kalib9

តើបរាជ័យ​ឆ្នាំ​២០១៧​ អាចប្រែជា​ជោគជ័យ​ ឆ្នាំ​២០១៨រឺទេ?

មនុស្សជោគជ័យ មានការ​ផ្តោត​ពីរ​ចំណុច គឺពេល​បច្ចុប្បន្ន​នេះ និងការ​បង្កើត​អនាគត ដែល​គេចង់​បាន។ នៅ​ពេល​អ្នក​បរាជ័យ អ្នកងាយ​នឹងភ្លេច​ខ្លួន នៅ​ក្នុង​អតីតកាល​ណាស់ គឺនៅ​បៀមទុក្ខ ចំពោះ​ការភ្លាំង​ភ្លាត់ និង​បាត់បង់​ទស្សន វិស័យ​ក្នុង​ជីវិត របស់​​អ្នក។ បញ្ហាស្ថិត​នៅ​ត្រង់ថា មនុស្ស​ភាគ​ច្រើន មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​ គេបរាជ័យ។

មនុស្សជោគជ័យ​ ពិត​ប្រាកដ​ពឹង​លើសមត្ថភាព របស់គេ​ក្នុងការ​ធ្វើ​ សកម្មភាព បើទោះ​ជាកំពុង​តែប្រឈម នឹង​ឧបសគ្គ និង​​ការ​លំបាក​យ៉ាងណា​ក៏​ដោយ។ ដើម្បី​ងើប​ពី​បរាជ័យ អ្នក​ត្រូវធ្វើ​សកម្ម​ភាព​ពេលនេះ និងបន្តដំណើរ​ទៅមុខ ដោយ​ចំណេះ​ដឹង​ ក្នុង​ការបង្កើត អនាគត​ដែល​អ្នក​ចង់​បាន។

តើអ្នកឆ្លើយតបទៅនឹង បរាជ័យដូចម្តេច?

បរាជ័យ​និង​ការខក​ចិត្ត អាច​បង្កើត​ការភ័យ​ខ្លាច ចំពោះ​សមត្ថ​ភាព​ ក្នុង​ការរក​លុយ ការធ្វើ​ជាគំរូ​សម្រាប់​កូន ឬធ្វើ​ឱ្យគ្រួសារ​រ​បស់​អ្នក​ មានមោទន​ភាព​ចំពោះ​សមិទ្ធ​ផល របស់​អ្នក។ មនុស្ស​ជោគជ័យ​ទទួល​យក ការភ័យ​ខ្លាច និង​ការលំបាក​ទាំង​អស់ ហើយ​បោះជំហាន​ទៅ​មុខ ខិត​ទៅ​រក​គោល​ដៅ​របស់គេ។

នៅពេល​អ្នកជួប​បរាជ័យអ្វីមួយ អនុវត្តតាម​ជំហាន​ទាំងនេះ៖

១. សរសេរ​គោលដៅ​របស់អ្នក ហើយ​កុំព្យាយាម​កាត់​បន្ថយ​គោល​ដៅ​ទាំងនោះ
តើធ្វើយ៉ាងណា ទើប​អ្នក​ដឹងថា​ គោល​ដៅរបស់​អ្នក​ត្រូវ? គោលដៅ​របស់​អ្នក ​ត្រូវ​តែ​មាន​តម្លៃ​ជាង​ការ​ប្រថុយ បើ​មិន​ដូច្នោះ វាមិន​មែន​ជាគោល​ដៅ​ត្រូវ​ទេ។ សួរខ្លួន​ឯង​ថា​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឱ្យ​មនុស្សទូទៅ ចង​ចាំឈ្មោះ​របស់អ្នក​ ពូកែ​ពិត​ប្រាកដ។ លំហាត់​នេះ​នឹង​ជួយ​អ្នក​ បង្កើត​គោល​ដៅ ដែល​ប្រែ​ក្លាយ​គោល​ដៅ ទៅ​ជា​ការពិត។

២​. កុំរវល់គ្រប់រឿងរហូតដល់ភ្លេចខ្លួន
នៅពេលគោលដៅ​ របស់អ្នកធំ អ្នក​ងាយ​នឹង​វង្វេង ក្នុង​របៀប​ធ្វើ​ការ​សម្រេច គ្រប់​កិច្ច​ការ​ណាស់។ កុំបណ្តោយ​ឱ្យ​កិច្ច​ការ​ លម្អិត​ទាំង​អស់នោះ រុញច្រាន​អ្នក​ធ្លាក់​ពីផ្លូវ ដែល​កំពុង​តែ​ព្យាយាម។ អ្នក​នឹង​មិនដឹងច្បាស់​ថា ត្រូវ​ស​ម្រេច​លទ្ធផល ដោយរបៀប​​ណាភ្លាមៗទេ។ កុំយក​ការមិន​ដឹង​វិធីសាស្រ្ត ឬ​មធ្យោបាយ​មក​ធ្វើ ជាលេស​នៃ​ការ​មិន​ចាប់​ផ្តើម។

៣. ខិតទៅជិតគោលដៅ របស់អ្នកនៅពេលនេះ
ជោគជ័យ​មាន​កំណើន​បន្តិច​ម្តងៗ។ គ្មាន​ការ​ធានា​អះអាង ចំពោះ​លទ្ធ​ទេ វាអាស្រ័យ​លើអ្នក​ដែល​ត្រូវរំឭក ខ្លួន​ឯង​ថា អ្នក​អាច​ធ្វើ​ឱ្យ​លទ្ធផល កើត​ឡើង​បាន។ បោះជំហាន​ទៅ​ រក​ចំណុច​កំពូល។ ការយឺត​យ៉ាវ​ជួយ​ឱ្យអ្នក ខិត​ទៅ​ជិត​គោល​ដៅបាន ប្រសើរ​ជាង​ការនៅស្ងៀម​មួយ​កន្លែង។

៤. ចាប់ផ្តើមធ្វើសកម្មភាពណាដែលអ្នកអាចធ្វើបាន
គំនិតយោបល់ និងអារម្មណ៍របស់អ្នក ចំពោះ​កិច្ចការ​ ដែល​អ្នក​កំពុង​តែធ្វើ​ មិន​សំខាន់​ទេ នៅ​ពេល​នេះ។ វាអាច​ជាកត្តា​ដែល​នាំ​អ្នក មក​ដល់​ដំណាក់​កាល​ បច្ចុប្បន្ន​នេះ ​ប៉ុន្តែ​វាមិនមែន​រឿងល្អទេ ដែល​ត្រូវ​គិត ឬយល់​បែប​នេះ ឬបែប​នោះ​ចំពោះ​រឿង ដែល​មិន​ទាន់​ចេញ​លទ្ធ​ផ​ល។​ រឿង​តែម្យ៉ាងគត់ ដែល​អ្នកត្រូវ​យល់​គឺ នៅពេល​អ្នក​ខំរុញច្រាន​ទៅ​មុខ អ្វី​មួយ​នឹងកើត​ចេញ ជាលទ្ធផល។

៥. កុំឆាប់វាយតម្លៃពេក
អ្នកអាចដឹងបានភ្លាមទេថា សកម្មភាព​របស់​អ្នក​ត្រូវ​ឬ​ខុស។ ពន្យា​ពេល​ក្នុង​ការវាយ​តម្លៃ និង​បន្ត​ដំណើរ​ទៅមុខ​កុំ​ឈប់។ ត្រូវ​ចងចាំ​ថា ការភ័យ​ខ្លាច ជារង្វាស់​នៃសកម្ម​ភាព​ត្រូវ។ ប្រសិន​បើមានអ្វី​មួយ ធ្វើ​ឱ្យ​អ្ន​ក​ភ័យ​ខ្លាច អ្នកគួរ​តែធ្វើ​កិច្ចការ​​នោះ។ បើអ្នក​ខ្លាច​ក្នុង​ការនិយាយ ចំពោះ​មុខ​មនុស្ស​ច្រើន​នាក់ អ្នក​ត្រូវជម្នះ​ឡើង និយាយ​ឱ្យបាន។

៦. ពិនិត្យគោលដៅរបស់អ្នករាល់ថ្ងៃ
អ្នកត្រូវតែផ្តោតចិត្ត លើអ្វី​ដែល​អ្នក​ចង់​ប​ង្កើត​ឡើង មិនមែន​គិត​តែពី​កំហុស ក្នុងអតីត​កាលទេ។ រក្សាគោលដៅ នៅ​ចំពោះ​មុខរបស់​អ្នក។ សរសេរ​គោលដៅ​ទាំងនោះ រាល់ព្រឹក រាល់យប់ និង​រាល់ពេល​អ្នក​ខក​ចិត្ត។ អនុវត្ត​បែបនេះ អ្នក​នឹងឃើញថា អ្វីដែល​សំខាន់​នឹងផុស​ឡើង ក្នុង​គំនិត​របស់​អ្នក​ដដែលៗ ហើយអ្វី​ដែល​មិនសំខាន់ នឹងជ្រុះ​បាត់អស់។


ប្រភព​៖ CNBC