kalib9

សហគ្រិនម្នាក់ៗមានដំណើរផ្ទាល់ខ្លួន ហើយប្រឈមនឹងបញ្ហាប្លែកៗខុសពីគ្នា

អ្នកខ្លះចាប់ផ្តើមដំណើរនេះនៅវ័យក្មេង អ្នកទៀតនៅវ័យកណ្តាល ហើយអ្នកខ្លះទៀតក៏ចាប់ផ្តើមនៅវ័យចាស់។ ជោគជ័យឬបរាជ័យក្នុងដំណើរសហគ្រិនភាពមិនមែនស្ថិតនៅលើអាយុរបស់មនុស្សម្នាក់ៗទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលសហគ្រិនម្នាក់ៗដោះស្រាយបញ្ហា និងចេះរបៀបគេចផុតពីអន្ទាក់​មួយចំនួន៖

១. ចាប់ផ្តើមជាមួយនឹងក្រុមការងារខុស
ដោយសារនរណាម្នាក់ជាមនុស្សល្អ ឬមនុស្សសម្រេចគ្រប់កិច្ចការដែលគេធ្វើមានន័យថាគេជាមនុស្សត្រូវក្នុងការចាប់ដៃគ្នាបង្កើតក្រុមហ៊ុនជាមួយនោះទេ។ សហគ្រិនជាច្រើននាក់មានគំនិតល្អៀងនៅពេលគេជ្រើសរើសមនុស្សមកបង្កើតក្រុម។ ការគិតល្អៀងនេះអាចបណ្តាលមកពីមិត្តភាព ឬការយល់ច្រឡំចំពោះអ្វីដែលមនុស្សខ្លះអាចចូលរួមវិភាគទាន។ សហស្ថាបនិកទាំងនេះនឹងក្លាយជាមនុស្សដែលអ្នកត្រូវចំណាយពេលស្ទើររាល់ថ្ងៃនៅធ្វើការជាមួយ។

២. ទទួលលុយដោយសារតែអ្នកអាចទទួលបាន
ក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនមានកេរ្តិ៍ឈ្មោះធ្លាប់ទទួលបានជោគជ័យក្នុងពេលកន្លងមកតែងតែងាយទទួលបានការវិនិយោគណាស់។ ប៉ុន្តែវាជាកំហុសនៅពេលសហគ្រិនប្រមូលដើមទុនក្នុងពេលដែលមិនចាំបាច់ ឬពេលដែលមិនទាន់ត្រូវការជាក់ស្តែង។ ការទទួលបានដើមទុនងាយៗពេក មិនត្រឹមតែធ្វើឱ្យសហគ្រិនចាយវាយខុសខ្ទង់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យពាណិជ្ជកម្មងាករេចេញពីគោលដៅដើមទៀតផង។

៣. បង្កើតក្រុមហ៊ុនផ្អែកតែលើកេរ្តិ៍ឈ្មោះបុគ្គលម្នាក់
កេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាសហគ្រិនជោគជ័យពិតជាមានប្រយោជន៍នៅពេលប្រមូលដើមទុន ឬជ្រើសរើសបុគ្គលិក។ ប៉ុន្តែវាមិនមែនជារឿងល្អទេ ដែលចងភ្ជាប់ជោគវាសនារបស់ក្រុមហ៊ុនមួយទៅនឹងកេរ្តិ៍របស់មនុស្សតែម្នាក់បែបនេះ។ ការពឹងផ្អែកបែបនេះអាចនឹងទាក់ទាញបុគ្គលិកមកក្រុមហ៊ុនដោយសារហេតុផលខុស។ នៅពេលនរណាម្នាក់គិតអំពីក្រុមហ៊ុនរបស់អ្នកគេគួរតែគិតអំពីបញ្ហាដែលអ្នកកំពុងតែដោះស្រាយ។ គេគួរតែមានឆន្ទៈចង់ដោះស្រាយបញ្ហានោះដែរ មិនមែនផ្តោតគិតតែលើមនុស្សដែលអះអាងថាមានដំណោះស្រាយនោះទេ។ សហគ្រិនដែលញែកខ្លួនដាច់ពីក្រុមហ៊ុនក៏អាចមានជំហរវិជ្ជមាននៅពេលក្រុមហ៊ុនជួបបញ្ហាប្រឈមដែរ។

៤. ជួលមនុស្សដែលមិនមានជំនាញត្រូវនឹងការងារ
អន្ទាក់ជាទូទៅមួយសម្រាប់សហគ្រិនភាគច្រើនគឺគេជួលមនុស្សដោយផ្អែកលើសម្ពាធពីក្រុមប្រឹក្សាភិបាល ឬដោយសារនរណាម្នាក់ដែលគេអាចទុកចិត្តបាន។ ផ្ទុយទៅវិញ សហគ្រិនគួរតែសម្លឹងមើលភាពសក្តិសមនិងតម្រូវការពិតប្រាកដរបស់ក្រុមហ៊ុន។ តើមនុស្សដែលប្រុងនឹងជួលមកនោះអាចរីកចម្រើនក្នុងតួនាទីរបស់គេទេ ហើយតើគេអាចធ្វើការចុះជាមួយនឹងវប្បធម៌របស់ក្រុមហ៊ុននេះទេ? ជាងនេះទៅទៀត តើបុគ្គលនោះនឹងអាចសមត្ថភាពបត់បែនតាមដំណើររបស់ក្រុមហ៊ុនក្នុងពេលមួយឆ្នាំខាងមុខទៀតទេ? ការជួលបុគ្គលិកសម្រាប់ទាំងពេលបច្ចុប្បន្ននិងពេលអនាគតជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការពង្រីកខ្លួន។

៥. ជាប់ផុងក្នុងអតីតកាល
សហគ្រិនច្រើនតែធ្លាក់ក្នុងរណ្តៅនៃការគិតថាគេតែងតែដឹងច្បាស់ជាងនរណាទាំងអស់។ គេជឿជាក់ថាគេស្គាល់បច្ចេកវិទ្យាល្អបំផុតដើម្បីប្រើប្រាស់ គេស្គាល់ទិសដៅល្អបំផុតដែលត្រូវទៅ ហើយគេស្គាល់មធ្យោបាយល្អបំផុតដើម្បីរៀបចំក្រុមហ៊ុន។ ក្នុងនាមជាស្ថាបនិក គេជាមនុស្សមានសិទ្ធិសម្រេចលើកិច្ចការទាំងអស់ ហើយបុគ្គលិកគ្រប់ជាន់ថ្នាក់ចាំតែអនុវត្តតាម។ បញ្ហាស្ថិតនៅត្រង់ថា វិធីសាស្រ្តគ្រប់គ្រងក្រុមហ៊ុនមួយតែងតែផ្លាស់ប្តូរជានិច្ច។ ជារឿងចាំបាច់ណាស់ដែលសហគ្រិនតែងតែសម្លឹងរកមើលមធ្យោបាយអភិវឌ្ឍនិងបើកគំនិតទូលាយចាំទទួលយកគំនិតថ្មីៗ។

៦. មិនស្មោះត្រង់ចំពោះខ្លួនឯង
សហគ្រិនជាច្រើនបញ្ចុះបញ្ចូលខ្លួនឯងទាំងខុសថាអ្វីៗគ្រប់យ៉ាងមានដំណើរការល្អ។ ការធ្វើពុតក្នុងការមើលឃើញរឿងរ៉ាវគ្រប់យ៉ាងក្នុងផ្លូវល្អមានភាពងាយស្រួលជាងការប្រកាន់យកភាពស្មោះត្រង់ចំពោះស្ថានការណ៍ជាក់ស្តែង។ ក្រោយពីបានចំណាយពេលច្រើននៅក្នុងក្រុមហ៊ុន សហគ្រិនពិបាកមើលឃើញណាស់ថាបេសកកម្ម ឬទិសដៅរបស់គេកំពុងតែនាំទៅរកផ្លូវខុស។ សុទិដ្ឋិនិយមពិតជាសំខាន់មែនហើយ ប៉ុន្តែសហគ្រិននឹងធ្លាក់ក្នុងស្ថានភាពបំពុល ប្រសិនបើគេមិនអាចទទួលស្គាល់ការពិតចំពោះស្ថានការណ៍ជាក់ស្តែង។

៧. មិនរក្សាតុល្យភាពរវាងការងារនិងជីវិត
ការរក្សាតុល្យភាពរវាងការងារនិងជីវិតក្នុងនាមជាសហគ្រិនមិនមែនជាការងាយស្រួលទេ។ អន្ទាក់ដែលមនុស្សភាគច្រើនមិនអាចគេចរួចនោះគឺការគ្មានតុល្យភាពទាល់តែសោះ។ ជាញឹកញាប់សហគ្រិនតែងតែគិតថា ការងាររបស់គេជារឿងសំខាន់បំផុតក្នុងពិភពលោកនេះ។ ការយកការងារជាត្រីមុខគឺជាកម្លាំងជំរុញទឹកចិត្តដ៏អស្ចារ្យមួយ ប៉ុន្តែការមានរបៀបសម្រាកត្រឹមត្រូវជួយឱ្យអ្នករក្សាបានកម្លាំងពេញលេចដើម្បីដំណើរក្នុងផ្លូវវែងឆ្ងាយ។ តុល្យភាពរវាងការងារនិងជីវិតមិនចាំបាច់តែត្រូវមានភាពឥតខ្ចោះគ្រប់ពេលទេ ពីព្រោះការងារខ្លះក៏អាចធ្វើនៅក្នុងពេលនៅជាមួយគ្រួសារបានដែរ។ អាថ៌កំបាំងស្ថិតនៅត្រង់ការគិតគូរទុកជាមុននិងការចេះបត់បែនសម្របសម្រួលទៅតាមស្ថានភាពជាក់ស្តែង។


ប្រភព​៖ Entrepreneur