kalib9

៩. ជួប​​​ស្នេហ៍​​​បែរ​​​ធ្វើ​​​ហី

ពេល​វេលាកន្លង​ផុត​ទៅ​ដ៏​តឹង​តែង​បំផុត សម្រាប់​ដួង​ចិត្ត​ដែល​សោយ​ទុក្ខ​ គ្មាន​ពេល​រសាយ​របស់​ស្រស់ស្រី​យើង ។ រាល់​ៗ​វិនាទី និង​គ្រប់​ដង្ហើម​ចេញ​ចូល​នៃ​ស្រី​ថ្លៃ គឺ​នឹក​ទៅ​ដល់​រូប​ប្រុស​ស្នេហ៍​ស្នង​តែមួយ មិន​អាច​បំភ្លេច​បាន ។ តំណក់​ទឹក​ភ្នែក​នៃ​សេចក្ដី​ស្នេហា​ដំបូង គឺ​ជា​សញ្ញា​នៃ​វិប្បដិសារី ដែល​កំពុង​តែ​ជេរ​ស្ដី​រូប​នាង គ្មាន​ពេល​រសាយ ។ ចិត្ត​រឹង​មានះ ជីវិត​ដែល​ធ្លាប់​ភព​ប្រសព្វ តែ​ភាព​សម​បំណង​យក​ប្រៀប​លើ​អ្នក​ដទៃ​ជានិច្ច​នោះ ខណៈ​នេះ​ប្រែ​បែរ​ជា​ចុះ​ចាញ់​ នូវ​សេចក្ដី​ស្នេហា​ដែល​កើត​ចេញ​អំពី​សេចក្ដី​ស្អប់ ហាក់​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ថា ជីវិត​ស្រី​នឹង​មក​ជំពប់​នូវ​រឿង​បែប​នេះ​សោះ​ឡើយ ។ ភក្ត្រា​ដ៏​ស្រពាប់​ស្រពោន​ ដិតដាម​នូវ​ស្នាម​ទុក្ខ​សោក​ គ្មាន​ពេល​ស្បើយ​ទុក្ខ ។ ស្នូរ​ដង្ហើម​ធំ​ ដែល​ផុស​ចេញអំពី​ផែន​ទ្រូង​នៃ​ស្រស់ស្រី គឺ​មិន​អាច​ជា​ការ​លាក់​បាំង​ពី​ក្រសែភ្នែក​របស់​លោក សំបូរ និង​អ្នកស្រី សន្យា បាន​នោះ​ឡើយ ។

លោក​ទាំង​ពីរ​បាន​ត្រឹម​តែ​សម្លឹង​មុខ​គ្នា ហើយ​ជម្រុះ​នូវ​ស្នូរ​ដង្ហើម​ធំ ក្នុង​ខណៈ​ពេល​បាន​ជួប​ភ័ក្ត្រ​បុត្រី​ថ្លើម​ចិត្ត ។ រៀង​រាល់​ទិវារាត្រី ស្រស់​ស្រី​តែង​តែ​មក​ឈរ​គយ​គន់​ សម្លឹង​មើល​ទៅ​ដួង​ច័ន្ទ​ដែល​រះ​លើ​មេឃា ដែល​ហាក់ដូច​កំពុង​តែ​សើច​ចំអក​ចំពោះ​រូប​នាង ដែល​ជា​មនុស្ស​មាន​និស្ស័យ និង​អត្ត​ចរិត​ពិបាក​យល់ ធ្វើ​អ្វីៗ​ហាក់​គិត​តែ​ពី​ចង់​ឈ្នះ​អ្នកដទៃ ឲ្យ​គេ​គោរព​ និង​កោត​សរសើរ​ខ្លួន​ឯង ។ ប៉ុន្តែ​នៅ​ទី​បំផុត​ អ្នក​ដែល​ចុះ​ចាញ់​នោះ គឺ​ជា​រូប​ខ្លួន​ឯង​ផ្ទាល់​ទៅ​វិញ ។

មាណវី​គេង​យំ​ឱប​ទុក្ខ​រៀង​រាល់​ទិន​ទិវា​រាត្រី មាន​តែ​ខ្នើយ​ទេ ដែល​ជា​មិត្ត​របស់​ចិត្ត​យល់​ថ្លើម ចូល​រួម​រំលែកទុក្ខ និង​ជា​អ្នក​ផ្ដិត​នូវ​ទឹក​នេត្រា​កម្សត់ នៃ​ស្រី​ថ្លៃ​យើង​បាន ។

បន្ទាប់​ពី​រៀប​ចំ​នូវ​ពិធី​ស្ដី​ដណ្ដឹង​រួច​រាល់​អស់​ហើយ លទ្ធផល​នៃ​ការ​ប្រលង​ក៏​ដល់​ពេល​ត្រូវ​ប្រកាស​ដែរ គឺ​ក្រោយ​ពី​ពិធី​ស្ដី​ដណ្ដឹង​ចំនួន​បួន​ថ្ងៃ ។ ហើយ​ពេល​នេះ​គូ​ដណ្ដឹង​របស់ ម៉ានី ជា​អ្នក​បើក​ឡាន​ជូន​នាង​ទៅ​មើល​លទ្ធផល​ប្រលង​តែ​ម្ដង ។

គូ​ដណ្ដឹង​របស់​ ម៉ានី យើង​មាន​ឈ្មោះ​ថា ឧត្ដម គេ​ជា​បុរស​មាន​រូប​រាង​សង្ហា​ខ្ពស់​ស្រលះ សក្ដិ​សម​ជា​តួអង្គ​បុរស​ពិតៗ មាន​ទុក​ពុក​មាត់​ជា​លម្អ​ សម​នឹង​សក់​វែង​ដល់​កញ្ចឹង.ក ជា​របៀប​បុរស​ចាយ​រាង​លេង​ខ្លួន តាម​បែប​ផែន​មនុស្ស​សម័យ​ថ្មី បើ​ប្រៀប​ធៀប​ជាមួយ សំអឿន គឹ​មាន​សម្រស់​ម្យ៉ាង​ៗ​ម្នាក់ គឺ​អាច​ប្រលង​ប្រជែង​គ្នា​បាន ។

ខណៈ​នេះ សិស្ស​ទាំង​អស់​កំពុង​ស្រែក​ហ៊ោ ត្រេក​អរ​នូវ​ជោគជ័យ​ នៃ​លទ្ធផល​ប្រលង​របស់​ពួក​គេ ហើយ​ក៏មាន​អ្នក​ខ្លះ​ទៀត​ធ្វើ​មុខ​ស្អុយ ហើយ​អ្នក​ខ្លះ​យំ ព្រោះ​បរាជ័យ​ក្នុង​ការ​ប្រលង ។ ចំណែក​ឯ​ ណារ៉ូ និង​ ដានី បាន​ជាប់​ជា​ស្ថាពរ ។ ពួក​នាង​ប្រញាប់​យក​ដំណឹង​នេះ​មក​ប្រាប់ ម៉ានី ដែល​កំពុង​នៅ​ក្រៅ​របង​សាលា​ជាមួយ​គូ​ដណ្ដឹង ។ ដានី ពោល​ដោយ​ត្រេក​អរ ៖

ម៉ានី! ពួក​យើង​ជាប់​អស់​ហើយ ឯ ភក្ដី និង សារ៉ា ធ្លាក់​ហើយ! នេះ​ហើយ​លទ្ធផល​នៃ​ការ​ដើរ​លេង​ច្រើន ពុំ​ខំរៀន​របស់​ពួក​គេ​នោះ!
ម៉ានី ធ្វើ​ហាក់​មិន​ចាប់​អារម្មណ៍ ។ ដានី ពោល​បន្ត ៖
នែ! ម៉ានី ពួក​យើង​ប្រលង​ជាប់​ណា៎ ក៏ដោយ​សារ​តែ​លោក​គ្រូ សំអឿន ដែរ! ទាំង​តែង​សេចក្ដី ទាំង​គណិតវិទ្យា គឺ​ចេញ​ដូច​គាត់​បង្រៀន​ទាំង​អស់! ពេល​នេះ​គ្នា​ចង់​ទៅ​អរគុណ​គាត់ តែ​គាត់​ពុំ​ដឹង​ជា​ទៅ​នៅ​ទី​ណា​ហើយ​ទេ?

ឮ​សម្ដី ដានី ភ្លាម ស្រស់ស្រី​ប្រែ​ភក្ត្រ​ទៅ​ជា​ក្រៀម​ក្រំ​មួយ​រំពេច ។ អារម្មណ៍​ និង​វិញ្ញាណ​ស្រី​ថ្លៃ​គ្មាន​ពេល​បាន​ក្សេម​ក្សាន្ត​បន្តិច​សោះ​ឡើយ ។ មាណវី​ស្រណោះ​ដល់​ទី​កន្លែង​ ដែល​នាង​កំពុង​តែ​ឈរ​នេះ​ហើយ គឺ​ជា​ទីកន្លែង​ដែល សំអឿន គេ​ធ្លាប់​ឈរ​រង់​ចាំ​ខ្លួន ហើយ​ពេល​ដែល​ស្រស់ស្រី​ចេញ​ពី​ប្រលង​ម្ដងៗ អ្នក​តែង​តែ​ស្ទុះ​មក​សួរ​បញ្ជាក់​ពី​ចិត្ត​ចង់​ដឹង និង​ក្ដី​ព្រួយបារម្ភ តែ​នួន​នាង​បែរ​ភ័ក្ត្រ​ធ្វើហី ធ្វើ​មិន​យល់​មិន​ខ្វល់​ពី​ចេតនារម្មណ៍​របស់​មិត្ត​យើង​បន្តិច​ណា​សោះ ។ ផ្លូវ​ថ្នល់​នេះ​ហើយ ដែល​មិត្ត​យើង​ធ្លាប់​រត់​ដេញ​តាម​ម៉ូតូ​ឌុប ដែល​នាង​ជិះ​នោះ ។

ស្រី​កល្យាណ​នឹក​ឃើញ​ដល់​ភក្ត្រ​ដ៏ស្រពាប់​ស្រពោន​នៃ​ប្រុស​ថ្លៃ ហាក់​ដូចជា​នៅ​ថ្មីៗ បានញ៉ាំង​ឲ្យ​ដួង​ហឫទ័យ​នៃ​ស្រស់ស្រី​ ឲ្យ​រឹង​រឹត​តែ​សោក​សៅ​ គ្មាន​អ្វី​ប្រៀប​ស្មើ​បាន ។

តំណក់​ទឹក​ភ្នែក​នៃ​សេចក្ដី​សោក​ស្ដាយ និង​នឹក​រឭក​ដ៏​មហិមា​ ធ្វើ​ឲ្យ​នារី​យើង​ឆាប​ឆួល​ដួង​ចិត្ត​ ចង់​ថប់​ដង្ហើម ព្រោះ​តែ​នឹក​រូប​អ្នក​ខ្លាំង​ពេក ។
ម៉ានី! ហេតុ​អី​ឯង​យំ?
ម៉ានី ធ្វើ​ជា​ញញឹម​ រួច​វាចា​រាង​អួល​អាក់​តប​ទៅ​ ដានី វិញ ៖
គឺ​មក​ពី​គ្នា​រំភើប​ពេក​ហ្នឹង​ណា៎!
ណារ៉ូ ធ្វើ​មុខ​ក្រៀម ៖

ម៉ានី! ពេល​នេះ​ឯង​មាន​ដឹង​ថា លោក​គ្រូ​នៅ​ឯ​ណា​ដែរ​ទេ? គ្នា​ចង់​ជួប​នឹង​លោក​គ្រូ​ខ្លាំង​ណាស់! គ្នា​ចង់​អរគុណ​គាត់!
ម៉ានី តប​ទាំង​ស្រពោន ៖
គ្នា​ក៏​មិន​ដឹង​ដែរ!
ឧត្ដម វាចា​កាត់​ដោយ​រីករាយ ៖
តោះ! កុំ​រវល់​តែ​ជជែក​គ្នា! ឡើង​ឡាន​ទាំង​អស់​គ្នា​មក! ទៅ​រក​ញ៉ាំ​អី​ ដើម្បី​អបអរ​ម្ដង!
ដានី និង ណារ៉ូ ទទួល​យក​នូវ​ការ​អញ្ជើញ​ពី​កំលោះ ឧត្ដម ដោយ​អំណរ ។ ចំណែក​ឯ​មាណវី​យើង​វិញ គឺ​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​លទ្ធផល​ នៃ​ការ​ប្រលង ឬការ​ដើរ​កម្សាន្ត​ញ៉ាំ​អាហារ ដើម្បី​អបអរនេះ​បន្តិច​សោះ​ឡើយ ។

ថ្ងៃ​អាទិត្យ​នេះ ឧត្ដម គេ​បាន​សុំ​លោក​ សំបូរ និង​អ្នកស្រី សន្យា នាំ​ ម៉ានី ទៅលេង​នៅ​ក្រុង​ព្រះសីហនុ ។ លោក​ទាំង​ពីរ​ក៏​បាន​អនុញ្ញាត​ ដោយ​ឲ្យ​ មីង​ម៉ាប់ ទៅ​ជាមួយ​បាន​ជា​គ្នា ។ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កំពង់​សោម ធម្មជាតិ​ទាំង​អស់​សម្លឹង​មើល​ទៅ​ ដូចជា​ក្រៀម​ក្រំ​ណាស់ ហាក់​បី​ដូចជា​ចូល​រួម​ចំណែក​រំលែក​ នូវ​ក្ដី​ទុក្ខ​ព្រួយ​របស់​ស្រស់ស្រី​យើង​ផង​ដែរ រីឯ​ដង​ព្រៃ​ជ្រលង​ជួរ​ភ្នំ ស្ទឹង អូរ បឹងបួ សម្រស់​ដ៏ស្រស់​បំព្រង​នៃ​ធម្មជាតិ​ទាំង​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​បរិសុទ្ធ​នៃ​ជីវិត​ចិត្ត​ថ្លើម និង​ស្ងប់​ស្ងាត់​មិន​ចេះ​ប្រែ​ប្រួល ដែល​ខុស​ពី​ជីវិត​ចិត្ត​ថ្លើម​របស់​មនុស្ស រហូត​មិន​អាច​ប្រៀប​បាន ចិត្ត​របស់​មនុស្ស​ប្រែ​ប្រួល​រាល់​វិនាទី ស្អប់​ថ្ងៃ​នេះ ស្រឡាញ់​នៅ​ថ្ងៃ​ស្អែក ថ្ងៃ​នេះ​ជួប​ ថ្ងៃ​ស្អែក​បែក ជួប​ហើយ​ម្ដេច​ព្រាត់ មាន​ថ្ងៃ​នេះ​ ម្ដេច​ចាំ​បាច់​មាន​ថ្ងៃ​ស្អែក? បើ​មាន​ថ្ងៃ​ស្អែក ម្ដេច​ក៏​មិន​ព្រម​ឲ្យ​ដូច​ថ្ងៃ​នេះ?

គឺ​ជីវិត​ចិត្ត​ថ្លើម​របស់​មនុស្ស​ប្រែ​ប្រួល​ជានិច្ច ។ សំណើច​ចំអក​នៃ​ព្រហ្មលិខិត​ រង់​ចាំ​សើច​ចំអក​ឲ្យ​មនុស្សរាល់​ថ្ងៃ កម្រិត​ឲ្យ​មនុស្ស​ស្អប់​គ្នា​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ ឬ​ខាន​ស្អែក កម្រិត​ឲ្យ​មនុស្ស​ស្រឡាញ់​គ្នា​វិញ ពេល​ដែល​ដាក់​ចិត្ត​ស្រឡាញ់​ហើយ ស្រាប់​តែ​មក​កម្រិត​ឲ្យ​គេ​បែក​បាក់​គ្នា​ទៅ​វិញ?

ឆោម​ស្រស់​នឹក​មមៃ​ថា បើ​ដំណើរ​កម្សាន្ត​លើក​នេះ មាន​វត្តមាន​របស់​កំលោះ​ សំអឿន មក​ជាមួយ​ដែរ​នោះ នួន​ស្រី​មិន​ដឹង​ជា​មានការ​សប្បាយ​រីករាយ ក្នុង​ចិត្ត​ដល់​កម្រិត​ណា​ទេ? នួន​ល្អង​ជឿ​ជាក់​ថា វត្តមាន​របស់​ប្រុស​កំលោះ​យើង ប្រាកដ​ជា​ធ្វើ​ឲ្យ​ចិន្តា​ស្រី​ថ្លៃ បាន​ស្បើយ​ទុក្ខ និង​ក្លាយ​ទៅ​ជា​ឱសថ​ទិព្វ​ដ៏ស័ក្ដិសិទ្ធិ សម្រាប់​ព្យាបាល​ដួង​ចិត្ត ដែល​ក្រៀមស្វិត​ស្រពោន​របស់​ស្រស់​កល្យាណ ឲ្យ​រីក​ដូច​ផ្កា​ ដែល​យល់​ទឹក​សន្សើម​បាន​ជាក់​ជា​មិនខាន ។

កំពុង​តែ​បណ្ដែត​អារម្មណ៍​រាយ​មាយ​ទៅ​ឆ្ងាយ ស្រាប់​តែ​រថយន្ត​ក៏ធ្វើ​ដំណើរ​មក​ដល់ ហើយ​ឈប់​ចត​នៅ​កន្លែង​លោក​យាយ​ម៉ៅ​ទៅ​ហើយ ។

ឧត្ដម ងាក​មក​និយាយ​ជាមួយ​មាណវី ជា​គូដណ្ដឹង ៖
តោះ! អូន​ទៅ​រក​អុជ​ធូប​ សុំ​សេចក្ដី​សុខ​សិន!
ស្រស់​ស្រីបើក​ទ្វារ​រថយន្ត​ ចេញ​ដំណាល​គ្នានឹង មីង​ម៉ាប់ ព្រម​ទាំង​មាន​កាន់​ផ្លែ​ឈើ និង​ធូប​ទៅ​ជាមួយ​ផង​ដែរ ។

ឧត្ដម អុជ​ធូប​ រួច​គេ​ងាក​មក​រកស្រស់​ស្រី​ទាំង​ស្រដី ៖
អូន​ដុត​ធូប​ចុះ! បង​យក​លុយ​ទៅ​ចូល​បុណ្យលោកតា ខាង​ណោះ​បន្តិច​សិន!
មាណវី​យក​ធូប​មក​អុជ រួច​បួង​សួង​តិចៗ ព្រោះ​មិន​ចង់​ឲ្យ​ មីង​ម៉ាប់ ដែល​កំពុង​ឈរ​អុជ​ធូប​ក្បែរ​នោះ ស្ដាប់​ឮ​វាចា​ស្រី នាំ​ឲ្យ​កើត​ចិត្ត​ខ្មាស​អៀន ៖

សូម​លោក​យាយ​ម៉ៅ! មេត្តា​ធ្វើ​ជា​សាក្សី​នៃ​ចិត្ត​ចៅ​ផង! ប្រុស​ម្នាក់​ឈ្មោះ សំអឿន ដែល​បាន​ឈរ​អុជ​ធូប​ជាមួយ​ចៅ កាល​​ពី​មុន​នោះ គឺ​គេ​ជា​បុរស​ដំបូង​បង្អស់! ក្នុង​ជីវិត​របស់​ចៅ ដែល​ចៅ​បាន​ដាក់​កាយ​ដាក់​ចិត្ត​ស្រឡាញ់​គេ! ដែល​មួយ​​ជីវិត​នេះ ចៅ​មិន​អាច​បំភ្លេច​បាន​ឡើយ! ព្រោះ​រូប​កាយ​របស់​ចៅ​ នៅ​គង់​វង្ស​បរិសុទ្ធ ក៏​បាន​គុណ​គេ​ជួន​សង្គ្រោះ​ចៅ​ដែរ! ម្យ៉ាង​ទៀត​ គេ​ក៏​ស្រឡាញ់​ចៅ​យ៉ាង​ស្មោះ រហូត​សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង បើ​គ្មាន​រូប​ចៅ! ឯ​ចៅ​ក៏​សូម​ធ្វើ​ការ​សច្ចា​ដែរ​ថា ក្នុង​ជាតិ​នេះ បើ​គ្មាន​គេ​ធ្វើ​ប្ដី ចៅ​ស៊ូ​ប្រល័យ​សង្ខារ​ឥត​មាន​ស្ដាយ!

ឧត្ដម​ ដើរ​ចូល​មក​រក​កែវ​ស្រី ៖
អុជ​ធូប​អី​ក៏​យូរ​ម្ល៉េះ​អូន? តោះ​យើង​ប្រញាប់​ទៅ!
អ្នក​ទាំង​បី​ត្រសង​គ្នា​ សំដៅ​ទៅ​រក​រថយន្ត​វិញ ។

ឧត្ដម ប្រញាប់​បញ្ជា​រថយន្ត​ចេញ​ទៅ ។ រថយន្ត​ក៏​បោល​លឿន​ស្លេវ​ដូច​ព្យុះ​ មិន​យូរ​ប៉ុន្មាន បាន​មក​ដល់​គោល​ដៅ​កំណត់​ ដោយ​សុខ​សុវត្ថិភាព ។

ក្នុង​ការ​កម្សាន្ត​នេះ ម៉ានី នាង​នៅ​តែ​ស្ងប់​ស្ងាត់​ម្នាក់​ឯង​រហូត ។ ខណៈ​នេះ​ នាង​ស្រី​កំពុង​តែ​អង្គុយ​បណ្ដែត​អារម្មណ៍​ទុក្ខ​សោក​តែ​ម្នាក់​ឯង ។ កែវ​ភ្នែកទុក្ខ​ព្រួយ​នៃ​ស្រី​ថ្លៃ កំពុង​តែ​បាញ់​ឆ្ពោះ​ទៅ​រក​ឆ្នេរ​ខ្សាច់ ដែល​កំពុង​តែ​ទទួល​រង​នូវ​ការ​បក់​បោក​ពី​រលក​សមុទ្រមិន​ដាច់​ សង្វាក់​មួយ​វិនាទី​ណា​សោះ គឺ​មិន​ខុស​ពីជីវិត​មនុស្ស​ឡើយ ។ រឿង​រ៉ាវ​នៃ​ជីវិត​កើត​មាន​ឡើងមិន​ដាច់​សោះ ដោះ​មួយ​ជួប​មួយ ឬ​ដោះ​មួយ​ជួប​ដប់ ។

ភ្លាម​ៗនោះ មាណវី​យើង​ស្រាប់​តែ​ភ្ញាក់​ព្រើត ដោយ​ចិត្ត​អំណរ​រក​អ្វី​មក​ប្រៀប​ពុំ​បាន និង​សឹង​តែ​មិន​ជឿ​ចំពោះ​កែវ​ភ្នែក​ខ្លួន​ឯង ព្រោះ​នៅ​ចំពោះ​មុខ​របស់​នួន​នាង​ គឺ​ជា​រូប​បុរស​ថ្លើម​ចិត្ត​របស់​នាង ដែល​នាង​កំពុង​តែ​នឹក​គិត​គ្រប់​វេលា​នោះ ដែល​ខណៈ​នេះ គេ​កំពុង​តែ​រត់​ងូត​ទឹក​លេង​យ៉ាង​សប្បាយ ជាមួយ​នឹង​មនុស្ស​លាយ​ចម្រុះ​គ្នា មាន​ក្មេង​មាន​ចាស់​ ធីតា​ងើប​កាយ​ដើរ​តម្រង់​ទៅ​រក​អ្នក​ប្រុស​ស្នេហ៍​ស្នង ។ ស្រី​ចាប់​ផ្ដើម​រំភើប​ញាប់​ញ័រ​ឥត​ឧបមា នាង​ល្អ​ខំ​ឈរ​ក្នុង​គោល​គំនិត​ ចង់​បង្ហាញ​ឲ្យ​អ្នក​កំលោះ​យើង​ឃើញ​រូប​នាង តែ​បុរស​ម្នាក់​នោះ ហាក់​មិន​ចាប់​អារម្មណ៍​លើ​រូប​ស្រស់​ស្រី​យើងអ្វី​បន្តិច​​ណា​ទាល់​តែសោះ ។

ទ្រាំ​នឹង​សភាព​បែប​នេះ​មិន​បាន ស្រីកល្យាណ​ក៏​ដាច់​ចិត្ត​កាត់​សេចក្ដីខ្មាស​អៀន ស្រែក​ហៅ​ចំ​ឈ្មោះ ៖
បង​សំអឿនៗ!
មនុស្ស​ម្នា ដែល​កំពុង​តែ​ងូត​ទឹក​នៅ​ទីនោះ គឺ​សម្លឹង​មក​រក​នួន​នាង​គ្រប់​ៗ​គ្នា ។ ចំណែក​ឯ​បុរស​នោះ គឺ​មិន​ព្រម​មើល​មក​នាង​សោះ ។ មាណវី​យើង​សន្និដ្ឋាន​ក្នុង​ចិត្ត​ថា បុរស​នោះ គឺ​ពិតជា​រូប​ សំអឿន ពិត​ណាស់​ហើយ ការ​ដែល​គេ​ធ្វើ​កិរិយា​ព្រងើយ​កន្ដើយ​ជាមួយ​នាង​ដូច្នេះ គឺ​មក​ពី​បុរស​យើង​គុំ​ស្អប់​ ប្រកាន់​ខឹង​ខ្លួន​ពី​រឿង​អតីតកាល បាន​ជា​គេ​ធ្វើ​ព្រងើយ​កន្ដើយ​ដាក់​នាង​បែប​នេះ ។

ស្រស់​ស្រី​ខំ​ស្រែក​ហៅ​គេ នៅ​តែ​គេ​ធ្វើ​កន្ដើយ​ មិន​ខ្ចី​បែរ​ភ័ក្ត្រ​មក​មើល​នាង​ក្រមុំ​បន្តិច​ណា​សោះ សូម្បី​តែ​ចុង​ភ្នែក ។ អស់សង្ឃឹម​ថា នឹង​បាន​ប្រុស​កល្យាណ​សន្ដោស​ប្រណី​ ចំពោះខ្លួន​នោះ មាណាវី​យើង​ទច់​ជង្គង់​នៅ​លើ​ឆ្នេរ​ខ្សាច់​យំ​ខ្សឹក​ខ្សួល​ម្នាក់​ឯង ។ ស្រាប់​តែ​ពេល​នោះ កំលោះ​រូប​នោះ​ងើប​ពី​ទឹក​ឡើង​ មក​លើ​គោក​យ៉ាង​រហ័ស ព្រោះ​បាត​ជើង​របស់​ដាច់​រយះ​ ដោយ​មុត​នឹង​​អ្វី​ម្យ៉ាង​នៅ​ក្នុង​ទឹក​សមុទ្រ​ បាត​ជើង​គេ​មាន​ឈាម​ហូរ​រហាម ។ មាណវី​បម្រុង​នឹង​ចូល​មក​ជួយមើល​របួស​​អ្នក​កំលោះ តែ​ត្រូវ​ខក​បំណង ព្រោះ​កំលោះ​នោះ គេច​ចេញ​ពី​នាង​វឹង​បាត់​ស្រមោល​ភ្លាម​មួយ​រំពេច ។

នារី​ខក​ស្នេហ៍ អង្គុយ​យំ​សោក​ស្ដាយ​ម្នាក់​ឯង នៅ​លើ​ឆ្នេរ​ខ្សាច់​អស់​មួយ​សន្ទុះធំ ទើប​ឃើញ​វត្តមាន​ នាយ​ឧត្ដម​ ដើរ​ចូល​មក ៖
អូន​ម៉េច​មិន​ទៅ​ងូត​ទឹក​នឹង​គេ​ទៅ? បង​ទៅ​ងូត​ខាង​នោះអម្បាញ់​មិញ សប្បាយ​ណាស់​ណា៎!
ឆោម​ស្រី​តប​សម្ដី​ ទាំង​ភ័ក្ត្រ​ស្រពោន​សោកា ៖
ខ្ញុំ​មិន​ចង់​ទៅ​ងូត​ទេ!

អ៊ីចឹង​បង​ទៅ​រក​ទឹក​សាប​ជម្រះ​ខ្លួន​សិន​ហើយ!
ថារួច ឧត្ដម​ រត់​ចេញ​ទៅ ។ មាណវី​ហាក់​ចាប់​អារម្មណ៍​ថា ដំណើរ​គូដណ្ដឹង​នាង​ ហាក់​ដូចជា​មាន​របួស​ជើង បាន​ជា​បុ័ង​ខ្ញើចៗ ។ នាង​ល្អ​ក៏​ប្រញាប់​រត់​ទៅ​តាម​ពី​ក្រោយ​គូ​ដណ្ដឹង រហូត​ទៅ​ដល់​កន្លែង​ផ្ទះ​លក់​ទឹក​សាប ។ នាង​ក្រមុំ​លប​មើល​ពី​ក្រោយ​ដើម​ដូង ឃើញ​អ្នក​កំលោះ​កំពុង​តែ​លាង​របួស​នៅ​បាត​ជើង ដែល​មាន​ឈាម​ហូរ​រឹមៗ ។ នាង​ក្រមុំ​នឹក​ឆ្ងល់​ក្នុង​ចិត្ត ៖
យី! ហេតុ​អី​ក៏​ជួន​គ្នា​ម្ល៉េះ​ហ្ន៎?
ស្រស់ស្រី​យើង កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​រិះគិត​ពិចារណា​ ទៅ​លើ​បញ្ហា​អ្វី​មួយ ដែល​យើង​មិន​អាច​វាស់​វែង​បាន​ថា ស្រស់​វរមិត្រ​កំពុង​តែ​គិត​ពី​រឿង​អ្វី​នោះ ឧត្ដម​ គេ​ដឹង​ថា នាង​ក្រមុំ​យើង​កំពុង​លួច​មើល​គេ គេ​ក៏​ប្រញាប់​ងាក​ទៅ​រក​នួន​ស្រី រួម​នឹង​វាចា ៖

អេ៎! នារី​អី​មក​លួច​មើល​ប្រុស​ងូត​ទឹក​អ៊ីចឹង?
នាង​ក្រមុំ​យើង​ហាក់​អឹម​អៀន​ចំពោះ​សម្ដី ឧត្ដម មិន​តិច​តួច​ឡើយ រួច​ប្រញាប់គេច​ខ្លួន​ចេញ​ទៅ ។ អ្នក​កំលោះ​យើង​ងូត​ទឹក​រួច គេ​ប្រញាប់​ដើរ​ទៅរក​រថយន្ត​ ដែល​ ម៉ានី នាង​កំពុង​តែ​នៅ​ទី​នោះ​រួច​ស្រេច ។

បុរស​យើង​វាចា​ចោទ​សំណួរ មក​កាន់​ឆោម​ស្រី​ទាំង​ញញឹម ៖
អូន​មាន​យក​ថ្នាំ​លាប​របួស​មក​ដែរ​ទេ?
និមល​តបទាំង​ទឹក​មុខ​ស្មើ មិន​ហ៊ាន​សម្លឹង​ចំ​ភ័ក្ត្រ​កំលោះ​យើង​ទេ ៖
ចាស! យក!

នាង​ក្រមុំ​បើក​ទ្វារ​ឡាន​ រួច​រើ​យក​ថ្នាំ​មក​ហុច​ឲ្យ​ ឧត្ដម ។ មាណព​យើង​គេ​ដាក់​បង្គុយ​ចុះ​លើ​ស្មៅ រួច​លើក​បាត​ជើង​ទាំង​ពីរ​មកពិនិត្យ​មើល រួច​ស្រដី ៖
អូន! លាប​របួស​ឲ្យ​បង​ផង​បាន​ទេ?
នឹម​នួន​មិន​មាន​វាចា​ សម្រាប់​តប​ឆ្លើយ​ទៅ​នឹង​សំណើ​របស់​បុរស​យើង​ឡើយ ។ ស្រស់​ពិសី​បម្រុង​បោះ​ជំហាន​ចាក​ចេញ​ទៅ​ តែ​ត្រូវ​ ឧត្ដម​ គេ​ទាញ​ដៃ​នួន​នាង​ជាប់​ទាំង​ស្រដី ៖
លាប​ឲ្យ​បង​បន្តិច​មក​ណា៎!

ដោយ​មើល​ទៅ​ឃើញ​ថា ប្រកែក​មិន​បាន ទើប​ស្រស់​ស្រី​យើង​បង្ខំ​ចិត្ត​ ព្រមទទួល​យក​ថ្នាំ​ពី​ដៃ​គូដណ្ដឹង​ មក​លាប​លើ​មុខ​របួស​បាត​ជើង​ទាំង​គូ ។ ស្រស់​ស្រី​លាប​បណ្ដើរ​ គិត​ក្នុង​ចិត្ត​បណ្ដើរ ៖
សំអឿន គេ​មុតជើង​តែ​ម្ខាង​ទេ! តែ​ ឧត្ដម គេ​មុត​បាត​ជើង​ទាំង​សង​ខាង!
ឃើញ​សភាព​កំពុង​តែ​ភ្លន់​ភ្លឹក​ភ្លេច​ខ្លួន​នៃ​ស្រី​ថ្លៃ បុរស​យើង​ប្រញាប់​ចោទសំណួរ​ឡើង ៖
អេ៎! អូន​កំពុង​តែ​គិត​អី​ហ្នឹង?
និមល​រាង​ភ្ញាក់​ចំពោះ​សំណួរ​កំលោះ​យើង ៖
ចាស! អត់​គិត​អី​ទេ!

ឆ្លៀត​ពេល​លាប​របួស មាណវី​យើង​លួច​គយ​គន់ ឧត្ដម ញយៗ លុះ​ ឧត្ដម​ ក្រឡេក​ទៅ​ប៉ះ​ចំ​ខ្សែ​ភ្នែក​គ្នា នួន​ស្រី​ប្រញាប់​ដាក់​មុខ​ចុះវិញ យ៉ាង​ឆាប់​រហ័ស​ ។ ឯ​កំលោះ​យើង​វិញ បញ្ចេញ​នូវ​ស្នាម​ញញឹម​មក​កាន់​ឆោម​ស្រី​យើង យ៉ាង​ទន់ភ្លន់​ ដែល​នេះ​រឹង​រឹត​តែ​ធ្វើ​ឲ្យ​នាង​ក្រមុំ​យើង កាន់​តែ​អៀន​អន់ទ្វេ​ដង​ថែម​ទៀត ។

យប់​នេះ​ ពួក​គេ​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្បែរ​ឆ្នេរ​សមុទ្រ លុះ​ព្រឹក​ឡើង​ ទើប​គេ​ធ្វើ​ដំណើរ​ត្រឡប់​ទៅភ្នំពេញ​វិញ ដោយ​សុវត្ថិភាព ។

error: Content is protected !!