kalib9

៨. វិប្បដិសារី

ព្រឹក​នេះ​កំលោះ សំអឿន កំពុង​ចត​ឡាន​រង់​ចាំ​អ្នក​នាង​ម្ចាស់ ។ ពេល​នោះ មីង​ម៉ាប់​ក៏​ដើរ​ចូល​មក​រក​អ្នក​កំលោះ​យើង​ ទាំង​ស្រដី ៖
អ្នក​នាង​ជិះ​ម៉ូតូ​ឌុប​ទៅ​តាំង​ពី​ព្រលឹម​ម្ល៉េះ!
ថា​រួច​ មីង​ម៉ាប់​ក៏​ដើរ​ទៅ​ ។ សំអឿន អ្នក​ឈរ​ធ្មឹង​ដូច​រូប​ចម្លាក់ នាយ​យើង​ដក​ដង្ហើម​ធំ​ ធ្វើ​មុខ​ស្ងួត ។ ខណៈ​នោះ លោក​ សំបូរ ក៏​ចូល​មក​រក​នាយ​យើង ។

លោក​យក​ដៃ​អង្អែល​ស្មា​អ្នក​កំលោះ ហាក់​ស្និទ្ធ​ស្នាល រួម​នឹង​ប្រសាសន៍ ៖
កូន​ស្រី​មួយ​នេះ​ពិបាក​ក្មួយ​បន្តិច​ហើយ! ក្មួយ​ត្រូវ​តែ​ព្យាយាម​បន្តិច!
អ្នក​កំលោះ​ញញឹម​ស្រាល តប​វាចា​ដោយ​កិរិយា​រាប​សា ៖
បាទ! មិន​អី​ទេ លោក​អ៊ំ! ក្មួយ​សុំ​ទៅ​តាម​អ្នក​នាង​ហើយ!
ក្មួយ​ប្រញាប់​ទៅ​ចុះ!
ចំណែក​ឯ​នៅ​មណ្ឌល​ប្រលង​វិញ មិន​ទាន់​មាន​សិស្ស​នៅ​ឡើយ​ទេ ។

សំអឿន គេ​បើក​ឡាន​តិច​ៗ សំដៅ​មក​រក​ស្រស់​ស្រី​យើង ដែល​កំពុង​តែ​ឈរ​ម្នាក់​ឯង​យ៉ាង​ស្ងៀម​ស្ងាត់ ។ សំអឿន ប្រញាប់​ចេញ​ពី​ក្នុង​រថយន្ត​ ដើរ​សំដៅ​មក​រក​ស្រស់ស្រី​យើង​​ ទាំង​វាចា ៖
អ្នក​នាង! ម៉េច​ក៏​មក​ចោល​ខ្ញុំ​អ៊ីចឹង?
មាណវី​ងាក​មុខ​ចេញ​ មិន​ខ្ចី​ឆ្លើយ​តប​នឹង​សំណួរ​របស់​មិត្ត​យើង ។
អ្នក​នាង​! តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​មែន​ទេ? បាន​ជា​អ្នក​នាង​មិន​ព្រម​និយាយ​រក​ខ្ញុំ​សោះ​យ៉ាង​នេះ?
ស្រស់​ត្រាណ​ត្រើយ​បោះ​ជំហាន​ ដើរ​ចេញ​ទៅ​ទាំង​មិន​ខ្ចី​ឆ្លើយ​តប ។ សំអឿន ដើរ​តាម​ក្រោយ​បណ្ដើរ​វាចា​បណ្ដើរ ៖
អ្នក​នាង​ចូល​សាលា​ហើយ​មែន​ទេ? អ្នក​នាង​មិន​ទាន់​ញ៉ាំ​អី​ផង​ហ្នឹង? ក្រែង​ទៅ​ជា​ខ្យល់​ណា៎! តោះ​យើង​រក​អី​ញ៉ាំ​សិន!

ស្រស់ស្រី​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ​ដដែល សំអឿន ទាល់​តម្រិះ​នឹង​និយាយ​ គេ​ក៏​ទៅ​ទិញ​នំបុ័ង​សាច់​មួយ​ រត់​យក​មក​ឲ្យ​មាណវី ៖
អ្នកនាង​! យក​នំបុ័ង​សាច់​នេះ​ទៅ​ញ៉ាំ​ចុះ! កុំ​ឲ្យ​រមូល​ពោះ ក្រែង​ប្រលង​មិន​កើត​ណា៎!
ស្រស់ស្រីមិន​ខ្ចី​ឆ្លើយ​តប នៅ​តែ​ធ្វើ​កិរិយា​ព្រងើយ​កន្ដើយ​ដដែល ។ សំអឿន​ គេ​បង្ខំ​ហើយ​បង្ខំ​ទៀត រហូត​ទាល់​តែ​ស្រស់ស្រី​ព្រម​ទទួល​យក ។

នរៈ​យើង​ញញឹម​ស្រស់ នឹក​ស្មាន​ថា ស្រស់ស្រី​យើង​ព្រម​ទទួល​យក​ដោយ​សុទ្ធ​ចិត្ត តែ​បែរ​ជា​ខក​បំណង​ទៅ​វិញ ពីព្រោះ​កញ្ញា​យើង​បែរ​ជា​គ្រវាត់​នំបុ័ង​នោះ​ចោល​ទៅ​ដី រួច​ដើរ​វឹង​ចូល​ក្នុង​មណ្ឌល​ប្រលង មិន​ខ្ចី​ងាក​មើល​ក្រោយ​បន្តិច​សោះ​ឡើយ ។

សំអឿន ឈរ​ដក​ដង្ហើម​ធំ​តាម​សម្លឹង​មើល​ដំណើរ​ស្រស់ស្រី ក្នុង​ភ័ក្ត្រ​ស្រពាប់​ស្រពោន​ គួរ​ឲ្យ​អាណិត​អាសូរ ។

នៅ​ឯ​ក្នុង​បន្ទប់​ប្រលង​ឯណោះ​វិញ និមល​យើង​កំពុង​អង្គុយ​ច្រត់​ចង្កា កែវ​ភ្នែក​បង្កប់​នូវ​ក្ដី​ទុក្ខ​ព្រួយ​ មិន​ស្រស់​ស្រាយ​ដួង​ចិត្ត ។

វេលា​នោះ សិស្ស​នារី​ម្នាក់​កាន់​នំបុ័ង​មួយ និង​ទឹក​ក្រូច​មួយ​កំប៉ុង ដើរ​សំដៅមក​រក​ស្រស់​នួន​ល្អង​ទាំង​ស្រដី ៖
ម៉ានី! នៅ​ខាង​មុខ​សាលា គឺ​មាន​បុរស​ម្នាក់​សួរ​គេ​សួរ​ឯង​ថា មាន​នរណា​ប្រលង​នៅ​បន្ទប់​នេះ​ដែរ​ទេ? ចៃដន្យ​ជួប​ខ្ញុំ ហើយ​គាត់​ក៏​ពឹង​ខ្ញុំ​ឲ្យ​យក​នំបុ័ង និង​ទឹក​ក្រូច​នេះ​មក​ឲ្យ​ឯង! ពេល​នេះ​គាត់​នៅ​ខាង​មុខ​សាលា​ឯណោះ!
ម៉ានី ទទួល​យក​ រួច​ដើរ​ចេញ​មក​ខាង​មុខ​បន្ទប់ ។ នាង​ចោល​ភ្នែក​ទៅ​របង​សាលា​ឃើញ សំអឿន កំពុង​ញញឹម​រក​នាង ។ នួន​នាង​ក៏​បង្ខំ​ចិត្តញញឹម​ស្ងួត​ តប​ទៅ​អ្នក​ប្រុស​កំលោះ​វិញ តែ​ស្នាម​ញញឹម​នេះ​ត្រូវ​រលាយ​បាត់​ទៅវិញ​ភ្លាមៗ​ដែរ នៅ​ខណៈ​ពេល​ដែល​កែវ​ភ្នែក​របស់​ស្រស់ស្រី​យើង​ប្រទះ​ឃើញ​ក្រមុំ ណារ៉ូ កំពុង​ដើរ​មក​ឈរ​ក្បែរ​ខ្លួន​អ្នក​ប្រុស​ថ្លើម​ថ្លៃ ។ យល់​នូវ​ទិដ្ឋភាព​នេះ ស្រស់​និមល​ប្រញាប់​ងាក​មុខ​ចេញ​ភ្លាម​យ៉ាងរហ័ស រួច​និយាយ​ទៅ​កាន់​សិស្ស​ស្រី​នោះ ៖

ខ្ញុំ​ញ៉ាំ​រួច​ហើយ! ឯង​យក​ទៅ​ញ៉ាំ​ចុះ!
សិស្ស​ស្រី​ទទួល​យក​ទាំង​ទឹក​មុខ​រីករាយ ៖
អរគុណ​ហើយ! ខ្ញុំ​កំពុង​តែ​ឃ្លាន​ផង!
មាណវី​ដើរ​វឹង​ចូល​ក្នុង​បន្ទប់​ប្រលង ទាំង​កំហឹង​លាយ​នឹង​ទឹក​នេត្រា ។

ពេល​ចេញ​ពី​ប្រលង​វិញ សំអឿន គ្រាន់តែ​ក្រឡេក​ឃើញ ម៉ានី នាង​ចេញ​មក​ភ្លាម​ អ្នក​ប្រញាប់​ស្ទុះ​ទៅ​ទទួល​នាង​ដោយ​រីករាយ ។

បុរស​ចោទ​សំណួរ​ទៅ​កាន់​នរនាថ ទាំង​ភ័ក្ត្រ​ដិត​ដាម​ដោយ​ស្នាម​ញញឹម​បង្កប់​នូវ​មន្ត​ស្នេហ៍ សណ្ដំ​ដួង​ចិត្ត​ស្រី​ថ្លៃ ៖
អ្នកនាង! ព្រឹក​នេះ​ធ្វើ​បាន​ច្រើន​ទេ? ហើយ​ចុះ​ ណារ៉ូ មិន​ទាន់​ចេញ​មក​ទេ? ណារ៉ូ មិន​ដឹង​ថា​ធ្វើ​បាន​ច្រើន​ ឬ​ក៏​អត់​ទេ! ខ្ញុំ​ដូចជា​បារម្ភ​ខ្លាំង​ណាស់!
សម្ដី​នេះ គឺ​មិន​ខុស​ពី​ភ្លើង ដែល​មក​ដុត​កំដៅ​ដួង​ចិត្ត​ស្រី​ថ្លៃ ឲ្យ​ក្ដៅ​រោល​រាល​នោះ​ឡើយ ។ ឆវី​ធ្វើ​ហាក់​មិន​រវល់​ និង​មិន​ស្គាល់​មិត្ត​កំលោះ​របស់​យើង ។

នាង​ក្រមុំ​បែរ​ភ័ក្ត្រ​ធ្វើ​ហី រួច​ដើរ​ទៅ​រក​ម៉ូតូ​ឌុប ហើយ​ឡើង​ជិះ​ធ្វើ​ព្រងើយ ហាក់​ពុំ​រវល់​នឹង​កំលោះ​យើង ដែល​កំពុង​រត់​តាម​ពី​ក្រោយ​ម៉ូតូ​ឌុប ដែល​ស្រីជិះ​នេះ​ឡើយ ។

ម៉ូតូ​ឌុប​បើក​យឺតៗ មិន​អាច​បើក​លឿន​បាន​ទេ ព្រោះ​ផ្លូវ​ចង្អៀត​ ដោយ​សារ​ចំនួន​បេក្ខជន​ប្រលង​មាន​ច្រើន ។ កំលោះ​យើង​រត់​តាម​ម៉ូតូ​ពី​ក្រោយ​តិចៗ​ ទាំង​វាចា ៖
អ្នកនាង! អ្នកនាង​ម៉េច​ក៏​មិន​ព្រម​ទៅ​ជាមួយ​ខ្ញុំ​អ៊ីចឹង? អ្នកនាង! តើ​អ្នកនាង​ខឹង​នឹង​ខ្ញុំ​រឿង​អ្វី? សូម​អ្នក​នាង​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង?

ម៉ានី បញ្ជា​ឲ្យ​ម៉ូតូ​បន្ថែម​ល្បឿន រហូត​កំលោះ​យើង​រត់​តាម​លែង​បាន ។ ស្រស់ស្រី​ឆ្លៀត​បែក​ភ័ក្ត្រ​មក​រក​កំលោះ​យើង ក៏​បាន​យល់​នូវ​ភ័ក្ត្រ​ដ៏​ស្រពាប់​ស្រពោន​នៃ​ប្រុស​ថ្លៃ ដែល​ពេល​នេះ​អ្នក​កំពុង​តែ​ឈរ​ធ្មឹង​ ដក​ដង្ហើម​ធំ​តាម​សម្លឹង​មើល​រូប​នាង​មិន​ដាក់​ភ្នែក ។

នាង​ល្អ​ប្រញាប់​ងាក​មុខ​ចេញ ទាំង​មាន​តំណក់​ទឹក​ភ្នែក​សម្ងាត់​ កំពុង​តែ​ហូរ​ស្រោច​មក​លើ​ផែន​ថ្ពាល់​ដ៏​ក្រពុំ ទាំង​ទ្វេ​របស់​នាង​ក្រមុំ​ទៀត​ផង ។

ល្ងាច​នេះ គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ការ​ប្រលង​របស់​ស្រស់​ស្រី​យើង ។ ភាព​ព្រងើយ​កន្ដើយ​របស់​នឹម​នួន​ ចំពោះ​អ្នក​កំលោះ​យើង គឺ​នៅ​តែ​មាន​ដដែល​ ពេល​ទៅ​ប្រលង ពេល​ចេញ​មក​ពី​ប្រលង​ គឺ​មាណវី​យើង​ជិះ​ម៉ូតូ​ឌុប​ជានិច្ច គឺ​ពុំ​ខ្ចី​ឲ្យ​មិត្ត​យើង​ជូន​ឡាន​ឡើយ ។

ល្ងាច​នេះ​ពេល​ត្រឡប់​មក​ពី​ប្រលង​ដល់​ផ្ទះ​វិញ ប្រុស​កំលោះ​យើង​ គឺ​បាន​ឈរ​នៅ​ចំ​ពី​មុខ​បន្ទប់​របស់​ស្រស់ស្រី​យើង ។ ពេល​មាណវី​ចេញ​មក​ភ្លាម មិត្ត​យើង​ប្រញាប់​ដើរ​មក​ឈរ​ក្បែរ​កាយ​ស្រី ទាំង​រលាស់​នូវ​វាចា​ដ៏​ក្រៀម​ក្រំ​ភ្លាម​ថា ៖
អ្នកនាង! សូម​អ្នកនាង​ប្រាប់​ខ្ញុំ​មក​ថា ហេតុ​អ្វី​បាន​ជា​អ្នក​នាង​ មិន​ព្រម​និយាយ​រក​ខ្ញុំ​ សូម្បី​មួយ​ម៉ាត់​​យ៉ាង​នេះ? អ្នក​នាង​ខឹង​ខ្ញុំ​រឿង​អី? តើ​ខ្ញុំ​នេះ​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​នាង? សូម​មេត្តា​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ខ្លួន​ផង! ខ្ញុំ​នឹង​កែ​ខ្លួន!

មិន​ខ្ចី​ឆ្លើយ​តប មាណវីក៏​បោះ​ជំហាន​ដើរ​ចេញ​ទៅ តែ​ត្រូវ​កំលោះ​ សំអឿន ដើរ​ពាំង​ផ្លូវ​ពី​មុខ​នួន​នាង​ជាប់ រួច​បោះ​សម្ដី​ក្រៀម​ស្រពោណ​ភក្ត្រា​សាជា​ថ្មី ៖
អ្នកនាង​! ម៉េច​ក៏​អ្នកនាង​ គ្មាន​ហេតុ​ផល​សោះ​យ៉ាង​នេះ?

ស្រស់ស្រី​ងាក​កាយ​បម្រុង​ដើរ​​ចូល​ទៅ​ក្នុង​បន្ទប់​វិញ តែ​ត្រូវ​មិត្ត​កំលោះ​តយើង​ចាប់​ក.ដៃ​របស់​នាង​ជាប់ ទាញ​កាយ​ស្រី​ឲ្យ​មក​ក្បែរ​ខ្លួន​របស់​អ្នក​ដ៏​ជិត​បង្កើយ រីឯ​ក្រមុំ​របស់​យើង​វិញ ញ័រ​ខ្លួន​បី​ដូចជា​កូន​សត្វ បេះ​ដូង​ចរណៃចាប់​ផ្ដើម​រញ្ជួយ​ញាប់​ញ័រ​ស្មាន មិន​ដល់​ទាល់​តែ​សោះ​ថា ឋានៈ​ត្រឹម​តែ​សូហ្វ័រ​ឡាន​ហ៊ាន​ប្រព្រឹត្ត​កិរិយា​ ដូច្នេះ​មក​លើ​នាង​ឡើយ ។ កំលោះ សំអឿន សម្លឹង​ចំ​មុខ​នាង​ក្រមុំ រួច​វាចា​ក្នុងរលក​សំឡេង​ស្រាល​ស្រទន់ ៖

បើ​អ្នក​នាងខឹង​នឹង​ខ្ញុំ​ ដោយ​គ្មាន​ហេតុផល​យ៉ាង​ដូច្នេះ! អ្នកនាង​ប្រាកដ​ជា​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​នាង​ស្រឡាញ់​ខ្ញុំ​ ប្រច័ណ្ឌ​ខ្ញុំ​ជាមួយ​នឹង​ ណារ៉ូ មែនទេ? អ្នកនាង​ប្រាប់​ខ្ញុំ​តាម​ត្រង់​មក!
ស្រស់ស្រី​ប្រញាប់​គ្រលាស់​ដៃ​យ៉ាង​រហ័ស ចេញ​ពី​ប្រអប់​ដៃ​របស់​មិត្ត​យើង រួច​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ទាញ​ទ្វារ​បិទ ឮ​សូរ​គ្រាំង ។ សំអឿន សម្ដែង​ទឹក​មុខ​ក្រៀម​ក្រំ​ទ្វេ​ដង រួច​ស្រដី​ដោយ​សំឡេង​ស្រាលៗ​ ជា​ចុង​ក្រោយ ៖

ខ្ញុំ​សូម​ប្រាប់​អ្នកនាង​ថា ខ្ញុំ​ស្រឡាញ់​អ្នក​នាង​ខ្លាំង​ណាស់! មួយ​ជីវិត​នេះ បើ​គ្មាន​អ្នកនាង​ទេ! ខ្ញុំ​សុខ​ចិត្តរស់​នៅ​តែ​ឯង​អស់​មួយ​ជីវិត! ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ បើ​គ្មាន​អ្នក​នាង!
បញ្ចប់​នូវ​ពំនោល​សោយ​សោក​នេះ មិត្ត​កំលោះ​យើង​បោះ​ជំហាន​ដើរ​ចេញ ទៅ​ដោយ​កិរិយា​អស់​សង្ឃឹម​ជាទី​បំផុត ។

ពេល​មាណព​យើង​ចាក​ចេញ​ទៅ​ផុត ស្រស់ស្រី​ទាញ​ទ្វារ​ថ្នមៗ តាម​មើល​ដំណើរ​ប្រុស​កំលោះ ដោយ​ក្ដី​សោកា​ក្នុង​ដួង​​ចិត្ត​ពេក​កន្លង ។ នួន​ល្អង​ចាប់​ផ្ដើម​បង្ហូរ​ទឹក​ភ្នែក​នៃ​ការ​សង្វេគ​ចិត្ត​តែ​ម្នាក់​ឯង​ឯកា ។ ឆោម​នារី​នឹក​ទៅ​ដល់​សកម្មភាព​របស់​គេ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​នៅ​ពេល​ដែល​រូបភាព​នៃ​ការ​គិត​នេះ ឃើញ​រូប​ប្រុស​កំលោះ​យើង​ស្និទ្ធ​ស្នាល​នឹង​ ណារ៉ូ នោះ ស្រស់ស្រី​យើង​ក៏​ប្រញាប់​ជូត​ទឹក​ភ្នែក​ ធ្វើ​មុខមាំ​បង្កប់​ដោយ​ក្ដី​កំហឹង​វិញ ភ្លាម​មួយ​រំពេច​ដែរ ។

នៅ​ក្នុង​ទិវា​នេះ ស្រស់​កល្យាណ​បើក​បង្អួច​ រួច​ចោល​ក្រសែ​ភ្នែក​ដ៏​សែន​ក្រៀម​ស្រពោណ និស្ស័យ​បី​ដូចជា​ផ្កា​គ្មាន​ទឹក និង​គ្មាន​ម្ចាស់​ថ្នាក់​ថ្នម​ថែ​ បាញ់​ឆ្ពោះ​ទៅ​រក​ទីកន្លែង​ដែល​មិត្ត​ប្រុស​កម្សត់​របស់​យើង ធ្លាប់​មក​ឈរ​អង្គុយ​បណ្ដែត​អារម្មណ៍​នៅ​ទីនេះតែ​ម្នាក់​​ឯង​រាល់​ទិវា​រាត្រី ប៉ុន្តែ​ពេល​នេះ​បាត់​រូប​ប្រុស​ថ្លៃ​សូន្យ​ឈឹង សូម្បី​តែ​ស្រមោល​ក៏​មិន​បាន​យល់​ផង ស្រស់ស្រី​ដក​ដង្ហើម​ធំ រួច​ស្រដី​តិចៗ ទាំង​ភក្ត្រ​ដិត​ដាម​ដោយ​ទឹក​នេត្រា​កម្សត់ ៖

ថ្ងៃ​នេះ​ម៉េច​ក៏​គេ​មិន​ចេញ​មក​អ៊ីចឹង​ហ្ន៎? រាល់​ថ្ងៃ​គេ​តែង​តែ​មក​ទីនេះ មិន​ដែល​ខក​ខាន​ឡើយ!
កល្យាណី​ដក​ដង្ហើម​ធំ រួច​បង្វែរ​កាយ​ដើរ​យឺតៗ មក​អង្គុយ​លើ​ពូក​វិញ ។ ខណៈ​ពេល​នោះ​ មីងម៉ាប់ លើក​ចាន​បង្អែម​ដើរ​ចូល​មក​រក​ស្រី​ថ្លៃ​យើង​ទាំង​វាចា ៖
អ្នកនាង! ពិសា​បបរ​ល្ពៅ​នេះ ឆ្ងាញ់​ណាស់! ជា​របស់​ដែល​អ្នក​នាង​ចូល​ចិត្ត!
ឆោម​ឆើត​តប​ទាំង​សោះ​កក្រោះ ៖
ទុក​ហ្នឹង​ចុះ មីង!

មីង​ម៉ាប់ ដាក់​ចាន​បង្អែម និង​កែវ​ទឹក​លើ​តុ ។ សម្លឹង​ចំ​ភក្ត្រ​ក្រៀម​ក្រំ​របស់​មាណវីយើង​បន្តិច ទើប​មីងម៉ាប់ ចោទ​សំណួរ ៖
ម៉េច​ហើយ​អ្នកនាង! រឿង​ប្រលង​នោះ សង្ឃឹម​ដែរ​ទេ?
ស្រស់​ទេវីញញឹម​តប​ទាំង​ស្រពោន​ភក្ត្រា ៖
សង្ឃឹមណា៎ មីង!
ខ្ញុំ​ឃើញ​អ្នកនាង​មុខ​ក្រៀមរហូត! ស្មាន​ថា​អ្នកនាង​គ្មាន​សង្ឃឹម! ចុះ​ម៉េច​ក៏អ្នកនាង​ក្រៀម​ក្រំម្ល៉េះ? ឬ មួយ​ក៏​មាន​រឿង​ឈ្លោះ​ជាមួយ​ក្មួយ សំអឿន? បាន​ជា​មិន​និយាយ​ជាមួយ​គេ​សោះ ហើយ​ក៏​មិន​ព្រម​ឲ្យ​គេ​ជូន​ទៅ​ប្រលង​ទៀត!

ទង​វង​ពុំ​មាន​វាចា​អ្វី​ សម្រាប់​តប​ឆ្លើយ​ចំពោះ​សំណួរ​របស់​ មីងម៉ាប់ ក្រៅ​ពី​នៅទ្រឹង​មួយ​កន្លែង ។ មីងម៉ាប់ ដកដង្ហើម​ធំ​បន្តិច​ រួច​ទើប​វាចា​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ ៖
គួរ​ឲ្យ​អាណិត​គេ​ដែរ! ធ្លាប់​រស់​នៅ​ជាមួយ​គ្នា ឥឡូវ​គេ​លាឈប់​បាត់​ហើយ!
ធីតា​ស្រី​ប្រញាប់​បញ្ជាក់​សួរ ដោយ​ក្ដី​រន្ធត់​ដួង​ចិត្ត ៖
ថា​ម៉េច! គេ​លាឈប់​ឬ មីង?
មីងម៉ាប់ ងក់​ក្បាល​ទាំង​ឆ្លើយ​តប​ក្នុង​ទឹក​មុខ​កម្សត់ ៖
ចា៎! គេទៅ​បាត់​ហើយ!

ថា​រួច មីងម៉ាប់​ ក៏ដើរ​ចេញ​ទៅវិញ ចំណែក​ឯ​មាណវី​យើង​អង្គុយ​ភាំង​ ស្មាន​មិន​ដល់​ទាល់​តែ​សោះថា មិត្ត​កំលោះ​យើង​ទៅ​ចោល​​នាង​បាត់ ដោយ​គ្មាន​ពោល​ពាក្យ​ថា​​លា​អ្វី​មួយ​ម៉ាត់​ទាល់​តែ​សោះ ។ បេះដូង​របស់​នាង​ក្រមុំ​យើង ចាប់​ផ្ដើម​រញ្ជួយ​ញាប់​ញ័រ​ឯងៗ ដោយ​អំណាច​នៃ​សេចក្ដី​សោក​ស្ដាយ​យ៉ាង​ពេក​ពន់ ។ វិប្បដិសារី​ក៏​បាន​កំពុង​ចូល​មក​ដុក​ដាន់​ដួង​ចិន្ដា​នៃ​ស្រី​ថ្លៃ ឲ្យ​កើត​ចិត្ត​នឹក​ស្រណោះ​អាឡោះ​អាល័យ ដល់​រូប​មិត្តកំលោះ​យើង គ្មាន​វិនាទី​ណា​នឹង​អាច​ឲ្យ​ទ្រូង​ស្រី​រសាយ​ពីចិត្ត​នឹក​នេះ​បាន​ឡើយ ។

តំណក់​ទឹក​ភ្នែក​ជាសាក្សី តំណាង​នៃ​សេចក្ដី​ស្រឡាញ់ សេចក្ដី​អាណិត សេចក្ដី​សោក​ស្ដាយ​ដ៏​រៀប​រាប់​ពុំ​បាន ក៏​កើត​មាន​ឡើង​យ៉ាង​ប្រត្យក្ស​ក្នុង​ថិរវេលា​នេះ​ដែរ ។ បេះដូង​ដ៏​ក្រពុំ​ដូច​ផ្កា​របស់​នួន​ស្រី បាន​ថត​រូប​អ្នក​កំលោះ​យើង​ជាប់​ មិន​ដឹង​តាំង​ពីពេល​ណា​មក ហើយ​វេលា​នេះ គឺ​ដល់​វិនាទី ដែល​នួន​នាង​ត្រូវ​សារភាព​ប្រាប់​ខ្លួន​ឯង​ថា នាង​ពិត​ជា​ស្រឡាញ់​រូប​មិត្ត​កំលោះ​យើង​ខ្លាំង​ណាស់ ក្នាញ់​គេ​លួច​ប្រច័ណ្ឌ​រូប​បុរស​យើង​តែ​ម្នាក់​ឯង ។

អ្វីៗ​ដែល​ស្រស់​និមល​បាន​ធ្វើ​ទៅ​លើ​មិត្ត​យើង​កន្លង​មក គឺ​សុទ្ធ​តែ​ជា​រូបភាព​បោក​បញ្ឆោត​ដួង​ចិត្ត​ខ្លួន​ឯង​ទាំង​អស់ ។ ទំហំ​នៃ​ការ​សោក​ស្ដាយ​ស្រណោះ​នេះ គឺ​គ្មាន​នរណា​ម្នាក់​អាច​ស្មាន ឬ​វាស់​ស្ទង់​អំពី​ជម្រៅចិត្ត​ពិត​ប្រាកដ​របស់​ស្រី​ឆ្នើម​បាន​ ក្រៅ​អំពី​នាង​ខ្លួន​ឯង​នោះ​ឡើយ ។

ស្រស់​ស្រីលើក​ហត្ថ​មក​ផ្ដិត​ ទឹក​នេត្រា​កម្សត់​លើ​រង្វង់​ភក្ត្រ រួច​ក្រោក​វឹង​ចុះ​ទៅ​ខាង​ក្រោម សំដៅ​ទៅ​រក​ទីដែល​អ្នក​ប្រុស​ថ្លៃ​ធ្លាប់មក​ទី​នេះ​រាល់​ថ្ងៃ ។ អ្វី​ៗ​ដែល​ធ្លាប់​មាន​នៅ​ទីនេះ ពីមុន​មក​ទាំង​ប៉ុន្មាន គឺ​នៅ​តែ​មាន​វត្តមាន​ឲ្យ​ស្រស់​ស្រីយើង បានឃើញ​ និង​​បាន​យល់​ដដែល​ទេ! ទោង​ ដើម​ដូង ដែល​ប្រុស​ស្នេហ៍​ស្នង​ធ្លាប់​មក​ឈរ​បណ្ដែត​អារម្មណ៍​ ច្រៀង​លេង​កម្សាន្ត​ល្វើយៗ ក៏​នៅ​មាន​វត្តមាន​នៅ​ទីនេះ​ដដែល​ទេ! ប៉ុន្តែ​ឥឡូវ​នេះ នៅ​ទីនេះ​ម្ដេច​ក៏​បាត់​រូប​ប្រុស​ថ្លៃ​ ទៅ​ទីណា​បាត់​ហើយ?

ស្រស់​ស្រី​ងើប​កាយ​យាត្រា​ សំដៅ​ទៅ​រក​បន្ទប់​ដែល​កំលោះ​ សំអឿន គេ​ធ្លាប់​ឈរ​បង្រៀន​សិស្ស​ក្រមុំ​យើង​កន្លង​មក ។ ទីស្ថាន​ដែល​ធ្លាប់​អ៊ូអរ ដោយ​សំឡេង​ជជែក​គ្នា​រវាង​គ្រូ និង​សិស្ស ក៏​ប្រែ​ទៅ​ជា​ស្ងាត់​បាត់​សូន្យ​ឈឹង លែង​បាន​យល់​នូវ​ភាព​រីករាយ វិស័យ​បីដូចបក្សី​ព្រាត់​សំនៀង​សប្បាយ​ក្អាកក្អាយ ដោយ​ឥទ្ធិពល​នៃ​អំណាច​ធម្មជាតិ​ បញ្ចេញ​នូវ​កម្ដៅ​ដ៏​ក្ដៅ​ហួត​ហែង​ គ្មាន​ក្ដី​មេត្តា​យ៉ាង​ដូច្នេះ ។

ទឹក​ភ្នែក​របស់​ស្រី​ថ្លៃ​ក្នុង​គ្រា​នេះ មាន​តម្លៃ​ពុំ​គ្រប់​គ្រាន់​សម្រាប់​ដង្ហោយ​ហៅ​រូប​ប្រុស​ថ្លៃ​ ឲ្យ​វិល​ត្រឡប់​មក​រក​រូប​នាង​វិញ​បាន​ឡើយ!

ឆោម​ស្រស់​ធ្វើ​ការ​សន្មត​ក្នុង​ចិត្ត​ខ្លួន​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ​ គ្មាន​ថ្ងៃ​ណា​ដែល​រូប​ស្រី​ថ្លៃ​ បាន​យល់​រូប​អ្នក​ទៀត​ឡើយ ។ ស្រស់ស្រី​ប្រញាប់​សំដៅ​ទៅ​រក​បន្ទប់​ដែល​កំលោះ សំអឿន ធ្លាប់​ស្នាក់​នៅ​ ក៏​នៅ​តែ​ពុំ​បាន​ជួប​រូប​ជួប​ភ័ក្ត្រ​ប្រុស​ស្នេហ៍​ស្នង​យើង​ដដែល ។

ខោ​អាវ អីវ៉ាន់ របស់​របរ​ផ្សេងៗ​របស់​អ្នក​កំលោះ​យើង ក៏​បាត់​អស់​ទៅ​តាម​រូប​ម្ចាស់​អ្នក​ គ្មាន​សល់​នៅ គឺ​នៅ​សល់​តែ​អ្វី​ដែល​ជា​របស់​ដើម ធ្លាប់​មាន​ពី​មុន​មក​តែ​ប៉ុណ្ណោះ ។ ស្រស់ស្រី​ហាក់​ស្រយុត​អស់​អង្គ​ប្រាណ ។ នួន​នាង​ដាក់​កាយ​ចុះ​លើ​ពូក​ ទាំង​បង្ហូរ​ទឹក​នេត្រា​ជោក​ផែន​ថ្ពាល់ ដ៏​រលើប​រលោង​ទាំង​សង ។

ស្រស់ស្រី​ប្រញាប់​ទៅ​យក​រូប​ថត​មួយ​សន្លឹករបស់​នាង ដែលដាក់​លើ​តុ ។ នាង​បែរ​ខ្នង​រូប​ថត​ ក៏​បាន​យល់​នូវ​សំណេរ​របស់​ សំអឿន ។
គេ​ធ្វើ​ឆ្មើង​ឆ្មៃ! គេ​ធ្វើ​ព្រងើយ​កន្ដើយ! គេ​ស្អប់​ខ្ពើម​ខ្ញុំ! ព្រោះ​ខ្ញុំមាន​ឋានៈតូច​ទាប មិន​សក្ដិ​សម​នឹង​គេ​ឡើយ! លា​ហើយ! លា​មួយ​ជីវិត! គ្មាន​ពេល​ណា​នឹង​វិល​ត្រឡប់​វិញ​ឡើយ!
មាណវី​ឱប​រូប​ថត យំ​ក្ដុក​ក្ដួល​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង ស្រណោះ​សម្ដី​បុរស​កំពូល​ដួង​ចិត្ត ។ ខណៈ​នោះ​ លោក​ សំបូរ និង​អ្នកស្រី សន្យា ក៏​ចូល​មក​រក​បុត្រី ។

អ្នកស្រី​អង្អែល​ក្បាល​កូន​ស្រី ដោយ​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ រួម​ជាមួយ​ប្រសាសន៍ ៖
សំអឿន គេ​លា​ឈប់​ ព្រោះ​គេ​ប្រាប់​ប៉ា​ម៉ាក់​ថា កូន​លែង​ត្រូវ​ការ​រូប​គេ​ជា​សូហ្វ័រ​ឡាន​ទៀត​ហើយ! សំអឿន គេ​ស្លួត​ណាស់ ម៉េច​ក៏​កូន​ធ្វើ​យ៉ាង​នេះ?
លោក សំបូរ មាន​ប្រសាសន៍ ៖

តាំង​ពី​ក្មួយ សំអឿន គេ​មក​នៅ​ផ្ទះ​នេះ! ប៉ា​សង្កេត​ឃើញ​ថា កូន​ខំ​រៀន​ច្រើន​ណាស់! មិន​សូវ​ដើរ​ឡេង​ច្រើន​ដូច​មុនៗ​ឡើយ! សំអឿន គេ​ស្លូត​បូត​សុភាព​រាបសា​ណាស់! កូន​មិន​គួរ​ធ្វើ​ឲ្យ​បាត់​បង់​គេ​អ៊ីចឹង​សោះ!
ប្រសាសន៍​របស់​មាតា​បិតា​ទាំង​ពីរ​ប្រាណ តម្រូវ​ឲ្យ​នួន​នាង​ល្អ​ដាក់​មុខ​ចុះ​ជា​ប្រញាប់ មិន​មាន​វាចា​ចេញ​ស្ដី​តប​ទៅ​វិញ​ឡើយ ។ អ្នកស្រី​ញញឹម​មក​កាន់​បុត្រី​បណ្ដូល​ចិត្ត ទាំង​មាន​ប្រសាសន៍​ផ្លាស់​ចូល​សាច់​រឿង​ថ្មី ៖

ម៉ាក់​មក​រកកូន ព្រោះ​ចង់​ប្រាប់​កូន​ថា កូន​ប្រុស​មិត្ត​របស់​លោក​ប៉ា​កូន ដែល​នៅ​កំពង់​សោម​នោះ គេ​នឹង​ចូល​ស្ដី​ដណ្ដឹង​កូន​នៅអាទិត្យ​ក្រោយ​នេះ ហើយ​នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះតែ​ម្ដង រឿង​នេះ ម៉ាក់​ធ្លាប់​បង្ហើប​ប្រាប់​កូន​រួច​ហើយ!
មាណវី​យើង​ហាក់​កាន់​តែ​តឹង​ណែន​ អួល​ផ្សា​ចិត្ត​ទ្វេ​ឡើង នៅ​ពេល​ដែល​នាង​ឮ​ដំណឹង​នេះ ប៉ុន្តែ​ពេលនេះ គឺ​ការ​ចាក​ចេញ​របស់​ សំអឿន តែ​មួយ​មុខ​គត់​ ទើប​ជា​មូល​ហេតុ ដែល​មាន​ឥទ្ធិពល​គ្រប​សង្កត់​ដួង​ចិត្ត​ស្រស់ស្រី​យើង ឲ្យ​មាន​អារម្មណ៍​វង្វេង និង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សោក​ស្ដាយ​ ជំនួស​នូវ​អំពើ​ដែល​នាង​បាន​ធ្វើ​មិន​គួរ​គប្បី ទៅ​លើ​រូប​មិត្ត​យើង​កន្លង​មក ។

error: Content is protected !!