kalib9

៧. ខឹង​​​ចិត្ត​​​ត្បិត​​​ប្រច័ណ្ឌ?

ព្រឹក​នេះ​ គឺ​ជា​ថ្ងៃ​នៃ​ការ​ប្រលងរបស់​កញ្ញា​យយើង​ ។ មាណវី​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត​បាត ស័ក្ដិសម​ជា​សិស្ស​សាលា​នារី ។
សំអឿន ត្រៀម​ខ្លួន​រួច​ជា​ស្រេច រង់​ចាំ​ជូន​ចៅ​ហ្វាយ​ស្រី​ចិត្ត​ក្ដៅ ទៅ​កាន់​មណ្ឌល​ប្រលង​ ។ ឆ្លង​កាត់​នូវ​រឿង​កន្លង​មក​នេះ ម្ទេស​ខ្មាំង​ ហាក់​ក្លាយ​ទៅ​ជា​មនុស្ស​មួយ​ថ្មី​ប្លែក​ពី​មុន គឺ​នាង​មិន​និយាយ​ស្ដី​ ជាមួយ​នរណា​មួយ​ម៉ាត់​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ សំបូរ និង​អ្នកស្រី មាន​ចម្ងល់​ជាខ្លាំង​ ចំពោះ​បុត្រី​ថ្លើម​ចិត្ត​តែ​មួយ​នេះ ។
នៅ​ឯ​ក្នុង​រថយន្ត​ឯ​ណោះ​វិញ សំអឿន ញញឹម​ស្រាល រួច​និយាយ​ដោយ​ឥរិយាបថ​សុភាពរាបសា មក​កាន់​ស្រី​ថ្លៃ​យើង ៖
អ្នក​នាង! ព្រឹក​នេះ​គេ​ប្រឡង​មុខ​វិជ្ជា​អ្វី​ខ្លះ​ដែរ​បាទ?
ស្រស់​ស្រី​អង្គុយ​ធ្មឹង មិន​ខ្ចី​ឆ្លើយតប សំអឿន វាចា​បន្ត ៖
ខ្ញុំ​ឮ ណារ៉ូ ប្រាប់​ថា ព្រឹក​នេះ​គេ​ប្រឡង​គណិតវិទ្យា និង​តែង​សេចក្ដី​មែន​ទេ អ្នក​នាង?
គ្រាន់​តែ​ឮ​នាយ​យើង​រំឭក​ដល់​ឈ្មោះ ណារ៉ូ ភ្លាម កញ្ញា​ម្ទេស​ខ្មាំង ប្រែ​មុខ​ទៅ​ជា​មួហ្មង​ភ្លាម​មួយ​រំពេច ។ មាណវី​ងាក​មុខ​កំហឹង​ សម្លឹង​ទៅ​រក​ផ្លូវ​ថ្នល់​ ។ មិត្ត​យើង​ញញឹម​ស្រស់​ ទាំង​ជម្រុះ​ជា​ថ្មី​នូវ​ប្រយោគ ៖
អ្នក​នាង! ខ្ញុំ​បាន​ត្រៀម​ប្រីយ៉ុង​មួយ​ចំនួន​ ទុក​ឲ្យ​អ្នក​នាង!
ខ្ញុំ​ចង់​ឲ្យ​អ្នក​នាង តាំងពី​ក្បាល​ល្ងាច​មិ្សល​មិញ​ម្ល៉េះ! តែ​ចង់​ជួប​អ្នក​នាង​មិន​បាន ព្រោះ​អ្នក​នាង​សំងំ​តែ​ក្នុង​បន្ទប់​រហូត! ខ្ញុំ​ខំ​ចាំ​មើល​អ្នក​នាង​ខាង​ក្រៅ ក្រែង​អ្នក​នាង​ចេញ​មក​យក​ខ្យល់​អាកាស តែ​បែរ​ជា​ខក​បេល​ឥត​អំពើ! ព្រោះ​គេ​មិន​ចង់​ឃើញ​មុខ​ខ្ញុំ​ឡើយ! ហើយ​ក៏​ប្រហែល​ជា​មិន​ចង់​បាន​ប្រីយ៉ុង ដែល​ជា​ស្នាដៃ​មនុស្ស​អន់ៗ​ ដូចជា​រូប​ខ្ញុំ​នេះ​ឡើយ!
ពោល​ចប់ សំអឿន ងាក​មុខ​មក​មើល​នាង​ក្រមុំ​បន្តិច ទើប​វាចា​បន្ត​ទៀត​ថា ៖
មើល​ទៅ​ប្រឺយ៉ុង​នេះ! ខ្ញុំ​ប្រហែល​ជា​ឲ្យ​ទៅ​ ណារ៉ូ សង្សារ​ខ្ញុំ​វិញ​ហើយ​មើល​ទៅ! ព្រោះ​ខ្ញុំ​ជឿ​ថា ណារ៉ូ គេ​ប្រាកដ​ជា​ទទួល​របស់​ខ្ញុំ​ ដោយ​រីករាយ​មិន​ខាន! មែន​ទេ​អ្នក​នាង?
ស្រស់​ស្រីក្ដាប់​មាត់​មុខ​ឡើង​ក្រហម ។ សំអឿន លួច​ញញឹម​ម្នាក់ឯង រួច​ក៏​និយាយ​ផ្គើន​ដាក់​នាង​ក្រមុំ​ ត​ទៅ​ទៀតថា ៖
បើ​ ណារ៉ូ នាង​ប្រឡង​ជាប់​កាលណា ខ្ញុំ​នឹង​វិល​ទៅ​ស្រុក​វិញ ឲ្យ​មីង​របស់​ខ្ញុំ​មក​ដណ្ដឹង​នាង​ ធ្វើ​ជា​ប្រពន្ធ​ហើយ! ព្រោះ​ខ្ញុំ​ស្រឡាញ់​ ណារ៉ូ ណាស់! ហើយ ណារ៉ូ ក៏​ស្រឡាញ់​ខ្ញុំ​ណាស់​ដែរ មែន​ទេ​​អ្នក​នាង? អ្នក​នាង​ប្រហែល​ជា​ដឹង ព្រោះ​អី ណារ៉ូ គេ​ជា​មិត្ត​របស់​អ្នក​នាង! អ្នក​នាង​មាន​ដែល​ឮ ណារ៉ូ និយាយ​អ្វី​ពីខ្ញុំ​ខ្លះ​ដែរ​ទេ?
មួយ​សំណួរ​របស់​មិត្ត​កំលោះ តម្រូវ​ឲ្យ​មាណវី​ក្ដៅ​ស្លឹក​ត្រចៀក​ង៉ឺង​ភ្លាម​ៗ ។ សំអឿន វិញ គេ​ងាក​មុខ​មក​ញញឹម​ស្រស់​ ដាក់​ស្រស់​ស្រី​យើង ។ នាង​ក្រមុំ​ប្រញាប់​គេច​មុខ​ចេញ​ភ្លាម ធ្វើ​កិរិយា​បែប​ព្រងើយ​កន្ដើយ​ ដើម្បី​កុំ​ឲ្យ​អ្នក​កំលោះ​យើង​ចាប់​ថ្នាក់​បាន រី​ឯ​ចិត្ត​ពិត​ប្រាកដ​របស់​នួន​នាង​វិញ គឺ​កំពុង​តែ​គ្នាន់​ក្នាញ់​នឹង​កំលោះ​យើង​ ចង់​តែ​ស្ទុះ​ទៅ​គ្រញិច​ មាត់​អ្នក​កុំ​ឲ្យ​និយាយ​ត​ទៅ​ទៀត ។
ដំណើរ​ការ​ប្រឡង​ក៏​បាន​ប្រព្រឹត្ត​ទៅ​ រីឯ​កំលោះ​សង្ហា​យើង​វិញ គេ​នៅ​រង់​ចាំ​ចៅ​ហ្វាយ​ស្រី រហូត​ដល់​ពេល​ចេញ​ពី​ប្រឡង ។
ម្ទេស​ខ្មាំង​ និង​ ណារ៉ូ ត្រសង​គ្នា​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង សំដៅ​មក​រក​លោក​គ្រូ​កំលោះ​របស់​យើង ។ បុរស​យើង​ញញឹម​សែន​ស្រស់ បោះ​វាចា​ចោទ​សួរ ៖
ម៉េច​ទៅ​ហើយ​ ណារ៉ូ ធ្វើ​ត្រូវ​ច្រើន​ទេ​អូន?
ណារ៉ូ សើច​ស្រស់ ៖
ចា៎! ធ្វើ​ត្រូវ​ច្រើន​ណាស់​លោកគ្រូ! ចំកន្លែង​ដែល​លោក​គ្រូ​បង្រៀន​ថ្ងៃ​មុន​នោះ​ណា៎!
នរៈ​បន្ត​ពំនោល​រីករាយ ៖
អ៊ីចឹង​សង្ឃឹម​ច្រើន​ហើយ?
ចាស! លោក​គ្រូ!
ឃើញ​ភាព​ព្រងើយ​កន្តើយ​របស់​គ្រូ​កំលោះ​ចំពោះ​ខ្លួន ហើយ​បែរ​ជា​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ ណរ៉ូ ដូច​នេះញ៉ាំង​ឲ្យ​ ម្ទេស​ខ្មាំង ក្ដៅ​ចិត្ត​ឮ​សូរ​តែ​ឆេវ​ ដូច​គេ​ចាក់​បាញ់​ឆែវ ។ រក​នឹក​ធ្វើ​អ្វី​និយាយ​អ្វី​មិន​បាន មិន​បង្អង់​ចាំ​យូរ ស្រស់​ស្រី​យើង​ក៏​ស្ទុះ​ទៅ​បើក​ទ្វារ​រថយន្ត រួច​ចូល​អង្គុយ​ធ្វើ​មុខ​មាំ ។
សំអឿន ឃើញ​ដូច្នេះ គេ​ធ្វើ​ជា​ជិត​ស្និទ្ធ​នឹង​ ណារ៉ូ ទ្វេ​ឡើង ។ ណារ៉ូ ហុច​ក្រដាស​មួយ​សន្លឹក​ ទៅ​ឲ្យ​លោក​គ្រូ​កំលោះ ទាំង​វាចា​ចោទ​សួរ ៖
លោក​គ្រូ! ខ្ញុំ​កត់​លំហាត់​មួយ​ខ្ទង់​នេះ​មក​សួរ​លោក​គ្រូ! ព្រោះ​ខ្ញុំ​មិន​ច្បាស់​ថា​ត្រូវ ឬ​ខុស នេះ​លោក​គ្រូ​សាក​ធ្វើ​បន្តិច​ទៅ​មើល!
សំអឿន គេ​ទទួល​ក្រដាស​លំហាត់​ពី​ដៃ​របស់​ ណារ៉ូ រួច​គេ​យក​មក​ធ្វើ​នៅ​លើគូទ​ឡាន​ បន្តិច​មក​ទើប​ចេញ​លទ្ធផល រួច​គេ​និយាយ​ទៅ​កាន់​ ណារ៉ូ ហាក់​មាន​ចេតនា​ចង់​ឲ្យ​នាង​ក្រមុំ​អង្គុយ​ ក្នុង​រថយន្ត​បាន​ឮ ៖
អូន ណារ៉ូ! មាន​ធ្វើ​ឃើញ​ដូច​បង​ដែរ​ទេ?
អូ៎! លោក​គ្រូ​ដូច​គ្នា​បេះ​បិទ!
ណារ៉ូ ហ៊ោ​សប្បាយ​ជាមួយ​ សំអឿន យ៉ាង​ជិត​ស្និទ្ធ​បំផុត ។
ម្ទេស​ខ្មាំង ទ្រាំ​នៅ​មើល​សភាព​ស្និទ្ធ​ស្នាល​ នៃ​អ្នក​ទាំង​ពីរ​ពុំ​បាន​ នួន​នាង​ក៏លូន​ទៅ​ចុច​ស៊ីប្លេ​ឡាន​ជាប់​ៗ​គ្នា រហូត​ផ្អើល​គេ​ផ្អើល​ឯង​គ្រប់​គ្នា ។
បុរស​យើង​សើច​ស្រស់​ រួច​វាចា​លា​សិស្ស​ក្រមុំ ៖
លោក​គ្រូ​ទៅ​សិន​ហើយ! បើ​នៅ​ទៀត កប៉ាល់​ប្រាកដ​ជា​ឆេះ​ជា​មិន​ខាន!
ចា៎! លោក​គ្រូ! អញ្ជើញ!
សំអឿន បញ្ជា​រថយន្ត​ចេញ​ទៅ​ទាំង​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ តែ​ម្នាក់​ឯង ។ ចំណែក​ម្ទេស​ខ្មាំង​វិញ ពុំ​មាន​ចេញ​វាចា​ស្ដី​អ្វី​មួយ​ម៉ាត់​ណា​សោះ រហូត​រថយន្ត​បាន​បញ្ជា​មក​ដល់​គេហដ្ឋាន ។
ល្ងាច​នេះ ពេល​ចេញ​មក​ពី​ប្រលង ស្រស់​ស្រី ម៉ានី បម្រុង​ដើរ​សំដៅ​មក​រក​រថយន្ត​ ដែល​ សំអឿន គេ​ចត​ចាំ​នៅ​ខាង​មុខ​មណ្ឌល​ប្រលង​នោះ ស្រាប់​តែ​ស្រស់​ភុំ​ផាន​ក្ដៅ​ចិត្ត​ឆេវ ព្រោះ​កែវ​ភ្នែក​ទាំង​សង​របស់​នួន​ស្រី បាន​យល់​នូវ​រូប​របស់​កំលោះ សំអឿន និង​ក្រមុំ ណារ៉ូ កំពុង​អង្គុយ​ញ៉ាំ​នំប័ុង​សាច់​ ជាមួយ​គ្នា​នៅ​ផ្ទះ​មួយ​ខាង​មុខ​សាលា ពួក​គេ​ញ៉ាំ​បណ្ដើរ​ជជែក​គ្នា​សើច​សប្បាយ​បណ្ដើរ ។
ប្រទះ​ឃើញ​នូវ​ទិដ្ឋភាព​បែប​នេះ ញ៉ាំង​ឲ្យ​ដួង​ចិន្ដា កញ្ញា​ម្ទេស​ខ្មាំង​ យើង​សែនចង្អៀត​ ពិបាក​នឹង​បរិយាយ​បាន​ណាស់ ។ ឆោម​ស្រស់​បាន​ត្រឹម​តែ​ក្ដាប់​មាត់​ ដោយ​ភ្លើង​កំហឹង​កំពុង​តែ​ឆេះ​ក្ដៅងំ​ក្នុង​ដួង​ចិត្ត​ក្រមុំ ។ ស្រស់​កល្យាណ​ប្រញាប់​គេច​មុខ​ចេញ ក្នុង​គោល​បំណង​មិន​ឲ្យ​កែវ​ភ្នែក​ស្រី មើល​ឃើញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ រវាង​គ្រូ​កំលោះ និង​សិស្ស​ក្រមុំ​មួយ​គូ​នេះ​ទៀត ។
មាណវី​យើង​បក់​ដៃ​ហៅ​ម៉ូតូ​ឌុប​មក​ជិះ​ចេញ​ទៅ​វឹង ទាំង​ទឹក​មុខ​ឡើង​ក្រហម ថែម​ទាំង​មាន​ទឹក​នេត្រា​រលីង​រលោង​ ជាប់​នឹង​ដួង​នេត្រា​ទាំង​សង​ទៀត​ផង ។
នួន​ល្អង​ក្ដាប់​មាត់​សម្រក់​ទឹក​នេត្រា ឲ្យ​ធ្លាក់​ចុះ​មក​ហូរ​កាត់​ផែន​ថ្ពាល់​ដ៏​ក្រពុំ​រលោង​ម៉ដ្ឋ​ខៃ ដែល​នេះ​គឺ​ជា​តំណក់​ទឹក​ភ្នែក ដែល​បាន​ទទួល​បញ្ជា​មក​ពី​បេះដូង​សម្ងាត់របស់​នួន​ស្រី ។
កែវ​ពិសីធ្វើ​មុខ​មាំ ហាក់​កំពុង​តាំង​ដួង​ចិន្ដា​សាជា​ថ្មី ដើម្បី​យក​ប្រៀប​ និង​យក​ជ័យ​ជម្នះ​លើ​ដួង​ចិត្ត ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ទន់​ខ្សោយ​នេះ និង​ដើម្បី​កុំ​ឲ្យ​ទឹក​ភ្នែក​នេះ​ស្រក់​ហូរ​មក​ទៀត ។
ចំណែក​ឯ​រូប​អ្នក​កំលោះ​យើង​ឯណេះ​វិញ បន្ទាប់​ពី​បែក​ជាមួយ​ ណារ៉ូ រួច​មក​ នាយ​យើង​ចាប់​ផ្ដើម​ប្រើ​ក្រសែ​ភ្នែក​ក្រឡាប់​ចុះ​ក្រឡាប់​ឡើង ដើម្បី​រក​មើល​ម្ចាស់​ស្រី ។
ដប់​ប្រាំ​នាទី​កន្លង​ផុត​ទៅ ទើ​ប​អ្នក​កំលោះ​យើង​យក​ទូរស័ព្ទ​ ពី​ក្នុង​ឡាន​មក​និយាយ ៖
អាឡូ!
អាឡូ! អ្នក​ណា​ហ្នឹង?
ខ្ញុំ! សំអឿន ណា៎ មីង​ម៉ាប់! ពេល​នេះ​អ្នក​នាង​នៅ​ឯ​ផ្ទះ​មែន​ទេ? ខ្ញុំ​សង្ស័យថា អ្នក​នាង​លួច​មក​ផ្ទះ​មុខ​ខ្ញុំ!
គឺ​អ្នក​នាង​ទើប​តែ​មក​ដល់​មុន​នេះ​ឯង! ចុះ​ក្មួយ​ឯង​មាន​រឿង​អ្វី​ជាមួយ​អ្នក​នាង​មែន​ទេ? បាន​ជា​អ្នក​នាង​មុខ​ឡើង​ក្រហម​ ដូចជា​ទើប​តែ​យំ​ហើយ​អ៊ីចឹង?
បាទ! គ្មាន​អី​ទេ មីង!
សំអឿន ដាក់​ទូរស័ព្ទ​ចុះ​ រួច​ញញឹម​ស្រស់​ម្នាក់​ឯង ។ កំលោះ​យើង​ក៏​ប្រញាប់​បញ្ជា​រថយន្ត​ត្រឡប់​មក​គេហដ្ឋាន​វិញ​ដែរ ។ រាត្រី​នេះ មហា​មេឃ​បាន​បង្អុរ​មក​នូវ​តំណក់​ទឹក​ភ្លៀង​រលឹម​ស្រិចៗ សរសៃ​ឆ្មារៗ​សឹង​តែ​ចាក់​ភ្នែក​មើល​មិន​យល់ ។ ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ កំលោះ​ សំអឿន កំពុង​តែ​ឈរ​ឱប​ដៃ​នៅ​ក្រោម​ដើម​ដូង​ចាង​ក្រោយ​ភូមិ​គ្រឹះ ។ អ្នក​កំលោះ​បែរ​ខ្នង​ទៅ​រក​បន្ទប់​របស់​ស្រស់​ស្រី ។
ខណៈ​នោះ​យុវនារី​យើង​បើក​បង្អួច​មក នាង​បាន​យល់​នូវ​រូបកាយ​របស់​ប្រុស​សង្ហា​យើង កំពុង​តែ​ឈរ​ឱប​ដៃ​ សម្លឹង​មើល​មេឃ​ហាក់​កម្សត់​ខ្លួន ។ មាណវី​ឈរ​លួច​គយ​គន់​ទៅ​អ្នក​ប្រុស​ថ្លៃ ដោយ​កែវ​នេត្រា​យ៉ាង​ទន់​ភ្លន់​ ដែល​ស្រស់​ស្រី​ពុំ​ដែល​ធ្លាប់​ប្រើ​ពី​មុន​មក​សោះ ។
សំអឿន បែរ​កាយ​មក​វិញ ក៏​បាន​យល់​នូវ​រូប​តុរណី​យើង កំពុង​តែ​ឈរ​នៅមាត់​បង្អួច​បង្ហាញ​កាយ​យ៉ាង​សោភា វិស័យ​បី​ដូចជា​ទេពធីតា ចុះ​មក​លេង​ឋាន​កណ្ដាល​មិន​ខុស ។ គ្រាន់​តែ​បាន​យល់​ភ័ក្ត្រ​នៃ​ប្រុស​កំលោះ តម្រង់​ឆ្ពោះ​មក​រក​ខ្លួន​ភ្លាម នារី​យើង​ក៏​ប្រញាប់​ទាញ​បង្អួច​បន្ទប់​បិទវិញ​យ៉ាង​រហ័ស ហាក់​ដូចជា​ខ្លាច​អំណាច​នៃ​ខ្សែ​ភ្នែក​បុរស ។
នៅ​ខាង​ក្នុង​បន្ទប់​ឯណេះ​វិញ អ្នកស្រី សន្យា ក៏​បាន​ចូល​មក​ដល់​ល្មម​ ក្នុង​ខណៈពេល​ដែល​ឆោម​ឆវី​ដើរ​មក​ដាក់​អង្គុយ​លើ​ពូក អ្នកស្រី​មក​អង្គុយ​ក្បែរ​កូន រួច​អង្អែល​ក្បាល​បុត្រី​ថ្នមៗ បញ្ជាក់​ពីចិត្ត​សន្ដោស​ប្រណី​ក្នុង​នាម​ជា​មាតា ។
សម្លឹង​ចំ​ភ័ក្ត្រ​កូន​ស្រី​ស្ងួន​បន្តិច ទើប​មាន​ប្រសាសន៍ ៖
ប៉ុន្មាន​ថ្ងៃ​នេះ កូន​ម៉េច​ក៏​មិន​និយាយ​ស្ដី​អ្វី​សោះ​អ៊ីចឹង? កូន​មិន​ស្រួល​ខ្លួន​ឬ?
ឆោម​ពិសី​ស្រដី​តប​ទៅ​មាតា​ ទាំង​ភ័ក្ត្រ​ញញឹម​រាង​ស្រពោន ៖
ចា៎ទេ អ្នក​ម៉ាក់! គឺ​មក​ពី​កូន​ចង់​នៅ​ស្ងប់​ស្ងាត់​ ដើម្បី​ប្រលង​ឲ្យ​បាន​ជាប់! ព្រោះ​បើ​កូន​មិន​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់ ហើយ​មូល​ទេ កូន​ប្រហែល​ជា​ប្រលង​មិន​ជាប់​ទេ!
ស្ដាប់​ឮ​វាចា​បុត្រី អ្នក​ស្រី​ញញឹម​ស្រស់​បន្ត​សម្ដី ៖
បើ​អ៊ីចឹង​មែន! ម៉ាក់​អស់​ភ័យ​ហើយ! អ៊ីនែ ម៉ាក់ឮ​ថា ម្សិលមិញ​កូន​ជិះ​ម៉ូតូ​ឌុប​មកផ្ទះ​ផង! កូន​ប្រាកដ​ជា​មាន​រឿង​អី​មិន​ស្រួល​ហើយ​មែន​ទេ? ប្រាប់​ម៉ាក់​មក!
នាង​ល្អ​ប្រញាប់​វាចា​បដិសេធ​ការ​យល់​ឃើញ​នៃ​មាតា​ស្រី ៖
គ្មាន​ទេ អ្នក​ម៉ាក់!
ស្រស់​ស្រីលួច​ក្ដាប់​មាត់​ នឹក​គ្នាន់ក្នាញ់​ម្នាក់​ឯង រួច​គិត​ក្នុង​ចិត្ត ៖
ហ៉ឹះ! ប្រុស​អី​ពូកែ​ទូល​ពិត​ដល់​ហើយ​ហ្ន៎!
អ្នកស្រី​អង្អែល​ក្បាល​កូន​ស្រី​ថ្នមៗ ទាំង​ភ័ក្ត្រ​ញញឹម​ស្រទន់ ៖
កូន​ល្មម​ចេះ​គិត​ហើយ! កុំ​ចេះ​តែ​ប្រើ​អារម្មណ៍​ឆេវ​ឆាវ​ខ្លាំង​ពេក! ធ្វើ​អ្វីៗ​ ត្រូវ​ចេះ​គិត​គូរ​ខ្លះ​ផង! កុំ​អាង​តែ​យើង​ជា​ចៅ​ហ្វាយ​គេ​ ចង់​ទៅ​ណា​មក​ណា មិនព្រម​ប្រាប់​គ្នា ធ្វើ​ឲ្យ​គ្នា​បារម្ភ​នឹង​កូន! នេះ​ក្មួយ​ សំអឿន គេ​ជា​មនុស្ស​ពូកែ​អត់​ធ្មត់! បើមិន​អ៊ីចឹង​ទេ គេ​ប្រាកដ​ជា​លា​ឈប់​ជា​មិន​ខាន​ឡើយ!
ស្រស់​កល្យាណ​ហាក់​ដូចជា​ក្ដៅ​ចិត្ត​ឆេវ កាល​បើ​ឮ​វាចា​អ្នក​ម្ដាយ​លើក​សរសើរ​អំពី​អ្នក​កំលោះ​យើង ។ នាង​លួច​ចោទ​សំណួរ​សួរ​ខ្លួន​ឯង​ក្នុង​ខណៈ​នេះ​ថា ៖
ហេតុ​អ្វី​បាន​ជា​លោក​ប៉ា​អ្នកម៉ាក់ ស្រឡាញ់​ចូល​ចិត្ត​អាគាត់​ហ្នឹង​ម្ល៉េះ? ខុស​គ្នា​ជាមួយ​នឹង​សូហ្វ័រ​មុនៗ​ឆ្ងាយ​ណាស់!
ឃើញ​សភាព​កំពុង​តែ​ភ្លន់​ភ្លឹក​ភ្លេច​ខ្លួន​របស់​មាស​ស្ងួន មាតា​ស្រី​ប្រញាប់​ឧទាន​ឡើង ៖
ម៉ានី កូន!
ចា៎! ម៉ាក់!
ស្រស់ស្រី​ភ្ញាក់​ពី​ការ​កំពុងរិះ​គិត ៖
ម៉ាក់​ទៅ​វិញ​ហើយ! កូន​ប្រញាប់​គេង​ចុះ ស្អែក​ទៅ​ប្រលង​មួយ​ថ្ងៃ​ទៀតផង!
ចា៎! ម៉ាក់!
ពេល​ម្ដាយ​ចេញ​ផុត ស្រស់​ស្រី​ទម្រេត​កាយ​លើ​ពូក​ថ្នមៗ ដួង​ចិត្ត​ក្រមុំ កែវ​ភ្នែក​ក្រមុំ ពេល​បិទ​ម្ដងៗ ស្រាប់​តែ​ហាក់​ដូចជា​ឃើញ​​រូប​កំលោះ សំអឿន នៅ​នឹង​មុខ​ដ៏​ជិត​បង្កើយ​បំផុត ។ ស្រស់ស្រី​ខំហាម​ដួង​ចិត្ត​មិន​ឲ្យ​នឹក មិន​ឲ្យ​គិត គឺ​ពិត​ជា​មិន​បាន​នឹក​ហើយនឹក​ទៀត ទ្រូង​សែន​ចង្អៀត​រក​ថ្លែង​មិន​ត្រូវ​សោះ ។
ភាព​ស្រស់​សង្ហា មាន​ប្រជាប្រិយ​ប្រកប​ទៅ​ដោយ​កែវ​នេត្រា​ខ្មៅ​ស្រិល​ បីដូច​និល​ឆ្នៃ ទឹក​មុខ​ញញឹម​មាន​សម្រស់​នៃ​មន្ត​ស្នេហ៍ន​ដ៏ចម្លែក ហាក់​ឲ្យ​ស្រី​ចេះ​តែ​ចង់​លួច​គយ​គន់​ ដោយ​ចិត្ត​គ្នាន់​ក្នាញ់ស្អប់ បង្កប់​នូវ​ចិត្ត​លួច​ស្នេហ៍ ។ ចំពោះ​វាចា​បុរស​ ពេល​និយាយ​ស្ដី​សុទ្ធ​តែ​បង្កប់​នូវ​អត្ថន័យ​ផ្ចាញ់​ផ្ចាល បណ្ដាល​ឲ្យ​ដួង​ចិត្ត​ដែល​រឹង​ដូច​ដែក​​នៃ​ស្រី​ថ្លៃយើង ហាក់​ប្រែ​ទៅ​ជា​ទន់​ ដោយ​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ ។
គុណសម្បត្តិ​គ្រប់​ចំណុច​ខាង​លើ​នេះ គឺ​កំពុងតែ​មានឥទ្ធិពល​មក​គ្រប​សង្កត់លើ​ដួង​ចិត្ត​ របស់​ក្រមុំ​យើង​យ៉ាង​ចម្លែក បណ្ដោយ​ឲ្យ​ដួង​ចិន្ដា​ស្រី​ថ្លៃ​ ចេះតែ​នឹក​គិតនឹក​មមៃ​ពី​គេ​នោះ​ជានិច្ច បើ​ទោះ​បីជា​នាង​ក្រមុំ​ខិតខំ ផ្ចង់​ស្មារតី​បំភ្លេច​រូប​គេ​យ៉ាង​ណា ក៏​លទ្ធផល​នៃ​ការ​បំភ្លេច​នេះ គឺ​រឹង​រឹត​តែ​ធ្វើ​ឲ្យ​ចិត្ត​នួន​នាង​ កាន់​តែ​នឹក​ដល់​រូប​គេ​នោះលើស​ដើម​ទៅ​វិញ ។
តើ​នេះ​ជា​អ្វី​ទៅ​ហ្ន៎? ហេតុ​អ្វី​ក៏​គេ​ម្នាក់​នោះ ធ្វើ​ឲ្យ​អារម្មណ៍របស់​ខ្ញុំ​ខ្វាយ​ខ្វល់​ចម្លែក​ម្ល៉េះ? ឬ​មួយ​ក៏​ខ្ញុំ​ស្រឡាញ់​គេ​ទេ​ដឹង? ទេ​ៗ​គ្មាន​ផ្លូវ​ទេ! ខ្ញុំ​មិន​អាច​អ៊ីចឹង​បាន​ទេ!
មួយ​សំណួរ​នេះ គឺ​កំពុង​តែ​ចោទ​ពេញ​ក្នុង​ខួរ​ក្បាលរបស់​កញ្ញា​យើង រហូត​ដល់​លង់​លក់​ទាំង​អារម្មណ៍​ខ្វាយ​ខ្វល់ រសាប់​រសល់​ក្នុង​ដួង​ចិត្ត រក​យល់​មិន​បាន​ថ្លែង​មិន​ត្រូវ អំពី​ជម្រៅ​ចិត្ត​របស់​ខ្លួន​ស្រី​ផ្ទាល់ ។