kalib9

ថ្ងៃនេះស្នេហ៍នាំអារម្មណ៍បងៗ មកអានប្រលោមលោកមានចំណងជើងថា កុលាបមួយទង ភាគ១

១៤ កុម្ភៈ ២០០៩ នៅ​ភ្នំពេញ…

ស្នូរ​កណ្ដឹង​រ៉ឹងៗ … លាន់​កង​រំពង​ពេញ​វិទ្យាល័យ ។ ក្នុង​បន្ទប់​សិក្សា​មួយ គ្រាន់​តែ​លោក​គ្រូ​អនុញ្ញាត​ឲ្យ​ចេញ​លេង​ភ្លាម សិស្ស​ស្រី​ម្នាក់​ មុខ​មាន​លាប​ក្រែម​​ម្សៅ សក់​លាប​ពណ៌​ស្វាយ​ ស្រស់​ឆើត អាយុ​ប្រហែល​ដប់​ប្រាំបី​ឆ្នាំ ដែល​ឈរ​អើត​ឡើង​នៅ​ខាង​ក្រៅ​បន្ទប់ អស់​មួយ​សន្ទុះ​ទៅ​ហើយ​នោះ រត់​ចូល​ក្នុង​បន្ទប់​យ៉ាង​លឿន អូស​ដៃ​សិស្ស​ស្រី​ម្នាក់​ទៀត ឲ្យ​ចេញ​ទៅ​ក្រៅ​តាម​ខ្លួន ដោយ​ទឹក​មុខ​ញញឹមញញែម ហាក់​មិន​រអែង​ចិត្ត​គ្រូ ដែល​មិន​ទាន់​ដើរ​ចេញ​ផុត​បន្ទប់​សោះ ៖

ជូលា! ហើយ​ឯង​ទើប​មក​ពី​ណា ម៉េច​មិន​ចូល​ប្រលង​ខ្មែរ?
នាង​មិន​ខ្វល់​នឹង​សំណួរ​មិត្ត​ទេ គិត​តែ​ពី​អូស​ដៃ​មិត្ត ដើរ​បន្ត​ទៅ​ទៀត​យ៉ាង​លឿន ។ មក​ដល់​សួន​សាលា នាង​ចាប់​ក្ដោប​ស្មា​មិត្ត​ ឲ្យ​អង្គុយ​លើ​បង់​ រួច​និយាយ​ដោយ​មាត់​ញញឹម​ជាប់ ដៃ​ចាប់​កាន់​ម្រាម​ដៃ​មិត្ត​ទាំង​ពីរ ៖
លំអង! គ្នា​មាន​ដំណឹង​ល្អ​ប្រាប់​ឯង​វ៉ឺយ!
រឿង​ស្អី? (​លំអង​ជ្រួញ​ចិញ្ចើម)
គឺ​ថ្ងៃ​នេះ មាន​កម្មវិធី​សប្បាយ​ៗ…
កម្មវិធី​សប្បាយ​ៗ!
កម្មវិធី​ស្អី​ទៅ?

ខួប​កំណើត​លេនី​ហ្នឹង​នណា៎? ស្អី​គេ​ខួប​កំណើត​លេនី! ខួប​កំណើត​អី​ថ្ងៃ​ហ្នឹង! ក្រែង​ថ្ងៃ​ ២៥ ទេ?
ថ្ងៃ ២៥ ត្រូវ​ហើយ! តែ​វា​លើក​មក​ធ្វើ​ថ្ងៃ​នេះ ព្រោះ​ជា​ថ្ងៃ​ពិសេស ម៉េច​ដឹង​នៅ?
លើក​អី​ក៏​ភ្លាមៗ​ម៉េះ? គ្នា​ខ្លាច​តែ​ទិញ​អី​ឲ្យ​វា មិន​ទាន់​ទេ​នៀក!
ខ្លាច​ស្អី! គ្រាន់​តែ​ទៅ​ទិញ​មួយ​ភ្លែត ឲ្យ​គេ​ខ្ចប់​ ដល់​ម៉ោង​ទៅ​យក​បាន​ហើយ! ដូចជា​គ្មាន​អី​ពិបាក​ផង! (បង្អាក់​បន្តិច ជូលា​បន្ត​ទៅ ដោយ​ពន្លែង​ដៃ​ចេញ​ពី​មិត្ត) តាម​ពិត​ គឺ​យ៉ាង​នេះ​ទេ … កុំ​អី​វា​ធ្វើ​ដូច​រាល់​ឆ្នាំ​ហើយ! មក​ពី​វា​ធ្លៀត​ឱកាស​ល្អ ប៉ា​ម៉ាក់​វា​មិន​នៅ​ផ្ទះ ទៅ​បារាំង​អស់​ ណា​មួួយ​ចំ​ថ្ងៃ​បុណ្យ​សង្សារ​ហ្នឹង​ណា៎ ដោយ​វា​ជា​ថ្ងៃ​ពិសេស​កម្រ​មាន ទើប​វា​សម្រេច​ចិត្ត​ លើក​មក​ធ្វើ​ថ្ងៃ​ហ្នឹង​តែ​ម្ដង​ទៅ! ចាំ​មើល​ណា៎ រាំ​ឲ្យ​ចាស់​ដៃ​ម្ដង …

ជូលា​បញ្ចប់​សម្ដី ដោយ​ដៃ​ចាក់​ក្បាច់​រាំ ត្រាប់​​តាម​អ្នក​ចម្រៀង​ឌី​ចេ ឯ​ទឹក​មុខ​វិញ រីករាយ​ជាប់ ៖
ចុះ​កម្មវិធី​ធ្វើ​ម៉ោង​នៅ​ប៉ុន្មាន?
នៅ​ម៉ោង​មួយ!
ថា​ម៉េច​ម៉ោង​មួយ! ម៉ោង​មួយ​ទៅ​ម៉េច​បាន! ម៉ោង​នឹង​អត់​ប៉ះ​ម៉ោង​រៀន​ផង​! ចេញ​ពី​ផ្ទះ​ ខ្លាច​ម៉ាក់​ប៉ា​សង្ស័យ ។

ខ្លាច​អី​ … អ្ហើយ … កុំ​ល្ងង់​ពេក! ប្រាប់​ពួក​គាត់​ថា រៀន​គួ​បន្ថែម​ ត្រៀម​ប្រឡង ពួក​គាត់​គ្មាន​ទៅ​សង្ស័យ​ទេ … ហើយ​ដាក់​អាវ​ខោ​ក្នុង​កាបូប​មក ចាំ​ទៅ​ផ្លាស់​ ផាត់​មុខ​ នៅ​បន្ទប់​ទឹក​ការ៉ាស់​សាំង​ ទាំង​អស់​គ្នា ។
លំអង​លែង​ប្រកែក រួច​បង្វែរ​រឿង​ ដោយ​ជ្រួញ​ចិញ្ចើម ៖
មែន​ហើយ … ចុះ​ឯង​ទៅ​ណា​ ម៉េច​មិន​ចូល​ប្រលង​ខ្មែរ?

អានេះ​ សួរ​មើល​តែ​មិន​ដឹង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​អ៊ីចឹង! (ជូលា​សម្លក់​មិត្ត​ រួច​ញញឹម​វិញ) ថ្ងៃ​បុណ្យ​សង្សារ​ណាវ៉ើយ … រវល់​ទៅ​ដូរ​កាដូ ជាមួយ​ចេម ប្ដី​គ្នា​ហ្នឹង​ណា៎ …
ស្អី​គេ​ប្ដី! ឯង​និយាយ​អី​អាក្រក់​ស្ដាប់​ម៉េះ?
អាក្រក់​ស្ដាប់​អី​ … ពាក្យ​ពេញ​និយម​ចង់​ងាប់! ឲ្យ​តែ​សង្សារ​ គេ​និយាយ​អ៊ីចឹង​ហើយ​ឥឡូវ ។ នេះ​ណែ​ស្អាត​ទេ?

ជូលា បញ្ចប់​សម្ដី ដោយ​លាត​ដៃ​បង្ហាញ​មិត្ត ។ លំអង ឃើញ​ហើយ​ លាន់​មាត់​ ដោយ​ចាប់​កាន់​ដៃ​មិត្ត​មើល ៖
ចិញ្ចៀន​នេះ​ស្អាត​ណាស់ មើល​ទៅ​មិន​មែន​ថោក​ទេ​នៀក!
ពេជ្រ​ណា​វ៉ើយ … ប្រាំ​រយ​ដុល្លារ​ឯ​ណោះ!
ថា​ម៉េច​ប្រាំ​រយ​ដុល្លារ? (លំអង​លាន់​មាត់) ចេម​ សង្សារ​ឯង​បាន​លុយ​​ពី​ណា​ ក៏​ច្រើន​ម៉េះ?
ត្រូវ​មែន​ នៅយប់​មិញ​ហ្នឹង​ណា៎ (ជូលា​សើច​ស្រស់) បាន​ជាង​មួយ​ពាន់​ឯ​ណោះ​។
ស្អី​ត្រូវ​បាល់? តាម​ពិត​អ៊ីចឹង​សោះ!

បង្អាក់​បន្តិច​ លំអង​បន្ត​ទៀត ដោយ​មើល​ទៅ​ជូលា ដែល​កំពុង​ញញឹម​ ពេញ​ចិត្ត​នឹង​ចិញ្ចៀន ៖
គ្នា​មើល​ទៅ​ឯង ដូច​ជា​រីករាយ​នឹង​ថ្ងៃ​បុណ្យ​សង្សារ ​នេះ​ណាស់ ។
ថ្ងៃ​បុណ្យ​សង្សារ​ណា​វ៉ើយ​ និយាយ​មិន​ឲ្យ​សប្បាយ​ ជាមួយ​វា​ម៉េច ។ អ្ហើយ!… (ដក​ដង្ហើម​ធំ) មិន​មែន​តែ​គ្នា​ទេ ដែល​រីករាយ​នឹង​ថ្ងៃ​ហ្នឹង​នោះ ឯង​មើល​ជុំ​វិញ​យើង​មើល អ្នក​ណា​ក៏​គេ​រីករាយ ​នឹង​ថ្ងៃ​នេះ​ដែរ ។ នោះ​ហ្ន៎ … (ជូលា​និយាយ ដោយ​ចង្អុល​ទៅ​សិស្ស​ស្រី​ប្រុស បី​​នាក់) គន្ធា​កំពុង​ទទួល​ផ្កា ពី​បូរ៉ា​ហើយ! ប៉ុណ្ណេះ​ថ្នាក់​យើង មាន​គូ​ស្នេហ៍​ថ្មី​ មួយ​គូ​ទៀត​ហើយ … ចាំ​មើល​ណា៎ ស្អែក​បង្អាប់​គន្ធា​ ឲ្យ​ស្ពឹក​មុខ​ម្ដង ធ្វើ​ឯង​ចិត្ត​រឹង ។

លំអង ក្រឡេក​មើល​មិត្ត​រួម​ថ្នាក់ ដែល​កំពុង​ជូន​ផ្កា​គ្នា ក្នុង​ថ្ងៃ​បុណ្យ​​នៃ​សេចក្ដី​ស្រឡាញ់ ដែល​យុវវ័យ​តែង​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ ដែល​ជា​ថ្ងៃ​បុណ្យ​អឺរ៉ុប ដោយ​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​សោះ ។ មើល​ហើយ នាង​និយាយ​ដោយ​មុខ​ស្ងួត​ដាក់ ជូលា ៖
តែ​ឯង​ក៏​មិន​គួរ​ មិន​ចូល​ប្រលង​ខ្មែរ​ ព្រោះ​តែ​វា​ដែរ ។ ឯង​ដឹង​អត់​ មិញគ្រូ​សួរ​រក ….
សួរៗ​ទៅ​ ខ្លាច​អី! …. ភាសា​ខ្មែរ​ហ្នឹង? មិន​បាច់​រៀន​ ក៏​ចេះ​ដែរ ។ ប្រលង​ខ្មែរ​មាន​រាល់​ខែ​វ៉ើ់ុយ … តែ​ថ្ងៃ​បុណ្យ​សង្សារ​វិញ មួយ​ឆ្នាំ​មាន​តែ​ម្ដង​ទេ … បើ​ឲ្យ​រំលង​ស្ដាយ​ណាស់ ។

តែ​នេះ យក​ពិន្ទុ​បូក​ឆមាស​ណា៎ … បើ​ហ៊ាន​តែ​ប្រហែស ​ប្រយ័ត្ន​ធ្លាក់​ទៅ។
អ្ហើយ!… (ជូលា ដក​ដង្ហើម​ធំ​ ធ្វើ​មុខ​ធុញ​ដាក់​លំអង) កុំ​រឿង​ច្រើន​ពេក នៅ​បួន​ប្រាំ​ខែ​ទៀត​នោះ យក​មក​គិត​ នាំ​តែ​ឈឺ​ខួរទេ! សកល គេ​បង្កើត​ច្រើន​ណាស់ ល្មម​ៗ​គេ​ឲ្យ​ជាប់​ហើយ … ហើយ​បើ​ខ្លាច​ធ្លាក់​ សូក​លុយ​គ្រូ​ទៅ! ធ្វើ​ដូច​គ្នា​ណេក …. តាំង​ពី​ថ្នាក់​ទី​ដប់​មក ដើរ​លេង​តែ​ម៉ោង​រៀន​ទេ ..​. ដល់​ទៅ​ចុង​ឆ្នាំ​ ឲ្យ​អំណោយ​គ្រូ ជាប់​ដូច​តែ​គ្នា​ហ្នឹង ។ យ៉ាង​ច្រើន​ឆ្នាំ​នេះ ឆ្នាំ​ប្រលង​បាក់​ឌុប ឲ្យ​អំណោយ​គ្រូ​ ឲ្យ​ធំ​តិច​ទៅ បាន​ហើយ ។ តោះ​! (ជូលា បន្ត​ដោយ​ទះ​ស្មា​មិត្ត​) ទៅ​យក​កាបូប​មក​ ទៅ​ជាមួយ​​គ្នា!
ទៅ​ណា? ទិញ​កាដូ​ឲ្យ​លេនី​ហ្នឹង​ណា … ឯង​អត់​ទិញ​ឲ្យ​វា​ទេ​អី?

ទិញ​ឲ្យ​ចេះ​តែ​ទិញ​ហើយ … តែ​ទិញ​អី​ពេល​ហ្នឹង នៅ​រៀន​ពីរ​ម៉ោង​ទៀត​​ណា៎ ….
ពីរៗ​ទៅ! លឿន​ឡើង! ទៅ​យក​មក! ប្រយ័ត្ន​គ្រូ​មក​ទាន់!
គ្នា​ដូចជា​អត់​ចង់​ទៅ​សោះ!
ខ្លាច​អី​ បើ​ប្រធាន​ថ្នាក់​ពួក​ម៉ាក់​យើង​ហ្នឹង ចង់​ឈប់​ប៉ុន្មាន​ដង ក៏​វា​មិន​កត់​ដែរ! ស្រួល​ចង់​ងាប់ ។
តែ​អារ៉ែន​ថា វា​ជួយ​ពួក​យើង​ លែង​បាន​ទៀត​ហើយ! ឯង​ដឹង​អត់ ម្សិល​មិញ ពួក​យើង​គេច​ពីរ​ម៉ោង​ចុង​ក្រោយ ក៏​វា​កត់​ចូល​សៀវភៅ​ដែរ ។ វាថា​មាន​ គេ​ប្ដឹង​គ្រូ​ញយ​ណាស់ ពិសេស​ពួក​ដែល​មក​រៀន​ទៀងទាត់ ។ គ្នា​ថា បើ​ពួក​យើង​បន្ត​គេច​ទៀត ច្បាស់​ជា​មាន​អវត្តមាន​ ក្នុង​សៀវភៅ​តាម​ដាន​ការសិក្សា មិន​ខាន ។ ឯង​អត់​ខ្លាច​ទេ​អី?

ខ្លាច​អី … កត់​ៗ​ទៅ! (ជូលា​និយាយកាត់) ចង់​ក្លាយ​ជា​សិស្ស​ល្អ​ពេល​ណា​ ក៏​បាន​ ប្រើ​លុយ​ទៅ គ្មាន​អវត្តមាន​ផង​ ចុង​ឆ្នាំ​! ឯង​មលើ​អាបឺត​ថ្នាក់​យើង​មើល មួយ​ខែ​ចូល​រៀន​ មិន​បាន​ប្រាំ​ដង​ផង តែ​មិន​ដែល​មាន​អវត្តមាន​មួយ​ទេ … នេះ​មក​ពី​អី? មែន​មក​ពី​លុយ​ទេ​? ធ្វើ​ដូច​គេ​ដូច​ឯង​ទៅ! ហើយ​ពួក​អាមាត់​បេះ​បួយ​អស់ហ្នឹង … ឲ្យ​តែ​ដឹង ចាំ​មើល​ណា៎ … ប្រាប់​ចេម​ប្ដី​គ្នា​ វៃ​ឲ្យ​រៀង​ម្ដង ។
តែ​គ្នា​ខ្លាច​ប៉ា​ម៉ាក់​គ្នា​ដឹង​ណាស់ … (លំអង និយាយ​ដោយ​ជ្រួញ​ចិញ្ចើម)

អ្ហើយ! … កុំ​ល្ងង់​ពេក! ឯង​មើល​គ្នា​ណែក! (ជូលា​និយាយ​ដោយ​ចង្អុល​ខ្លួន​ឯង) មិន​ដែល​ប៉ា​ម៉ាក់​គ្នា​ណា៎ មក​ឃើញ​សៀវភៅ​តាម​ដាន​ការសិក្សា​ របស់គ្នា​បាន​ម្ដង​ទេ!… ស៊ី​ញ៉េ​តែ​ខ្លួន​ឯង​ទេ​វ៉ើយ!…
គ្នា​ទៅ​មិន​រួច​ដូង​ឯង​ទេ!… ប៉ា​ម៉ាក់​គ្នា​ កាច​ណាស់! បើ​ឲ្យ​ពួក​គាត់​ដឹង ច្បាស់​ជា​ស្លាប់​មិន​ខាន!…
ចុះ​! ប៉ា​ម៉ាក់​គ្នា​ស្លូត? (ជូលា​កាត់​សម្ដី) ពួក​គាត់​កាច​ជាង​ប៉ា​ម៉ាក់ឯង​ រាប់​សិបដង​ទៀត​! តែ​គ្មាន​ទៅ​ក្មេះ​ទេ … ឯង​ជឿ​គ្នា​ទៅ … មួយ​ថ្ងៃ​ៗ ធ្វើ​តែ​ការ​រកស៊ី​ គ្មាន​ពេល​ណា​មក​តាម​ដាន ពីសកម្មភាព​ពួក​យើង​ទេ … អ៊ីចឹង​មែន ពួក​យើង​គេច​ ចង់​មួយ​ឆ្នាំ​ ពួក​គាត់​មិន​ដឹង​ទេ ។

តែ​គ្នា​លែង​ចង់​គេច​ទៀត​ហើយ តាំង​ពី​ប្ដូរ​ពី​ខេត្ត មក​រៀន​ថ្នាក់​ទី​ដប់​ពីរ នៅ​ភ្នំពេញ ស្គាល់​ឯង​មក គ្នា​ឈប់​ច្រើន​ណាស់​ ពី​មុន​គ្នា​មិន​មែន​អ៊ីចឹង​ទេ …
ស្អី​គេ … ធ្វើ​ឯង​ត្រឹម​ត្រូវ​អី​ណា៎ … ក្រែង​គេច​សាលា​ ដើរ​លេង​ជាមួយ​​គ្នា​ រាល់​ដង​តើ​អី? លឿន​ឡើង ឆាប់​ទៅ​យក​កាបូប​មក ជួង​ចូល​រៀន​ឥឡូវ​ហើយ ប្រយ័ត្ន​គ្រូ​មក​ទាន់ ។
លំអង អេះ​អុញ ។ ជូលា​រុញ​មិត្ត​តឿន​បន្ត ៖
ទៅ! ទៅយក​មក! គ្រូ​មក​ឥឡូវ​ហើយ! លឿន​ឡើង!…

លំអង ដើរ​ចេញ​ពី​មិត្ត​មួយៗ សំដៅ​ចូល​ថ្នាក់​ ដោយ​មិន​ពេញ​ចិត្ត … ថ្ងៃ​នេះ គ្រប់​ផ្លូវ​អ៊ូអរ​ខុស​ប្រក្រតី មាន​កន្លែង​លក់​ផ្កា​ជាច្រើន ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ ដូចជា​តាម​ហាង​លក់​ទំនិញតូចធំ ជាពិសេស​ ជុំ​វិញ​សាលា និង​តាម​សួន​នានា ។ យុវវ័យ​ក្មេង​ស្ទាវ​ប្រុស​ស្រី​ទាំង​គូៗ ជិះ​ម៉ូតូ​ឈូឆរ​ពេញ​ដង​ផ្លូវ ក្នុង​ដៃ ខ្លះ​កាន់​ផ្កា ខ្លះ​កាន់​កាដូ អប​អរ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ជា​ថ្ងៃ​បុណ្យ​អឺរ៉ុប ។

នៅ​តាម​មហាវិថី​ ម៉ៅសេទុង ក៏​ដូចជា​ផ្លូវ​នានា​ដែរ ម៉ូតូ​ឡាន បើក​កកកុញ​ ជាមួយ​នឹង​សូរ​ស៊ី​ផ្លេ​ទីនៗ ទ្រហឹង​អឹង​កង​ពេញ​ដងផ្លូវ ។ ម៉ូតូ​ហ្វីណូ​ស៊េរី​ថ្មីយ៉ាង​ប្រណិត​ពីរ​គ្រឿង មួយ​ពណ៌​ក្រហម មួយ​ពណ៌​លឿង កំពុង​លូន​យឺតៗ លើ​ដង​ផ្លូវ​ទន្ទឹម​គ្នា ក្រោម​ការ​បញ្ជា​របស់​ជូលា និង​លំអង ។ លំអង​ ដៃ​បើក​ មាត់​និយាយ​ទាំង​ទឹក​មុខ​ស្រពោន ៖
ជូលា! ឯង​ត្រូវ​សន្យា​ជាមួយ​គ្នា​ណា៎… ឯង​មិន​ត្រូវ​គេច​សាលា​ ដើរ​លេង​ច្រើន​ទៀត​ទេ ​… គ្នា​សង្កេត​ឃើញឯង មួយរយៈ​នេះ ដូចជា​ខុស​ប្លែក​ ជាង​មុខ​ឆ្ងាយ​ណាស់។
ស្អី​គេ …. (ជូលា​និយាយ​ដោយសើច) នឹក​ឃើញ​ ម៉េច​បាន​ជា​និយាយ​អ៊ីចឹង?
មក​ពី​គ្នា​បារម្ភ ខ្លាច​ឯង​ដូច​លីលី ហ្នឹង​ណា៎!
ស្អី​ដូច​លីលី? ហើយ​លីលី​ វា​កើត​អី?

វា​មាន​ផ្ទៃ​ពោះ!
ស្អី​គេ​មាន​ផ្ទៃ​ពោះ? (ជូលា​លាន់​មាត់​ ដោយ​ភ្ញាក់​ផ្អើល) មាន​​ជាមួយ​នរណា​គេ?
មាននរណា ក្រៅពីចន សង្សារ​វា … ឥឡូវ​ ប៉ាម៉ាក់​វា ឈប់​ឲ្យវា​រៀន​ហើយ … ហើយ​កំពុង​ដាក់​ពាក្យ​ប្ដឹង​ចន​ទៀត ។ ប៉ា​ម៉ាក់​ចន​ សុំ​សម្រួល ដោយ​សុំ​ឲ្យ​ពួក​គេ​រៀប​ការ​ជាមួយ​គ្នា តែ​ប៉ា​ម៉ាក់​លីលី មិន​ព្រម​ដាច់​ខាត … ថា​លីលី​ហ្នឹង​នៅ​ក្មេង មិន​ទាន់​គ្រប់​អាយុ ។
ចុះ​ម៉េច​ទៀត?

គ្នា​ក៏​មិន​ច្បាស់​ដែរ តែ​ឮ​ថា​ប៉ាម៉ាក់​វា យក​វា​ទៅ​យក​កូន​ចេញ វា​យំ​អង្វរ​ សុំ​ប៉ា​ម៉ាក់​វា​ទុក​កូន ហើយ​សុំ​រៀប​ការ​ជាមួយ​ចន តែ​ប៉ា​ម៉ាក់​វា​ នៅ​តែ​មិនព្រម ។ គ្នា​ថា​ រឿង​នេះ​ណា មិន​ងាយ​ចប់​ស្រួល​ៗ​ទេ ។ គ្នា​អាណិត​លីលី​ណាស់ មិន​គួរ​ណា​វាជួប​រឿង​អសោច​កេរ្តិ៍​ បែប​នេះ​សោះ! នៅ​រៀន​សុខៗ ស្រាប់​តែ​មាន​កូន …
បង្អាក់​បន្តិច លំអង​បន្ត​ទៀត ដោយ​ងាក​មើល​ជូលា​មួយ​ភ្លែត ៖
ឯង​ក៏​យ៉ាង​នេះ​ដែរ​ជូលា​អើយ … ប្រយ័ត្ន​ទៅ! ប្រយ័ត្ន​តែ​មាន​កូន​ ដូច​លីលី​ម្នាក់​ទៀត ច្បាស់​ជា​វីវរ​មិន​ខាន ។

គ្មាន​ផ្លូវ​ទេ​វ៉ើយ! (ជូលា​និយាយ​បែប​អំណួត) លីលី មក​ពី​វា​ល្ងង់ បាន​ជា​វា​មាន​ផ្ទៃ​ពោះ ។ តែ​គ្នា​វិញ​ មិន​ដូច​វា​ទេ គ្នា​ចេះ​ការពារ​ខ្លួន​ណាស់​ គ្មាន​បញ្ហា​ទេ​សម្លាញ់ កុំ​បារម្ភ តែ​បើ​មាន​កូន​វិញ ក៏​មិន​អី​ដែរ ព្រោះ​កន្លែង​យក​កូន​ចេញ មាន​ច្រើន​ណាស់​!
បាំង​! ប្រាវ! …

នៅ​ពី​មុខ​ពួកនាង ប្រហែល​ចា​សាម​សែ​សិប​ម៉ែត្រ ឡាន​លេច​សីស​​ស៊េរី​ទំនើ់ប ពាក់​ស្លាក​លេខ​រាជការ ក្រោយ​ពីបុក​រួច បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន គេច​ខ្លួន​បាត់​ បន្សល់​ទុក​ម៉ូតូ​ហុងដា​ដ្រីម​សង់​ សូន្្យ​ប្រាំ​បួន​ មួយ​គ្រឿង រួញ​ក្រញ៉ង់ និង​យុវសិស្ស​ពីរ​រូប ម្នាក់ស្រី​ ម្នាក់​ប្រុស​ ដេក​ស្ដូក​ស្ដឹង​លើ​ចិញ្ចើម​ផ្លូវ ក្រាល​ដោយ​ឈាម និង​មាន​រាយប៉ាយ​ ដោយផ្កា​កុលាប​ក្រហម​ជាច្រើន​ទង ។ អ្នក​ដំណើរ​ជា​ច្រើន​ បាន​ឈប់​មើល តែ​លំអង និង​ជូលា មិន​ហ៊ាន​ងាក​មើល​យូរ​ទេ ។ បើក​ផុត​ ទើប​លំអង​និយាយ ដោយ​ខ្លាច​រអែង ៖
ប្រុស​បែក​ខួរ ស្រី​បត់.ក ធ្ងន់​ធ្ងរ​ណាស់ ច្បាស់​ជា​មិន​រស់​ទេ ទើប​តែ​វ៉ា​យើង​សោះ! ហ្នឹង​ហើយ​រីករាយ​ ថ្ងៃ​បុណ្យ​សង្សារ ។

ស្អី​គេ … (ជូលា​កាត់​) ឯង​កុំ​ចេះ​តែ​មើល​គេ​ ក្នុង​ផ្លូវ​អាក្រក់​ពេក​! គ្នា​ឃើញ​ឡាន​ទេខុស បើក​បំពាន​ផ្លូវ ។
ចុះ​ឯង​មិន​ឃើញ​ បើក​វ៉ា​យើង​មិញ​ទេ… ម្នាក់​ស្រី​កាន់​ផ្កា​ ឱប​ចង្កេះ​សើច​កក្អឹក ឯ​ប្រុស​វិញ​បើ​ក​ជ្រេ​លឿន​ដូ​ច​ហោះ គ្នា​មិន​មែន​ចេះ​តែ​និយាយ​ផ្ដាស​ទេ… បើ​បើក​ម៉ូតូ​យឺតៗ​ ចេះ​ប្រុង​ប្រយ័ត្ន ក៏​មិន​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​ដែរ ។ ប្រហែល​ជា​រវល់​ងាក​ ថើប​សង្សារ​ ភ្លេច​មើល​​ឡាន​ហើយ​មើល​ទៅ (បង្អាក់​បន្តិច​ លំអង​បន្ត​ទៀត​ ដោយ​ទឹក​មុខ​ស្រពោន) ប៉ា​ម៉ាក់​ពួក​គេ​ ប្រហែល​ជា​កំពុង​គិត​ថា កូន​ខ្លួន​កំពុង​រៀន​ហើយ​… គួរ​ឲ្យ​អាសូរ​មែន​។

លំអង​បញ្ចប់​សម្ដី ដោយ​វាយ​ភ្លើង​ស៊ីញ៉ូ​ បត់​ស្ដាំ​យឺត​ៗ តាម​ជូលា សំដៅ​ចូល​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍មួយ ដែលមាន​យុវសិស្ស​ ប្រុស​ស្រី​ជា​ច្រើន​នាក់​ កំពុង​រើស​ទិញ​វត្ថុ​អនុស្សាវរីយ៍ ។ ក្រោយ​ពី​ចត​ម៉ូតូ​រួច​រាល់ ពួក​នាង​បណ្ដើរ​គ្នា​ ដើរ​ចូល​ ជូលា​និយាយ​ ដោយ​ទឹក​មុខ​ស្រស់​ស្រាយ ៖
ឯង​ទិញ​អី​ឲ្យ​វា?

មិន​ទាន់​ដឹង​ទេ… មើល​សិន​ ឃើញ​អី​ស្អាត​ ទិញ​ហ្នឹង!
ប្រុស​សម័យ​ឥឡូវ… ចូល​ចិត្ត​តែ​ស្រីៗ ស្លៀក​សំពត់​ឆែក អាវ​វាលៗ….
សំឡេង​ទូរស័ព្ទ​រោទ៍​ បទ​ខ្មែរ​ចម្លង​បរទេស “កុំ​ចង់​មកតោង” ដែល​កំពុង​ពេញ​និយម សម្រាប់​យុវវ័យ បន្លឺ​ចេញ​ពី​កាបូប​ជូលា ។ នាង​លូក​យក​មក​មើល​លេខ រួច​សើច​ស្រស់​ដាក់​លំអង ៖
ឯង​រក​មើល​ទិញ​មុន​គ្នា​ទៅ គ្នា​និយាយ​ទូរស័ព្ទ​មួយ​ភ្លែត ។
ជូលាដើរ​ទៅ​អង្គុយ​លើ​ម៉ូតូ រួច​ចុច​ទទួល​ដោយ​ញញឹម ៖
អាឡូ​ឆៃ អូខេ​ហើយ!

មែន​ ជូលា? (សំឡេង​ឆៃ​ក្នុង​ទូរស័ព្ទ លាន់​មាត់​ដោយ​រំភើប​ចិត្ត)
មែន​ហើយ! ឥឡូវ លំអង​កំពុង​នៅ​ក្បែរ​ខ្ញុំ​! អ៊ីចឹង​ឆៃ​ឯង​ ទៅ​ជា​ខ្ញុំ​មុន​ទៅ ចាំ​ខ្ញុំ​បបួល​នាង​ ទៅ​តាម​ក្រោយ ។ ហើយ​ឆៃ​ឯង​នៅ​ណា​ហ្នឹង ឮ​អី​ហ៊ឹង​ត្រចៀក​ម៉េះ?
ច្រៀង​ខារ៉ា​អូខេ​ហ្នឹង​ណា៎… អ៊ីចឹង​បាន​ហើយ​ណា៎… ខ្ញុំ​ប្រញាប់​ទៅ​ចាំ​មុន!
អឺ… បាន​ហើយ​អ៊ីចឹង! បាយ​!… បាយ!…
បាយ!… បាយ!…

ជូលា បិទ​ទូរស័ព្ទ រួច​ដើរ​សំដៅ​ ទៅ​លំអង​វិញ ៖
យ៉ាង​ម៉េច​ហើយ ពួក​ម៉ាក​រើស​បាន​នៅ?
នៅ​ទេ!… ស្អាត​ៗ​អ៊ីចឹង​ មិន​ដឹង​យក​មួយ​ណា​ទេ… ហើយ​អ្នក​ណា​គេ​មក?
ឆៃ​ហ្នឹង​…
ឮ​តែ​ឈ្មោះ​ឆៃ លំអង​ធ្វើ​មុខ​ញឹម​ៗ ៖
គេ​តេ​មក​ធ្វើ​អី?
មិន​បាច់​ចង់​ដឹង​ទេ រើស​ឲ្យ​លឿន​ទៅ ប្រញាប់​ទៅ!
ទៅណា?