kalib9

សហគ្រិនជោគជ័យបំផុតជាមនុស្សដែលប្រកាន់ខ្ជាប់ខ្លួន នូវកម្រិតបទដ្ឋានខ្ពស់បំផុត

សហគ្រិនជោគជ័យបំផុតជាមនុស្សដែលប្រកាន់ខ្ជាប់ខ្លួន នូវកម្រិតបទដ្ឋានខ្ពស់បំផុត។ តើអ្នកធ្លាប់ឆ្ងល់ថាអ្នកអាចនឹងមានអ្វីៗគ្រប់យ៉ាង ដើម្បីបង្កើតក្រុមហ៊ុនមានចំណូលខ្ពង់ពាន់លានដុល្លារដែរទេ?

សហគ្រិនជោគជ័យមានដើមកំណើតចេញពីគ្រប់ប្រភពទាំងអស់នៃសង្គម។ ប៉ុន្តែអ្នកទាំងអស់នោះ ហាក់ដូចជាមានសមត្ថភាពមួយចំនួនស្រដៀងគ្នា ដែលធ្វើឱ្យពួកគេខុសប្លែក ពីមនុស្សទូទៅ។ តើលក្ខណៈពិសេសទាំងនោះជាកត្តាពីកំណើត ឬជាសមត្ថភាពដែលគេព្យាយាមបង្កើតដោយខ្លួនឯង? បើមើលឱ្យជិត អ្នកនឹងឃើញថា សហគ្រិនជោគជ័យខ្លាំងទាំងអស់នោះ មានលក្ខណៈពិសេសមួយចំនួនស្រដៀងគ្នា ហើយក៏មិនមែនជាលក្ខណៈពិសេសពីកំណើតនោះដែរ។

ប្រសិនបើអ្នកមានសុបិន្តចង់បង្កើតក្រុមហ៊ុនជោគជ័យ មានលុយរាប់ពាន់លានដុល្លារ អ្នកត្រូវចាប់ផ្តើមបណ្តុះលក្ខណៈពិសេសទាំងនេះក្នុងខ្លួន ឱ្យដូចសហគ្រិនជោគជ័យ​៖

១. បង្កើតអ្នកដោះស្រាយបញ្ហា
ការបង្កើតក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវការមនុស្សដែលអាចគ្រប់គ្រងភាពស្មុគស្មាញ និងមើលឃើញ ហើយចេះបត់បែនទៅតាមដំណើរផ្លាស់ប្តូរមិនឈប់របស់ទីផ្សារ និងបរិស្ថានពាណិជ្ជកម្ម។ ចំណុចមួយនេះ គេហៅថាជាការដោះស្រាយបញ្ហា តាមគំនិតច្នៃប្រឌិត ហើយជំនាញមួយនេះមានសារៈសំខាន់ជាងលុយទៅទៀត សម្រាប់អាយុកាលយូរអង្វែងរបស់ក្រុមហ៊ុន។ អ្នកអាចនឹងចាយលុយ និងធនធានទាំងអស់លើបញ្ហាអ្វីមួយ ប៉ុន្តែប្រសិនបើអ្នករកដំណោះស្រាយមិនឃើញទេ លុយនិងធនធានទាំងអស់នោះ គ្មានប្រយោជន៍អ្វីឡើយ។

២. ស្មោះត្រង់ចំពោះខ្លួនឯង
គ្រប់សហគ្រិនជោគជ័យទាំងអស់ធ្លាប់ឆ្លងកាត់បរាជ័យ និងជួបការរិះគន់គ្រប់បែបយ៉ាង។ ពេលខ្លះភាពខុសគ្នារវាងសហគ្រិនដែលជោគជ័យខ្លាំង និងសហគ្រិនដែលជួបតែបរាជ័យមិនឈប់ គឺជាសមត្ថភាពក្នុងការមានជំនឿចិត្តលើខ្លួនឯង។ ទោះជាយ៉ាងណាចំណុចមួយនេះ មិនមែនមានន័យថាសហគ្រិនទាំងអស់ មិនគួរស្តាប់ការរិះគន់នោះទេ។

មានមេរៀនសំខាន់ដែលត្រូវរៀនតាមរយៈការស្តាប់ទស្សនៈផ្សេងៗគ្នា។ ប៉ុន្តែអ្នកត្រូវតែមានជំហររឹងមាំលើទស្សនវិស័យរបស់ខ្លួនឯង ដើម្បីជឿជាក់លើខ្លួនឯង។ ប្រសិនបើអ្នកបោះបង់ការព្យាយាមចោល ដោយសារតែការជ្រៀតជ្រែកពីអ្នកដទៃ អ្នកនឹងមិនអាចទៅដល់គោលដៅឡើយ។ គន្លឹះស្ថិតនៅត្រង់ការចេះស្តាប់ការរិះគន់ រៀនពីការរិះគន់ ហើយបន្តដំណើរទៅមុខទៀត។

៣. មានទស្សនវិស័យច្បាស់លាស់
នៅពីក្រោយក្រុមហ៊ុនដែលមានតម្លៃខ្ទង់ពាន់លានដុល្លារទាំងអស់ សុទ្ធតែមានទស្សនវិស័យច្បាស់លាស់ និងមានផែនការដើម្បីអនុវត្តតាមជានិច្ច។ ជោគជ័យយូរអង្វែងមិនមែនជារឿងកើតឡើងដោយចៃដន្យទេ អ្នកត្រូវតែដឹងច្បាស់ថា ចង់សម្រេចបានអ្វី។ សួរខ្លួនឯងថាតើមានគោលដៅសំខាន់អ្វី ដែលអ្នកចង់សម្រេចឱ្យបានក្នុងជីវិតនេះ។ បន្ទាប់មកត្រូវបង្កើតផែនការតាមជំហាននៃរបៀប ទៅឱ្យដល់គោលដៅនោះ។ បើគ្មានទស្សនវិស័យច្បាស់លាស់ទេ អ្នកនឹងគេចមិនផុតពីការផុងខ្លួនក្នុងភាពមមាញឹកនៃការងារប្រចាំថ្ងៃនោះទេ។ ការយល់ច្បាស់ទស្សនវិស័យរបស់អ្នកជាឱកាស ដើម្បីកំណត់ថាអ្នកជានរណាក្នុងនាមជាសហគ្រិន។ តើពាណិជ្ជកម្មរបស់អ្នកនឹងបង្កើតឡើង លើមូលដ្ឋានអ្វី?

៤. សម្លឹងរកមើលទេពកោសល្យនិងបង្កើតក្រុមការងារ
ក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ ប្រហែលជាចាប់ផ្តើមចេញពីទស្សនវិស័យរបស់មនុស្សម្នាក់ ប៉ុន្តែទស្សនវិស័យនោះត្រូវការក្រុមការងារ ដែលមានទេពកោសល្យនិងការតាំងចិត្តខ្ពស់ដើម្បីប្រែក្លាយឱ្យទៅជាការពិត។ ការបង្កើតក្រុមការងារដែលមានជំនាញចម្រុះជាកត្តាចាំបាច់ សម្រាប់បង្កើតក្រុមហ៊ុនធំនិងជោគជ័យ។ តាមពិតទៅមានអ្នកខ្លះទៀតអះអាង ការជួលបុគ្គលិកពូកែៗជាកិច្ចការសំខាន់បំផុត សម្រាប់ស្ថាបនិកក្រុមហ៊ុនមួយ។ ក្នុងពេលដែលចំណេះដឹងនិងជំនាញជាកត្តាសំខាន់ នៃការបង្កើតក្រុមការងារមួយអស្ចារ្យ អ្នកក៏ត្រូវគិតដល់បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន នៃបុគ្គលដែលអាចសហការគ្នាបានល្អដែរ។

៥. បត់បែនទៅតាមការផ្លាស់ប្តូរ
មេដឹកនាំជោគជ័យនៃក្រុមហ៊ុន ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនដែលពេញចិត្តនឹងស្ថានភាពដដែលៗទេ។ គេយល់ច្បាស់ថាការផ្លាស់ប្តូរជារឿងដែលកើតឡើង ដោយជៀសមិនផុត ហើយគេក៏មានកម្លាំងចិត្តរុញច្រានពាណិជ្ជកម្ម ទៅមុខមិនឈប់ដែរ ដើម្បីព្យាយាមដើរឱ្យស្រប ឬទាន់នឹងដំណើរផ្លាស់ប្តូររបស់សង្គម។ ការបង្កើតពាណិជ្ជកម្មជោគជ័យ តម្រូវឱ្យមានសមត្ថភាពចាប់យកឱកាស នៅក្នុងស្ថានភាពប្រែប្រួល។​ សហគ្រិនជោគជ័យបង្កើតសមត្ថភាព ក្នុងការគិតបែបល្អិនល្អន់ គឺគេរីកចម្រើននៅក្នុងភាពមិនច្បាស់លាស់ និងទទួលស្គាល់ភាពបត់បែនថា ជាគន្លឹះដើម្បីរក្សាខ្លួនមិនឱ្យលិចទឹក។

ប្រភព​៖ Entrepreneur

error: Content is protected !!