kalib9

ចង់​រៀន​​ឲ្យ​ពូកែ អ្នក​គួរមាន​ទម្លាប់​សិក្សា​ជា​ប្រចាំ​ទាំង ៩​ គន្លឹះនេះ!

លទ្ធផល​សិក្សា​ដ៏​ជោគជ័យ​ ឬ ក្លាយ​ជា​សិស្ស​ពូកែ គឺ​ជា​ក្តី​ប្រាថ្នា​របស់​សិស្ស​​​និស្សិត​គ្រប់រូប ​តែ​សំនួរ​សួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​​ទើប​​​ទទួល​បាន​​លទ្ធផល​បែប​នេះ?

បើ​ដូច្នេះ​មែន​ ប្រិយមិត្ត​អ្នកអាន​ជា​ពិសេស​សិស្ស​និស្សិត​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ទាំង ៩ ខាង​ក្រោម​នេះ​វិញ​ម្តង​មើល៍​​ តើ​អាច​ជួយ​ឲ្យ​​អ្នក​​ទទួល​បាន​លទ្ធផល​សិក្សា​ល្អ​ប្រសើរ​បាន​ដែរ​ឬទេ?​

១) រៀបចំ​គម្រោង​សិក្សា
តើ​​ប្រិយមិត្ត​ជា​ពិសេស​មិត្ត​និស្សិត​ទាំងអស់​បាន​ជ្រាប​ទេ​ថា កង្វះខាត​​នៃ​ការ​រៀបចំ​គម្រោង​សិក្សា​ធ្វើ​ឲ្យ​លទ្ធផល​សិក្សា​របស់​អ្នក​​បាន​ពិន្ទុ​ទាប​រហូត? នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​តែ​​រៀបចំ​គម្រោង​សិក្សា​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ។

គម្រោង​សិក្សា​របស់​​អ្នក​គួរ​កំណត់​ថា ថ្ងៃ​នេះ​អ្នក​ត្រូវ​មើល​ ឬ អាន​អ្វី? ធ្វើ​កិច្ចការ​សាលា​ឲ្យ​ចប់​​នៅ​ពេល​ណា? ស្រាវជ្រាវ​អ្វី​ខ្លះ? អ្នក​ត្រូវ​ធ្វើ​ដូចនេះ​ឲ្យបាន​តាម​កាលវិភាគ​សិក្សា​ថ្ងៃ​នីមួយៗ។

 

២) ធ្វើ​លំហាត់ ឬ អនុវត្ត​សំនួរ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន
គន្លឹះ​ដ៏​ល្អ​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​លោក​អ្នក ជា​ពិសេស​ការ​ប្រឡង​តែម្តង​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ គឺ​ការ​ហ្វឹកហាត់​​​ឆ្លើយ​សំនួរ ឬ ធ្វើ​លំហាត់​​ត្រៀម​ទុកមុន​ឲ្យ​បាន​កាន់តែ​ច្រើន។ អ្នក​ត្រូវ​អនុវត្ត​វា​ជា​ប្រចាំ ជា​ពិសេស​មុន​ពេល​ប្រឡង​​រហូត​ទាល់តែ​​ស្ទាត់​ជំនាញ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ទៀត​។

 

៣) បង្កើត​ក្រុម​សិក្សា​
អ្វី​ដែល​​​ជា​គន្លឹះ​ថ្មី​មួយ​ទៀត​កាន់តែ​ទទួល​បាន​ផ្លែផ្កា និង ជា​ដំណោះស្រាយ​ដ៏​ល្អ​​​សម្រាប់​បង្កើន​​ពិន្ទុ​របស់​អ្នក​ក្រៅ​ពី​ការ​ហ្វឹកហាត់​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ នោះ​គឺ​ការ​ស្វែង​រក​ដៃគូ​សិក្សា ឬ មិត្តភក្ដិ​ឲ្យ​បាន​ច្រើន​​។

ការ​សិក្សា​ជា​ដៃគូ​ ឬ ជា​ក្រុម​មាន​ប្រយោជន៍​​ច្រើន​ណាស់ ត្បិតអី​​អ្នក​ ឬ មិត្តភក្ដិ​របស់​អ្នក​មាន​គំនិត និង ដំណោះស្រាយ​ល្អ​ៗលើ​កិច្ចការ​សាលា​​នេះ​បាន​​ដែល​អាច​បញ្ចៀស​បាន​ភាព​ទាល់ច្រក​របស់​អ្នក។

៤) បង្កើន​សមត្ថភាព​​អាន​ឲ្យ​បាន​ច្រើន
ការ​អាន​​សៀវភៅ ឬ ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​មាន​ច្រើន​សណ្ឋាន​ណាស់។ អ្នក​ខ្លះ​ចូលចិត្ត​អាន​ដើម្បី​ទុក​ជា​ការ​​កម្សាន្ត អ្នក​ខ្លះ​ទៀត​​អាន​ដើម្បី​​​ដឹក​ខ្លឹមសារ​មេរៀន​ឲ្យ​បាន​ច្បាស់។

ក៏​មាន​ដែរ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​​​​គ្រាន់តែ​អាន​ចុច​យក​ចំណុច​សំខាន់ៗ​ ពោល​មិន​មើល​គ្រប់​ទំព័រ​​ឯកសារ ឬ សៀវភៅ​នោះ​ឡើយ។ យ៉ាងណាមិញ​សម្រាប់​អ្នក​ទោះបី​ជា​ការ​អាន​ត្រូវ​ធ្វើ​​ក្នុង​រូបភាព​ណា​ក៏ដោយ ត្រូវ​យល់​ពី​ខ្លឹមសារ​នៃ​ការ​អាន​ក្នុង​ទំព័រ​នីមួយៗ​ទើប​ជា​ការ​ប្រសើរ។

នៅ​ពេល​ដែល​អ្នក​អាន​បាន​កាន់តែ​ច្រើន​ និង បង្កើត​ជា​ទម្លាប់​​នេះ​ជា​ប្រចាំ មិនយូរមិនឆាប់​ចំណេះដឹង​​​របស់​អ្នក​កាន់តែ​កើន​ជា​មិន​ខាន។

៥) គេង​ឲ្យ​បាន​​គ្រប់គ្រាន់
ជា​ការ​ពិត​អ្នក​ដែល​​ខិតខំ​សិក្សា​រៀនសូត្រ​ពិត​ជា​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គេង​នោះ​ឡើយ។ នេះ​ជា​បញ្ហា​​ប៉ះពាល់​ដល់​សុខភាព​រយៈ​ពេល​យូរ​ ហើយ​តាម​ការ​ស្រាវជ្រាវ​អ្នក​ដែល​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់​ជា​ពិសេស​​មនុស្ស​ពេញវ័យ​​តែម្តង ក៏​ប៉ះពាល់​ដល់​លទ្ធផល​​សិក្សា​​ដែរ។

ហេតុ​នេះ​ហើយ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​គូ​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​ចាប់​ពី​៦ ទៅ ៨ ម៉ោង​ទើប​ជា​ការ​ប្រសើរ។

៦) ទទួល​ទាន​អាហារ​​ឲ្យ​បាន​ត្រឹមត្រូវ
សុរា ឬ សារធាតុ​គ្រឿង​ស្រវឹង​សុទ្ធសឹងតែ​ជា​សារធាតុ​​មិន​ល្អ​ប្រឆាំង​ទៅ​នឹង​សុខភាព​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​កំពុង​សិក្សា អ្នក​គួរតែ​ជៀសវាង​ទទួល​ទាន​សារធាតុ​ប្រភេទ​នេះ និង ប្រភេទ​អាហារ​មួយ​ចំនួន​ទៀត​​ដែល​​កង្វះ​ជីវជាតិ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ វីតាមីន B2 ជួយ​ឲ្យ​សមត្ថភាព​​ខួរក្បាល​របស់​​អ្នក​ចងចាំ​បាន​ល្អ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា ទឹកដោះគោ នំបុ័ង មី​កញ្ចប់ ថ្លើម និង បន្លែ​​បៃតង​គ្មាន​សារជាតិ​គីមី គឺ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព។

​៧) បង្កើន​សមត្ថភាព​ខួរក្បាល​របស់​អ្នក
​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​សមត្ថភាព​ខួរក្បាល​របស់​អ្នក គឺ​​ការ​ការ​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​ឲ្យ​រស់រវើក​ជានិច្ច។ ជា​ឧទាហរណ៍​អ្នក​អាច​ពិបាក​ចាំ​ពាក្យ​ភាសា​អង់គ្លេស​ណា​មួយ​ដែល​មាន​ពាក្យ​វែង​ ឬ សាំញ៉ាំ​ជាងគេ​ជា​ដើម។

នៅ​ពេល​នេះ​អ្នក​អាច​ចាំ​ពាក្យ​នេះ​​ដូច​ជា​ការ​នឹក​ស្រមើស្រមៃ​ទៅ​លើ​អ្វី​មួយ​ផ្សេង​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​នេះ។ ជនជាតិ​ក្រិក​ និង​​ រ៉ូម៉ាំង​សម័យ​បុរាណ​គេ​ចូលចិត្ត​ប្រើ​តិកនិក​​ចងចាំ​មួយ​ដែល​មាន​ឈ្មោះ​ថា “Ioci”។ តិកនិក​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​​ចងចាំ​ទៅ​លើ​សន្ទរកថា​វែងៗ ឬ ឈ្មោះ​ទីកន្លែង​ជា​ដើម​​។

​​​​៨) បញ្ឈប់​ការ​ពន្យារពេល​របស់​អ្នក
អ្នក​ប្រហែល​ជា​​មាន​ទម្លាប់​មួយ​ដូច​ជា​និយាយ​ថា ទុក​កិច្ចការ​នេះ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ ឬ ចាំ​ពេល​ក្រោយ​ជា​ដើម ខណៈ​នៅ​ពេល​នេះ​អ្នក​មិន​បាន​ធ្វើ​អ្វី​សោះ។ នេះ​ជា​ការ​យកលេស​មួយ​ដែល​គ្មាន​ហេតុផល ហើយ​ធ្វើ​​ឲ្យ​កិច្ចការ​សាលា​របស់​អ្នក​ពន្យារពេល​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

នៅ​ទី​បំផុត​ពេល​វេលា​កំណត់​បាន​មក​ដល់​ អ្នក​នឹង​មិន​បាន​ត្រៀម​អ្វី​បាន​ល្អ​ប្រសើរ​​នោះ​ឡើយ​ ហើយ​លទ្ធផល​សិក្សា​​ក៏​មិន​បាន​ដូច​បំណង។ សូម​បញ្ឈប់​ការ​ពន្យារពេល​របស់​អ្នក ហើយ​ចាប់​ផ្តើម​កិច្ចការ​សាលា​ភ្លាមៗ​​ប្រកួតប្រជែង​ជា​មួយ​ពេល​វេលា​ជានិច្ច។

៩) បង្កើត​សកម្មភាព​ល្អ​កាត់​បន្ថយ​ស្រ្តេស​នៅ​ក្នុង​ខ្លួន
ជា​ការ​ពិត​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ​​ អ្នក​អាច​ងប់ងុល​នឹង​ការ​ប្រើប្រាស់​​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា​ ទូរស័ព្ទ កុំព្យូទ័រ លេង​ហ្គេម កម្សាន្ត​​នៅ​តាម​បណ្តេញ​សង្គម​នានា​ជា​ដើម។

មួយ​ថ្ងៃៗ​អ្នក​អាច​​​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ច្រើន​ម៉ោង វាយ​ឯកសារ លេង​កម្សាន្ត តែ​នេះ​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រសិន​បើ​​អ្នក​ប្រើប្រាស់​វា​ហួស​ដែន​កំណត់។ នេះ​នឹង​បង្ក​ទៅ​ជា​ស្ត្រេស​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព ហើយ​ការ​សិក្សា​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។

នៅ​ចាំ​អីទៀត! ចេញ​ទៅ​ក្រៅ​ហាត់​ប្រាណ ជួបជុំ​ជជែក​កម្សាន្ត​ជា​មួយ​មិត្តភក្ដិ ស្រូប​យក​ខ្យល់​ឱកាស​ល្អ ទាំង​នេះ​នឹង​ជួយ​​រំលែក​បាត់​ទុក​កង្វល់​អាច​លុប​បំបាត់​ស្ត្រេស​បាន​ទៀត​ផង៕

Sponsored:

error: Content is protected !!