kalib9

យ័ន្តបារមីឆ្នាំទាំង១២ អាន និង Share ម្នាក់១យកលាភសំណាងឆ្នាំថ្មី២០១៨

ឆ្នាំ​ជូត តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៨, ២០, ៣២, ៤៤, ៥៦, ៦៨, ៨០ និង​៩២​ឆ្នាំ។ កាលពី​ឆ្នាំ​ទៅ ឆ្នាំ​ជូត​ឆុង​នឹង​ឆ្នាំ​មមី ខណៈ​ឆ្នាំ​មមែ​នេះ​ក៏​ឆុង​ដែរ តែ​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ឡើយ ដោយសារ​មាន​ទេវតា​ចិន​ឈ្មោះ​ឆឺអួយចាំ​ជួយ​ថែទាំ​ជួយ​មើល​។

ដូច្នេះ​ លោក​អ្នក​កើត​ឆ្នាំ​ជូត​រាសី​ឆ្នាំ​នេះ​ល្អ​បង្គួរ មាន​ភាព​រុងរឿង​អាច​ប្រកប​ការងារ​រកស៊ី​មាន​បាន ខណៈ​អ្នក​ធ្វើការ​អាច​ឡើង​បុណ្យស័ក្តិ​។ ប៉ុន្តែ​ លោក​អ្នក​ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ខ្លះ​ដែរ មិន​ត្រូវ​ចេះ​ដឹង​រឿង​អ្នកដទៃ​ក្រែង​នាំ​អន្តរាយ​ដាក់​ខ្លួន​រហូត​ដល់​បង្កើត​រឿង​ក្តីក្តាំ​ឡើង​តុលាការ​ជា​ហេតុនាំ​ឲ្យ​មាន​នូវ​ផលប៉ះពាល់​ដល់​ការ​ខាតបង់​ទ្រព្យសម្បត្តិ​ផង​ដែរ​។

លោក​អ្នក​អាច​មាន​គ្រោះ​ដែល​ពុំ​បាន​ព្រាងទុក​ចន្លោះ​ខែ​ឧសភា និង​ខែ​មិថុនា។ រឿង​កើត​ចេញ​ពី​ការ​ភាន់ច្រឡំ​ដោយសារ​ពាក្យ​ចចាមអារ៉ាម​មក​វាយប្រហារ។ ដូច្នេះ​ លោក​អ្នក​ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទើប​បាន​សុខ។ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​មាន​ផ្លូវ​ឆ្ងាយ លោក​អ្នក​កើត​ឆ្នាំ​នេះ​ត្រូវ​ប្រយ័ត្ន​ពេលវេលា​ចេញ​ដំណើរ​នៅ​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​១​រសៀល។

លោក​អ្នក​កើត​ឆ្នាំ​ជូត​អាច​មាន​ខែ​មួយ​ចំនួន​ត្រូវ​ឆុង​ប្រចាំ​ឆ្នាំ​២០១៥​នេះ​គឺ​ខែ​មីនា មិថុនា និង​តុលា ដូច្នេះ​ត្រូវ​រក​គ្រូ ឬ​ចិនសែ​ធ្វើ​ពិធី​រំដោះ​គ្រោះ​ទើប​ល្អ​។

ឆ្នាំ​ឆ្លូវ តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៧,១៩, ៣១, ៤៣, ៥៥, ៦៧, ៧៩ និង​៩១​ឆ្នាំ​។ ឆ្នាំ​២០១៥​នេះ ឆ្នាំ​ឆ្លូវ​ជា​ឆ្នាំ​ដែល​ឆុង​ជាង​គេ​បំផុត​ជាមួយ​នឹង​ឆ្នាំ​មមែ​។ ប៉ុន្តែ​ដោយសារ​តាម​ក្បួន​ចិន​រយៈពេល​ពីរ​ឆ្នាំ​ដូរ​ធាតុ​ម្តង​នោះ ដូច្នេះ​បើ​លោក​អ្នក​មាន​ធាតុទឹក និង​ធាតុដី មិន​សូវ​ជា​មាន​បញ្ហា​អ្វី​នោះ​ទេ។

ប៉ុន្តែ​សម្រាប់​អ្នក​ធាតុ​មាស ឈើ ភ្លើង ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្លាំង​។ ទោះ​ជា​យ៉ាងណា​ក្ដី​លោក​អ្នក​ដែល​មាន​រាសី​ល្អ​អាច​ជួប​អ្នក​មាន​បុណ្យ ហើយ​អាច​មាន​លាភ ប៉ុន្តែ​ចំណូល និង​ចំណាយ​ត្រូវ​មាន​តុល្យភាព​។ អ្នក​កើត​ឆ្នាំ​ឆ្លូវ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​មាន​ការ​តម​បី​យ៉ាង​។ ទី​មួយ ​គឺ​មិន​ត្រូវ​ទៅ​ក្បែរ ឬ​ជិត​ទី​ការដ្ឋាន​នានា ។

ទី​ពីរ​ ហាម​ទៅ​ចូលរួម​បុណ្យសព ប៉ុន្តែ​អាច​ទៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ឬ​បុណ្យ​១០០​ថ្ងៃ​បាន។ ទី​បី ​ហាម​ទៅ​ចូល​ពិធី​សែន​ដូនតា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ហាម​ចូល​បន្ទប់​ផ្សំដំណេក​របស់​កូនកំលោះ​កូនក្រមុំ ប៉ុន្តែ​ការ​ចូលរួម​ពិធី​ញ៉ាំ​ការ​ពេល​ល្ងាច​មិន​មាន​បញ្ហា​អ្វី​ទេ​។

លោក​អ្នក​កើត​ឆ្នាំ​ឆ្លូវ​មិន​ត្រូវ​មាន​ចិត្ត​លោភលន់​ក្នុង​ការ​វិនិយោគទុន​ហួស​ប្រមាណ​ឡើយ ជាពិសេស​ហាម​លេង​ល្បែង​តែ​ម្ដង។ លោក​អ្នក​ប្រយ័ត្នប្រយែង​ទាំង​យប់​និង​ថ្ងៃ​ព្រោះ​អាច​មាន​គ្រោះ​ដូចជា​ចោរ​លួច​ប្លន់​ជាដើម​។

 

ឆ្នាំ​ខាល តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៦, ១៨, ៣០, ៤២, ៥៤, ៦៦, ៧៨ និង​៩០​ឆ្នាំ។ រាសី​ល្អ​បង្គួរ​ដូច​កាល​ឆ្នាំ​ទៅ​ដែរ សម្រាប់​លោក​អ្នក​ដែល​កំណើត​កើត​នៅក្នុង​ឆ្នាំ​ខាល​ទាំង​ប្រុស​ទាំង​ស្រី។ ប្រសិន​បើ​ប្តី​ប្រពន្ធ​បង្កើត​បាន​កូន​ប្រុស​នៅក្នុង​ឆ្នាំ​មមែ​នេះ មាន​ន័យ​ថា លោក​អ្នក​នឹង​ទទួល​បាន​នូវ​លាភ​ធំ​សម្រាប់​ក្រុម​គ្រួសារ​។

ប៉ុន្តែ​លោក​អ្នក​ក៏​តោង​ប្រកាន់​យក​នូវ​ភាពប្រុងប្រយ័ត្ន​បន្តិច​សម្រាប់​ឆ្នាំ​នេះ ព្រោះ​ថា​លោក​អ្នក​ក៏​អាច​ជួប​នឹង​គ្រោះខាត​បាត់បង់​នូវ​របស់របរ​ទ្រព្យសម្បត្តិ​តិចតួច​ដោយ​ប្រការ​ណា​មួយ​។ ចំពោះ​ការ​សេពគប់​មិត្ត​ទៀត​សោត​ក៏​ត្រូវ​សម្រិតសម្រាំង​មើល​ចិត្ត​ថ្លើម​ឲ្យ​បាន​ច្បាស់​ផង​ដែរ ចៀសវាង​មាន​ការ​ចាញ់​បោក​មិត្តភក្តិ។

រីឯ​ លោក​អ្នក​កើត​ឆ្នាំ​ខាល​ជា​មនុស្ស​ចាស់​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​បញ្ហា​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​អាច​មាន​ជំងឺ​ឈឺថ្កាត់​មក​យាយី​។ បើ​ជា​អ្នក​ប្រកប​មុខរបរ​រក​ស៊ីវិញ គួរ​លៃលក​ទ្រព្យ​ឲ្យ​បាន​គត់មត់ បើ​ធ្វេសប្រហែស​តែ​បន្តិច​អាច​នឹង​ខាតបង់​ទ្រព្យ​ស្ដាយ​ក្រោយ។

ចំណែក​របស់​ទ្រព្យ​ទាំងឡាយ ដែល​មិនមែន​របស់​ខ្លួន​នោះ លោក​អ្នក​មិន​ត្រូវ​មាន​ចិត្ត​លោភលន់​ចង់​បាន​ហួស​ប្រមាណ ឬ​ប៉ុនប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ជា​របស់​គេ​ដើម្បី​យក​មក​ធ្វើ​ជា​របស់​ខ្លួន​នោះ​ឡើយ។

 

ឆ្នាំ​ថោះ តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៥, ១៧, ២៩, ៤១, ៥៣, ៦៥, ៧៧​និង​៨៩​ឆ្នាំ។ ជោគជតា​រាសី​ឆ្នាំ​ថោះ នៅ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ផូរផង់​គ្រប់​វ័យ​និង​កាលវេលា​តែ​ម្តង​។ លោក​អ្នក​មាន​ទឹកចិត្ត​ស្រស់ស្រាយ ប្រាជ្ញា​មុតស្រួច​អាច​ដោះស្រាយ​នូវ​រាល់​វិបត្តិ បញ្ហា​នានា​របស់​ខ្លួន​បាន។

ប្រសិន​បើ​ជា​សិស្សានុសិស្ស ឬ​និស្សិត​វិញ​នោះ​ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​ខួរក្បាល​ឈ្លាសវៃ អាច​ប្រឡង​ជាប់​សញ្ញាបត្រ និង​ឆ្លងកាត់​ឧបសគ្គ​ដោយ​ជោគជ័យ។ លោក​អ្នក​ដែល​បម្រើ​ការងារ​អាច​មាន​លាភសំណាង​ល្អ​ត្រូវ​បាន​គេ​ដំឡើង​បុណ្យស័ក្តិ ឬ តំណែង​បន្ថែម​លើ​តំណែង​ចាស់​។

ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​រឿងរ៉ាវ​នានា​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងប្តល់​គ្នា រហូត​បង្ក​ឲ្យ​កើត​រឿង​តវ៉ា​នៅឯ​តុលាការ ជា​ហេតុ​នាំឲ្យ​ខាតបង់​ពេលវេលា ទ្រព្យធន​។ ចំពោះ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធានា​លើ​អ្នក​ដទៃ ឬ​អះអាង​ជួស​គេ​នោះ​ត្រូវ​ចៀសវាង។

ឆ្នាំ​ថោះ​ត្រូវ​ហាមដាច់​ខាត​ចំពោះ​ក្តីប្រាថ្នា​បើករបរ​រកស៊ី​ដាក់​ភាគហ៊ុន ឬ​បណ្តាក់ទុន​ជាមួយ​អ្នក​មិន​សូវ​ស្គាល់​គ្នា​ឲ្យ​សោះ​ព្រោះ​នឹង​ជួប​គ្រោះ​អន្តរាយ​ទ្រព្យ​ខ្លួន​។ សាមគ្គីភាព​នៅក្នុង​សង្គម​គ្រួសារ​បាន​ល្អ អាច​បង្កើន​ការ​រកស៊ី​មាន​បាន​ធូរធារ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។

 

ឆ្នាំ​រោង តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៤, ១៦, ២៨, ៤០, ៥២, ៦៤, ៧៦, ៨៨ និង​១០០​ឆ្នាំ។ លោក​អ្នក​កើត​ឆ្នាំ​រោង​មាន​ជោគជតារាសី​ឆ្នាំ​ល្អ​គ្រប់ៗ​គ្នា តែ​សម្រាប់​ស្រ្តី​ហាក់​ដូចជា​មាន​លាភ មាន​ប្រៀប​ល្អ​ជាង​បុរសៗ​បន្តិច​។ ស្រ្តី​កើត​ឆ្នាំ​រោង មាន​ជោគជ័យ​ល្អ​ប្រសើរ​សម្រាប់​ឆាកជីវិត​ខ្លួន​ទោះបី​ក្នុង​ការងារ​រកស៊ី ឬ​ការងារ​។

ពិសេស​នោះ ប្រសិន​បើ​ស្រ្តី​នៅ​លីវ​វ័យ​ចន្លោះ​ ២៨ ​ឆ្នាំ​ដល់ ​៤០ ​ឆ្នាំ អាច​នឹង​ដល់​គូព្រេង​នៅ​ឆ្នាំ​នេះ។ បើ​មិន​បាន​រៀបការ​ទេ​នោះ ក៏​ពួកគេ​អាច​មាន​រាសី​ល្អ​ក្នុង​ការ​ប្រកបរបរ​រកស៊ី មុខជំនួញ​បាន​ធូរធារ សម្បូរសប្បាយ​ផង​ដែរ​។

ចំពោះ​បុរសៗ​វិញ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​រក​ការ​ប្រព្រឹត្ត​នឹង​រឿង​ល្បែងស៊ីសង ស្រីញី និង​គ្រឿងស្រវឹង​ឡើយ​ព្រោះ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ធំ រាប់​តាំងពី​ការ​ខាតបង់​ទ្រព្យសម្បត្តិ​រហូត​ដល់​ហិនហោច​ជីវិត​។

លោក​អ្នក​ក៏​អាច​ជួប​នឹង​ក្តីច្រណែន​ឈ្នានីស​ពី​សំណាក់​អ្នក​ក្រោម​ឱវាទ ឬ​ មិត្ត​រួមការងារ ឬ​រួម​មុខរបរ​រកស៊ី​ផង​ដែរ ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន។ ប្រសិន​បើ​មាន​ការ​យល់​ដោយ​ភាន់ច្រឡំ​ពី​អ្នកដទៃ​ក្នុង​ទីកន្លែង​ការងារ​នោះ លោក​អ្នក​ត្រូវ​តែ​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ដល់​ពួកគេ​ទើប​អាច​ទទួល​បាន​នូវ​ក្តីសុខសប្បាយ​។

 

ឆ្នាំ​ម្សាញ់ តាម​ក្បួន​ចិន​អ្នក​មាន​អាយុ៣, ១៥, ២៧, ៣៩, ៥១, ៦៣, ៧៥, ៨៧ និង​៩៩​ឆ្នាំ។ សម្រាប់​លោក​អ្នក​ទាំង​ប្រុស​ទាំង​ស្រី​ដែល​កើត​ឆ្នាំ​ម្សាញ់​គឺ​មាន​ជោគជតារាសី​ល្អ​បង្គួរ​នៅក្នុង​ឆ្នាំ​នេះ​។ អ្នក​កើត​ឆ្នាំ​ម្សាញ់​គ្រប់​វ័យ តោង​យោង​យក​នូវ​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​សុខភាព​ខ្លួនឯង និង​សុខភាព​របស់​ឪពុក​ម្តាយ​ជា​ចម្បង​។

បើ​មាតាបិតា​ឈឺ​ធ្ងន់ធ្ងរ កូនចៅ​ត្រូវ​តែ​មាន​ភាព​រួសរាន់​រក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។ តែ​ប្រសិន​មាន​កូនចៅ​ក្នុង​គ្រួសារ​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​ឆ្នាំ​នេះ​វា​នឹង​លើក​រាសី​លុប​អស់​គ្រោះ និង​នាំ​មក​នូវ​រឿង​ល្អ​ត្រឡប់​មក​វិញ​។

បើ​យោង​ទៅ​តាម​ក្បួន​ខ្នាត​ចិន​នោះ លោក​អ្នក​កើត​ឆ្នាំ ​ម្សាញ់​ មិន​ត្រូវ​ចេញ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឡើយ ព្រោះ​ខ្លាច​ឆុង។ លោក​អ្នក​ក៏​ប្រយ័ត្ន​ចំណី​អាហារ​ក្រែង​យាយី​ដល់​សុខភាព។ លោក​អ្នក​ក៏​មិន​ត្រូវ​ប្រកាន់ខ្ជាប់​ចរិត ឬ​ចិត្ត​ឆេវឆាវ​ឡើយ​ព្រោះ​អាច​កើត​រឿង​ធំ​ដោយសារ​តែ​អារម្មណ៍​មួយ​ភ្លើង​។

លោក​អ្នក​មិន​ត្រូវ​តោង​យក​រក​រឿង​ដាក់​ខ្លួន​ដោយ​ការ​ចូលចិត្ត​ឈឺឆ្អាល​រឿង​អ្នកដទៃ​នោះ​ឡើយ ក្រែង​បង្ក​គ្រោះអន្តរាយ​ដល់​ខ្លួន​វិញ​ដោយសារ​ការ​ជួយ​មនុស្ស​ជា​ប្រភេទ​ក្រពើ​វង្វេង​បឹង ឬ​ស៊ីបាយ​បោក​ឆ្នាំង​ជាដើម​។

 

ឆ្នាំ​មមី តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​២,១៤, ២៦, ៣៨, ៥០, ៦២, ៧៤, ៨៦ និង​៩៨​ឆ្នាំ។ លោក​អ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំ​មមី​សម្រាប់​ជោគជតារាសី​ឆ្នាំ​នេះ​អាច​និយាយ​បាន​ថា មាន​រាសី​ល្អ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២​សម្រាប់​ឆ្នាំ​២០១៥​។ រាសី​ឆ្នាំ​មមី​ឆ្នាំ​នេះ ខាង​ប្រុស​មាន​លាភ​ល្អ​ជាង​ខាង​ស្រី។

បុរស​ឆ្នាំ​មមី​មាន​យីអ៊ុន​ល្អ​ក្នុង​ការ​ប្រកបរប​រកស៊ី​ដោយ​មាន​ភាព​កាក់កប​ធូរធារ​បាន​សម្បត្តិ​សម្បូរ​ហូរហៀរ ខណៈ​អ្នក​ធ្វើការងារ​វិញ​អាច​មាន​ការ​ឡើង​បុណ្យស័ក្តិ ឬ​នាយ​ចៅហ្វាយ​ជ្រោមជ្រែង​។ ចំពោះ​ស្រ្តី​វិញ​ត្រូវ​តោង​យក​នូវ​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​សម្ព័ន្ធ​ស្នេហា​ជាមួយ​គូស្នេហ៍​ព្រោះ​អាច​ត្រូវ​គេ​ក្បត់​ចិត្ត​។

អ្នក​កើត​ឆ្នាំ​មមី មិន​ត្រូវ​យក​ខ្លួន​បៀត​នឹង​ការ​ឈ្លោះប្រកែក​គ្នា​នានា​ឡើយ​ព្រោះ​អាច​ជះ​មក​លើ​ខ្លួន​វិញ​។ ដាច់​ខាត​កុំ​យក​ខ្លួន​បៀត​នឹង​រឿង​ល្បែងស៊ីសង ព្រោះ​ថា​វា​អាច​នាំ​មក​នូវ​ភាព​វិនាស​ទ្រព្យសម្បត្តិ។ ចំពោះ​រឿង​រកស៊ី​ជួញដូរ​វិញ លោក​អ្នក​ហាម​មាន​ចិត្ត​លោភលន់ ហាម​រកស៊ី​ដាក់ទុន​ធំ និង​ហាម​ប្រថុយ​ចង់​បាន​លាភ​បែប​ក្ដៅក្រហាយ​។

ក្រុម​គ្រួសារ​ពោរពេញ​ដោយ​សុភមង្គល និង​លាភជ័យ​សិរីសួស្ដី​មិន​មាន​សមាជិក​ណា​ម្នាក់​ជួប​គ្រោះ​ភ័យ​ចង្រៃ​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ។

 

ឆ្នាំ​មមែ តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​១, ១៣, ២៥, ៣៧, ៤៩, ៦១, ៧៣, ៨៥ និង​៩៧​ឆ្នាំ។ សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​មមែ​ឆ្នាំ​នេះ​គឺ​ត្រូវ​នឹង​ពេលវេលា​ត្រូវ​ជាន់​ឆ្នាំ​គ្នា ខណៈ​ជោគជតា​រាសី​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​កើត​ឆ្នាំ​ឆ្លូវ​ដែរ។

គួរ​ប្រកាន់ខ្ជាប់​នូវ​ត្រណម​បី​យ៉ាង​ដូចជា​ការ​ទៅ​ចូលរួម​បុណ្យសព ពិធី​សែនព្រេន​ដូនតា​ថ្ងៃ​រៀបការ និង​ចូល​បន្ទប់​ផ្សំដំណេក​កូនកំលោះ​កូនក្រមុំ។ លោក​អ្នក​គួរ​តែ​រក​គ្រូទាយ ឬ​ជាវ​យ័ន្ត​ទៅ​សែន​លើក​រាសី​ខ្លួន​ឲ្យ​បាន​ចំនួន​បី​លើក​ក្នុង​មួយ​ឆ្នាំ​។

លើក​ទី​មួយ​គឺ​ត្រូវ​ធ្វើ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ លើក​ទី​ពីរ​ថ្ងៃ​ទី​១ ខែ​កញ្ញា និង​លើក​ទី​បី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ទើប​អាច​រំដោះ​គ្រោះភ័យ​បាន​ធូរស្បើយ​។

ទោះបី​លោក​អ្នក​កើត​ឆ្នាំ​មមែ ត្រូវ​មាន​ឧបសគ្គ ឬ​គ្រោះ​តិចតួច​កើត​មាន​ឡើង​ក្តី ក៏​មិន​ត្រូវ​មាន​ការ​ព្រួយបារម្ភ​ពេក​ទេ គឺ​លោក​អ្នក​ត្រូវ​តោង​យក​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​ចាំ​មើល​ហេតុការណ៍​ដែល​នឹង​កើតឡើង​សិន​ដើម្បី​ព្យាយាម​រក​មធ្យោបាយ​សន្សឹមៗ​ដោះស្រាយ​បញ្ហា​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។

ម្យ៉ាង​ទៀត​លោក​អ្នក​មិន​ត្រូវ​ចេញ​មុខ ពាំង​ខ្លួន​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជំនួស​គេ​ឡើយ​ក្រែង​នាំ​ចំហាយ​រាសី​មិន​ល្អ​ដល់​ខ្លួន។

 

ឆ្នាំ​វក តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​១២, ២៤, ៣៦, ៤៨, ៦០, ៧២, ៨៤ និង​៩៦​ឆ្នាំ។ លោក​អ្នក​កើត​ឆ្នាំ​វក​មាន​រាសី​ល្អ​ដូច​គ្នា ទាំង​ស្រី​ទាំង​ប្រុស​តែ​ម្តង​ព្រោះ​ថា គូគ្រង​របស់​ខ្លួន​នឹង​បាន​មក​ដល់​ហើយ​នៅ​ឆ្នាំ​នេះ ដោយសារ​ឆ្នាំ​ក្រោយ​ឆ្នាំ​ត្រូវ​ឡាក់ឆុង​ឆ្នាំ​វក​ជាន់​គ្នា ដែល​ជា​ត្រណម​ខ្លាំង​នៅក្នុង​ក្បូន​តម្រា​របស់​ចិន​។

លោក​អ្នក​កើត​ឆ្នាំ​វក ត្រូវ​តោង​យោង​យក​ការ​ថែទាំ​សុខភាព​ខ្លួន​ជា​ចម្បង​ទើប​ល្អ​។ គួរ​ប្រកាន់ខ្ជាប់​នូវ​សុភាសិត «សន្សឹមៗ​កុំ​បំបោល» ព្រោះ​ទ្រព្យ​នឹង​ហូរ​ចូល​តក់ៗ​មិន​ដាច់​ឡើយ​។ ប្រសិន​បើ​ខិតខំ​ធ្វើការងារ រកស៊ី​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ​ឈឺថ្កាត់​។

បើ​យក​ល្អ​នោះ​មិន​ត្រូវ​ទៅ​សួរសុខទុក្ខ​ញាតិមិត្ត ជិត​ខាង​ណា ដែល​ជា​អ្នក​ជំងឺ​មាន​ជំងឺ​ឆ្លង​នានា​តាម​មន្ទីរពេទ្យ​ឡើយ ព្រោះ​វា​ជា​ស្ថានភាព​មួយ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង ឬ​អាច​ឆ្លងជំងឺ​ក៏​ថា​បាន។ ប្រុសៗ​កុំ​សេព​គប់​នឹង​ក្រុម​ស្រីស្អាត​ឲ្យ​សោះ​ព្រោះ​អាច​ចាញ់​ល្បិចកល​របស់​នារី​ឆើត​។

មិន​តែ​ប៉ុណ្ណោះ​អ្នក​កើត​ឆ្នាំ​វក​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អនាម័យ​លើ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត។

 

ឆ្នាំ​រកា តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​១១, ២៣, ៣៥, ៤៧, ៥៩, ៧១, ៨៣​និង​៩៥​ឆ្នាំ។ សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​រកា គួរ​កុំ​តោង​យក​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គេ​ឯង​ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​គេ​តម ដោយ​មើល​ឃើញ​អាច​មាន​ការ​បង្ហូរ​ឈាម​។

ចំពោះ​ស្រ្តី​កើត​ឆ្នាំ​រកា អាច​ត្រូវ​ប្រុសស្នេហ៍​មាន​ចិត្ត​ផិតក្បត់​នាំ​មក​នូវ​រឿង​អាស្រូវ​នានា​។ សម្រាប់​ការសិក្សា ឬ​ការងារ​រកស៊ី​វិញ​គឺ​មាន​ដំណើរ​បាន​ល្អ​ដោយ​ភាព​រលូន​។ បើ​មិន​ចាំបាច់ លោក​អ្នក​គួរ​ចៀសវាង​ការ​ធ្វើ​ដំណើរ ឬ​ដើរហើរ​នា​ពេល​យប់​ព្រោះ​ថា​វា​អាច​មាន​គ្រោះថ្នាក់​កើត​ដល់​ខ្លួន​ដោយ​ប្រការ​ណា​មួយ​។

ចំពោះ​ឆ្នាំ​រកា​នេះ​ដែរ​មិន​មាន​ការ​ឆុង​នឹង​ឆ្នាំ​មមែ​ឡើយ ប៉ុន្តែ​លោក​អ្នក​ត្រូវ​តែ​តោង​យក​ការ​ថែទាំ និង​រក្សា​នូវ​សុខភាព​ឪពុក​ម្តាយ​ឲ្យ​បាន​ល្អប្រសើរ​ជា​ការ​ប្រពៃ​។ រីឯ​ការ​ចាយវាយ​លុយកាក់​ក្នុង​គ្រួសារ​វិញ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អ​តាម​ប្រភព​ចំណូល​របស់​ខ្លួន និង​មិន​ត្រូវ​ធ្វើ​តាម​រូបមន្ត​ទូក​តូច​ក្តោង​ធំ​ឡើយ។

 

ឆ្នាំ​ច តាម​ក្បួន​អ្នក​មាន​អាយុ​១០, ២២, ៣៤, ៤៦, ៥៨, ៧០, ៨២, និង​៩៤​ឆ្នាំ។ លោក​អ្នក​ដែល​បាន​កើត​នៅ​ឆ្នាំ​ច អាច​និយាយ​បាន​ថា​មាន​រាសី​ល្អ​ផង និង​មិន​ល្អ ឬ​ឆុង​ផង និង​មិន​ឆុង​ជាមួយ​នឹង​ឆ្នាំ​មមែ។

តាម​ទំនៀម​ទម្លាប់​ចិន និង​ចិន​ម៉ុងហ្គោលី តែង​យក​សត្វ​ឆ្កែ​ប៊ែរហ្សេ​ទៅ​យាម​ពេល ឃ្វាល​ពពែ ដូច្នេះ​អាច​មាន​កើត​គ្រោះ​តិចតួច​ដោយ​ការ​ឈឺ​ឆ្អាល​រឿង​គេ​។ ឆ្នាំ​នេះ​លាភសក្ការៈ​វិញ​ងាយ​ហូរ​ចូល ហើយ​ក៏​ងាយ​រសាត់​ចេញ​ដែរ​បើ​ធ្វេសប្រហែស​ខ្ជះខ្ជាយ​។

ជាពិសេស​អ្នក​មិន​ត្រូវ​រវល់​នឹង​មនុស្ស​ខ្ចាត់​ព្រាត់​ឡើយ​ព្រោះ​ពួកគេ​អាច​ជា​មនុស្ស​ក្រពើ​វង្វេង​បឹង មនុស្ស​ស៊ី​បាយ​បោក​ឆ្នាំង​។ ចូរ​កុំ​ឈ្លោះ​ប្រកែក​គ្នា កុំ​យក​រឿង​ប្តី​ប្រពន្ធ​របស់​គេ​មក​ចេញ​មុខ​ពាំង​ខ្លួន​ដោះស្រាយ​ឲ្យ​សោះ​ព្រោះ​អាច​នាំ​គ្រោះ​ដល់​ខ្លួន​វិញ​។

នៅ​ក្នុង​ផ្ទះ សមាជិក​គ្រួសារ​មាន​ការ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ទើប​មាន​សុភមង្គល​រុងរឿង​។

 

ឆ្នាំ​កុរ តាម​ក្បួន​ចិន​អ្នក​មាន​អាយុ​៩, ២១, ៣៣, ៤៥, ៥៧, ៦៩, ៨១ និង​៩៨​ឆ្នាំ។ លោក​អ្នក​មាន​យីអ៊ុន​ល្អ​សម្រាប់​កើត​ឆ្នាំ​កុរ តែ​ត្រូវ​តោង​យក​ការ​ប្រយ័ត្នប្រយែង​នឹង​សុខភាព​ខ្លួន។ របរ​រកស៊ី ឬ​បំពេញ​កិច្ចការងារ​ដំណើរការ​ល្អ​ប្រពៃ តែ​កុំ​ចាប់​យក​ការ​ឈ្លោះ​ប្រកែក​នឹង​គេ អាច​មាន​គ្រោះ​ដាក់​ខ្លួន​ដោយសារ​នៅ​ឆ្នាំ​នេះ សត្វ​ខ្លា​ស​អាច​ចូល​មក​រក​លោក​អ្នក​កើត​ឆ្នាំ​កុរ​។

ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្នប្រយែង លោក​អ្នក​អាច​ទៅ​រក​កន្លែង​សែន​ណា​ដែល​មាន​ខ្លាស​ដើម្បី​សែន​ព្រេន​នានា បើ​តាម​ក្បួន​ចិន​គេ​ចូលចិត្ត​យក​សាច់​ជ្រូក​បី​ជាន់​ឆៅ​ទៅ​ដាក់​សែន​នៅ​ត្រង់​មាត់​ខ្លា និង​យក​ពង​ទា​ឆៅ​ពីរ​មក​សែន ដោយ​មួយ​មក​គោះ​ក្បាល​ខ្លាស និង​មួយ​ទៀត​គប់​នៅ​តាម​ផ្លូវ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​។

រក្សាសិទ្ធ៖ Kalib9

error: Content is protected !!