kalib9

កាលពីឆ្នាំ១៩៩៩ លោក Bill Gates បានសរសេរសៀវភៅមួយក្បាល ចំណងជើងថា “Business @ the Speed of Thought”

ការទស្សន៍ទាយ​របស់​លោកBill Gates កាលលពី​ជិត​២០ឆ្នាំ​មុន​ត្រូវ​កម្រិត​ណា?
កាលពីឆ្នាំ១៩៩៩ លោក Bill Gates បានសរសេរសៀវភៅមួយក្បាល ចំណងជើងថា “Business @ the Speed of Thought”។ ​នៅក្នុងសៀវភៅនោះ លោក Bill Gates បានព្យាករណ៍រឿងមួយចំនួន ដែលស្ទើរតែគ្មាននរណាម្នាក់ជឿ នៅពេលនោះ ប៉ុន្តែជិត២០ឆ្នាំក្រោយមក គេកាន់តែឃើញការពិតច្រើនឡើង នៅក្នុងការទស្សន៍ទាយទាំងនោះ៖

១. គេហទំព័រប្រៀបធៀបតម្លៃ
លោកGates ទស្សន៍ទុកថា នឹងមានការបង្កើតសេវា ប្រៀបធៀបតម្លៃទំនិញ និងសេវាកម្មដោយស្វ័យប្រវត្តិ ដែលជួយឱ្យអ្នកប្រើប្រាស់ បានឃើញតម្លៃខុសៗ មុននឹងសម្រេចចិត្ត ទុកទិញទំនិញ ឬប្រើប្រាស់សេវាកម្មអ្វីមួយ ដែលចំណាយអស់តិចបំផុត។ សព្វថ្ងៃនេះ អ្នកអាចស្វែងរកតម្លៃអ្វីៗ ស្ទើរតែគ្រប់យ៉ាង នៅតាមGoogle ឬ Amazon។ គេហទំព័រដូចជា NexTag និង PriceGrabber ជាដើម បង្កើតឡើងជាពិសេស ដើម្បីប្រៀបធៀបតម្លៃ។

២. ឧបករណ៍ចល័ត
មនុស្សនឹងកាន់ឧបករណ៍តូចជាប់ខ្លួន ដែលនឹងជួយឱ្យគេរក្សាទំនាក់ទំនងគ្នាជាប់ជានិច្ច និងធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិកបានគ្រប់ទីកន្លែងទាំងអស់ដែលគេទៅ។ គេនឹងអាចអានពត៌មាន មើលជើងហោះហើរដែលគេបានកក់ ទទួលបានពត៌មានពីទីផ្សារហរិញ្ញវត្ថុ និងធ្វើអ្វីៗបានស្ទើរគ្រប់យ៉ាងនៅលើឧបករណ៍ចល័តទាំងនេះ។ ជាការពិតដែលបច្ចុប្បន្ននេះយើងមានទូរសព្ទទំនើបនិងនាឡិកាទំនើបដែលអាចភ្ជាប់អ៊ីនធឺណិតបានគ្រប់ពេល។

៣. ទូទាត់លុយតាមអ៊ីនថឺណិត
មនុស្សនឹងទូទាត់លុយ និងប្រើប្រាស់លុយ​​ តាមអ៊ីនធឺណិត។ អ្វីដែលយើងមើល និងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ? ក្រុមហ៊ុន Uber ផ្តល់សេវាកម្ម និងទូទាត់លុយ ថ្លៃធ្វើដំណើរតាមអ៊ីនធឺណិត ហើយគេហទំព័រដូចជា ZocDoc ជាដើម កំពុងតែរៀបចំ ឱ្យមានការជួបណាត់ជាមួយ វេជ្ជបណ្ឌិតកាន់តែងាយស្រួលឡើង តាមអ៊ីនធឺណិត។ អ្នកក៏អាចខ្ចីលុយ តាមអ៊ីនធឺណិតបានទៀត តាម​គេហទំព័រ Lending Club និងទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ តាម PayPal និង Venmo។

៤. បណ្តាញសង្គម
គេហទំព័រឯកជនសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារនឹងក្លាយទៅជារឿងទូទៅ ដែលជួយឱ្យអ្នកអាចជជែកលេង និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺមនុស្សជាងពីរពាន់លាននាក់ កំពុងតែប្រើប្រាស់ Facebook ដែលរក្សាទំនាក់ទំនង និងជជែកលេងជាមួយមិត្តភក្តិ ទាំងជិតនិងឆ្ងាយបានគ្រប់ពេល។ ក្រៅពីនេះក៏មានកម្មវិធីពេញនិយម ជាច្រើនទៀតដូចជា Snapchat, Instagram, WhatsApp។

៥. តំណភ្ជាប់គេហទំព័រក្នុងពេលផ្សាយទូរទស្សន៍
ការផ្សាយទូរទស្សន៍ នឹងមានភ្ជាប់ដំណទាក់ទង ទៅគេហទំព័រ និងពត៌មានបន្ថែម ពីលើអ្វីដែលអ្នកកំពុងតែមើល។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺស្ទើរតែគ្រប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មទាំងអស់ ប្រាប់អ្នកទស្សន៍ឱ្យទៅស្វែងរកពត៌មានបន្ថែម នៅលើគេហទំព័ររបស់គេ ឬចម្លងយក QR កូដដើម្បីតាមដានអ្វី ដែលថ្មីនៅលើកម្មវិធី Snapchat ជាដើម។

៦. ជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត
មនុស្សដែលស្វែងរកការងារធ្វើ​ នឹងអាចរកឃើញឱកាសការងារ ពីអ៊ីនធឺណិតដែលប្រកាស​​ អំពីចំណាប់អារម្មណ៍ តម្រូវការ និងជំនាញយ៉ាងច្បាស់។ សព្វថ្ងៃនេះគេហទំព័រដូចជា LinkedIn ជាដើម អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្ហោះប្រវត្តិរូប និងស្វែងរកការងារ ទៅតាមចំណង់ចំណូលចិត្ត និងជំនាញរបស់គេ។ មិនត្រឹមតែស្វែងរក ការងារតាមអ៊ីនធឺណិតបានទេ មនុស្សខ្លះថែមទាំងធ្វើការ​ បានប្រាក់កម្រៃ ពីអ៊ីនធឺណិតទៀតផង។

ប្រភព​៖ The Independence