kalib9

តោះ!!! មកស្វែងយល់ពីល្បឿននៃពន្លឺ

មានការបកស្រាយជាច្រើន ដែលស្រដៀងៗគ្នាចំពោះ ពេលវេលា​អវកាស ជាមួយនិងការធ្វើដំណើរដល់កម្រិតល្បឿនពន្លឺ នឹងធ្វើឲ្យ​ពេលវេលាដើរ​យឺត​​ជាង​មុន ហើយការធ្វើ​ដំណើរទៅជិតប្រហោងខ្មៅ ធ្វើឲ្យយើងចូលទៅក្នុងតំបន់ផ្សេងមួយ​ទៀត ដែលដាច់​ការទាក់ទងនឹងទីអវកាស ក៏ព្រោះតែការបែងចែកពេលវេលាជាពីរតំបន់ផ្សេងគ្នា។ ដូច្នេះ​សូម​ធ្វើការ​ស្វែងយល់ចំណុចសំខាន់ៗ ២ ដូចខាងក្រោមនេះ៖

១. កម្លាំងទំនាញ និងទំនាក់ទំនងជាមួយពេលវេលាអវកាស ឬ Space Time៖ កម្លាំងទំនាញ (Gravity) គឺជាកម្លាំង​ដែល​ធ្វើឲ្យ​វត្ថុ​ពីរ បញ្ចេញសកម្មភាពរវាងគ្នានៅទីអវកាស ឧទាហរណ៍៖ ផែនដី និងព្រះច័ន្ទ ធ្វើគោចរ​ទៅវិញទៅមក ដោយសារតែឥទ្ធិពល នៃកម្លាំងទំនាញផែនដីខ្លាំង ដែលអាចរក្សាព្រះច័ន្ទ ឲ្យស្ថិតនៅ​ក្នុងគន្លងនឹងនរដូចរាល់ថ្ងៃនេះ មិនងាករេទៅណាឡើយ។

ប៉ុន្តែបើយើងធ្វើដំណើរក្នុងនាវាអវកាសមួយ ទៅកាន់ភពផ្កាយផ្សេង នោះយើងនឹងអាច​គេចផុត​ពីពិភពទំនាញ ឬកម្លាំងទំនាញពីខាងក្រៅ ហើយយើងនឹងកែប្រែបរិស្ថានរស់នៅ​ក្នុងយាននោះ ឲ្យ​ក្លាយទៅជាពិភពលោកថ្មី ដែលស្រដៀងទៅនឹងការស្ថិតនៅតំបន់ក្បែរប្រហោងខ្មៅ។ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រសន្និដ្ឋានថា មនុស្សនៅលើយានអាចទទួលបានបរិស្ថានបែបនេះបាន គឺត្រូវការ​ការ​ធ្វើ​ដំណើរ​ក្បែរកម្រិតល្បឿន​ពន្លឺ (៣០០,០០០គីឡូម៉ែត្រ ក្នុងមួយវិនាទី)។

ឧទាហរណ៍បន្ថែម៖ យើងធ្វើដំណើរទៅប្រព័ន្ធផ្កាយ Alpha Centauri ដែលមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីយើង ដោយល្បឿនក្បែរល្បឿនពន្លឺពន្លឺជិះទៅ​នោះ យ៉ាងហោចណាស់​ក៏ត្រូវប្រើ​ពេល​ពី ០៥ឆ្នាំ ទៅ ០៦ឆ្នាំផងដែរ។ ប៉ុន្តែរយៈពេលនេះ គឺសម្រាប់តែមនុស្សនៅលើផែនដី ដែលទន្ទឹង​រង់ចាំ​ប៉ុណ្ណោះ​ ប៉ុន្តែសម្រាប់យានអវកាស ដែលបង្កើតឡើងសម្រាប់ជាម៉ាស៊ីននៃពេលវេលានោះ មនុស្ស​ជិះនៅលើនោះផ្ទាល់ អាចចំណាយពេលត្រឹមតែ ៤៥ ទៅ ៥០ថ្ងៃតែប៉ុណ្ណោះ។ នេះជាបាតុភូត​ Space Time និងការធ្វើដំណើរកៀកល្បឿនពន្លឺ ដែលអ្នកវិទ្យាសាស្ត្រជឿជាក់។

២. ការធ្វើដំណើរក្បែរប្រហោងខ្មៅ ធ្វើឲ្យពេលវេលាយឺតជាងទីអវកាសធម្មតា៖ តំបន់កៀក​ប្រហោង​ខ្មៅ ដែលរងឥទ្ធិពល​នៃកម្លាំងទំនាញរបស់​ប្រហោងខ្មៅនោះ ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា ជាកន្លែងបែងចែកទីអវកាស ជាពីរតំបន់ផ្សេងគ្នា។ តំបន់ទីអវកាសធម្មតា យើងអាចលើកយក​ឧទាហរណ៍ផែនដីមកបកស្រាយបាន។ ឧទាហរណ៍នៅលើផែនដីយើងមានពេលវេលាដើរធម្មតា គឺមួយថ្ងៃ ២៤​ម៉ោង ហើយ​បើយើងអាច​ទៅជិតប្រហោងខ្មៅ មួយថ្ងៃក៏អាចកំណត់ឲ្យមាន ២៤ម៉ោងដែរ ប៉ុន្តែគឺពេលវេលា​ជាក់ស្តែង មានគម្លាតខុសឆ្ងាយគ្នា ទៅតាមកម្រិតនៃកម្លាំងទំនាញដ៏អស្ចារ្យ នៃប្រហោងខ្មៅ។

ចំណុចដែលងាយយល់គឺ បើយើងនៅជិតប្រហោងខ្មៅមួយម៉ោង វាស្មើនឹងពេលវេលានៅផែនដី​ចំនួន ១ឆ្នាំ ឬ ៣ឆ្នាំ ទៅតាមកម្លាំង ឬទំហំនៃប្រហោងខ្មៅ ដែលយើងស្ថិតនៅក្បែរ។ ដូច្នេះបើយើងរង​ឥទ្ធិពលនៃតំបន់ជុំវិញប្រហោងខ្មៅចំនួន ៣ម៉ោង ហើយ​បញ្ជាយានអាចចាកចេញពីឥទ្ធិពល​ប្រហោងខ្មៅ​​នោះ ហើយវិលមកកាន់ទីអវកាសធម្មតាវិញ​ នោះអ្នកនៅលើផែន​ដី​នឹងឆ្លង​កាត់ពេល​វេលា​​​​ទៅមុន​​យើង ០៩ឆ្នាំ។ បើអ្នកមានអាយុ ២០ឆ្នាំ ហើយចូលតំបន់ប្រហោង​ខ្មៅ នៅពេលដែលប្អូនប្រុសអ្នកមានអាយុ ១៨ឆ្នាំ លើផែនដីនោះ ០៣ម៉ោង ដែលអ្នកបានចំណាយក្នុង​តំបន់ប្រហោងខ្មៅ​ហើយចេញមកវិញ ប្អូនអ្នកនឹងក្លាយ​ជាបងរបស់អ្នកវិញ ដោយ​មានអាយុ ២៧ឆ្នាំ។

សូមបញ្ជាក់ថា នេះជាការយល់ឃើញ​ដ៏ស្តួចស្តើង ពីខ្ញុំតែប៉ុណ្ណោះ ក៏ព្រោះតែបងប្អូន​ជាច្រើន​បានសួរ​ទាំងក្នុង comments និង inbox chats ហើយនេះ គឺជាអ្វីដែលខ្ញុំ​អាចឆ្លើយបាន និងសម្រួលជាមួយឧទាហរ៍សម្រាយងាយយល់ ប៉ុន្តែ​ចម្លើយទាំងអស់​គឺជាការ​ដកស្រង់ទាំងស្រុង ​ពីការលើកឡើង​​របស់ក្រុមអ្នកវិទ្យាសាស្ត្រនានា​កន្លងមក។ បើសិនជាបង​ប្អូន​​ដែលមានចំណេះដឹង​ជាងខ្ញុំ អាចមានការបកស្រាយ​ដែលល្អ និងត្រឹមត្រូវ​ជាងនេះ បងប្អូន​អាច​ធ្វើការបកស្រាយ​បាន យើងខ្ញុំរង់ចាំទទួល​​ដោយរីករាយ៕

error: Content is protected !!