kalib9

តើអាហារ​ដែល​ជួយ​បង្កើន​ភាពវៃឆ្លាត​មែនឬ?

មនុស្សយើង​ ជាលទ្ធផលនៃអ្វីៗដែលយើងទទួលទាន​ រាល់ថ្ងៃ។ អាហារ​ដែលយើង បរិភោគ​មានឥទ្ធិពលយ៉ាងខ្លាំង លើដំណើរ​លូតលាស់ និងភាពទ្រុឌទ្រោម​ នៃរាងកាយ។ សមត្ថភាព​ខួរក្បាល និងកម្រិត​នៃថាមពល ​រាងកាយ​ទាំងមូល​ ក៏ជាលទ្ធផល ​នៃ​អាហារ​ដែរ។


មេដឹកនាំពាណិជ្ជកម្ម និងសហគ្រិន ជាច្រើននាក់ មិនបានគិតគូរ ដល់ចំណុច​សំខាន់​នេះ និងទទួល​ទាន​តែអ្វី​ ដែល​គេងាយស្រួល​ យកបានភ្លាម​ ដើម្បី​បំពេញ​ក្រពះ បំបាត់​ការស្រេក​ឃ្លាន និង​បន្ត​ធ្វើការទៀត​យ៉ាង​ប្រញាប់។ ប៉ុន្តែអាហារ​ភាគច្រើន​ ដែលរក​បាន​មក​ដោយ​ងាយ​ស្រួលនេះ ​មិនបានផ្តល់​ថាមពល ​សម្រាប់​រាង​កាយ​ និងផ្លូវចិត្ត​​ឱ្យគ្រប់​គ្រាន់​ តាម​តម្រូវ​ការរបស់​អ្នកទេ។

ជាភ័ព្វ​សំណាង ការស្រាវជ្រាវ​ជាច្រើន​ បានផ្តោត​លើរបៀប ​ដែល​អាហា​រូបត្ថម្ភ​ មាន​ឥទ្ធិពល​លើសុខភាព​ខួរក្បាល និង​សមត្ថភាព​ក្នុង​ការរៀន​សូត្រ និងធ្វើ​ការ​ប្រចាំថ្ងៃដើម្បី​ជោគ​ជ័យ។ តើអាហារ​អ្វីខ្លះ ​ដែលល្អ​ សម្រាប់​អ្នក​ជំនួញ?​

១ គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ​ សម្បូរជាតិខ្លាញ់​ ប្រភេទ omega-3 ដែលជួយ​ការពារកោសិកា ខួរក្បាល។ ការសិក្សា​មួយ​ បាន​រកឃើញ​ថា មនុស្ស​ដែលទទួល​ទាន ​គ្រាប់​ធញ្ញជាតិ​ច្រើន​ មានសមត្ថភាព​ខ្ពស់​ខាង​ការគិត​បាន​រហ័ស ចងចាំ​បាន​ច្រើន និងមាន​ការយក​ចិត្តទុ​ក​ដាក់​ខ្ពស់។ អ្វីដែល​កាន់តែ​ល្អថែម​ទៀត​នោះ​គឺ អាហារ​ប្រភេទ​គ្រាប់ធញ្ញជាតិ​ មិនត្រូវការ​បរិភោគ​ក្នុង​បរិមាណ​ច្រើនទេ ពីព្រោះវា​នឹង​ធ្វើឱ្យ​អ្នក​ឆាប់​ឆ្អែត និង​ទទួល​បាន​ អត្ថ​ប្រយោជន៍​ច្រើន ​សម្រាប់​សុខភាព។

២ ផ្លែឈើស្រស់
បើអ្នកចង់ចងចាំ​បានច្រើន​រឿង អ្នក​គួរ​តែបរិភោគ​ផ្លែប៊ឺរី​ឱ្យច្រើន។ ក្រុមអ្នក​ស្រាវជ្រាវ​បាន​រកឃើញថា​ ផ្លែឈើ​ស្រស់​ដូច​ស្ត្រប៊ឺរី និងពពួកប៊ឺរី​ផ្សេង​ទៀត អាចជួយ​ទប់​ទល់នឹង​ការធ្លាក់​ចុះ​ សមត្ថភាព​ចងចាំ។​ ប៊ឺរីជាផ្លែ​ឈើ​ដែលល្អ​បំផុត​ ប៉ុន្តែ​ផ្លែ​ឈើស្រស់​ជាច្រើន​ទៀត​ ក៏មាន​ប្រយោជន៍​ច្រើន​ ​សម្រាប់​សុខ​ភាព​រាងកាយ​ និងខួរក្បាល​មនុស្សដែរ។ មេដឹក​នាំ​ពាណិជ្ជ​កម្ម​ត្រូវ​ការប្រើប្រាស់​ខួរក្បាល​ច្រើន​ជាង​មនុស្ស​ទូទៅ ហេតុ​ដូច្នេះ​ហើយ បើអ្នក​ចង់បាន​ភាពវៃឆ្លាត​ជាងគេ អ្នកគួរតែ​បញ្ចូល​ផ្លែ​ឈើ​ទៅ​ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។

៣ តែបៃតង
ការផឹកតែបៃតងច្រើន​​ អាចជួយ​ពង្រឹង​សមត្ថ​ភាព​ចង​ចាំ​របស់​ខួរ​ក្បាល។ ក្រុមអ្នក​សិក្សា​បានពិ​សោធន៍​ មនុស្ស​ពីរក្រុម​ឱ្យ​ដោះស្រាយ​បញ្ហា ទាក់ទង​នឹង​ការចង​ចាំបន្ទាប់​ពីផ្តល់​មួយ​ក្រុម​ឱ្យផឹក​ភេសជ្ជៈ​ប៉ូវកម្លាំង និងមួយ​ក្រុមទៀត​ផឹកតែ​បៃតង។ ជាលទ្ធ​ផល ក្រុម​អ្នក​ផឹក​តែ​បៃតង ដោះ​ស្រាយ​បញ្ហា​បាន​ប្រសើរ​ជាង និងរហ័ស​ជាងគូ​ប្រជែងរបស់​គេ។ គេនៅមិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បាន​ជាង​តែ​បៃ​តង​មាន​គុណ​សម្បត្តិល្អ​បែបនេះ ប៉ុន្តែវា​ពិត​ជាមាន​ទំនាក់​ទំនង​ ពិសេស​ជាមួយ​ នឹង​ការថែ​រក្សា ​និងបង្កើនតួនា​ទីរបស់​ខួរក្បាល​មនុស្ស​ដែល​ត្រូវ​ការ​គិ​ត​ច្រើន។

៤ បន្លែស្លឹកពណ៌បៃតង
បន្លែស្លឹកពណ៌បៃតង​ អាច​ជួយរក្សា​និង​បង្កើន​ភាព​វៃឆ្លាត ដែល​មនុស្សត្រូវ​ការមិន​ឈប់ក្នុង​ពេលបំពេញ​ការងារ​រាល់ថ្ងៃ។ ការសិក្សា​មួយ​ដែល​ផ្តោត​តាម​ដាន​របប​អាហាររបស់​មនុស្ស​រកឃើញ​ថា មនុស្ស​ដែល​ទទួល​បាន​ បន្លែស្លឹក​បៃ​តងច្រើន មាន​ប្រាជ្ញា​មុតស្រួច​ ជាងមនុស្សដែលចូលចិត្ត​ បរិភោគ​សាច់​ច្រើន។ បន្ថែម​ពីលើ​បន្លែ​ស្លឹក​បៃតង ក្រុម​អ្នក​ស្រាវជ្រាវ​ក៏បាន​រកឃើញ​សារធាតុ​ល្អៗ​ជាច្រើន​ ស្រដៀង​គ្នា​នៅ​ក្នុង​ផ្នែក​ ពណ៌សនៃស៊ុតដែរ។

ប្រភព​៖ Entrepreneur