kalib9

10 យ៉ាងសាមញ្ញៗ ដែលនឹងធ្វើអោយជីវិតគូរបស់អ្នកឋិតថេរ គ្មានថ្ងៃបែកគ្នា!!!

ទំនាក់ទំនងស្នេហាគឺជាសេចក្តីស្រលាញ់រវាងមនុស្សពីរនាក់ ដូច្នេះហើយបើសិនជាអ្នកទាំងពីមិនមានចំនង់ចំនូលចិត្តដូចគ្នាទេវាពិបាកណាស់ក្នុងការបន្តទំនាក់ទំនង។ មូលហេតុនេះហើយដែលទាមទារអោយម្នាក់ៗត្រូវមានការយោគយល់ អធ្យាស្រ័យ និងមានហេតុផលច្បាស់លាស់ រវាងគ្នានិងគ្នា។ ប៉ុន្តែវាពិបាកបន្តិចក្នុងការសន្មត់រឿងនេះនៅដំណាក់កាលដំបូង។

ទោះយ៉ាងណាមានសញ្ញាជាច្រើនដែលបង្ហាញថាទំនាក់ទំនងរវាងប្ដីប្រពន្ធ ឬគូរសង្សារមានភាពសុខដុមរមនានិងមានរយៈពេលយូរ។លោកបណ្ឌិត Gleb Tsipursky គឺជាបណ្ឌិតនៃអង្គការមិនរកស៊ីពាណិជ្ជកម្មទាក់ទងនឹងការឃោសនានៃការគិតប្រកបដោយហេតុផលនិងវិធីសាស្រ្តដ៏ឈ្លាសវៃក្នុងការសម្រេចចិត្តហើយគាត់បានគូសបញ្ជាក់ដូចខាងក្រោមនេះ។

10. ឥរិយាបថរបស់អ្នកក្នុងស្ថានភាពពេលដែលអ្នកមានអារម្មណ៍តានតឹង “ស្ត្រេស”៖

ជួនកាលយើងប្រឈមនឹងស្ថានភាពដែលហាក់ដូចជាមានមនុស្សមកប៉ែងជើង។ វាអាចជារឿងមួយតូចតែសំខាន់ឬជាបញ្ហាដ៏ធំនិងសំខាន់ដែលធ្វើអោយអ្នកមានប្រតិកម្មភ្លាមៗ។ នៅក្នុងស្ថានភាពទាំងនេះវាសំខាន់ណាស់ដែលអ្នកនិងដៃគូរបស់អ្នកចេះលួងលោមគ្នាទៅវិញទៅមក។

វានឹងជួយអ្នកទាំងពីរឱ្យជៀសវាងការបន្ទោសម្ខាងៗដោយមិនមានការលួងលោម និងធ្វើអោយដៃគូម្ខាងអន់ចិត្ត។ ជាឧទាហរណ៍ប្រសិនបើអ្នកមានអារម្មណ៍តានតឹង«ស្រ្តេស» អ្នកអាចនិងនិយាយចេញទៅភ្លាមៗដោយមិនបានគិតមុន អ្នកគួរតែគ្រប់គ្រងអារម្មណ៍ដោយទុកពេលបន្តិចធ្វើការសម្រេចចិត្តត្រឹមត្រូវជំនួសឱ្យការសន្និដ្ឋានភ្លាមៗនិងមិនត្រឹមត្រូវនៅពេលដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

9. ចូរកុំគិតថាអ្នកអាចយល់ពីដៃគូរបស់អ្នកបានទាំងអស់ ចូរសួរយោបល់របស់គាត់៖

 

អ្នកនិងដៃគូរបស់អ្នកគឺជាមនុស្សពេញវ័យនិងជាបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ដែលម្នាក់ៗមានគំនិត ចំណង់ចំណូលចិត្ត និងទស្សនៈផ្ទាល់ខ្លួន។ ទាំងអស់នេះហើយអាចមានភាពស្រដៀងគ្នាឬខុសគ្នាទាំងស្រុង។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកដើម្បីយល់ថាគំនិតនិងអារម្មណ៍របស់ដៃគូរបស់អ្នកមិនដូចគ្នានឹងអ្នកទេ។

កុំធ្វើការសម្រេចចិត្តដោយមិនបានសួរយោបល់ពីដៃគូរបស់អ្នក ហើយសូមកុំគិតថាអ្នកអាចយល់ពីគំនិតដៃគូរបស់អ្នកបានទាំងអស់ដោយងាយស្រួលនោះ។ វាខុស! ការសួរសំណួរនិងការទទួលបានចម្លើយគឺជាគន្លឹះនៃទំនាក់ទំនងល្អនិងសុខដុមរមនា។

8. សូមកុំលាក់ទុកក្នុងចិត្ត ចូរនិយាយទៅកាន់ដៃគូរបស់អ្នក៖

ចំណុចនេះស្រដៀងនិងចំនុចទី 9។ សូមកុំគិតថាដៃគូរបស់អ្នកអាចយល់ពីអារម្មណ៍និងគំនិតរបស់អ្នកបានទាំងអស់នោះ។ ត្រូវចេះបើកចំហនិងស្មោះត្រង់ជាមួយមនុស្សដែលជិតស្និទ្ធរបស់អ្នកហើយចែករំលែកអារម្មណ៍និងការព្រួយបារម្ភរបស់អ្នកជាមួយពួកគាត់។

ឧទាហរណ៍ប្រសិនបើអ្នកចង់ឱបនរណាម្នាក់ប្រាប់គាត់និងធ្វើសកម្មភាពទៅ ដោយជំនួសឱ្យការទន្ទឹងរង់ចាំគាត់ដើម្បីទស្សន៍ទាយអ្វីដែលអ្នកចង់បាន។ ប៉ុន្ដែសូមចងចាំថាអ្នកទេដែលចង់ស្នើសុំទៅកាន់គាត់។ ដៃគូរបស់អ្នកធ្វើតាមឆន្ទៈរបស់គាត់ដោយយកចិត្តទុកដាក់ចំពោះតំរូវការនិងសេចក្តីប្រាថ្នារបស់គាត់ ដូច្នេះចាំអង្កាល់ទៀតឆាប់និយាយទៅកាន់គាត់ទៅ។

7. បង្កើតពេលវេលា និងទីកន្លែងផ្ទាល់ខ្លួនសំរាប់ដៃគូរបស់អ្នក៖

 

ប្រសិនបើអ្នកតែងតែចំណាយពេលវេលាជាមួយគ្នានោះសកម្មភាពរួមទាំងអស់នឹងក្លាយជាទម្លាប់មួយហើយដៃគូរបស់អ្នកនឹងក្លាយជាផ្នែកមួយនៃទម្លាប់របស់អ្នក។ អ្នកគួរតែលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីបង្កើតចំណង់ចំណូលចិត្តនិងស្វែងរកចំណុចទំនាក់ទំនងអោយដូចគ្នាផងដែរ។

ចំណាយពេល 1 ឬ 2 ថ្ងៃក្នុងមួយសប្តាហ៍សំរាប់ធ្វើអ្វីមិនធម្មតានិងគួរឱ្យចាប់អារម្មណ៍រួមគ្នាជាមួយដៃគូរបស់អ្នក។ អ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានថាការចងចាំដ៏សប្បាយរីករាយដែលអ្នកបង្កើតជាមួយដៃគូរបស់អ្នកជួយរក្សាទំនាក់ទំនងល្អរបស់អ្នក។

6. ផែនការជីវិត៖

គោលដៅ និងបំណងប្រាថ្នារបស់អ្នកនៅក្នុងជីវិតមិនគួរមានលក្ខណៈដូចគ្នាទេ។ ទោះជាយ៉ាងណាក៏ដោយវាជាការប្រសើរណាស់ប្រសិនបើនិយមន័យនៃភាពជាដៃគូរបស់អ្នកនិងការយល់ដឹងអំពីភាពជោគជ័យគឺស្រដៀងគ្នានឹងអ្នកដែរ។

ប្រសិនបើអ្នកមានគម្រោងបន្តជាមួយនិងអាជីពរបស់អ្នករហូតដល់អាយុ 40 ឆ្នាំប៉ុន្តែដៃគូរបស់អ្នកមានក្តីសង្ឃឹមថានឹងមានកូន 3 នាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះអ្នកនឹងមានការពិភាក្សាយ៉ាងច្រើននៅក្នុងជីវិតគ្រួសាររបស់អ្នក។ នោះហើយជាមូលហេតុនៃអាទិភាពសំខាន់ក្នុងការពិភាក្សាអំពីជីវិតរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

5. ទំនាក់ទំនងជាមួយមិត្តភក្តិ៖

មិត្ដភក្ដិគឺជាផ្នែកសំខាន់មួយនៃជីវិតរបស់មនុស្សយើង ហើយការបដិសេធមិនទៅចូលរួមជាមួយពួកគេមានន័យថាអ្នកបាត់បង់អ្វីម្យ៉ាងដែលសំខាន់។ នេះហើយជាមូលហេតុដែលដៃគូត្រូវចេះបំពេញជូនគ្នាទៅវិញទៅមក នឹងផ្តល់ពេលវេលាសំរាប់គាត់ជាមួយមិត្ដភក្ដិរបស់គាត់ដោយគោរពទោះបីជាអ្នកមិនសូវពេញចិត្តដ៏ដោយ។

ឥរិយាបថនេះគឺជាការចង្អុលបង្ហាញពីភាពចាស់ទុំនិងការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក។

4. ទំនាក់ទំនងជាមួយសាច់ញាតិ៖

សាច់ញាតិជាផ្នែកសំខាន់នៃជីវិតរបស់យើងជាងមិត្ដភក្ដិរបស់យើង។ នោះហើយជាមូលហេតុដែលទំនាក់ទំនងល្អជាមួយគ្រួសារដៃគូរបស់អ្នកគឺជាគន្លឹះនៃទំនាក់ទំនងល្អរវាងអ្នកទាំងពីរ។

ប្រសិនបើអ្នកតែងតែឈ្លោះប្រកែកគ្នាជាមួយឪពុកម្ដាយរបស់ប្រពន្ធឬប្ដីរបស់អ្នកវានឹងក្លាយជាមូលហេតុនៃជម្លោះរវាងអ្នកនិងដៃគូរបស់អ្នក។

 

3. អបអរសាទរភាពជោគជ័យរបស់ដៃគូ៖

មិនមានអ្វីអាក្រក់ជាងការរស់នៅជាមួយមនុស្សម្នាក់ដែលមិនចេះលើកទឹកចិត្ត និងមិនសរសេើរដល់ភាពជោគជ័យរបស់អ្នកហើយមិនខ្វល់ពីជោគជ័យរបស់អ្នកទាល់តែសោះនោះទេ។

គូស្វាមីភរិយាដែលមានភាពសុខដុមរមនានិងភាពសប្បាយរីករាយ ដៃគូរមានអារម្មណ៍សប្បាយរីករាយចំពោះភាពជោគជ័យរបស់គ្នាទៅវិញទៅមកនិងការជម្រុញគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវគោលដៅថ្មីៗ។

2. ផ្តល់ពេលវេលាដល់ដៃគូរបស់អ្នក ដើម្បីមានពេលនៅជាមួយដៃគូរបស់អ្នកវិញ៖

ការផ្តល់ពេលវេលាសំរាប់ការចូលចិត្តរបស់ដៃគូរបស់អ្នក ដូចជាអនុញ្ញាតអោយគាត់ទៅមើលបាល់ទាត់ជាដើម និងធ្វើអោយគាត់ស្រឡាញ់យើងកាន់តែខ្លាំង ហើយយើងអាចស្នើសុំការតមស្នង ដោយជូនទៅដើរលេងជាមួយគ្នាបានយ៉ាងងាយ។ ប្រសិនបើអ្នកមិនអនុញ្ញាតចំពោះមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងរឿងតូចៗ (ហើយផ្ទុយមកវិញ) នោះអ្នកនឹងមានជម្លោះមិនល្អជាច្រើនហើយការបែកបាក់អាចជាលទ្ធផលចុងក្រោយ។

1. ប្រភេទនៃទំនាក់ទំនងដែលត្រូវបានកំណត់សម្រាប់ភាពជោគជ័យ

មនុស្សម្នាក់ៗអាចរៀបរាប់អំពីទំនាក់ទំនងនិងសេចក្តីស្នេហាខុសៗគ្នា។ ប៉ុន្តែយ៉ាងហោចណាស់មានទំនាក់ទំនង 2 ប្រភេទដែលរួមបញ្ចូលគ្នានូវគំនិតនៃសេចក្តីស្រឡាញ់ភាគច្រើន:

ប្រភេទទី 1: “ក្តីស្រឡាញ់នៅជាមួយគ្នា”
ប្រភេទទី 2: “ការបន្តដំណើរជីវិតជាមួយគ្នា”

ប្រភេទទី1 ពួកគេប្រហែលជាគិតថាពួកគេកើតមកដើម្បីស្រឡាញ់គ្នាទៅវិញទៅមក។

ប្រភេទទី2 អ្នកទាំងពីរមិនបានបញ្ជាក់ពីភាពស្រដៀងគ្នា និងភាពខុសគ្នារបស់ពួកគេទេប៉ុន្តែព្រឹត្តិការណ៍ដែលពួកគេបានជួបប្រទះរួមគ្នាគឺនៅក្នុងដៃរបស់ពួកគេទាំងពីរ។

ហើយអ្នកចិត្តវិទ្យារជឿជាក់ថាគូស្វាមីភរិយាប្រភេទទី2 មានឱកាសខ្ពស់ក្នុងការបង្កើតទំនាក់ទំនងប្រកបដោយការចុះសម្រុងគ្នានិងយូរអង្វែងដោយសារពួកគេត្រៀមខ្លួនសម្រាប់ការលំបាកដែលនិងចូលមកក្នុងជីវិតរបស់ពួកគេ។

សញ្ញាទាំង 10 នេះគឺជាសញ្ញាសម្គាល់ដែលបង្ហាញថាទំនាក់ទំនងរបស់អ្នកនឹងមានភាពសុខដុមរម្យនា និងមានភាពរឹងមាំ។ ប៉ុន្ដែអ្នកគួរចងចាំជានិច្ចថាសុភមង្គលរបស់អ្នកគឺវាអាស្រ័យលើអ្នកផងដែរ!

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ Brightside

រក្សាសិទ្ធដោយ៖ គេហទំព័រ Kalib9

សំគាល់៖ សូមមេត្តាកំចម្លងអត្ថបទនេះដាក់ចូលទៅក្នុងគេហទំព័របស់ខ្លួន អាណិតអ្នកបកប្រែផង ទម្រាំបានអត្ថបទនេះគេត្រូវចំណាយពេលរាប់ម៉ោងដើម្បីស្វែងរកឯកសារយោង និង រាប់ម៉ោងទៀតដើម្បីប្រែសម្រួលជាភាសាជាតិ ។

Sponsored: