រើនបទ យ៉ាង​សប្បាយ​ និង​ស្និទ្ធ​ស្នាល ។ ចំណែក​ធីតា​ឆ្នាស​យើង​វិញ យក​ដៃញ៉ុកត្រចៀក រហូត​រថយន្ត​ម​ក​ដល់​កន្លែង​ដ៏ស័ក្តិសិទ្ធិ ដែល​ខ្មែរ​យើង​មាន​ជំនឿ​នោះ គឺ​អ្នក​តា​យាយ​ម៉ៅ ។ អ្នក​ទាំង​អស់​គ្នា​ ចុះ​មក​ស្រ​ដើម្បី​យក​ផ្លែ​ឈើ​ទៅ​សែន យាយ​ម៉ៅ លើក​លែង​តែ​ម្ចាស់​រថយន្ត​ទេសចរណ៍ និង​កញ្ញា​ម្ទេស​ខ្មាំង ប៉ុណ្ណោះដែល​មិន​ចុះ​ទៅ ។ លោក សំបូរ ដុត​ធូប​រួច​ហើយ ក៏​ឡើង​មក​រថយន្ត​វិញ ទាំង​មាន​ប្រសាសន៍​ មក​កាន់​បុត្រី​ស្ងួន​ភ្ងា ៖
កូន​ប្រញាប់​ទៅ​ដុត​ធុប​ទៀន នឹង​គេ​ទៅ​កូន!
អ្នកស្រី សន្យា បន្ទរ​ពី​ក្រោយ​សម្ដី​ស្វាមី ៖
ទៅ​ឆាប់​ឡើង​ទៅ​កូន​ស្រី ម៉ាក់! ឈប់​ខឹង​ទៅ!

ដោយ​លោក​ទាំង​ពីរ​ រុក​កួន​ខ្លាំង​ពេក ទើប​ម្ទេសខ្មាំង ចុះ​ពីរថយន្ត​យក​ធូប​ទៅ​ដុត ។ ស្រស់​ស្រី​ដុត​ធូប​ ទាំង​បួង​សួង​ក្នុង​ចិត្ត​តិចៗ ។ កំលោះ សំអឿន ក៏​កាន់​ធូប​មក​ឈរ​ អុជ​ក្បែរ​ស្រស់​ស្រីយើង​ដែរ ទាំង​និយាយ​តិចៗ​ល្មម ម្ទេស​ខ្មាំង យើង​ស្ដាប់​ឮ​ដែរ ៖
សូម​លោក​យាយ! ជួយ​តាម​ថែរក្សា​កូន​ចៅ​ ឲ្យ​ធ្វើ​ដំណើរ​បាន​ដោយ​សេចក្ដី​សុខផ​ង! សូម​ឲ្យ​ដំណើរ​កម្សាន្ត​បាន​សប្បាយ​ផង! ហើយ​ជាពិសេស សូម​ឲ្យ​ចៅ​ និង​នារី​ ដែល​ចៅ​ស្រឡាញ់ ឆាប់​យល់​ចិត្ត​គ្នា​ផង! ហើយ​នារី​នោះ​នៅ​ក្បែរ​ៗ​​ចៅ​នេះ​ឯង!
ម្ទេស​ខ្មាំង ងាក​មុខ​ផាំង​រក​អ្នក​កំលោះ ។ មាណព​យើង​ញញឹម​ រួច​បន្ត​សម្ដី ៖
ហើយ​នារី​នោះ កំពុង​តែ​ដើរ​មក​រក​ចៅ​ហើយ! ចៅ​លា​ហើយ! នៅ​យូរ​មិន​បាន​ទេ ព្រោះ​ចៅ​ខ្លាច​យក្ស​ក្រមុំ​នៅ​ទីនេះ​ណាស់!

ណារ៉ូ ដើរ​មក​ត្រសង​មិត្ត​កំលោះយើង​ចេញ​ទៅ ទុក​ឲ្យ​កញ្ញា​ម្ទេស​ខ្មាំង ឈរ​ខាំ​មាត់​ក្ដៅ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ឃើញ​ សំអឿន និង​ ណារ៉ូ កាន់​តែ​ស្និទ្ធ​ស្នាលនឹង​គ្នា​ទ្វេ​ឡើង ចំណែក​ឯ​នាង​វិញ ហាក់​ដូច​ជា​មាន​អារម្មណ៍​តែល​តោល ព្រោះ​គ្មាននរណា​គេ​ស្និទ្ធ​ស្នាល​នឹង​ខ្លួន​សោះឡើយ សូម្បីតែ​លោក សំបូរ និង​អ្នកស្រី ក៏​ហាក់​ធ្វើ​ព្រងើយ​កន្តើយ​នឹង​នាង​ដែរ ឲ្យ​តែ​នាង​និយាយ​មិន​ល្អ​ពី សំអឿន លោក​ទាំង​ពីរ​ធ្វើធម្មតា ថែមទាំង​លើក​សរសើរ​គេ​ទៀត ទាំង​នេះ​ធ្វើ​ឲ្យ​នាង​ក្រមុំ​យើង សែន​ក្នាញ់​ចំពោះ សំអឿន មួយ​ទ្វេ​ជា​ដប់ ។

ពេល​នេះ ណារ៉ូ និង​ សំអឿន កំពុង​ថត​រូប​ឲ្យគ្នា​ម្នាក់​ម្ដង ៖
លោក​គ្រូ! ថត​ឲ្យ​ខ្ញុំ​កន្លែង​នេះ​មួយ​ប៉ុស្តិ៍ យក​ទេសភាព​ភ្នំ​ខាង​ក្រោយ!
សំអឿន ញញឹម​ស្រស់ ៖
បាន! ចាំ​លោក​គ្រូ​ថត​ឲ្យ​បាន​ស្អាត​ឲ្យ! មួយ! ពីរ! បី! រួច​ហើយ! ណារ៉ូ ថត​ឲ្យ​គ្រូ​វិញ​ម្ដង តែ​កុំ​ថត​ឲ្យ​ជាប់​យក្ស​ក្រមុំ​ឲ្យ​សោះ​ណា៎!
ស្ដាប់​ឮ​វាចា​បុរស​យើង​ភ្លាម ម្ទេសខ្មាំង ដើរ​គេច​វឹង​ដោយ​កំហឹង បម្រុង​ទៅរក​រថយន្ត​ តែ​កំលោះ​ សំអឿន ប្រញាប់​វាចា​ឃាត់ ៖
ឈប់​សិន! អ្នក​នាង​ជួយ​ថត​ឲ្យ​ខ្ញុំ និង​ណារ៉ូ ពីរ​បីប៉ុស្តិ៍​បាន​ទេ? ចាំ​ខ្ញុំ​ឲ្យ​ថ្លៃ​ឈ្នួល!
ម្ទេស​ខ្មាំង ក្ដាប់​ដៃ​មុខ​ឡើង​ក្រហម ស៊ី​គ្នា​នឹង​អាវ.ក​ពណ៌​ក្រហម គឺ​មិន​ខុស​ពី​ម្ទេស​ទុំ​ឡើយ ហើយ​សម​នឹង​ចិត្ត​ក៏​ក្ដៅ​រោលរាល​ទៀត​នោះ សក្ដិ​សម​ឥត​ខ្ចោះ​ នឹ​ងឈ្មោះ​ ម្ទេសខ្មាំង នេះ​ខ្លាំង​ណាស់ ។

មាណវី​ឡើង​ទៅ​លើ​ឡានរ៉ុយ អង្គុយ​ធ្វើ​មុខ​ក្រៀម​ម្នាក់​ឯង ។ ក្រោយ​មក​រថយន្ត​ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​ដៅ​កំណត់។ បន្ទាប់​ពី​ជួល​សណ្ឋាគារ​ សម្រាប់​ស្នាក់​នៅ​រួច​រាល់​ហើយ រថយន្ត​ក៏​បញ្ជា​ឆ្ពោះ​ទៅរក​ឆ្នេរ​សមុទ្រ​កំពង់​សោម ដែន​ទឹក​ខ្មែរ​យើង ។

មីង​ម៉ាប់ ជា​អ្នក​រៀប​ចំ​ចំណី​អាហារ ផ្លែ​ឈើ ញ៉ាំ​ជុំ​គ្នា​នៅ​ក្រោម​ដើម​ដូង ដើម​ស្រល់​ ត្រូវ​នឹង​វាយោ​សមុទ្រ​បក់​មករំភើយៗ នាំ​មក​នូវ​ជាមួយ​ភាព​ត្រជាក់​ គួរជាទី​មនោរម្យ​ពេក​កន្លង ។

វង់​បាយ​ជា​លក្ខណៈ​គ្រួសារ​ បាន​រៀប​ចំ​ឡើង ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធ​ស្នាល ប៉ុន្តែ​ គឺ​ប្លែក​តែ​ម្ទេស​ទុំ​ម្នាក់​ប៉ុណ្ណោះ មិន​មែន​មក​សប្បាយ​ទេ គឺ​ប្រៀប​ដូចជា​មក​ចាំ​តែ​ឈ្លោះ ជាមួយ​អ្នក​កំលោះ​យើង​ប៉ុណ្ណោះ ។ សូម​ស្ដាប់​សម្ដី​ កញ្ញា​ម្ទេស​ទុំ យើង​ជា​បន្ត​ទៅ​ទៀត ៖
លោក​ប៉ា​អ្នក​ម៉ាក់! ម៉េច​ក៏​ឲ្យ​គេ​មក​ញ៉ាំ​ជុំ​ជាមួយ​យើង​អ៊ីចឹង! មិន​សម​សោះ! គិត​ទៅ​មនុស្ស​យើង​អ៊ីចឹង​មែន! ឲ្យ​តែ​ចៅ​ហ្វាយ​ធូរ​រលុង​បន្តិច ចង់វាយ​ស្មើ​ភ្លាម! ជាមួយ​នរណា​បាន! ជាមួយ​កែវ​កល្យាណ មិន​ឲ្យ​វាយ​ស្មើ​បាន​ឡើយ​ណា៎! ចាៗ!

អ្នកស្រី សន្យា លាន់​មាត់ ៖
យី! អី​ក៏​ម្ញ៉ែ​ម្ល៉េះ​កូន!
លោក​ សំបូរ ប្រញាប់​ស្រដី​ឡើង ៖
យើង​មក​សប្បាយ​រួម​គ្នា! ចាំ​បាច់​បែង​ចែក​អី កូន! ញ៉ាំ​ទៅ!
មែន​ហើយ កូន​ញ៉ាំ​ទៅ! (អ្នកស្រី​បន្ទរ​សម្ដី​ពី​ក្រោយ​ស្វាមី)
តែ​កូន​លេប​មិន​ចូល​សោះ! ព្រោះ​វា​ឆ្អើម​ ហើយ​ហាក់​ដូច​ជា​ ចេះ​តែ​គិត​ឃើញ​ថា ដូច​ជា​មាន​ដុំ​លាមក​មួយ​ដុំ នៅ​ពី​មុខ​កូន!

ម៉េច​អ៊ីចឹង​កូន! (លោក សំបូរ ហួស​ចិត្ត)
អ្នកស្រី សន្យា សម្លឹង​មុខ​បុត្រី ៖
ម៉េង​ក៏​ផ្ដេស​ផ្ដាស​អ៊ីចឹង​កូន​ស្រី​ម៉ាក់! នេះ​ពេល​ញ៉ាំ​បាយ​ណា៎ ម៉េច​ក៏​និយាយ​អ៊ីចឹង! គ្មាន​សុជីវធម៌​សោះ​កូន​មួយ​នេះ!
ឃើញ​អ្នក​ប្រុស​កំលោះ​នៅ​ស្ងៀម​មិន​ស្ដី មាណវី​បាន​ចិត្ត​ព្រលែង​វាចា​ជា​ផ្លែ​ផ្កា​ បន្ត​ទៅ​ទៀត ៖
មិន​ត្រឹម​តែ​ជា​លាមក​ធម្មតា​ទេ! ថែម​ទាំង​ជា​លាមក​ មាន​ដង្កូវ​កំពុង​តែ​រុក​វីវើក​ទៀត​ផង!
សម្ដី​របស់​មាណវី​ ធ្វើ​ឲ្យ​មីង​ម៉ាប់ និង​ ដានី រក​កល​ចង់​ក្អួត ។ សំអឿន ងាក​ទៅ​រក ណារ៉ូ រួច​ស្រដី​ទាំង​ញញឹម ៖

តោះ! ណារ៉ូ យើង​ទៅ​ញ៉ាំ​ខាង​នោះ ពីរនាក់​លោក​គ្រូ​វិញ! ព្រោះ​នៅទីនេះ​ មាន​រុយ​ក្បាល​ខៀវ​មួយ​ក្បាល កំពុង​តែ​យំ​ក្រវែល​ រក​ទំដុំ​លាមក​នេះ​ហើយ! តោះ​ប្រញាប់​ទៅ កុំ​ឲ្យ​រុយ​នោះ​ទំទាន់ នាំ​តែ​ពង​ដាក់​កើត​ជា​ដង្កូវ​ទេ! ព្រោះ​រុយ​ក្បាល​ខៀវ​នេះហើយ ជា​អ្នក​បង្កើត​ដង្កូវ​នោះ!
បញ្ចប់នូវ​ពំនោល​ផ្លែ​ផ្កា អ្នក​កំលោះ​យើង​ ក៏​ប្រញាប់​ត្រសង​សិស្ស​ក្រមុំ ចេញ​ទៅ​ភ្លាម ។ ម្ទេស​ខ្មាំង នឹក​ស្មាន​ថា​ ខ្លួន​បាន​ជោគ​ជ័យ ប៉ុន្តែ​ត្រូវ​កំលោះ​យើង​សង​វិញ យ៉ាង​ស្ពឹក​មុខ ក៏រឹង​រឹត​តែ​ក្ដៅ​ចិត្ត​ទ្វេ​ឡើងថែម មួយ​កម្រិត​ទៀត ។

លោក សំបូរ និង​អ្នកស្រី សន្យា លួច​អស់​សំណើច​នឹង​ឫកពា​ឆ្នាស​ឆ្នើម​របស់​បុត្រី រហូត​ទប់​លែង​ចង់​បាន​ ព្រោះ​កន្លង​មក​ ធ្លាប់​​តែ​ធ្វើ​អ្វី​ និយាយអ្វី​លើ​គេ ឥឡូវ​ត្រឡប់​បែរ​ជា​ខ្ចប់​របស់​ សំអឿន ឲ្យ​រហូត ។

នាង​ក្រមុំ​ងើប​វឹង​ ទៅ​ឈរ​ផ្អែក​នឹង​ដើម​ដូង នៅ​ឯ​ប្រប​មាត់​សមុទ្រ​តែ​ម្នាក់​ឯង ធ្វើ​មិន​ដឹង ។ កំពុង​តែ​ឈរ​បណ្ដែត​អារម្មណ៍ទៅ​ឯ​នាយ​សមុទ្រ ស្រាប់​តែ​ស្រស់​ទេវី ឮ​សំឡេង​ស្រែក​ហៅ​នាង​ចំ​ឈ្មោះ ៖
អេ៎! ម៉ានី!
ស្រស់​ចរណៃ​ប្រញាប់​បែរ​ភ័ក្ត្រ ទៅ​រក​ម្ចាស់​សំនៀង​ទាំង​ឧទាន ៖
អូ! ភក្ដី និង សារ៉ា ទេ! ឯង​មក​កំពង់​សោម​ដែរ ហើយ​មក​ជាមួយ​អ្នក​ណា​ខ្លះ?
ភក្ដី​ បញ្ជាក់​ទៅ​កាន់​ធីតា ៖
គឺ​មក​តែ​ពីរនាក់​នេះ​ឯង! ចុះ ម៉ានី ឯង​មក​ជាមួយ​នរណា​ដែរ?
គឺ​មក​ជាមួយ​លោក​ប៉ា​អ្នក​ម៉ាក់! ហើយ ដានី និង ណារ៉ូ ក៏​មក​ដែរ!
ភក្ដី ញញឹម​ស្រស់ ៖
ចុះ​អាគាត់​អ្នក​បើក​ឡាន​នោះ​មក​ទេ?
ឆោម​ស្រស់​ជ្រួញ​ចិញ្ចើម ៖
គេ​ក៏​មក​ដែរ!

សារ៉ា ប្រែ​ទឹក​មុខ រួច​វាចា​បន្លប់ ៖
គ្នា​ទៅ​រកអី​ញ៉ាំ​សិន! បន្តិច​ទៀត​ចាំ​ជួប​គ្នា ហើយ​ទៅ​ងូត​ទឹក​ជាមួយ​គ្នា!
ម៉ានី ងក់​ក្បាល​ជំនួស​ពាក្យ​ថា យល់​ព្រម ។

បន្ទាប់​ពី​ពិសា​បាយ​រួច​ហើយ លោក សំបូរ និង​អ្នកស្រី ដោយ​អស់​កម្លាំង ក្នុង​ការ​ធ្វើ​ដំណើរ រួម​ផ្សំ​នឹង​ខ្យល់​ជំនោរ​សមុទ្រ​ បក់​មក​រំភើយ​ៗ​ផង​នោះ លោក​ទាំង​ពីរ​ក៏​សម្រាន្ត​ លង់​លក់​នៅ​លើ​ប៉ៅ​អីផ្អែក​ ក្រោម​ដើម​ដូង​យ៉ាង​សុខ​សាន្ត ។

នៅ​ឯ​មាត់​សមុទ្រ​ឯ​ណោះ​វិញ មនុស្ស​ម្នា​ទាំង​ក្មេង​ទាំង​ចាស់​ នាំ​គ្នា​ចុះ​ប្រឡូក​ក្នុង​ទឹក​សមុទ្រ​ ដែល​កំពុង​តែ​មាន​រលក​តូចៗ ប្រដេញ​គ្នា​ឥត​ដាច់​ចង្វាក់ ជួន​កាល​មាន​រលក​ធំៗ​ម្ដងៗ ធ្វើ​ឲ្យ​អ្នក​ងូត​ទឹក​ទាំង​អស់ នាំ​គ្នា​រត់​ស្រ​ឡើង​មក​លើ​គោក​វិញ យ៉ាង​ប្រញាប់​ប្រញាល់ ។

សំឡេង​ថ្ងួច​ថ្ងូរ​នៃ​វាយោ​សមុទ្រ រួម​នឹង​សំឡេង​ទឹក​រលក​ កញ្ជ្រោល​បោក​បក់លើ​ឆ្នេរ​ខ្សាច់​ និង​ផ្ទាំង​ថ្ម​ដា ។ នា​ថិរវេលា​នេះ ហាក់​ដូចជា​កំពុង​ប្រគុំ​ឲ្យ​ទៅ​ជា​សូរ​សំឡេង នៃ​តូរ្យតន្ត្រី​ធម្មជាត​ដ៏​ពីរោះ​រណ្ដំ​ មក​បបោស​អង្អែល​សោត​ឥន្ទ្រីយារម្មណ៍​ របស់​អ្នក​មាន​មនោសញ្ចេតនា​ទាំង​ឡាយ ឲ្យ​រឹង​រឹត​តែ​រំភើប​ព្រឺ​ព្រួច​កាយ និង​លន្្លង់​លន្លោច ទៅ​តាម​អត្ថន័យ​ក្នុង​បេះ​ដូង​សម្ងាត់​ រៀងៗ​ខ្លួន ។

ពេល​នេះ សំអឿន គេ​ស្លៀក​ខោ​រឹប​ខ្លី​ត្រឹម​ភ្លៅ ពណ៌​ខ្មៅ​លែង​ខ្លួន​ទទេ បញ្ចេញ​សាច់​ដុំ​មាំ​មួន និង​រាង​រៅ​យ៉ាង​ស្រស់​សង្ហា ពេញ​តួអង្គ​ជាបុរស​ពិត​ៗ ដែល​គួរ​ជា​ទី​គយ​គន់ របស់​នាង​ក្រមុំ​ផង​ទាំង​ពួង កាល​បើ​ឃើញ​រូប​អ្នក ។

ខណៈ​នេះ​ កំលោះ​សង្ហា​យើង​ កំពុង​ត្រសង​ក្រមុំ ណារ៉ូ ចុះ​ងូត​ទឹក​យ៉ាង​សប្បាយ​ រួច​រត់​ប្រដេញ​គ្នា​ ចុះ​ឡើង​ទៅ​មក នៅ​ក្រោម​ក្រសែ​ភ្នែក​ដ៏​មុត​ស្រួច​ នៃ​កញ្ញាម្ទេស​ខ្មាំង យើង ។ ពេល​កំពុង​រត់​​ប្រដេញ​គ្នា ស្រាប់​តែ​ ណារ៉ូ ដួល​ស្រ​ទៅ​ក្នុង​ទឹក សំអឿន​ ប្រញាប់​ជួយ​គ្រាហ៍នាង​ មក​លើ​ឆ្នេរ​ខ្សាច់ ទាំង​ជួយ​រឹត​ ព្រោះ​ជើង​ ណារ៉ូ រមួលក្រពើ ។

សំអឿន ធ្វើ​កិរិយា​រឹត​តែ​ស្និទ្ធ​ជាមួយ ណារ៉ូ ជា​ពិសេស​នៅ​ពេល ដែល​នាយ​យើង​ឃើញ​ កញ្ញាម្ទេស​ទុំ ចោល​ក្រសែ​​ភ្នែក​សម្លឹង​មក​រក​ខ្លួន ។

ដានី កេះ​ ម៉ានី ដែល​កំពុង​អង្គុយ​ធ្វើ​មុខ​ស្ងួត ៖
ឯង​មើល​ហ្ន៎! ពួក​គេ​ដូច​ជា​ស្និទ្ធ​នឹង​គ្នា​ណាស់!
ដានី ញញឹម​ស្រស់​ទាំង​ចោល​កែវ​ភ្នែក ទៅ​រក​កំលោះ​ សំអឿន ៖
លោក​គ្រូ​ពិត​ជា​សង្ហា​ដល់​ហើយ​វុឺយ! សាច់​ឈាម​មិន​សម​ជា​អ្នក​បើក​ឡាន​ឲ្យ​គេ​សោះ!
អេ៎! ម៉ានី​ ទៅ​រក​ងូត​ទឹក​លេង​តោះ!
ម៉ានី ប្រញាប់​ងាក​ទៅ​រក​ម្ចាស់​សំឡេង យល់​ថា ជា​រូប​កំលោះ ភក្ដី​ កញ្ញា​យើង​ក៏​ញញឹម​តប​ទាំង​ងើប​កាយ​ពី​ប៉ៅអី​ផ្អែក ៖

តោះ​! គ្នា​កំពុង​តែ​ចង់​ងូត​ផង!
តោះ! យើង! (ភក្ដី​ ត្រេក​អរ)
តោះ! ដានី! (សារ៉ា បបួល​ ដានី)

កំលោះ​ សំអឿន ឈរ​ភាំង​តាម​សម្លឹង​មើល​នាង​ក្រមុំ ដែល​កំពុង​ចុះ​ទៅ​ងូត​ទឹក រួច​រត់​ប្រដេញ​ប្រលែង​គ្នា​នឹង​កំលោះ ភក្ដី ហាក់​ដូច​ជា​មាន​ចេតនា​ ផ្គើននឹង​ការឈរ​សម្លឹង​មើល​របស់​កំលោះ​យើង ។ សំអឿន ប្រញាប់​បែរ​ភ័ក្ត្រ​ទៅ​រក ណារ៉ូ ៖
តោះ! ណារ៉ូ! យើង​ទៅ​រក​ថត​រូប​វិញ​ ប្រសើរ​ជាង!
តោះ​! ខ្ញុំ​កំពុង​តែ​ចង់​ថត​ផង លោក​គ្រូ!
សំអឿន ដើរ​ទៅ​យក​ម៉ាស៊ីន​ថត រួច​កូក​ហៅ មីងម៉ាប់ ដែល​កំពុងជិះ​ពោង លេង​សប្បាយ​តែ​ម្នាក់​ឯង ៖
អេ៎! មីង​ម៉ាប់ ជួយ​ថត​រូប​ឲ្យ​ខ្ញុំ​ និង​ណារ៉ូ បន្តិច​បាន​ទេ?
មាន​អី!
សំអឿន និង ណារ៉ូ ឈរ​កៀក​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល បី​ដូចជា​សង្សារ​ស្រឡាញ់ គ្នា​​ប្ដូរ​ផ្ដាច់ ។ ពួក​គេ​ថត​រូប​ជាច្រើន​ប៉ុស្ដិ៍ មាន​ទាំង​ឈរ​អង្គុយ​ រីឯ​ម្ទេស​ខ្មាំង​យើង​វិញ ពេល​នេះកំពុង​តែ​ឈរ​សម្លឹង​អ្នក​កំលោះ​យើង ស្រាប់​នឹក​ឃើញ​យ៉ាង​ម៉េច​ ក៏​ស្ទុះ​មក​វឹង ហើយ​ទៅ​កញ្ឆក់​ម៉ាស៊ីន​ថតពី មីង​ម៉ាប់ ទាំង​និយាយ​ខ្លាំងៗ ៖
អ្នក​ណា​ឲ្យ​យក​ម៉ាស៊ីន​ថត​ខ្ញុំ​មក​ថត​ មីង?
គឺខ្ញុំ!

ម្ទេស​ខ្មាំង ងាក​ផាំង​សម្លឹង​មុខ​មិត្ត​យើង ដោយ​គ្នាន់​ក្នាញ់​ចិត្ត ៖
គាត់​ឯង​នេះ ហេតុ​អី​ក៏​ថ្លើម​ធំ​ជាង​ដំរី​ទៅ​ទៀត?
ប្រុស​កំលោះ​បង្ហោះ​វាចា​ ទាំង​ញញឹម​ញាក់​ស្មា ៖
បើ​ថ្លើម​ខ្ញុំ​ប៉ុនដំរី តើ​ដង​ខ្លួន​របស់​ខ្ញុំ​ធំ​ប៉ុនណា​ទៅ​អ្នក​នាង? គឺ​អ្នក​នាង​មាន​ម៉ាស៊ីន​ថត​ច្រើន​ណាស់! អាច​ឲ្យ​ខ្ញុំ​សុំ​មួយ​នេះ​មក តើ​បាន​ទេ?
កែវ​នួន​ល្អង សង​វាចា​ថា​តប​វិញ ទាំង​ញញឹម​ពេប​មាត់ ៖
ថាម៉េច! ឲ្យ​ម៉ាស៊ីន​ថត​នេះ​ទៅ​អ្នក​ឯង? និយាយ​ម្ដង​ទៀត​ទៅ​មើល! បើ​មិន​ច្រឡំ​អណ្ដាត​! ប្រហែល​ជា​ច្រឡំ​ធ្មេញ​ទេ​ដឹង?

ប្រុស​ពន្លកស៊ក​សម្ដី​ស្ដី​តប​វិញ ទាំង​ទឹក​មុខញញឹម​ស្រស់បស់ ៖
ច្រឡំ​ធ្មេញ​យ៉ាង​ម៉េច​ទៅ អ្នក​នាង? ខ្ញុំ​សុំ​ដោយ​ស្មោះ​ណា៎! ចាត់​ទុក​ដូចជា​ធ្វើ​បុណ្យ​ទៅចុះ?
ឆោម​ស្រី​ស្ងួន​ ផ្ទួន​វាចា​ថា​ទៅ​ទៀត ទាំង​សើច​បញ្ឈឺ ៖
ធ្វើ​បុណ្យ​ជាមួយ​មនុស្ស​ ដូច​ជា​អ្នក​ឯង​នេះ វា​គ្មាន​បាន​បុណ្យ​អី​ទេ?
ប្រុស​រៀម​រ៉ា​តប​វាចា​ទៅធីតា ទាំង​ញញឹម​ប្រិម​ប្រិយ ៖

អូ! បាន​បុណ្យ​ខ្លាំង​ណាស់ អ្នក​នាង! ព្រោះ​ពេល​នេះ ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​ថត​រូប​ ជាមួយ​គូ​ស្នេហ៍​របស់​ខ្ញុំ​ ទុក​ជា​អនុស្សាវរីយ៍ផង! អ្នក​នាង​ប្រយ័ត្ន​បាបណា កាល​ដែល​មាន​ចិត្ត​អាក្រក់​បែប​នេះ​នោះ!
សំអឿន ដើរ​ជុំ​វិញ ម្ទេស​ខ្មាំង មួយ​ជុំ​ក្នុង​កិរិយា​ពិនិត្យពិច័យ​រួច​ស្រដី ៖
រូបរាង​របស់​អ្នក​នាង​អាក្រក់​យ៉ាង​នេះ ស្រាប់​ទៅ​ហើយ បើ​ចិត្ត​អាក្រក់​ទៀត​នោះ ស្លាប់​ទៅ​ជាតិ​ក្រោយ មិន​ដឹង​កើត​ទៅ​ជា​អ្វី​ទេ? យក​ល្អ​គួរ​តែ​រៀន​ធ្វើ​បុណ្យ​ ធ្វើទាន​ខ្លះ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង​ណា៎អ្នក​នាង! កុំ​រៀន​ចិត្ត​អាក្រក់​ខ្លាំង​ពេក!

សម្ដី​បុរស​ចោះ​ចិត្ត​​ក្រមុំ ឲ្យ​ខឹងក្រោធ​យ៉ាង​ខ្លាំង​ រក​អ្វី​មក​ប្រៀប​ពុំ​បាន​ឡើយ ។ ធ្វើ​អ្វី​មិន​បាន ស្រស់​ស្រី​ម៉ុម​ បង្ខំ​ចិត្ត​ញញឹម​ ទាំង​មិន​សូវ​សម មក​កាន់​មិត្ត​យើង ទាំង​វាចា​ដោយ​ក្ដី​ក្ដៅ​ក្រហាយ ៖
ហុឹ! ម៉ាស៊ីនថត​នេះ បើ​ខ្ញុំ​ឲ្យ​ទៅ​អ្នក​ឯង គឺ​រង់​ចាំ​សេះ​ដុះ​ស្នែង ត្រី​អណ្ដែង​ដុះ​ស្រកា​សិន​ទៅ!
មិត្ត​កំលោះ​បោះ​សម្ដី​ស្ដី​តប​ស្នង ទាំង​ភក្ត្រ​ញញឹម​ឌឺដង ៖
អូយ​យូរ​ណាស់! ទម្រាំ​តែ​សេះ​ដុះ​ស្នែង ត្រី​អណ្ដែង​ដុះ​ស្រកា​នោះ! ខ្ញុំ​ចង់​បាន​វា​ឥឡូវ យក​មក​ថត​ជាមួយ​សង្សារ​ខ្ញុំ​ណ៎ា! ពេល​ថត​បា​ន​ហើយ ចាំ​ខ្ញុំ​ឲ្យ​អ្នក​នាង​មើល​ដែរ!
ស្រីវរមិត្រ​រឹត​តែ​ខឹង ប្រឹង​ស្រដី ៖
ពេលនេះ បើ​ខ្ញុំ​ឲ្យ​អ្នក​ឯង គឺ​ខ្ញុំ​សុខ​ចិត្ត​ដុត​វាចា​ចោល​វិញ​ ប្រសើរ​ជាង! មុខ​មាត់​អាក្រក់​ដូចជា​អ្នក​ឯង​នេះ ខ្ញុំ​ប្រាប់​យក​តែ​បុណ្យ​ទៅ​ចុះ​ថា ទោះ​ជា​ខំ​ប្រឹង​ថត​យ៉ាង​ណា​ ក៏​វា​នៅ​តែ​អាក្រក់​ កែ​មិន​ឡើង​ដែរ! ដូច្នេះ មិន​ចាំ​បាច់​ខំ​ប្រឹង​ថត ធ្វើឯង​ខំ​ញញឹម​ដាក់​ម៉ាស៊ីន​ថត នាំ​តែ​វៀច​មាត់ និង​បង្ហិន​ហ្វីល​ទេ! ទុក​លុយ​ទិញ​នំ​ស៊ីវិញទៅ វា​ប្រសើរ​ជាង!

នរៈ​ខ្ជាក់​វាចា​ទៅ​កាន់​ស្រី​ថ្លៃ ទាំង​ភ័ក្ត្រ​ញញឹម​ស្រស់​ស្រាយ ៖
អ្នក​នាង​ មុន​នេះ​និយាយថា សុខ​ចិត្ត​ដុត​ម៉ាស៊ីន​ថត​នេះចោល មែន​ទេ?
កល្យាណ​បាន​សម្ដី​ស្រដី​បន្ត​ ទាំង​ញញឹម​ចំអក​សក​ទៅ​វិញ ៖
ពិត​មែន​ហើយ! គឺ​សុខ​ចិត្ត​ដុត​ចោល!
មាណព​គប់​វាចា​តប​ទៅវិញ ទាំង​ញញឹម​មក​កាន់​គូ​ជម្លោះ ៖
បើ​អ្នក​នាង​យក​វា​ទៅ​ដុត​ចោល នៅ​កន្លែង​ណា មេត្តា​ប្រាប់​ខ្ញុំ​ផង! ស្រួល​ខ្ញុំ​ និង​ ណារ៉ូ នាំ​គ្នា​យក​ទឹក​ទៅ​ចាំ​ពន្លត់ ក្រែង​សំណាង​ល្អ អាច​សង្គ្រោះ​ម៉ាស៊ីន​ថត​នេះ យក​មក​ប្រើ​វិញ​បាន​ណា៎!
ស្រស់​ត្រាណ​ត្រើយ​ឈប់​ឆ្លង​ឆ្លើយ រួច​ងាក​ទៅ​រក​ ភក្ដី​ ទាំង​វាចា ៖
តោះ! ភក្ដី ទៅ​រក​ងូត​ទឹក​ទៀត​យើង!
សំអឿន ញញឹម​ស្រស់ ៖
សូម​អញ្ជើញ​អ្នក​នាង​ម្ចាស់ បែរ​ព្រះភ័ក្ត្រ​ទៅ​ក្រោយ​មើល! តើ​នរណា​កំពុង​តែ​មើល​មក​បាទ?
តូច​តន់​ប្រញាប់​បែរ​ភ័ក្ត្រ​ ទៅ​រក​ឆ្នេរ​ខ្សាច់ ក៏​ប្រទះ​ឃើញ​លោក សំបូរ និង​អ្នកស្រី កំពុង​តែ​សម្លឹង​មក​ខ្លួន​មិន​ដាក់​ភ្នែក ។ នួន​ល្អ​ក៏​ងាក​ទៅ​រក​ ភក្ដី ទាំង​វាចា​មិន​សប្បាយ​ចិត្ត ៖
គ្នា​ឈប់​ងូត​ហើយ!

សំអឿន ញញឹម​ស្រស់​ដាក់​ស្រស់​ស្រី រួច​ស្រដី​បញ្ឈឺ ៖
តោះ ណារ៉ូ! យើង​ទៅ​រក​ងូត​ទឹក​បន្ត​ទៀត សប្បាយ​ខ្លាំង​ណាស់!
ម្ទេស​ខ្មាំង​ បោះ​ជំហាន​ចេញ​ទៅ​ទាំង​កំហឹង​ ក្ដៅ​ពេញ​ដើម​ទ្រូង​ ព្រោះ​មុន​នេះ នួន​នាង​គិត​ថា នឹង​ងូត​ទឹក​រត់​លេង​ ប្រលែង​ប្រដេញ​គ្នា ជាមួយ​កំលោះ ភក្ដី ឲ្យ​ស្និទ្ធ​ស្នាល​ ដើម្បី​ឲ្យ​កំលោះ​ សំអឿន ជា​គូ​សត្រូវ​របស់​នាង​ បាន​ឃើញ​ តែ​មិន​អ៊ីចឹង បែរ​ជា​គូ​សត្រូវ​របស់​នាង ជា​អ្នក​ងូត​ទឹក​ប្រលែង​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល ឲ្យ​នាង​ជា​អ្នក​មើល​ទៅ​វិញ​សោះ ។ សំអឿន គេ​ឆ្លៀត​ញាក់​មុខ​ដាក់​ ម្ទេសខ្មាំងយើង​ពី​ចម្ងាយ រួច​រត់​ប្រដេញ​គ្នា​ជាមួយ​ ណារ៉ូ ធ្វើ​កិរិយា​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​ នឹង​ទឹក​មុខ​មួហ្មង ចង​ចិញ្ចើម​បង្កប់​ ជាមួយ​នូវ​សេចក្ដី​គ្នាន់​ក្នាញ់​ ពេញ​ក្នុង​បេះ​ដូង​ក្រមុំ ម្ទេស​ខ្មាំង មួយ​រូប​នេះ​សោះ​ឡើយ ។

***

យប់​នេះ​នៅ​ក្រោម​វាយោ​ដ៏​ត្រជាក់​ល្ហឹម ដែល​បក់​ផាត់​មក​ពី​នាយ​សមុទ្រ ធ្វើ​ឲ្យ​ធម្មជាតិ​ទាំង​អស់ បាន​សប្បាយ​ត្រេក​ត្រអាល​ឃ្លាត​ចាក​ទុក្ខ ។ រុក្ខជាតិ​ផង​ទាំង​ពួង​ ក៏​យោល​យោគ​រេរាំ​ល្វត​ល្វន់​ ទោរ​ទន់​ទៅ​តាម​ទិស​ នៃ​កម្លាំង​វាតា ។ ឥទ្ធិពល​នៃ​ខ្សែ​ព្រះ​ពាយ​ បាន​បក់​បោក​ទឹក​រលក​ឲ្យ​បញ្ចេញ​នូវ​សន្ធឹក ឮ​សូរ​គ្រាំ​គ្រេង​ថ្នម​ចិត្ត​ ឲ្យ​គេង​លង់​លក់​ ស្កប់​ស្កល់​ជួប​នឹង​សុបិន្ត​ រាត្រីកាល​ដ៏​គួរ​ជាទី​មនោរម្យ ។ យើង​សូម​បំបែរ​អារម្មណ៍​ មក​មើល​គូ​សន្ទនា​មួយ​គូ​នេះ​វិញ កំពុង​តែ​អង្គុយ​នៅ​លើ​ទោង​ ក្នុង​បរិវេណ​សណ្ឋាគារ​មួយ ក្បែរ​មាត់​សមុទ្រ​នោះ គឺ​ជា​កំលោះ សំអឿន និង​កូន​សិស្ស​ក្រមុំ ណារ៉ូ ។ ចំណែក​ឯ កញ្ញា​ម្ទេស​ខ្មាំង យើង​វិញ កំពុង​ឈរ​សម្លឹង​មើល​មក​ពី​ខាង​លើ ។

ឃើញ​សភាព​នៃអ្នក​ទាំង​ពីរ កំពុង​ជជែក​គ្នា​បណ្ដើរ​ សើច​សប្បាយ​រីករាយ​បណ្ដើរ ហើយ​ហាក់​ដូចជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​ឱរា​របស់​នាង ឆួល​ក្ដៅ​ងំ មិន​ខុស​ពី​យក​ភ្លើង​មក​ដុត ។ ឆោម​ឆ្លៅ​លួច​ក្នាញ់​ចិត្ត​តែ​ម្នាក់​ឯង ថ្ពាល់​ក្រពុំ​ទាំង​សង​របស់​នាង​ក្រមុំ ចាប់​ផ្ដើម​ឡើង​ក្រហម​រលោង​ បី​ដូចជា​លាប​ក្រែម​ថែម​ពណ៌​ រី​ឯ​ដុំ​សាច់​នៅ​ក្នុង​ប្រអប់​ផែន​ទ្រូង របស់​ស្រស់​ស្រី​ ក៏​ចាប់​ផ្ដើម​រញ្ជួយ​ញាប់​ញ័រ លោត​ខុស​ចង្វាក់​ជា​ប្រក្រតី ។ មាណវី​បម្រុង​បែរ​កាយ​ចូល​មក​ក្នុង​វិញ តែ​ទទួល​ពេល​នោះ ដានី​ ក៏​ចេញ​មក​ល្មម ក្នុង​ឈុត​គេង​យប់​ពណ៌​ផ្កាឈូក ។

អេ៎! ម៉ានី ឯង​មិន​ទាន់​ចូល​គេង​ទេ! ហើយ​នៅ​ធ្វើ​អី​ទៀត?
ម៉ានី ឈរ​នៅ​ស្ងៀម​ មិន​ឆ្លើយ​តប​សម្ដី​មិត្ត ។ ដានី សម្លឹង​ទៅ​ខាង​ក្រោម​ ឃើញសំអឿន កំពុង​ជជែក​សើច​សប្បាយ​ជាមួយ ណារ៉ូ រួច​ក៏​សម្លឹង​មក ម៉ានី វិញ ព្រម​ជាមួយ​សំណួរ ៖
ឯង​នៅ​ឈរ​មើល​ពួក​គេ​មែន​ទេ?

ម៉ានី នៅ​តែ​ស្ងួត​ស្ងប់​ដដែល ដានី ហាក់​ឆ្ងល់​ចំពោះ​សភាព​របស់​ ម៉ានី ក៏​ចោទ​សំណួរ​ជា​ថ្មី ៖
ម៉ានី! គ្នា​ឃើញ​ឯង​មាន​ទឹក​មុខ​ ស្រពាប់​ស្រពោន​ណាស់​ តាំង​ពី​ចេញ​ដំណើរ​ពី​ផ្ទះ​មក​ម្ល៉េះ! ហើយ​ជា​ពិសេស នៅ​ពេល​ដែល​ឯង​ឃើញ​លោក​គ្រូ និង​ណារ៉ូ ស្និទ្ធ​ស្នាល​ជាមួយ​គ្នា! គ្នា​​​សង្កេត​​​ឃើញ​​​ទឹក​​​មុខរបស់​​​ឯង ប្រែ​​​ប្រួល​​​ភ្លាម! គ្នា​​​សូម​​​សួរ​​​ឯង ដោយ​​​ត្រង់​​​ថា ឯង​​​ប្រច័ណ្ឌ​​​លោកគ្រូ និង ណារ៉ូ ម៉ែន​​​ទេ?
ម្ទេស​ខ្មាំង ងាក​មុខ​ផាំង​ ទៅរ​ក​ ដានី រួម​នឹង​វាចា​ដំឡើង​សំឡេង ៖
នែ! ដានី! បើ​ឯង​ចង់​រាប់​អាន​គ្នា​ជា​មិត្ត​ទៀត សូម​ឯង​កុំ​និយាយ​ពាក្យ​នេះ ទៀត​ឲ្យ​សោះណា៎! គ្នា​មិន​ចូល​ចិត្ត​ឡើយ! លើក​ក្រោយ​ បើ​ឯង​និយាយ​ដូច្នេះ​ទៀត គ្នា​ឈប់​រាប់​អាន​ឯង​ជា​មិត្ត​ហើយ! គ្នា​ប្រាប់​ឲ្យ​ដឹង​ចុះ!
ឃើញ​ភាព​ខឹង​ក្រោធ​របស់​មិត្ត​នាង ដានី​ ប្រញាប់​ដាក់​មុខ​ចុះ ។ ឯ កញ្ញា​ម្ទេស​ខ្មាំង ដើរ​វឹង​ចូល​ក្នុង​បន្ទប់​ ទាំង​មួហ្មង​ ចង​ចិញ្ចើម ។

ពេល​វេលា​ចរ​ដល់​ម៉ោង​ជាង ៩ ទៅ​ហើយ ណារ៉ូ និង​ ដានី គេង​លក់​យ៉ាង​សុខ​សាន្ត ។ ចំណែក​ ម្ទេស​ខ្មាំង យើង​វិញ គេង​មិន​លក់​បន្តិច​ណា​សោះ ។ ស្រស់​ស្រី​ក៏​ចុះ​មក​ស្រូប​យក​ខ្យល់​អាកាស នៅ​ខាង​ក្រោម​តែ​ម្នាក់​ឯង ។ នឹម​នួន​មាន​ទឹក​មុខ​ក្រៀម​ស្រពោន ចម្លែក​ខុស​ពី​សព្វ​មួយ​ដង ដែល​ធ្លាប់​ជា​នារីរប៉ិលរប៉ូច គ្មាន​គូ​ប្រៀប ។

ចំណែក​កំលោះ សំអឿន យើង​ពេល​នេះ គេក៏​មិន​ទាន់​ចូល​ដំណេក​នៅ​ឡើយដែរ បុរស​យើង​ដើរ​ចេញ​មក​យក​ខ្យល់​ខាង​ក្រៅ ក៏​បាន​យល់​ ម៉ានី កំពុង​អង្គុយ​លើ​ទោង​ បណ្ដែត​អារម្មណ៍ទៅ​ឆ្ងាយ​​តែ​ម្នាក់​ឯង ។

នាយ​យើង​ក៏​ប្រញាប់​ចុះ​ទៅ​រក​មាណវីភ្លាម ឥត​បង្អង់​ចាំ​យូរ ៖
អ្នក​នាង​មិន​ទាន់​គេង​ទេ? ថ្មើរ​ណេះ​ទៅ​ហើយ!
ឆោម​ឆើត​ប្រញាប់​ងាក​វឹង ទៅ​រក​ម្ចាស់​វាចា នួន​នាង​ក្រោ​ក​ឈរ​យ៉ាង​រហ័ស​ រួច​​ក៏​ប្រញាប់​បោះ​ជំហាន​ចេញ​ពី​ទីនេះ តែ​ចៃ​ដន្យ​នាង​ក្រមុំ​ ពុំ​បាន​ប្រយ័ត្ន ក៏​ទាក់​ជើង​នឹង​ផើង​ផ្កា​មួយ ។ នាង​ក្រមុំ​ដួល​ស្រ កែង​ដៃ​ស្រី​ខាង​ស្ដាំ​ អុក​នឹង​ថ្ម​ចេញ​ឈាម​រឹមៗ ។

សំអឿន ក៏​ប្រញាប់​ស្ទុះ​ទៅ​លើក​ត្រកង​​​កាយ​ស្រី ដែល​កំពុង​តែ​ចុក​ទល់​ផ្អកឡើង​ថ្នមៗ គេ​គ្រាហ៍​នាង​មក​អង្គុយ​លើ​ទោង ហើយ​យក​ប្រេង​កូឡា មកលាប​លើ​កែងដៃ ដែលរលាត់​ស្បែក​ចេញ​ឈាម​ជ័រ​ត្រសក់​នោះ ថ្នមៗ និង​ផ្ចិត​ផ្ចង់ ៖
រួច​រាល់​ហើយ អ្នក​នាង! បាត់​ឈឺ​ចាប់​ហើយ​ឬ​នៅ? លើក​ក្រោយ​ត្រូវ​ប្រយ័ត្នផង! ព្រោះ​ខ្ញុំ​មិន​មែន​ជា​យក្ស​ទេ! អ្នក​នាង​ចាំ​បាច់​រត់​គេ​ ពី​ខ្ញុំ​ធ្វើ​អី?
នាង​ក្រមុំ​អន់​ចុក​ចាប់​បន្តិច រួច​ក្រោក​ឈរ រួម​នឹង​វាចា ៖
ខ្ញុំ​មិនមែន​ខ្លាច​មុខ​អ្នក​ឯង​ទេ! តែ​ខ្ញុំ​មិន​ចង់​ឃើញ​មុខ​អ្នក​ឯង ព្រោះ​ខ្ញុំ​ស្អប់​មុខ​អ្នក​ឯង!
សំអឿន សើច​ហាក់​ចង់​ហួស​ចិត្ត ព្រោះ​ឃើញ​ស្រស់​ស្រី​ និយាយ​បណ្ដើរ ផ្លុំ​របួស​កែង​ដៃ​ខ្លួន​ឯង​បណ្ដើរ ៖
អ្នក​នាង​ស្អប់​ខ្ញុំ ក៏​ស្អប់​ទៅ​ចុះ! ព្រោះ​ពេល​នេះ​ខ្ញុំ​ មាន​គេ​ស្រឡាញ់​រួច​ទៅ​ហើយ បាទ!
ម្ទេស​ខ្មាំង ញញឹម​ចំអក ៖
គឺ​ ណារ៉ូ មែន​ទេ?
នរៈងក់​ក្បាល​ចោល​ភ័ក្ត្រ​​ញញឺម​ស្រស់ មក​កាន់​ស្រី​ថ្លៃ ៖
ម៉េច​ក៏​អ្នក​នាង​ដឹង​បាទ?
ស្រី​ចំណាប់​ចាប់​វាចា​តប​ទៅ​វិញ ៖
ខ្ញុំ​សូម​ប្រាប់​អ្នក​ឯង​ទៅ​ចុះ! ថា​ឈប់​ទាក់​ទង​នឹង​មិត្ត​របស់​ខ្ញុំ​ទៅ!
ប្រុស​ប្រាណ​បាន​វាចា​សួរ​ទៅ​ទៀត ៖
ហេតុ​អ្វី​ទៅ​អ្នក​នាង?

គឺ​វា​មិន​សក្ដិ​សម​គ្នា​នឹង​ណា៎!
មិត្ត​យើង​សើច​ស្រស់​ បោះ​វាចា​ ទាំង​ញាក់​ស្មា​ដាក់​នាង​ក្រមុំ ៖
ម៉េច​​ក៏​ថា​មិន​សក្ដិសម​ អ្នក​នាង? ខ្ញុំ​ជា​បុរស​រូប​សង្ហា ឯ ណារ៉ូ ជា​នារី​រូប​ស្អាត​ជាង​គេ រៀន​ក៏​ពូកែ​ជាង​គេ​ទៀត ឃើញ​ប្រុស​ស្អាត​ហើយ​ ពូកែ ប៉ះស្រី​ស្អាត​ហើយ​ឆ្លាត! អូ៎ឃើញ​ថា សក្ដិ​សម​គ្នា​ណាស់ មែន​ទេ អ្នក​នាង?
ស្រស់​និមល​យល់​សម្ដី​ ស្រីតប​វិញ ៖
ហ៉ឹះ! មើល​ទៅ​អ្នក​ឯង​នេះ ដូច​ជា​អង្គុយ​លើ​ចង្អេរ​ លើក​ខ្លួន​ឯង​ពេក​ហើយ កុំ​ថា​លើក​បាន​ឲ្យ​សោះ! គ្មាន​នរណា​គេ​សរសើរ​! សរសើរ​តែ​ខ្លួន​ឯង!
ប្រុស​ពុំ​ងា​ មិន​រុញ​រា​ឆ្លើយ​សង​វិញ ៖
តែ​ខ្ញុំ​អាច​លើក​បាន​ណា៎ អ្នក​នាង! គឺ​ខ្ញុំ​អង្គុយ​លើ​ចង្អេរ​ ហើយ​ខ្ញុំ​ឲ្យ​ស្រី​ស្នេហ៍​របស់​ខ្ញុំ ជា​អ្នក​លើក​ទៅ​ ប្រាកដ​ជា​បាន!

ស្រី​ទង​វង​ រង​កំហឹង​ប្រឹង​វាចា ៖
បើ​អ្នក​ឯង​គិត​ដូច្នេះ​មែន គឺ​អ្នក​ឯង​យក​មនុស្ស​ស្រី​ ធ្វើ​ជា​ទី​បង្អែក​ហើយ! វាគ្មាន​តម្លៃ​ជា​មនុស្ស​ប្រុស​ទេ!
ឲ្យ​តែ ណារ៉ូ នាង​យល់​ចិត្ត​ខ្ញុំ​ទៅ​បាន​ហើយ! អ្នក​ណា​យល់​ឃើញ​យ៉ាង​ណា​ ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ! ខ្ញុំ​ជា​បុរស​បុិន​ប្រសប់​ ខាង​បើក​ឡាន រីឯ​ ណារ៉ូ ជា​អ្នក​រៀន​ពូកែ​ ប្រាកដ​ជា​មាន​អនាគត​ល្អ ថ្ងៃ​ណាមួយ ណារ៉ូ អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រីផង​ក៏​មិន​ដឹង? អ្នក​នាង​គិត​ទៅ​មើល បើ​យ៉ាង​នេះ​មែន តើ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែរ? ប្រពន្ធ​ខ្ញុំ​ទៅ​ណា ខ្ញុំ​ជា​អ្នក​ជូន​ទៅ​រហូត​ មិន​ឲ្យ​បែក​មួយ​ជំហាន​ឡើយ!
អ្នក​ឯង​នេះ! និយាយ​គ្មាន​ប្រើ​វិចារណញ្ញាណ​សោះ! និយាយ​យក​តែ​ឈ្នះ!
បើ​មិន​និយាយ​យក​ឈ្នះ មាន​តែ​ឲ្យ​ខ្ញុំ​និយាយ​យក​ចាញ់? បើ​​អ្នក​នាង​ចង់​ឲ្យ​ខ្ញុំ​ចុះ​ចាញ់អ្នក​នាង គឺ​អ្នក​នាង​ខំរៀន​​ឲ្យ​ពូកែ​ដូច ណារ៉ូ ដែរ​ទៅ! បើ​អ្នក​នាង​ធ្វើបាន​មែន​ ក្រែង​លោ​ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​ចិត្ត!
កែវ​កន្និដ្ឋា​ បង្ហោះ​វាចា​ ទាំង​កែវ​ភ្នែក​មុត​ស្រួច ៖
ផ្លាស់​ប្ដូរ​ចិត្ត​រឿង​អ្វី​ទៅ?

មិត្ត​កំលោះ​បោះ​សម្ដី​ស្ដី​តប​វិញ ទាំង​ភ័ក្ត្រ​ញញឹម​ស្រស់ ៖
គឺ​ផ្លាស​ចិត្ត​ពី​ស្រឡាញ់ ណារ៉ូ មក​ស្រឡាញ់​អ្នក​នាង​វិញ​នោះ​អី!
នរនាថ​សៀត​វាចា​ ទាំង​កំហឹង​ខឹង​ពេញ​ទ្រូង ​៖
ព្រហើន​ខ្លាំង​ណាស់!
បញ្ចប់​វាចា​ ស្រស់​ជីវ៉ា​យាត្រា​ចេញ​ទៅ ។ សំអឿន វាចា​ឃាត់ ៖
អ្នក​នាង! ចាំ​ខ្ញុំផង!
ស្រស់​ស្រីមិន​ស្រដី​តប ហើយ​ធ្វើ​មិន​ឮ ។ នរៈ​ខ្ជាក់​វាចា​បន្ថែម ៖
អ្នក​នាង​! កុំ​ដើរ​ម្នាក់​ឯង សណ្ឋាគារ​នេះ គេ​ល្បី​ថា​ មាន​ខ្មោច​លង​ផង​ណា៎!
រំពេច​បាន​ស្ដាប់​ឮ​វាចារបសឮ​បុរស​យើង​ភ្លាម ស្រស់​ពិសីទច់​ដំណើរ​ង៉ក់ ហាក់​គោរព​បញ្ជា​របស់​ម្ចាស់​សម្ដី ។ សំអឿន ចោល​ក្រសែ​ញញឹម​ ទៅ​កាន់​ស្រស់​ស្រី ដែល​កំពុង​សម្លឹង​មក​រក​នាយ ក្នុង​ទឹក​មុខ​ភិត​ភ័យ ។

សំអឿន និយាយ​បណ្ដើរ​ បោះ​ជំហាន​មក​កាន់​ឆោម​ស្ងួន​បណ្ដើរ ៖
អ្នក​នាង​ចេះ​ខ្លាច​ខ្មោច​ដែរ? ខ្ញុំ​ស្មាន​តែ​មិន​ចេះ?
បុរស​យើង​ពើង​ដើម​ទ្រូង​ ទាំង​ញញឹម​ស្រស់​ រួច​បោះ​វាចា​បន្ត ៖
ខ្មៅច​នៅ​ទី​នេះ លង​អាក្រក់​ណាស់!
ពំនោល​បន្លាច​របស់​មិត្ត​យើង តម្រូវ​ឲ្យ​ស្រស់​កល្យាណ​ ស្ទុះ​មក​កាន់​ស្មា​កំលោះយើង ដោយ​មិន​ដឹង​ខ្លួន ។ ឯ​នាយ​យើង​លួច​សើច​ម្នាក់​ឯង ហើយ​គេ​ធ្វើ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ នឹង​ការ​កាន់​ស្មា​របស់​អ្នក​ ពី​សំណាក់​ស្រស់​ស្រី​យើង​ឡើយ ។

លុះ​មក​ដល់​មុខ​បន្ទប់ ទើប​មាណវី​ព្រលែង​ដៃ​​យ៉ាង​រហ័សពី​ស្មា របស់​បុរស​យើង​វិញ ។ ស្រស់​នារី​ហាក់​មាន​អារម្មណ៍​អៀន​ខ្មាស​យ៉ាង​ចម្លែក ព្រោះ​តែ​សេចក្ដី​ភ័យ​ខ្លាច​ បាន​តម្រូវ​ឲ្យ​នួន​នាង មក​ប៉ះ​កាយ​មិត្ត​កំលោះ​យើង​ យ៉ាង​ស្និទ្ធ​ស្នាល ដោយ​ចិត្ត​ចេតនា ។ ទឹក​មុខ​របស់​កែវ​ធីតា​យើង​ពេល​នេះ គឺ​កំពុង​តែ​គ្រប​ដណ្ដប់​ ទៅ​ដោយ​ចំហាយ​នៃ​សេចក្ដី​អៀន​ខ្មាស ក្នុង​នាម​ជា​នារី​ក្រមុំ​ព្រហ្មចារី ។

ឆោម​ស្ងួន​កំពុង​តែ​មាន​អារម្មណ៍ច្របូក​ច្របល់គ្នា គឺ​ខឹង​ផង​ក្នាញ់​ផង​ស្អប់​ផង រក​កំណត់​ក្នុង​ដួង​ចិត្ត​មិន​ត្រូវ ។ ស្រស់​ជីវ៉ា​ប្រញាប់​ចរ​យាត្រា​ ចូល​ទៅ​ក្នុង​បន្ទប់​យ៉ាង​រហ័ស ចំណែក​ឯ​កំលោះ​សង្ហា​យើង​វិញ ឈរ​គ្រវី​ក្បាល​ញញឹម​ស្រស់​ម្នាក់​ឯង រួច​ទើប​ដើរ​ទៅ​បន្ទប់​របស់​គេ ដែល​នៅ​ក្បែរ​ៗ​នោះ ទាំង​អារម្មណ៍​ស្រស់​ថ្លា​យ៉ាង​ចម្លែក ។

error: Content is protected !!