kalib9

អាយុត្រឹម៧ឆ្នាំក្លាយជា CEO និងចូលរួមការងារមនុស្សធម៌គួរឲ្យសរសើរ

នៅ​អាយុ​ដែល​កុមារ​ទូទៅ​កំពុង​រត់​លេង​ ​ឬ​ចូល​រៀន​បឋមសិក្សា​ ​កុមារា Sebastian Martinez ​​បាន​ក្លាយ​ជា​​នាយកប្រតិបត្តិ​​ដែល​មាន​ក្រុមហ៊ុនផ្ទាល់​​ខ្លួន។​ ​គេ​បាន​ប្រមូល​ស្រោមជើង​​ឆើតៗ​​ ​ហើយ​បង្កើត​ជា​​អាជីវកម្ម​ដោយ​ការ​រចនា​ផ្ទាល់​ខ្លួន។ ​គេបាន​បង្កើត​ក្រុមហ៊ុន​ឈ្មោះ​ថា ​“Are You Kidding” ​នៅ​អាយុ ៥ ឆ្នាំ។

​ក្នុង​ឆ្នាំ ​២០១៤ ​​​CEO ​ដ៏​ក្មេង​ម្នាក់​នេះ​រក​បាន​ចំណូល​១៥០០០ ​ដុល្លារ ​​ដោយ​លក់​ស្រោមជើង​ដែល​រចនា​ដោយ​ខ្លួន​ឯង​នោះ​ ក្រោម​ការ​ជ្រោមជ្រែង​ពី​​ប្រធានផ្នែក​លក់ ​និង​​បងប្រុស។ ​​ចំណូល​របស់​ក្រុមហ៊ុន​បន្ត​កើន​ឡើង​ជា​លំដាប់។ ​«ក្នុង​ឆ្នាំ​នេះ ​យើង​បានរក​ចំណូល​ដល់ ១៥០០០ ​ដុល្លារ​ស្មើ​នឹង​ឆ្នាំ​ទៅ​ហើយ ​​ហើយ​កំពុង​ជិត​កើន​ដល់​ពីរ​ដង​ហើយ។ ​យើង​​សង្ឃឹម​ថា ​នឹង​​អាច​រក​បាន​ចំណូល​កើន​ឡើង​ ៣ ​ដង​នៅ​ក្នុង​ឆ្នាំ​នេះ»។ ​​នេះ​ជា​សម្ដី​របស់​អ្នក​ស្រី Rachel Martinez ​ត្រូវ​ជា​ម្ដាយ​របស់​ Sebastian។

ងាក​មក​ការងារ​សង្គម​វិញ ក្រុមហ៊ុន​ Are You Kidding ​បាន​សហការ​ជាមួយ​សហគមន៍​មហារីក​អាមេរិក (ACS) និង​សមាគម Live Like Bella ​​កាល​ពី​ឆ្នាំ​​ទៅ​មិញ​ ​រៃអង្គាស​ថវិកា​បាន​ ៣០០០ ដុល្លារ​សម្រាប់​លើក​កំពស់​ការ​យល់ដឹង​ពី​មហារីក។ ​​កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ The Hue Studio ​​​​បរិច្ចាគ​ប្រាក់​ចំណេញ​ពី​ការ​លក់​របស់​គម្រោង “Eye See You” ​​​របស់​ក្រុមហ៊ុន​ដល់​អង្គការ​មនុស្សធម៌​ដែល​ផ្តល់​កម្មវិធី​សិក្សា​ សិល្បៈ​ដល់​កុមារ​មិន​ប្រក្រតី​មួយ​ឈ្មោះ​ថា ​Discovery Arts។

ស្នាដៃ​របស់​គេ​អា​ចបញ្ជាក់​បាន​ថា ​អាយុ​គឺ​ត្រឹម​ជា​តួលេខ។ ​ធាតុ​ពិត​វា​អាស្រ័យ​ថា ​តើ​អ្នក​មាន​ភាពច្នៃប្រឌិត ​និង​ការ​ប្តេជ្ញាប៉ុណ្ណា​ប៉ុណ្ណោះ៕

ប្រភព៖ CNBC