kalib9

រឿងនិទាន​នៃ​ តារាង​លំដាប់​ឆ្នាំ​ទាំង ១២ របស់​ចិន!

តើសត្វ​ទាំង ១២ នៃ​ប្រតិទិន​មានអ្វីខ្លះ? ហើយ​​លំដាប់លំដោយ​នៃសត្វទាំង​ ១២ បែងចែង​យ៉ាងម៉េច​ និងមាន​អត្ថន័យ​យ៉ាងណា?

សត្វទាំង១២ នៃប្រតិទិនមាន ជូត(កណ្តុរ) ឆ្លូវ(គោ) ខាល(ខ្លា) ថោះ(ទន្សាយ) រោង(នាគ) ម្សាញ់(ពស់) មមី(សេះ) មមែ(ពពែ) វក(ស្វា) រកា(មាន់) ឆ(ឆ្កែ) កុរ(ជ្រូក)

កាលពីព្រេងនាយ ព្រះឥន្ទ បានប្រកាសប្រាស់សត្វទាំង១២ ថា ចាប់ពីពេលនេះតទៅយើងត្រូវកំណត់ឆ្នាំតាមសត្វនីមួយៗ ដើម្បីអោយមនុស្សលោកងាយស្រួលចងចាំ ប្រតិទិននៃឆ្នាំនីមួយៗ។ នៅពេលនោះ សត្វទាំង១២ ដែលត្រូវបានព្រះឥន្ទ កោះហៅមកប្រជុំ ក៏ ជជែកគ្នា ឡើង រឹកសរសៃកដាក់គ្នាអំពីរឿងអ្នកណា តំណាងឆ្នាំទី១ នៃប្រតិទិន ឃើញសភាពបែបនេះ ព្រះឥន្ទ ក៏នឹកឃើញដំណោះស្រាយ មួយគឺ ការប្រកួតរត់ប្រណាំង អ្នកណាមកមុនអ្នកនោះគឺជា តំណាងទី១នៃឆ្នាំ ហើយអ្នកមកក្រោយគឺគិតបន្តបន្ទាប់គ្នា តាម លំដាប់លំដោយ។

ត្រលប់មកផ្ទះវិញ ដើម្បីត្រៀមប្រកួតកណ្តុរគិតថា ខ្លួនជាសត្វតូច ជាងគេធ្វើម៉េចអាចយកឈ្នះ សត្វដទៃទៀតទៅ? គិតចុះគិតឡើង ក៏នឹកឃើញថា រកបងគោដើម្បីជួយ ព្រោះបងគោគឺជាសត្វដែល ចេះយកអាសារគេឯង គិតហើយក៏ទៅរកបងគោដើម្បីពឹងពាក់។

-កណ្តុរ៖ បងគោ ស្អែកនេះពេលប្រកួត ខ្ញុំសុំដោយសារផង ព្រោះខ្ញុំខ្លួនតូចបើមិនត្រូវសត្វព្រៃចាប់ស៊ីក៏ត្រូវលង់ទឹកស្លាប់ដែរ។

ស្តាប់់លឺការអង្វររករបស់កណ្តុលដូចនេះ គោក៏យល់ព្រម ហើយពោលទៅកណ្តុរវិញថា!

-គោ៖ OK ខ្ញុំយល់ព្រមតែឯងត្រូវនៅលើខ្នងខ្ញុំច្រៀងចំរៀងអោយ ខ្ញុំស្តាប់។ កណ្តុលក៏យល់ព្រម។

ពេលប្រកួតមកដល់ សត្វទាំងអស់ក៏ជួបជុំគ្នា ចាប់ផ្តើមការប្រកួត។ កណ្តុរ និងគោ បានធ្វើតាមការព្រមព្រៀង នៅពេលឆ្លងទន្លេជិត ដល់ច្រាំង កណ្តុលដែលនៅលើខ្នងគោក៏លោតផ្លោះ ដល់ទីមុនគេ ដូច្នេះគឺ កណ្តុលលេខ១ គោលេខ២។ សត្វខ្លា មានកំលំាងខ្លំាងមាឌមាំ ខិតខំហែលទន្លេ ប៉ុន្តែបានលេខ៣ សត្វទន្សាយ ចេះតែលោតផ្លោះលើ ដុំថ្ម និងកំណាត់ឈើបណ្តែតទឹកតាមបណ្តោយទន្លេក៏មកដល់ទី លេខ៤។ ថ្លែងពីសត្វនាគ ថ្វីបើខ្លួនចេះហោះហើរលើអាកាស គួរណាស់មកដល់ទីមុនគេ តែសត្វនាគចិត្តមេត្តាខ្ពស់ រវល់តែផ្តល់ទឹកភ្លៀងជួយដល់ប្រជាកសិករដែលជួបគ្រោះរាំងស្ងួត ទើបមកដល់ទីលេខ៥ ឯសត្វពស់ខិតខំវាលតាមព្រៃមកដល់ទីលេខ៦។ សេះ ខិតខំបំបោលឥតឈប់តែខ្លួនវង្វេងក្នុងព្រៃ២-៣ជុំទើបបានលេខ៧។

ចំនែកសត្វ ពពែ ស្វា និង មាន់ បានសហការគ្នាយកកំណាត់ធំមួយធ្វើជាទូក ចែវឆ្លងទន្លេ ដោយពពែជាអ្នកអង្គុយខាងមុខនាំផ្លូវ ស្វាកណ្តាល មាន់នៅខាងក្រោយ ដូច្នេះទើប ពពែលេខ៨ ស្វាលេខ៩ មាន់លេខ១០។ សត្វឆ្កែឯនោះវិញ ជាសត្វដែលពូកែហែលទឹកនិងចូលចិត្តលេងទឹក ដោយរវល់តែហែលទឹកលេង ស្ទើរភ្លេចការប្រកួត ក៏ទៅដល់ទីលេខ១១ រីឯជ្រូកវិញ ដើរបណ្តើរដេកបណ្តើរស៊ីបណ្តើរទើបទៅដល់ទីចុងក្រោយគេ។

រឿងនិទានស្តីពីការកំណត់សត្វតាមឆ្នាំប្រតិទននេះ គឺបង្កាប់អត្ថន័យដ៏សំខាន់មួយគឺ ចរិកនិងការតំាងចិត្តក្នុងការសម្រេច គោលដៅរបស់មនុស្សប្រៀបដូចទៅនឹងសត្វទាំង​ ១២នោះឯង។

-សត្វកណ្តុរ ខ្លួនតូចប្រាជ្ញាខ្ពស់ល្បិចច្រើនការតាំងចិត្តសម្រេច គោលដៅខ្ពស់ មិនខ្វល់ពីអ្នកណាថាយ៉ាងម៉េច សំខាន់គឹ សម្រេច គោលដៅដែលខ្លួនចង់បាន ។

-សត្វគោ ស្មោះត្រង់ចេះយកអាសារអ្នកដទៃហើយឧស្សាហ៏ព្យាយាម ប៉ុន្តែខ្វះប្រាជ្ញា ។

-សត្វខ្លា និង សត្វពស់ កាចសាហាវប្រើកំលាំងច្រើនខ្វះអ្នកសហការ ឯកោ។

-សត្វទន្សាយ ប្រាជ្ញាខ្ពស់កំលំាងខ្សោយតែមិនចេះរក អ្នកសហការ ជាមួយ បុគ្គលនិយម។

-សត្វនាគ ប្រាជ្ញាខ្ពស់ពូកែកំលំាងខ្លាំងចិត្តមេត្តា តែធ្វើការ មិនតាម ផែនការ និងបារម្មណ៏រឿងអ្នកដទៃ ភ្លេចគោលដៅរបស់ខ្លួន។

-សត្វសេះ ប្រាជ្ញាខ្សោយកំលំាងខ្លាំង ការតាំងចិត្តខ្ពស់ តែខ្វះផែនការ។

-សត្វពពែ ស្វា និងមាន់ កំលាំងខ្សោយប្រាជ្ញាខ្ពស់ចេះធ្វើការជាក្រុម មិនគិតពីលទ្ធភាព សំខាន់សម្រេចគោលដៅតាមផែនការ ។

-សត្វឆ្កែ ពូកែតែខ្វះការតាំងចិត្ត ហើយល្មោមការសប្បាយ ភេ្លចគោលដៅ។

-សត្វជ្រូក ខ្ជិលច្រអូសល្មោបស៊ីខ្វះការតាំងចិត្ត គោលដៅមិនសំខាន់ សំខាន់ខ្លួនឯងបានស្រណុកសុខស្រួល។

រក្សាសិទ្ធិដោយ៖ www.czoul.com