kalib9

មេរៀន​ជោគជ័យដ៏​អស្ចារ្យ ទាំង៧​ចំណុច ​របស់​ស្ថាបនិក KFC

លោក​វរសេនីយ៍ឯក​ Sanders ត្រូវ​បាន​បដិសេធ​ចំនួន ១០០៩​ដង មុន​ពេល​ដែល​គាត់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​លក់​រូបមន្ដ មាន​បំពង Kentucky (KFC) របស់​គាត់។ គាត់​ធ្លាប់​ជួប​ប្រទះ​បរាជ័យ​ជា​មួយ​នឹង​ការ​ងារ​ជាច្រើន នៅ​ក្នុង​ជីវិត​កាល​ពី​វ័យ​កណ្ដាល​របស់​គាត់ ដែល​មាន​ដូច​ជា ការធ្វើ​ជា​មេធាវី ភ្នាក់​ងារ​លក់ និង​មុខ​របរ​ផ្សេង​ទៀត​ជាច្រើន។

លោក​វរសេនីយ៍​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ភរិយា​របស់​គាត់​គឺ​លោក​ស្រី Josephine តាំង​ពី​គាត់​មាន​វ័យ​ ១៩​ឆ្នាំ គាត់​មាន​កូន​ ៣​នាក់ ហើយ​តែង​តែ​លួច​លាក់​មាន​ស្រី​ខាង​ក្រៅ​ជា​ច្រើន រហូត​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​លែង​លះ។

តាម​រយៈ​ជីវិត​របស់​គាត់​ យើង​ពិត​ជា​អាច​និយាយ​បាន​ថា គាត់​គឺ​ពិត​ជា​មិន​មាន​ជីវិត​ដែល​ល្អ​ប្រសើរ​មួយ​ឡើយ នៅ​ពេល​ដែល​គាត់​ធំធាត់​ឡើង។ ​ហើយ​ជា​ការ​ពិត គាត់​មិន​អាច​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​លក់​ក្រុមហ៊ុន​របស់​គាត់នោះ​ទេ រហូត​ទាល់​តែ​គាត់​មាន​វ័យ ៧៥​ឆ្នាំ!

វា​គឺ​ពិត​ជា​គ្មាន​ភាព​សង្ស័យ​នោះ​ទេ ដែល​អ្វី​ៗគ្រប់​បែប​យ៉ាង​គឺ​តែង​តែ​ប្រឆាំង​នឹង​រូប​គាត់។ រឿង​រ៉ាវ​ជីវិត​របស់​គាត់​គឺ​ពិត​ជា​រឿង​ដែល​ជម្រុញ​ទឹក​ចិត្ត និង​ពោរ​ពេញ​ទៅ​ដោយក្ដី​សង្ឃឹម​សំរាប់​មនុស្ស​ទាំង​ឡាយ ដែល​តែង​តែ​គិត និង​ធ្លាប់​គិត​ថា​អ្វី​ៗ​គឺ​ហួស​ពេល។ រឿង​ដែល​សំខាន់​នោះ​គឺ វា​គឺ​ពិត​ជា​គ្មាន​បញ្ហា​អ្វី​ឡើយ ទោះ​ជា​អ្នក​មាន​អាយុ ២០​ឆ្នាំ ឬ ៧០​ឆ្នាំ ក៏​ដោយ អ្នក​នៅ​តែ​អាច​ក្រោក​ឈរ​ឡើងវិញ​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​បន្ត​ទៀត។ អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​បាន លើក​លែង​តែ​អ្នក​ឈប់​ដក​ដង្ហើម​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ ចំណេះ សូម​លើក​យក​នូវ​មេរៀន​ជោគជ័យ​ ៧ ចំណុច​ដែល​ប្រិយ​មិត្ត​អាច​ទទួល​បាន​ពី​ បទពិសោធន៍​ជីវិត​ដ៏​លំបាក​របស់​គាត់​៖

១) អ្នក​ត្រូវ​តែ​ឆ្លង​កាត់​ការ​បរាជ័យ មុន​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​ភាព​ជោគជ័យ

នៅ​សេចក្ដី​ផ្ដើម​ពី​ខាង​លើ ដូច​អ្វី​ដែល​ ចំណេះ បាន​រ៉ាយ​រ៉ាប់​ប្រាប់​ដល់​ប្រិយ​មិត្ត​នោះ​គឺ​ថា លោក​វរសេនីយ៍ឯក Sanders ត្រូវ​បាន​គេ​បដិសេធ​ច្រើន​ជាង មួយពាន់​ដង មុន​ពេល​ដែល​គាត់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ ការ​លក់​រូបមន្ដ​មាន​បំពង​របស់​គាត់។

១០០០ដង!

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចំណេះ ក៏​បាន​បញ្ជាក់​ដែរ​ថា​គាត់​បាន​ទទួល​បរាជ័យ​រាប់​មិន​អស់ ទៅ​លើ​ការ​ងារ​ផ្សេងៗទៀត ដែល​គាត់​ព្យាយាម​ធ្វើ។ លោក​តា បាន​ព្យាយាម​ជា​ច្រើន​ដង និង​បរាជ័យ​ស្ទើរ​តែ​ក្រោក​មិន​រួច​ចំពោះ​ ការងារ​មួយ​ចំនួន​ដែល​ ចំណេះ​ នឹង​រ៉ាយ​រ៉ាប់​ខាង​ក្រោម​នេះ តាំង​ពីគាត់​មាន​អាយុ ១០​ឆ្នាំ​ រហូត​ដល់ ៤០​ឆ្នាំ ដែល​មាន​ដូច​ជា៖

  • ការ​ធ្វើ​ស្រែ​ចំការ
  • អ្នក​បើកបរ​រថយន្ដ​លើ​ផ្លូវ​ដែក
  • មេធាវី
  • អ្នក​លក់​ធានារ៉ាប់រង និង
  • អ្នក​ដុត​ធ្យូង​រទេះ​ភ្លើង

អ្វី​ទាំង​អស់​ខាង​លើ​នេះ​ពិត​ជា​បាន​បង្ហាញ​ដល់​ប្រិយ​មិត្ត​ថា ទោះ​បី​ជាអ្នក​ទទួល​នូវ​ភាព​បរាជ័យ​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត គឺ​មាន​ចំនួន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ អ្នក​គឺ​នៅ​តែ​មាន​លទ្ធភាព​ទទួល​បាន​នូវ​ភាព​ជោគជ័យ ក្នុង​ពេល​ណា​មួយ។

ហើយ​សំរាប់​ប្រិយ​មិត្ត​ដែល​បាន​អាន​អត្ថបទ​មួយ​នេះ ដែល​ធ្លាប់​មាន​គំនិត​ថា អ្វី​ៗ​គឺ​យឺត​ពេល​សំរាប់​ខ្លួន​ឯង​នោះ សូម​ចាប់​ផ្ដើម​គិត​ និង​ធ្វើ​វា​ម្ដងទៀត ពី​ព្រោះ​អ្វី​ៗ​គឺ​មិន​យឺត​ពេល​នោះ​ទេ អោយ​តែ​អ្នក​នៅ​តែ​មាន​ដង្ហើម។

២) អ្នក​គឺ​មិន​ដែល​ចាស់​ពេក​ ក្នុង​ការ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ឡើយ

នៅ​ពេល​ដែល​លោក​តា Sanders ទទួល​បាន​នូវ​ភាព​ជោគជ័យ ហើយ​អាច​លក់​រូប​មន្ត​មាន់​បំពង​របស់​គាត់​ ដែល​មាន​តម្លៃ​រហូត​ដល់ ២លាន​ដុល្លា​ បាន​នោះគឺ​គាត់​មាន​វ័យ​រហូត​ដល់ ៧៥​ឆ្នាំ​ទៅ​ហើយ។ ហើយ​ចំនួន​ទឹក​ប្រាក់​នោះ​គឺ​ស្មើ​នឹង ១៥​លាន​ដុល្លា​នា​ពេល​បច្ចុប្បន្ន។

ហើយ​គាត់​នៅ​តែ​មាន​តួ​នាទី​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ដដែល ទោះ​បី​ក្រោយ​ពេល​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​ក៏​ដោយ។

ប៉ុន្តែ​បើ​សិន​ជា​វ័យ ៧៥​ឆ្នាំ សំរាប់​មនុស្ស​ធម្មតាៗ​ភាគច្រើនវិញ​ ប្រហែល​ជា​ពួក​គាត់​បោះ​បង់​ចោល​បាត់​ទៅ​ហើយ។ មនុស្ស​ភាគ​ច្រើន​ឈប់​គិត និង​លែង​ហ៊ាន​ស្រមៃ​ថា​ខ្លួន​អាច​មាន​លទ្ធភាព​ទទួល​បាន​ជោគជ័យ​ ទោះ​បី​ជា​អ្នក​ខ្លះ​មាន​វ័យ​ត្រឹម ៣០​ឆ្នាំ​ជាង​ក៏​ដោយ!

ប៉ុន្តែ​សំរាប់​លោក​តា Sanders វិញគឺ​គាត់​មិន​គិត​ដូច្នេះ​ទេ ហើយ​នៅ​ទី​បំផុត គាត់​ពិត​ជា​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ ហើយ​និង​ក្លាយ​ទៅ​ជា​និមិត្តសញ្ញា និង​អ្នក​តំណាង​អោយ​ម៉ាក​ផលិតផល​មួយ​ដែល​មាន​តម្លៃ រាប់​ពាន់​លាន​ដុល្លា។

ដូច្នេះ​មុន​ពេល​អ្នក​ចាប់​ផ្ដើម​គិត​ថា រូប​អ្នក​មិន​អាច​ទៅ​ដល់​គោល​ដៅ ឬ​ឈោង​ចាប់​ក្ដី​សុបិន្ដ​របស់​ខ្លួន​ឯង​បាន ដោយ​សារ​តែ​អ្នក​មាន​វ័យ​ជាង ៣០ ៤០ ឬ​ក៏ ៥០​ឆ្នាំ​នោះ សូម​បញ្ឈប់​វា​ជា​បន្ទាន់។ អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​គឺ​ពិត​ជា​មិន​ចាស់​ ក្នុង​ការ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។

៣) រឿង​រ៉ាវ​របស់​អ្នក​ពី​អតីតកាល​គឺ​ពិត​ជា​មិន​អាច​កំណត់​ពី​ភាព​ជោគជ័យ​របស់​អ្នក​បាន​នោះ​ទេ

មេរៀន​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​បាន​ស្ដាប់​នោះ​គឺ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ពី​អតីតកាល គឺ​ពិត​ជា​មិន​ពាក់​ព័ន្ធ និង​មិន​អាច​កំណត់​ពី​ជោគជ័យ​របស់​អ្នក​នា​ពេល​អនាគត​បាន​នោះ​ទេ។

វា​ពិត​ជា​គ្មាន​បញ្ហា​ឡើយ​ទោះ​ជា​អ្នក​ធ្លាប់​ដួល​ប៉ុន្មាន​ដង​ក៏​ដោយ។ ​ទី​កន្លែង​ដែល​អ្នក​កើត ស្ថានភាព​គ្រួសារ​របស់​អ្នក និង​អ្វី​ដែល​អ្នក​បាន​ជួប​ក្នុង​ជីវិត​នា​ពេល​អតីតកាល គឺ​ពិត​ជា​មិន​អាច​កំណត់​ពី​ជោគជ័យ​របស់​អ្នក​បាន​ដូច​គ្នា។

ចំណេះ សូម​បញ្ជាក់​ម្ដង​ទៀត មើល​តែ​លោកតា Sanders ជាគម្រូ​ទៅ។ គាត់​បរាជ័យ​ស្ទើរ​តែ​គ្រប់​ការ​ងារ​នៅ​ក្នុង​ជីវិត​របស់​គាត់! គាត់​មាន​ជីវិត​អាពាហ៍​ពិពាហ៍​ដែល​មិន​រីករាយ​មួយ ជាមួយ​នឹង​កូន​ ៣នាក់ តាំង​ពី​គាត់​មាន​វ័យ​ក្មេង។

ហើយ​បើ​សំរាប់​មនុស្ស​ភាគ​ច្រើន​វិញ​ ប្រហែល​ជា​បោះ​បង់​ ហើយ​គ្មាន​វិធី​សម្រាប់​ស្វែង​រក​ផ្លូវ​ចេញ​បាន​នោះ​ទេ។

៤) មាន​តែ​ការ​បោះ​បង់​មួយ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើ​អោយ​អ្នក​បរាជ័យ

អ្នក​អាច​បរាជ័យ​បាន​ចំពោះ​គ្រប់​រឿង​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត ក៏​ប៉ុន្តែ​រឿង​រ៉ាវ​របស់​ក្រុមហ៊ុន KFC ពិត​ជា​អាច​បញ្ជាក់ថា​មាន​តែ​ការ​បោះ​បង់​ចោល​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​អោយ​អ្នក​បរាជ័យ​បាន​ដោយ​ពិត​ប្រាកដ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ផ្នត់​គំនិត​ដូច​ជា​លោកតា Sanders ទោះ​បី​ជា​អ្នក​បរាជ័យ​ប៉ុន្មាន​ដង​ក៏ដោយ ក៏​អ្នក​នៅ​តែ​អាច​ស្វែង​រក​ភាព​ជោគជ័យ​បាន។ ត្រូវ​ចាំ៖ អ្នក​មិន​មែន​ជា​មនុស្ស​បរាជ័យ​ទេ រហូត​ទាល់​តែ​អ្នក​បញ្ឈប់​ការ​ព្យាយាម

ដូច្នេះ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ សូម​កុំ​ធ្វើ​ការ​បោះ​បង់។ ទោះ​បី​ជា​ពេល​វេលា​កន្លង​ទៅ ហើយ​អ្នក​មាន​វ័យ​កាន់​តែ​ចាស់ នឹង​ទោះ​ជា​អ្នក​មិន​អាច​មើល​ឃើញ​ភាព​ជោគជ័យ​ក៏​ដោយ។ ភាព​ជោគជ័យ​គឺ​ពិត​ជា​អាច​ទទួល​មក​បាន។

៥) វា​គឺ​ពិត​ជា​មិន​យឺត​ពេល​ទេ ក្នុង​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត

សំរាប់​លោក​វរសេនីយ៍​គាត់​បាន​ដឹង​ខ្លួន​ថា ការ​ចម្អិន​ម្ហូប​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ប៉ុន្តែ​គាត់​មិន​បាន​រក​វា​ឃើញ​នោះ​ទេ រហូត​ទាល់​តែ​គាត់​មាន​វ័យ​ចំណាស់។ គាត់​បាន​ឆ្លង​កាត់​នូវ​ការ​ងារ​ខុសៗ​គ្នា​ជា​ច្រើន ហើយគាត់​តែង​តែ​ចាប់​ផ្ដើម​ពី​ដំបូង​ទី​ ម្ដង​ហើយ​ម្ដង​ទៀត។

នៅ​ពេល​ដែល​អ្នក​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ ពី​កិច្ច​ការ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ អ្នក​គឺ​ពិត​ជា​មាន​អារម្មណ៍​ហត់​នឿយ។ ហើយ​ការ​ចាប់​ផ្ដើម​តែង​តែ​ជា​ផ្នែក​ ដែល​ពិបាក​បំផុត​មួយ ហើយ​សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​ចាប់ផ្ដើម​ម្ដង​ទៀត នៅ​អាយុ ចាប់​ពី ៥០ ទៅ ៦០​ឆ្នាំ គឺ​ពិត​ជា​រឿង​មួយ​ដែល​មិន​អាច​ទៅ​រួច។

សូម​ចង​ចាំ​ថា វា​គឺ​ពិត​ជា​មិន​យឺត​ពេល​នោះទេ ហើយ​លោក​តា Sanders ក៏​បាន​បង្ហាញ​យើង​អោយ​ឃើញ​ដែរ ដោយ​ទទួល​បាន​នូវ​ភាគជោគជ័យ​ក្នុង​ការ​ធ្វើ​កិច្ចការ ដែល​គាត់​ស្រលាញ់​ និង​ពេញចិត្ត នៅ​ពេល​ដែល​គាត់​មាន​វ័យ​ជាង​ ៧០​ឆ្នាំ​ទៅ​ហើយ​ក្ដី។

៦) ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ចំពោះ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់

វា​គឺ​ពិត​ជា​មិន​មែន​ជា​អាថ៍​កំបាំង​នោះ​ទេ ដែល​ថា​ការ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​យើង​ចូលចិត្ត និង​ស្រលាញ់​បំផុត គឺ​ជា​គន្លឹះ​មួយ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ។ ប្រិយ​មិត្ត​ក៏​ធ្លាប់​បាន​ដឹង ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​បាន​ដឹង ហើយ​នរណាៗ​ក៏​ធ្លាប់​បាន​ដឹង​ដែរ។

ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី សំរាប់​មនុស្សយើង​ភាគ​ច្រើន នៅ​តែ​មិន​ព្រម​សម្រេច​ចិត្ត​ក្នុង​ការ​ ដើរ​តាម​អ្វី​ដែល​យើង​ចង់​បាន មុន​ពេល​ដែល​អាយុ​ក្លាយ​ទៅ​លេស​ថ្មី​មក​រារាំង​ខ្លួន​របស់​យើង។

ជាពិសេស​យុវវ័យ​ដែល​មាន​វ័យ​ត្រឹម​ ២០​ឆ្នាំតិច​តួច ឬ​ក្រោម​២០ឆ្នាំ ពួក​គេ​មិន​ដែល​មាន​គំនិត​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ដើរ​តាម​មហិច្ឆតា​ និង ការ​ស្រលាញ់​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ចូល​ចិត្ត​ធ្វើ​រឿង​ដែល​មិន​សូវ​មាន​ប្រយោជន៍​ច្រើន​ទៅ​វិញ។

ហើយ​សំរាប់​មនុស្ស​ភាគ​ច្រើន​ ប្រហែល​ជា​ពួក​គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ មុន​ពេល​ដែល​ពួកគេបាន​យល់​ថា ការ​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​គឺ​ពិត​ជា​មាន​សារៈ​សំខាន់ និង​អាច​ជួយ​អោយ​រូប​គេ​ទទួល​នូវ​ភាព​ជោគជ័យ​បាន។

៧) កុំ​ខ្លាច​ក្នុង​ការ​ចាប់​ផ្ដើម​តូច​តាច

លោក​តា​ Sanders ចាប់​ផ្ដើម​លក់​មាន់​បំពង​របស់​គាត់ នៅ​លើ​ចិញ្ចើម​ផ្លូវ​ធម្មតា​ ក្នុង​ទ្រង់​ទ្រាយ​តូច​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់​ពី​លក់​នូវ​រូបមន្ដ​របស់​គាត់ ការ​លក់​របស់​គាត់​បាន​កើន​ឡើង និង​រី​កដុះដាល​យ៉ាង​ខ្លាំង ហើយ​ Franchise ​របស់​គាត់​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​នៅ​ទូ​ទាំង​ពិភព​លោក។

មេរៀន​មួយ​នេះ​គឺ អ្នក​មិន​ត្រូវ​ខ្លាច​ក្នុង​ការ​ចាប់​ផ្ដើម​តូចតាច​នោះ​ទេ។ អោយ​តែ​អ្នក​បាន​ចាប់​ផ្ដើម ហើយ​លះ​បង់​ដើម្បី​វា នោះ​ការ​វិវត្ត​នឹង​រត់​មក​រក​អ្នក​ដូច​គ្នា​ដែរ។ មាន​មនុស្ស​ជា​ច្រើន បាន​បញ្ឈប់​នូវ​គំនិត​អាជីវកម្ម​របស់​ខ្លួនផ្សេងៗ ពី​ព្រោះ​ពួក​គេ​យល់​ថា គំនិត​រក​ស៊ី​របស់​ខ្លួន​គឺ​តូច​តាច​ពេក និង​មិន​អាច​ដំណើរ​ការ​បាន។ ត្រូវ​ចាំ​ថា អ្នក​ដាច់​ខាត​ត្រូវ​តែ​ចាប់​ផ្ដើម​ជា​មុន​សិន

មនុស្ស​យើង​នរណា​ក៏​ដោយ​តែង​តែ​ចូល​ចិត្តនូវ​ការ​វិវត្ត ហើយ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​បាន​ហើយ អ្នក​គឺ​ពិត​ជា​អាច​មើល​ឃើញ​ពី​ការ​វិវត្ត​បាន​។ ប្រសិន​បើ​អ្នក​បញ្ឈប់​គំនិត​របស់​ខ្លួន ដោយ​សារ​អ្នក​យល់​ថា​វា​ល្អ​មិន​គ្រប់​គ្រាន់ នោះ​អ្នក​ពិត​ជា​មិន​អាច​ឈាន​ទៅ​មុខ​បាន​ឡើយ៕

Sponsored: