kalib9

យន្ដហោះ​ម៉ូដែល ៣១៥ ជាយន្ដហោះ​មានតួភ្លោះ…

(វ៉ាស៊ីនតោន)៖ យន្ដហោះដ៏ធំបំផុត​នៅលើពិភពលោក របស់ក្រុមហ៊ុន Stratolaunch ដែលមានបំណង​នាំយកគ្រាប់រ៉ុក្កែត​ ទៅកាន់ស្រទាប់បរិយាកាសមណ្ឌលទី ២ (stratosphere) កម្ពស់ ៥០គីឡូម៉ែត្រ​ពីផ្ទៃផែនដី ត្រូវបាន​ដាក់ឱ្យដំណើរការ​​បើកបរសាកល្បង​ជាលើកដំបូង​ហើយ នៅលើផ្លូវក្នុង​ទីក្រុង​រដ្ឋ​កាលីហ្វរញ៉ា។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី ២៥ ខែធ្នូ ឆ្នាំ២០១៧។

យន្ដហោះ​ម៉ូដែល ៣១៥ ជាយន្ដហោះ​មានតួភ្លោះ និងស្លាបតរួមគ្នា និងមានទំហំធំ​ជាងយន្ដហោះដទៃ ត្រូវបានផលិតឡើងពី​សមាសធាតុផ្សំ​ជាច្រើន ដែលអាច​នាំរ៉ុក្កែត​ទៅកាន់រយៈ កម្ពស់ខ្ពស់ ព្រមទាំងជួយសន្សំ​សម្ចៃការបាញ់រ៉ុក្កែត ពីដីទៅកាន់លំហអាកាស។

យន្ដហោះនេះ​មានបណ្តោយប្រវែង ១១៧ម៉ែត្រ រីឯស្លាបយន្តហោះភ្លោះមាន​បណ្ដោយ ៧៣ម៉ែត្រ។ ដោយឡែក​ក្រុមអ្នកផលិត​ ក៏បានគូស​បញ្ជាក់ដូច្នេះដែរថា «ប្រព័ន្ធជាច្រើន​ត្រូវបានត្រួតពិនិត្យ​ នៅអំឡុងពេល​ធ្វើតេស្ដ ក្នុងនោះរួមមាន​ទាំងប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និងប្រព័ន្ធ​ប្រមូល​ទិន្នន័យ ហើយមិនតែ​ប៉ុណ្ណោះ ប្រព័ន្ធទាំងអស់បានដំណើរការ​តាមការរំពឹងទុក»។

គួរបញ្ជាក់ថា គំនិតចង់នាំរ៉ុក្កែត​ទៅក្នុងស្រទាប់បរិយាកាស​ជាន់ទី ២​ ត្រូវបានផ្ដួចផ្ដើម​ឡើងកាលពីពាក់​កណ្ដាលសតវត្សរ៍ទី២០ម្ល៉េះ ប៉ុន្តែទាំងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក មិនទាន់បានទទួល​ជោគជ័យធំដុំណាមួយ​នៅឡើយទេ៕

ប្រភព SpacNews

error: Content is protected !!