kalib9

OnePlus ​6 នឹង​កាន់តែ​ទំនើប​ជាង​មុន បង្កប់បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ Fingerprint Sensor ក្រោម​អេក្រង់​ទូរស័ព្ទ

បើ​តាម​ចចាមអារ៉ាម​ថ្មី​មួយ​លើកឡើង​ថា ស្មាតហ្វូន OnePlus ​ជំនាន់​ក្រោយ ដែល​អាច​នឹង​ត្រូវ​ហៅ​ឈ្មោះ​ម៉ូដែល OnePlus 6 ​នឹង​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ fingerprint sensor ​នៅ​ក្រោម​អេក្រង់​ទូរស័ព្ទ​តែម្ដង។ របាយការណ៍​នេះ​បាន​អះអាង​ចេញ​ពី​ប្រភព​មួយ​ដែល​បាន​កែ​តម្រូវ​ស្មាតហ្វូន OnePlus កាលពី​កន្លង​ទៅ។ ព័ត៌មាន​សំខាន់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​សេចក្ដីរាយការណ៍​បាន​បង្ហាញ​ថា ស្មាតហ្វូន​ថ្មី​នេះ​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ២០១៨ ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ចុង​ខែ​មីនា​តែម្ដង។


ស្មាតហ្វូន​ទំនើបៗ​ស៊េរី​ក្រោយៗ​បច្ចុប្បន្ន​សុទ្ធតែ​ត្រូវ​បាន​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​ ដែល​ខ្លះ​បាន​បំពាក់​នៅ​ផ្នែក​ខាង​មុខ ខ្លះ​បំពាក់​នៅ​ខាង​ក្រោយ ឬ​ខ្លះ​ទៀត​បំពាក់​នៅ​ផ្នែក​ចំហៀង ពោល​គឺ​នៅ​លើ​ប៊ូតុង​បិត/បើក (ប៊ូតុង Power) តែម្ដង។ ចំណែក​ពេល​ឆាប់ៗ​ខាង​មុខ នឹង​មាន​ស្មាតហ្វូន​ជំនាន់​បន្ទាប់​ចាប់​បដិសន្ធិ​ជាមួយ​បច្ចេកទេស​ថ្មី​ក្នុង​ការ​បង្កប់​ទ្រនាប់ Fingerprint Sensor នៅ​ខាង​ក្រោម​កញ្ចក់​អេក្រង់​ទូរស័ព្ទ​វិញ ដែល​អាច​ចាប់ផ្ដើម​បង្ហាញ​វត្តមាន​អំឡុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2018 ​ហើយ​អាច​មាន​នៅ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន OnePlus ​គឺ OnePlus 6 ​ផង​ដែរ។

ក្រៅពី​លក្ខណៈ​សម្បត្តិ​ពិសេស​បំពាក់ ទ្រនាប់​ស្កេន​ក្រយៅដៃ​ក្រោម​អេក្រង់​ហើយ​នោះ OnePlus 6 ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​មាន​អេក្រង់​កម្រិត QHD screen, រន្ធ​បន្ថែម microSD, តម្លៃ​សមរម្យ, មិន​ជ្រាប​ទឹក, ប្រព័ន្ធ​សំឡេង​មាន​គុណភាព​ល្អ​ជាង​មុន, កម្លាំង​ថ្ម​ធំ និង​ប្រើ​បាន​រយៈពេល​យូរ​ជាង​មុន៕

ប្រភព៖ gizmochina