kalib9

ការថែទាំម្តាយ និងទារកក្នុងផ្ទៃពេលស្រ្តីកំពុងមានផ្ទៃពោះ

គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវការក្តីស្រឡាញ់និងការគាំទ្រពីក្រុមគ្រួសារនិងសហគមន៍របស់គាត់ មិនថាគាត់ជាស្ត្រីរៀបការរួច ហើយធ្លាប់មានកូន, ឬជាស្ត្រីវ័យក្មេង, នៅម្នាក់ឯង, ឬទើបមានផ្ទៃពោះលើកដំបូងក៏ដោយ។ គាត់ក៏ត្រូវការការថែទាំសុខភាពដ៏ល្អ និងអាហារូបត្ថម្ភត្រឹមត្រូវផងដែរ។

នៅពេលកូនត្រូវចូលរៀនវិញ ម៉ែនឹងជួយមើលកូនឲ្យ ដើម្បីឲ្យកូនរៀនឲ្យបានសញ្ញាបត្រ។
ជួយគាំទ្រគាត់ បើគាត់មិនស្រួលខ្លួន អស់កម្លាំង ឬភ័យខ្លាច។ ដោយសាររាងកាយរបស់ស្ត្រី ប្រែប្រួលអំឡុងពេលមានផ្ទៃពោះ នោះអារម្មណ៍របស់គាត់ក៏ប្រែប្រួលដែរ។

ជួយធ្វើការងារផ្ទះ ដើម្បីកុំគាត់លើករបស់ធ្ងន់។ ការធ្វើការងារស្រាលៗ គឺជាលំហាត់ប្រាណដ៏ល្អ។

ត្រូវប្រាកដថាមានទឹកគ្រប់គ្រាន់សម្រាប់ឲ្យគាត់ងូត ឬសម្អាតខ្លួនជាប្រចាំ។

ត្រូវប្រាកដថាគាត់បានសម្រាកគ្រប់គ្រាន់។ ស្ត្រីមានផ្ទៃពោះត្រូវចៀសវាងអង្គុយឬឈរយូរ។ គាត់នឹងមានអារម្មណ៍ប្រសើរ បើគាត់អាចទម្រេតខ្លួន និងសម្រាកពីរបីនាទីនៅពេលងងុយដេក ឬអស់កម្លាំង។ ការសម្រាលជាប្រការល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។

ស្ត្រីមានផ្ទៃពោះនិងក្រុមគ្រួសារ អាចរៀនសូត្រពីផ្ទៃពោះនិងការសម្រាល ដោយការប្រឹក្សាជាមួយឆ្មបនិងអ្នកលើកកម្ពស់សុខភាពនៅក្នុងសហគមន៍របស់ពួកគាត់។ ម្យ៉ាងទៀត សៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត ក៏មានពន្យល់ពីអ្វីដែលត្រូវរំពឹងទុកអំឡុងពេលមានផ្ទៃពោះ រួមទាំងសញ្ញាល្អៗ និងបញ្ហាផ្សេងៗដែលជួបប្រទះញឹកញាប់។

ការថែទាំមុនសម្រាល ជាមួយបុគ្គលិកសុខាភិបាលជំនាញ

ការពិនិត្យមុនសម្រាល ជាកត្តាសំខាន់ដើម្បីប្រាកដថាទារកកំពុងលូតលាស់ល្អ ហើយម្តាយមានសុខភាពល្អ។ ការថែទាំមុនសម្រាលដ៏ល្អ ទាមទារការបណ្តុះបណ្តាលមួយចំនួន ប៉ុន្តែវាមិនពិបាករៀនទេ ហើយក៏មិនទាមទារឧបករណ៍ថ្លៃៗផងដែរ។

ស្ត្រីមានផ្ទៃពោះគួរព្យាយាមពិនិត្យផ្ទៃពោះឲ្យបាន ៣ទៅ៤ដង, លើកទី១ នៅពេលដែលគាត់គិតថាមានផ្ទៃពោះភ្លាម, បន្ទាប់មកគឺនៅពេលមានផ្ទៃពោះប្រហែល ៦ខែ, និង២ដងទៀត ក្នុងអំឡុងពេលទារកជិតកើត។

ការពិនិត្យផ្ទៃពោះ ផ្តល់ឱកាសឲ្យស្ត្រីនិងប្តីរបស់គាត់ សួរសំណួរនិងស្វែងយល់ពីផ្ទៃពោះប្រកបដោយសុខភាព ក៏ដូចជាសញ្ញាគ្រោះថ្នាក់ផ្សេង។ ប្រសិនបើមានបញ្ហា បុគ្គលិកសុខាភិបាលនឹងអាចពិនិត្យរកឃើញនិងព្យាបាលឆាប់ៗក្នុងពេលមានផ្ទៃពោះ មុនពេលវាក្លាយជាគ្រោះថ្នាក់។

បុគ្គលិកសុខាភិបាលក៏អាចជួយឲ្យស្ត្រីទទួលការធ្វើតេស្ត៍រកជំងឺកាមរោគ រួមទាំងមេរោគអេដស៍ ដើម្បីឲ្យគាត់ទទួលថ្នាំពេទ្យបើចាំបាច់។ បុគ្គលិកសុខាភិបាលអាចជជែកជាមួយស្ត្រី អំពីអារម្មណ៍និងការភ័យខ្លាចរបស់គាត់ ហើយជួយគាត់និងប្តីរបស់គាត់ ឲ្យធ្វើផែនការសម្រាប់ការសម្រាលកូនប្រកបដោយសុវត្ថិភាព។

ឆ្មបផ្តល់ការថែទាំដ៏ល្អ

រាប់ពាន់ឆ្នាំមកហើយ តាំងពីមិនទាន់មានវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ឆ្មបគឺជាអ្នកណែនាំដ៏ល្អដើម្បីមាតុភាពគ្មានគ្រោះថ្នាក់។

បច្ចុប្បន្នវានៅតែដូចគ្នា។ យើងប្រើពាក្យ “ឆ្មប” គឺសំដៅលើនរណាម្នាក់ដែលត្រូវបានបណ្តុះបណ្តាលដើម្បីអាចផ្តល់ការថែទាំមុនសម្រាលនិងពេលសម្រាលយ៉ាងពេញលេញ។

ឆ្មបខ្លះត្រូវបានបណ្តុះបណ្តាលពីឆ្មបដទៃទៀត។ ខ្លះទៀតទៅរៀននៅសាលាដើម្បីទទួលសញ្ញាបត្រ។ ឆ្មបដើរតួនាទីដ៏សំខាន់ក្នុងការថែទាំសុខភាពរបស់ស្ត្រី ពីព្រោះ ៖

ជាញឹកញាប់ មានតែពួកគេប៉ុណ្ណោះដែលជាបុគ្គលិកសុខាភិបាលដែលធ្វើការនៅក្នុងសហគមន៍ក្រីក្រ ឬជាបុគ្គលិកសុខាភិបាលដែលស្ត្រីអាចមានលទ្ធភាពបង់ប្រាក់។

ជាទូទៅពួកគាត់រស់នៅក្នុងសហគមន៍ដែលគាត់បម្រើការងារ ដូច្នេះក្រុមគ្រួសារស្គាល់និងទុកចិត្តគាត់។
ជាធម្មតាពួកគាត់ចំណាយពេលជាមួយស្ត្រី យូរជាងវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលដទៃទៀត ដែលជួយឲ្យគាត់កត់សម្គាល់សញ្ញាគ្រោះថ្នាក់ និងយល់ពីតម្រូវការរបស់ស្ត្រីបានល្អជាង។

ជាទូទៅពួកគាត់ជាស្ត្រី ហើយស្ត្រីមានផ្ទៃពោះជាច្រើន ចូលចិត្តជជែកជាមួយនិងពិនិត្យដោយស្ត្រីដូចគ្នា។ ពួកគាត់ជួយស្ត្រីឲ្យសម្រាលកូនក្នុងរបៀបដែលគោរពតាមការចង់បាននិងទំនៀមទម្លាប់របស់ស្ត្រី។

អាហារូបត្ថម្ភល្អដើម្បីផ្ទៃពោះប្រកបដោយសុខភាព

ស្ត្រីដែលហូបអាហារបានល្អ និងថែទាំសុខភាពបានល្អ ទំនងជានឹងមានផ្ទៃពោះនិងកូនប្រកបដោយសុខភាពល្អ។ ការហូបបានល្អ ជួយឲ្យទារកលូតលាស់នៅក្នុងស្បូន ជួយការពារការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយពេលសម្រាល និងជួយឲ្យម្តាយមានកម្លាំងឡើងវិញឆាប់រហ័ស។

ស្ត្រីមានផ្ទៃពោះចាំបាច់ហូបអាហារគ្រប់គ្រាន់រៀងរាល់ថ្ងៃ ជាពិសេសអាហារសម្បូរជាតិដែក ដូចជាសាច់ ត្រី សាច់មាន់ ស៊ុត សណ្តែក និងបន្លែស្លឹកបៃតង។

ប្រសិនបើគ្មានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារទេ ស្ត្រីគួរទទួលបានយ៉ាងហោចឲ្យស្មើអ្នកដទៃទៀត ឬលើសគេប្រសិនបើអាច។

គាត់ក៏គួរតែលេបថ្នាំហ្វូលិក និងគួរសួរនាំបុគ្គលិកសុខាភិបាលប្រសិនបើគាត់ត្រូវការវីតាមីនផ្សេងទៀត។ របបអាហារល្អ រួមមាន៖

អាហារចម្បង (ជាតិម្សៅ ដូចជាបាយ ឬដំឡូង)
អាហារដែលជួយស្ថាបនារាងកាយ (អាហារប្រូតេអ៊ីន ដូចជាសាច់ សណ្តែក ស៊ុត និងទឹកដោះគោ)
អាហារថាមពល (ខ្លាញ់ និងជាតិស្ករធម្មជាតិបន្តិចបន្តួច)
អាហារការពារ (អាហារដែលសម្បូរវីតាមីននិងរ៉ែ ដូចជាផ្លែឈើ និងបន្លែ)

ការបរិភោគល្អធ្វើឲ្យមានផលប្រយោជន៍ជាច្រើន រីឯការបរិភោគមិនល្អ ឬមិនគ្រប់គ្រាន់ក៏អាចមានគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះនិងទារកផងដែរ។

អាហារូបត្ថម្ភមិនល្អ អាចបណ្តាលឲ្យមានភាពស្លេកស្លាំង ដែលធ្វើឲ្យស្ត្រីខ្សោយ ពិបាកប្រយុទ្ធនឹងជំងឺឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀត។

វាអាចបណ្តាលឲ្យទារកកើតមកមានរូបរាងតូចខ្លាំង ឬមិនគ្រប់លក្ខណៈ ហើយវាក៏អាចបង្កើនឧកាសដែលម្តាយឬទារកស្លាប់អំឡុងពេលកើត ឬក្រោយពេលកើតភ្លាមផងដែរ។

គ្រួសារក្រីក្រប្រហែលជាគ្មានអាហារគ្រប់គ្រាន់ទេ ហើយអាហារដែលពួកគេមាន អាចនឹងត្រូវចែករំលែកគ្នាមិនស្មើគ្នារវាងបុរសនិងស្ត្រីទេ។

ជួនកាល ទំនៀមទម្លាប់ ឬជំនឿ ធ្វើឲ្យស្ត្រីមិនបានបរិភោគអាហារគ្រប់គ្រាន់ទេ។ សូមមើលជំពូកទី៣ ៖

យេនឌ័រ និងសុខភាព, អំពីគំនិតខ្លះៗក្នុងការផ្តល់អាទិភាពលើសុខភាពនិងតម្រូវការរបស់ស្ត្រី។ សហគមន៍អាចស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដូចជាវិសមភាពយេនឌ័រ និងភាពក្រីក្រជាដើម។

សូមអានសាច់រឿង និងយុទ្ធសាស្ត្រមួយចំនួន នៅជំពូកទី២ ៖ សហគមន៍ធ្វើការរៀបចំដើម្បីសុខភាពស្ត្រី, ពីរបៀបដែលប្រជាជនធ្វើការកៀរគរដើម្បីការកែប្រែ ដែលជួយឲ្យមនុស្សគ្រប់គ្នាអាចមានសុខភាពល្អបាន។

Sponsored: