kalib9

៦. មិត្ត​​​ចិត្ត​​​ពាល

ចាប់​តាំង​ពីត្រឡប់​មក​​ពី​ក្រុង​ព្រះ​សីហនុ​វិញ​មក កញ្ញា​ម្ទេស​ខ្មាំង យើង​ហាក់​ដូច​ជា​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ជាង​មុន។ ចំពោះ​ការ​រៀន​សូត្រ​វិញ ក៏​មាន​សន្ទុះ​កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ខ្លាំង ។ លំហាត់​លំបាក​ៗ​ ដែល​លោក​គ្រូ​កំលោះ​យើង បាន​ដាក់​ឲ្យ​ធ្វើ​ គឺ​កញ្ញា​យើង​អាច​ដោះ​ស្រាយ​បាន​ភ្លាម​ៗ ពុំ​ចាញ់​ ណារ៉ូ ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​គ្រូ​កំលោះ​យើង លួច​នឹក​សរសើរ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង ។

ចំណែក​ឯ​កញ្ញា​យើង​វិញ ហាក់​ធ្វើ​ឫក​កាន់​តែ​ខ្ពស់​ឡើងៗ ហើយ​ហាក់​ធ្វើ​ព្រងើយ​កន្ដើយ​ ក្នុង​អត្ថន័យ​ចង់​ស្ដែង​ ឲ្យ​លោក​គ្រូ​កំលោះ​របស់​យើង​ឃើញ​ថា នាង​រៀន​មិន​អន់ ឬចាញ់​ ណារ៉ូ ឡើយ​ អ្វី​ដែល​ ណារ៉ូ ធ្វើ​បាន​ គឺ នាង​ក៏អាច​ធ្វើ​បាន​ ដោយ​ងាយ​ៗ​ដូច​គ្នា ។

ពេល​វេលា​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទូតិយភូមិ ក៏​ឈាន​ចូល​មក​ដល់​ក្នុង​វេល​ថ្ងៃ​ស្អែក​នេះ​ហើយ​ដែរ ។

ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​មើល​ឈ្មោះ លេខតុ លេខ​បន្ទប់​រួច​មក ភក្ដី និង​សារ៉ា បាន​បបួល​ កញ្ញា​ម្ទេស​ខ្មាំង ព្រម​ទាំង​ ដានី និង​ ណារ៉ូ ទៅ​លេង​ចម្ការ​របស់​ពួក​គេ នៅឯ​ផ្លូវ​ចូល​កៀន​ស្វាយ​ មុន​ដំបូង​មាណវី​ ប្រកែក​មិន​ចង់​ទៅ​ទេ តែ​ដោយ​សារ​ ភក្ដី គេ​អង្វរខ្លាំង​ពេក ទើប​នាង​សម្រេច​ចិត្ត​ថា​ទៅ ម្យ៉ាង​ថ្ងៃ​នេះ​ លោក សំបូរ និង​អ្នកស្រី​មិន​នៅ​ផ្ទះ ព្រោះ​មាន​ការ​ទៅ​ទាក់​ទង​ទំនិញនាំ​ចូល ពី​កំពង់​សោម​ផង ។

ភក្ដី វាចា​ដោយ​ត្រេក​អរ ព្រោះ​បំណង​របស់​ខ្លួន​បាន​សម្រេច ៖
ជយោ! ម៉ានី​ មាន​ឥស្សរភាព​វិញ​ហើយ!
មាណវី​បញ្ជាក់​ទៅ ភក្ដី ៖
តែ​គ្នា​ឲ្យ សូហ្វ័រ​ ជូនទៅ! យើង​ជិះ​ឡាន​ជុំ​គ្នា​តែ​ម្ដង​ទៅ!
ភក្ដី ប្រែ​ទឹក​មុខ​ទៅ​ជា​ស្អុយ​មួយ​រំពេច ។ ណារ៉ូ ញញឹម​ស្រស់​ រួច​វាចា​ដោយ​ក្ដី​សោមនស្ស​រីក​រាយ ៖
ប្រសើរ​ណាស់​អ៊ីចឹង! បាន​លោក​គ្រូ​ទៅ​ជាមួយ​ដែរ!
សំអឿន នាយ​ចាប់​អារម្មណ៍​ភ្លាម​ ទៅ​លើ​ទឹក​មុខ​ ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ ភក្ដី ។ សំអឿន វាចា​ឡើង ៖
អ្នកនាង! ខ្ញុំ​គិត​ថា​ កុំ​ទៅអី​ ប្រសើរ​ជាង!
ធីតា​ឆ្នាស​ប្រែ​ទឹក​មុខ​ទៅ​ជា​មាំ ៖

ស្រេច​តែ​ខ្ញុំ! ខ្ញុំ​ជា​អ្នក​សម្រេច​ចិត្ត​ខ្លួន​ឯង កុំ​ចេះ! ខំ​បំពេញ​តួនាទី ជា​អ្នក​បើក​ឡាន​ទៅ​បាន​ហើយ! អ្នក​ឯង​គ្មានសិទ្ធិ​មក​ហាម​ឃាត់​ខ្ញុំ​ទេ!
បញ្ចប់​​នូវ​វាចា​ខឹង​ក្រោធ នាង​ក្រមុំ​ងាក​ទៅ​រក​កំលោះ​ ភក្ដី ៖
តោះ​ពួក​យើង​ប្រញាប់​ទៅ! ឯ​ម៉ូតូ​ផ្ញើ​ទីនេះ​ទៅ! ចាំ​ល្ងាច​ចាំ​មក​យក!
បន្ទាប់​មក​ រថយន្ត​ក៏​បញ្ជា​លឿន​ស្លេវ​ទៅ​រក​គោល​ដៅ ។ កញ្ញា​ម្ទេស​ខ្មាំង និង សំអឿន អង្គុយ​ក្បែរ​គ្នា ។ នាយ​យើង​បើ​រថយន្ត​បណ្ដើរ ឆ្លៀត​លួច​គយ​គន់​នាង​ក្រមុំ​យើង​បណ្ដើរ ។ អ្នក​លួច​សរសើរ​ក្នុង​ចិត្ត​មិន​ដាច់​ ពី​សម្រស់​ដ៏​ស្រស់​ភុំ​ផាន ឥត​មាន​ទាស់​របស់​ស្រស់​កល្យាណ ។

ចំណែក​ឯ ម្ទេស​ខ្មាំង របស់​យើង​វិញ ក៏​នឹក​គ្នាន់​ក្នាញ់​អំពី​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​របស់​កំលោះ​យើង ដែល​លួច​សម្លឹង​នាង​ជា​ញយ​ផង ។ យូរ​ម្ដងៗ​ ក្រសែ​ភ្នែក​នៃ​អ្នក​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា ហើយ​កែវ​ភ្នែក​ដ៏​ខ្មៅ​ស្រិល​ មិន​ខុស​ពី​និល​ច្នៃ​ នៃ​ប្រុស​កំលោះ​រូប​នេះ ហាក់​ដូចជា​មាន​អំណាច​អ្វី​មួយ​ដ៏​ចម្លែក មក​អង្រួន​ដួង​ហឫទ័យ​ស្រស់​ស្រី ឲ្យ​រញ្ជួយ​ញាប់​ញ័រ​ភ័ន្ត​ភាំង ក្នុង​ខណៈ​ពេល​ដែល​ដួង​ចិត្ត​កាច​ឆ្នាស​ឆ្នើម​ របស់​ស្រស់​ស្រី​ហាក់​កំពុង​តែ​ដេក​លក់ ។ មិន​យូ​រ​ប៉ុន្មាន រថយន្តក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​គោល​ដៅ​កំណត់ ហើយ​កំពុង​តែ​ចត​នៅ​ចំ​ពី​មុខ​កូន​ខ្ទម​តូច​មួយ តាម​ការ​បញ្ជា​របស់​កំលោះ​ ភក្ដី ។

ពួក​គេ​នាំ​គ្នា​ចុះ​ពី​រថយន្ត សំដៅ​ទៅ​ខាង​ក្រោយ​ខ្ទម​ ដែល​សុទ្ធ​តែ​ដំណាំ​ផ្លែ​ឈើ​តូច​ធំ ខ្លះ​ផ្លែ​ខ្លះ​ផ្កា គួរ​ជាទី​ពេច​ពិល​រមិល​មើល​ក្រៃ​លែង ។

ម៉ានី, ដានី, ណារ៉ូ, ភក្ដី និង សារ៉ា ពួក​គេ​នាំ​គ្នា​ឡើង​បេះ​ស្វាយ​ សេដា ទៀប មៀន ម្កាក យ៉ាង​សប្បាយ​រីក​រាយ ចំណែក​ឯ​កំលោះ​ សំអឿន វិញ គេ​ហាក់​ដូច​ជា​ ពុំ​ចូល​ចុះ​ជាមួយ​គ្នា​គេ​មួយ​ក្រុម​នេះ​ឡើយ ។ ខណៈ​នេះ​មិត្ត​យើង​កំពុង​ឈរ​ឱប​ដៃ​ នៅ​ក្រោម​ដើម​គ​ដ៏​ធំ​មួយ ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ទាំង​អស់ ។

ពេល​នោះ​ ណារ៉ូ ក៏​ដើរ​ចូល​មក​រក​នាយ​យើង ក្នុង​ដៃ​មាន​កាន់​ផ្លែ​ស្វាយ​ពីរ​ មក​ជាមួយ​ផងដែរ ៖
លោក​គ្រូ! ញ៉ាំ​ផ្លែ​ស្វាយ​នេះ​ទៅ​ផ្អែម​ណាស់! ខ្ញុំ​ទើប​តែ​បេះ​ពី​ដើម​មក​!
សំអឿន ទទួល​យក​ផ្លែ​ស្វាយ​មួយ​ពី​ដៃ ណារ៉ូ មក​ខាំ​ញ៉ាំ​បណ្ដើរ​និយាយ​និង​សា​សង​គ្នា​បណ្ដើរ ៖
ស្វាយ​នេះ​ផ្អែម​ណាស់! ដី​នៅ​ម្ដុំ​នេះ ដាំ​អី​ក៏​បាន​ផល​ដែរ!
មែន​ហើយ​លោក​គ្រូ! ព្រោះ​វា​ជា​ដី​ទំនាប​ទន្លេ​បួន​មុខ! មាន​ជីជាតិ​ល្អ​ណាស់ សម្រាប់​ដំណាំ​ផ្លែ​ឈើ​ហូប​ផ្លែ​នេះ!

នៅ​ឯ​លើ​ដើម​ស្វាយ​ឯ​ណោះ​វិញ កញ្ញា​ម្ទេស​ខ្មាំង កំពុង​តែ​សម្លឹង​មក​ចំ​នាយ​ សំអឿន និង​ ណារ៉ូ ដែល​កំពុង​ឈរ​ជជែក​គ្នា​បណ្ដើត​ ញ៉ាំ​ស្វាយ​បណ្ដើរ ។ ភក្ដី​ ដែល​នៅ​លើ​ដើម​នោះ​ដែរ គេ​ងាក​មក​និយាយ​ជាមួយ​នាង​ក្រមុំ ៖
ខ្ញុំ​ចង់​ទៅ​ផ្ទះ​ពូ យក​បាយ​នំ​ចំណី​មក! ម៉ានី ចង់​ទៅ​ដែរ​ទេ? ផ្ទះ​គាត់​មាន​ដើម​កំពីង​រាជ​ច្រើន​ណាស់! ផ្លែ​ធំៗ​ហើយ​ផ្អែម​ទៀត​ផង!
ម៉ានី ហាក់​កាន់តែ​ក្ដៅ​ចិត្ត នៅ​ពេល​ដែល​នាង​មើល​ពី​លើ​ដើម​ស្វាយ មក​ឃើញ​នាយ​កំលោះ​ កំពុង​ដាក់​បង្គុយ​ក្បែរ​ ណារ៉ូ យ៉ាង​ជិតបង្កើយ ហើយ​ ណារ៉ូ ចិត​ស្វាយ​បញ្ចុក​ សំអឿន ទៀត​ផង ៖
លោក​គ្រូ! នេះញ៉ាំ​ទៅ!
អរគុណ​ហើយ!

ណារ៉ូ ចិត​ស្វាយ​បណ្ដើយ និយាយ​បណ្ដើរ ៖
លោកគ្រូ! ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​លោក​គ្រូ​ដែរ​ទេ?
លោក​គ្រូ​កំលោះគ្រវី​ក្បាល ។ ណារ៉ូ បន្ត​វាចា ៖
គឺ​មក​ពី​លោក​គ្រូ​ ជា​មនុស្ស​រួស​រាយ! សម្ដីនិយាយ​ម្ដង​ៗពីរោះ គួរ​ឲ្យ​ចង់​ស្ដាប់​ណាស់! ខ្ញុំ​សុំ​លោក​គ្រូ​មួយ​បាន​ទេ?
ណារ៉ូ ចង់​បាន​អី​ប្រាប់​មកចុះ! បើ​លោក​គ្រូ​អាច​ឲ្យ​បាន លោក​គ្រូ​នឹង​ឲ្យ​ភ្លាម​!
ណារ៉ូ ញញឹម​អឹម​អៀន ៖
ខ្ញុំ​ចង់​ឲ្យ​លោក​គ្រូ​ធ្វើ​ជា​បង​ប្រុស​របស់​ខ្ញុំ! ព្រោះ​បង​ប្អូន​ខ្ញុំ​ មាន​សុទ្ធ​តែ​ស្រី!
មាន​អី​ ណារ៉ូ! ចាំ​បាច់​សុំ​ធ្វើ​អី បើ​សព្វ​ថ្ងៃនេះ លោក​គ្រូ​រាប់​ប្អូន​ ជា​ប្អូន​ស្រីទៅ​ហើយ រូម​ទាំង​ ដានី ផង​ដែរ!
ចុះ​ ម៉ានី វិញលោក​គ្រូ?

នាង​ម្ទេស​ខ្មាំង​នោះ សុំ​ដក​ចេញ​ហើយ! មិន​លេង​ចូល​ទេ! នាង​ម្ទេស​ខ្មាំងនោះ បើ​នរណា​បាន​ធ្វើ​ប្រពន្ធ​ ច្បាស់​ជា​ឈ្លោះ​គ្នា​មួយ​ថ្ងៃ​មួយ​រយ​ដង​ហើយ! បើ​ចិត្ត​ក្ដៅ​ដូច​ភ្លើង​យ៉ាង​នេះ​នោះ?
សំអឿន និង ណារ៉ូ សើច​ព្រម​គ្នា បីដូចណាត់​គ្នាទុក​ជា​មុន ។ នោះ​លើ​ដើម​ស្វាយ​ ម្ទេស​ខ្មាំង​ ងាក​មុខ​ពី​ការ​សម្លឹង​មើល សំអឿន និង ណារ៉ូ មក​រក​ ភក្ដី វិញ​ រួមនឹង​វាចា ៖
តោះ! ភក្ដី យើង​ទៅ!
ភក្ដី ញញឹម​ស្រស់​ស្រាយ គេ​ប្រញាប់​ចុះ​ពី​ដើម​ស្វាយ ហើយ​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិត​ខាង ដែល​ស្គាល់​គេ​ យក​មក​ឌុប​ស្រស់​ស្រី​យើង​ចេញ​ទៅ ។ ចំណែក​ឯ​មាណវី​យើង​ យក​ដៃ​ក្រសោម​ចង្កេះ ភក្ដី ធ្វើ​ហាក់​ដូចជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ខ្លាំង​ណាស់​ គឺ​ក្នុង​គោល​បំណង​ឲ្យ​កំលោះ សំអឿន យើង​បាន​ឃើញ ។ សំអឿន ស្ទុះ​ងើប​វឹង​ ហៅ​ម៉ូតូ ឌុប​មួយ​ ឲ្យ​ជិះ​ដេញ​តាម​ម៉ូតូ​របស់​ ភក្ដី ដែល​កំពុង​បើក​លឿន​ដូច​ព្យុះ​នោះ ។

ភក្ដី បត់​ម៉ូតូវឹង​ចូល​ក្នុង​ផ្លូវ​លំ​តូច​មួយ ។ មួយ​សន្ទុះ​តូច​ ទើប​ម៉ូតូ​ឌុប សំអឿន បត់​ចូល​ផ្លូវ​លំ​នោះ​ដែរ តែ​ផ្លូវ​លំ​មាន​ផ្លូវ​បែក​ជា​ពីរ​ទៀត គឺ​ឆ្វេង​និង​ស្ដាំ ។ សំអឿន ពិ​បាក​សន្និដ្ឋាន​បាន​ណាស់​ថា តើ​ម៉ូតូ​ ភក្ដី​ បត់​ទៅ​តាម​ផ្លូវ​ខាង​ណា​នោះ?

សំអឿន បញ្ជា​អ្នក​ឌុប​ឲ្យ​បត់​ ទៅ​ខាង​ស្ដាំ​ដៃ​ជា​បន្ទាន់ ។ ក្នុង​​កូន​ខ្ទម​តូច​មួយ​ឯ​ណោះ​វិញ ភក្ដី​ កំពុង​តែ​ទាញ​ខ្លួន​កញ្ញា​ឆ្នាស​យើង ឲ្យ​ដួល​ទៅ​លើ​គ្រែ​ឫស្សី​ចាស់​មួយ ។ មាណវី​យើង​ហាក់​ស្រឡាំង​កាំង​នឹង​ហេតុ​ការណ៍​នេះ ព្រោះ​នាង​ស្មាន​មិន​ដល់​ទាល់​តែ​សោះ​ថា ភក្ដី ធ្វើ​ដូច្នេះ​មក​លើ​នាង ។

ស្រស់​ស្រី​ឧទាន​ទាំង​ញ័រ​​បបូរ​មាត់ ៖
ភក្ដី ឯង​ចង់​ធ្វើ​អី​យើង?
គឺ​បង​ស្រឡាញ់​អូន​ហ្នឹង​ណា៎?
ភក្ដី ប្រញាប់​ដោះ​អាវ​ចេញ រួច​ហក់​ទៅ​ក្រសោប​រាង​កាយ​ស្រស់​ស្រី​យើង​ទាំង​កំរោល ។ សភាព​ប្រតាយ​ប្រតប់​គ្នា​ ក៏​កើត​មាន​ឡើង ។ ភក្ដី​ ចាប់​ដៃ​ទាំង​ពីរ​របស់​នាង​ជាប់ រួច​វាចា​លួង​លោម ៖
បង​ស្រឡាញ់​អូន​យូរ​ណាស់​មក​ហើយ! បង​ទ្រាំ​នឹង​សម្រស់​អូន​លែង​បាន​ហើយ! ពេល​នេះ បើ​បង​មិន​បាន​ខ្លួន​អូន​ទេ បង​នឹង​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត​! ព្រម​ទៅ​ណា៎!
ទេៗ! កុំ​ប៉ះ​ពាល់​យើង​ អាមិត្ត​ចិត្ត​តិរច្ឆាន!

ភក្ដី ចាប់​ទាញ​កន្ត្រាក់​ឡេវ​អាវ​របស់​ស្រី​ស្រស់​ ដាច់​អស់​បីបួន ។ មាណវី​យក​ដៃ​ខ្ទប់​ទ្រូង​យ៉ាង​រហ័ស​ ។ ភក្ដី​ បាន​ដៃ​ស្ទុះ​ទៅ​ថើប​ញីញក់​ថ្ពាល់​ស្រី រួច​គេ​មិន​បង្អង់​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​ឥត​អំពើ​ឡើយ គេ​ប្រញាប់​ដោះ​ក្បាល​ខ្សែ​ក្រវាត់ រួច​ដោះ​ខោ​វែង​របស់​​គេ​យ៉ាង​រួស​រាន់ បន្ទាប់​មក​គេ​ហក់​ទៅ​សង្គ្រប់​លើ​រាង​កាយ​ស្រី ដែលកំពុង​យំ​ឱប​ទ្រូង ៖
ជួយ​ផងៗ!
ភក្ដី ញញឹម​ស្រស់ ៖
មិន​បាច់​ស្រែក​ទេ! ទី​នេះស្ងាត់​ណាស់ គ្មាន​នរណា​ឮ​ទេ! ព្រម​ទៅ​ណា៎!
បង​​នឹង​ជូន​អូន​ទៅ​លេង​ឋាន​សួគា៌​នភាល័យ!
ទេៗ! លែង​អញ!
ភក្ដី គេ​ចាប់​ថើប​ញី​ញក់​ស្រស់​ស្រី ទាំង​ក្រហល់​ក្រហាយ​ចិត្ត គេ​ចាប់​ផ្ដើម​ចាប់​សម្រាត​សំពត់​របស់​ស្រស់​ស្រីយើង​ បាន​បន្តិចទៅ​ហើយ មាណវី​ប្រមូល​កម្លាំង​បាន​ក៏​ទះ​ ភក្ដី មួយ​កំផ្លៀង​យ៉ាង​ដំណំ ។

ភក្ដី​ ត្រូវ​មួយ​កំផ្លៀង​ឡើង​ស្ពឹក​មុខ គេ​ក៏​ទះ​មាណវី​យើង​មួយ​កំផ្លៀង​សង​សឹក​វិញ​ដែរ ធ្វើ​ឲ្យ​នាង​ហូរឈាម​តាម​មាត់​រឹម​ៗ ។

ភក្ដី ច្របាច់​ហត្ថា​ដ៏​ទន់​របស់​ស្រស់​ស្រី​យើង ដោយ​កណ្ដាប់​ដៃ​រឹង​មាំ​របស់​គេទាំង​គូ រួច​គេ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​ ដើម្បី​បក​ឆាក​ប្រយុទ្ធ​យ៉ាង​កំរោល ក្នុង​តំណាក់​កាល​ចុង​ក្រោយ​​ទៅ​ហើយ​នោះ ស្រាប់​តែ …
ផាច់ៗ!
កណ្ដាប់​ដៃ​ដ៏​ធ្ងន់​ផ្ទួនៗ​គ្នា​បួន​ដៃ​របស់ សំអឿន បាន​ធ្វើ​ឲ្យ​យុវជន​ឈាម​រាវ​ដួល​​ផ្ងារ​ទៅ​ជ្រុង​ម្ខាង ចេញ​ឈាម​តាម​មាត់​តាម​ច្រមុះ រហូត​ងើប​លែង​រួច​ ទាំង​មាន​តែ​ខោ​ក្នុង ។

ចំណែក​មាណវី​យើង​វិញ ស្ទុះ​វឹង​មក​ស្រវា​ឱប សំអឿន ទាំង​យំ​សស្រាក់ ៖
វាចង់​ចាប់​រំលោភ​ខ្ញុំ!
តាម​កំហឹង​ សំអឿន ចង់​តែ​ស្ទុះ​ទៅ​ដាល់​ទាត់​ធាក់​ ភក្ដី បំណង​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​បុរស​ទប់​ចិត្ត​ទាន់ រួច​ប្រញាប់​បែរ​ភ័ក្ត្រ​មក​រក​ស្រស់​ស្រី​យើង ដែលកំពុង​ទួញ​យំ​ឱប​ទ្រូង​គេ​ជាប់ ។

អ្នក​កំលោះ​​វាចា​លួង​លោម​នាង​ក្រមុំ​រង​គ្រោះ ៖
អ្នក​នាង​! ឈប់​យំ​ទៅ! មាន​ខ្ញុំ​នៅ​ទីនេះ​ហើយ!
មិត្ត​យើង​ងាក​មុខ​កំហឹង​ទៅរក​ ភក្ដី ទាំង​ស្រដី ៖
ឯង​ប្រញាប់​ស្លៀក​ពាក់​វិញចុះ! ហើយ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​យើង​ឥឡូវ​នេះ!
នួន​ស្រី​អង្រួន​ដៃ​អ្នក​កំលោះ រួច​វាចា​ក្នុង​ន័យ​អង្វរ​ករ ៖
កុំ​ប្ដឹង​ប៉ូលិស​អី! ខ្លាង​រឿង​នេះ វា​មិន​ស្ងាត់​ ជ្រាប​ដល់​លោក​ប៉ា​អ្នក​ម៉ាក់​ នាំ​តែ​គាត់​ពិបាក​ចិត្ត​ទេ!
សំអឿន ញញឹម​រាង​ស្រពោណ​ភក្ត្រា​ទាំង​ទ្វេ ៖
អ្នកនាង​ខ្លាច​លោក​អ៊ំ​ពិបាក​ចិត្ត​ដែរ​មែន​ទេ? ខ្ញុំ​បាន​ប្រាប់​អ្នក​នាង​ច្រើន​លើក​ច្រើន​គ្រា​ហើយ​ ថា​​កុំ​ឲ្យ​សេព​គប់​ជាមួយ​គេ! ព្រោះ​គេ​ជា​ជន​ពាល តែ​អ្នក​នាង​មិន​ព្រម​ស្ដាប់​ខ្ញុំ! នេះ​បើ​កុំ​តែ​ខ្ញុំ​សង្ស័យ​គេ​! កុំ​អី​បែប​ស្រេច​បាត់​ទៅ​ហើយ!

ស្រស់​ស្រីបែរ​ភ័ក្ត្រ​ចេញ​អ្នក​កំលោះ​យើង​ ។ ចំណែក​ឯ​ ភក្ដី គេ​ប្រញាប់​ស្រវា​បាន​ខោ​អាវ រួច​ប្រញាប់​គេខ្លួន​យ៉ាង​រហ័ស ។

សំអឿន ដក​ដង្ហើម​ធំ រួច​ស្រដី​មក​កាន់​ឆោម​ស្ងួន​ជា​ថ្មី ៖
អ្នក​នាង​ប្រញាប់​រៀប​ចំ​ខ្លួន​ទៅ! អាវ​របស់​អ្នក​នាង​ ដាច់​ឡេវ​អស់​ហើយ!
ថារួច កំលោះ​យើង​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ទុក​ឲ្យ​ស្រស់​ស្រីឈរ​អៀន​ខ្មាស ចំពោះ​សភាព​របស់​ខ្លួន​ឯង​មិន​ស្ទើរ ហើយ​ជា​ពិសេស គឺ​ខ្មាស​ខ្លួន​ឯង​ ដែល​មក​ស្រវា​ឱប​ទ្រូង​កំលោះ​យើង ដោយ​ចិត្ត​អចេតនា​អម្បាញ់​មិញ​នេះ ។​ រៀប​ចំ​ខ្លួន​រួច​ មាណវី​ដើរ​ចេញ​មក​ខាង​ក្រៅ បោះ​វាចា​មក​អ្នក​កំលោះ​យើង ដែល​កំពុងឈរបែរ​ខ្នង​ដាក់​នួន​ល្អង ហើយ​ច្រត់​ដៃ​ទៅ​នឹង​ដើម​ត្នោត ៖

ខ្ញុំ​សុំ​ឲ្យ​អ្នក​ឯង​លាក់​រឿង​នេះ កុំ​ឲ្យ​លោក​ប៉ា​អ្នក​ម៉ាក់​ ដឹង​ឲ្យ​សោះ! សូម្បី​តែ​មិត្ត​ភក្ដី​របស់​ខ្ញុំ!
សំអឿន បែរ​ភ័ក្ត្រ​មក​នាង​ក្រមុំ ។ បាន​យល់​នូវ​ភ័ក្ត្រ​ដ៏​ស្រពាប់​ស្រពោនរបស់​ស្រី​ថ្លៃ ក្នុង​វេលា​នេះ បុរស​យើង​ជម្រុះ​វាចា​ទាំង​ក្រៀម​ក្រំ​ដួង​ចិន្ដា ៖
ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​អ្នក​នាង​គ្រប់​យ៉ាង! ព្រោះ​ខ្ញុំ​មាន​ឋានៈ​ ជា​កូន​ឈ្នួល​របស់​អ្នក​នាង! បើ​អ្នក​នាង​ប្រើ​ឲ្យ​ធ្វើ​អ្វី គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើ!
សំអឿន ញញឹម​ស្ងួត​បន្តិច​ រួច​ស្រដី​បន្ត​ទៅ​ទៀត ៖
តោះ! ប្រញាប់​ទៅ​អ្នក​នាង! ណារ៉ូ ប្រហែល​ជា​មើល​ផ្លូវ​ខ្ញុំ​ស្លាប់​ហើយ!
កញ្ញាម្ទេស​ខ្មាំង ប្រែ​ទឹក​មុខ​ភ្លាម​មួយ​រំពេច នៅ​ពេល​ដែល​ឮ​មិត្ត​កំលោះ​យើង និយាយ​ពី​ឈ្មោះរបស់​ ណារ៉ូ ។

សំអឿន គេ​បោះ​ជំហាន​ចេញ​ទៅ ទុក​ឲ្យ​នាង​ក្រមុំ​ដើរតាម​ក្រោយ​តិចៗ ក្នុង​ចិត្ត​កំពុង​ច្របូក​ច្រប​ល់​ជាច្រើន​បញ្ហា នៅ​លាយ​លំ​គ្នា​ ក្នុង​បេះ​ដូង​សម្ងាត់​នៃ​ស្រស់ស្រី ដែល​យើង​ពិបាកក្នុង​ការ​វាស់​ស្មាន​បាន​ថា ស្រី​ថ្លៃ​កំពុង​តែ​គិត​អំពី​អ្វី​ជា​ប្រាកដ​នោះ ។

យប់​នេះ​នៅ​លើ​ទោង​ខាង​ក្រោយ​ភូមិ​គ្រឹះ កំលោះ​ សំអឿន កំពុង​តែ​សម្លឹង​ទៅ​កាន់​បន្ទប់​ស្រស់​ស្រី​យើង​មិន​ដាក់​ភ្នែក ។ អ្នក​បារម្ភ​ខ្លាច​មាណវី​គិត​ផ្ដេស​ផ្ដាស ឬ​មួយ​ក៏​នាង​មិន​ស្រួល​ខ្លួន​ បាន​ជា​តាំង​ពី​មក​ដល់​ផ្ទះ​ភ្លាម នាង​សំងំ​តែ​នៅ​ក្នុង​បន្ទប់​រហូត មិន​ឃើញ​ចេញ​មក​សោះ សូម្បី​តែ​បាយ​ពេល​ល្ងាច ក៏​ពុំ​មាន​វត្តមាន​របស់​ស្រស់​ស្រី​នៅ​តុ​អាហារ​ដែរ ។ ទឹក​ចិត្ត​ព្រួយ​បារម្ភ ក្ដី​កង្វល់​ បាន​ដក់​ជាប់​ពេញ​ក្នុង​ផែន​ទ្រូង​ នៃ​ប្រុស​ថ្លៃ​យ៉ាង​ពេញ​ទំហឹង ហើយ​ពេល​នេះ​ បុរស​យើង​ចោទ​សំណួរ​មក​កាន់​ខ្លួន​ឯង ៖
តើ​នាង​កំពុង​តែ​ធ្វើ​អ្វី​ហ្ន៎? នាង​ប្រហែល​ជា​ព្រួយ​ចិត្ត​ពី​រឿង​ថ្ងៃ​មិញ​ទេ​ដឹង?
កំពុង​តែ​ស្លុង​អារម្មណ៍​នៅ​ក្នុង​ការ​គិត ស្រាប់​តែ​កំលោះ​យើង​អរ​ព្រើត ព្រោះ​ឃើញ​បង្អួច​នៃ​បន្ទប់​របស់​ស្រស់​កល្យាណ​ បើក​ឡើង​លេច​ចេញ​រូប​ក្រមុំ​យើង កំពុង​ឈរ​សម្លឹង​មក​រក​ប្រុស​កំលោះ​យើង ក្នុង​ភ័ក្ត្រ​ដ៏​ស្រពាប់​ស្រពោន​ក្រៀម​ក្រំ​ ខុស​ពី​សព្វ​មួយ​ដង ។

កំលោះ​យើង​ក៏​បាន​បង្ហើរ​នូវ​ស្នាម​ញញឹម​មួយ​យ៉ាង​ស្រស់ ទៅ​រក​ស្រស់​ស្រី​ ដោយ​ក្នុង​ចិត្ត​នឹក​សង្ឃឹម​ថា នឹង​បាន​ទទួល​នូវ​ការ​តប​ស្នង​ ពីស្នាម​ញញឹម​របស់​ស្រស់​ស្រី មក​រក​អ្នក​វិញ ប៉ុន្តែ​ក្ដី​សង្ឃឹម​ទាំង​នេះ​ ត្រូវ​រលាយ​សាប​សូន្យ​ ទៅ​តាម​កម្លាំង​ខ្យល់​បក់​អស់​គ្មាន​សល់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ស្រស់​ស្រី​ប្រញាប់​ទាញ​បង្អួច​បិទ​ភ្លាម ហាក់​ដូច​ជា​មិន​ចង់​ឃើញ​មុខ​អ្នក​កំលោះ​របស់​យើង​បន្តិច​សោះ​ឡើយ ។