kalib9

សញ្ញាទាំង 8 ដែលបញ្ជាក់ថាអ្នកមានជំងឺគាំងបេះដូង!!!

ការការពារប្រសើរជាងព្យាបាល។ បញ្ហាសុខភាព គឺជារឿងសំខាន់មួយដែលអ្នកមិនគួរមើលរំលង។ រាងកាយតែបញ្ជូនសញ្ញាព្រមានផ្សេងៗឲ្យយើងបានដឹងជានិច្ច នៅមុនពេលកើតមានជម្ងឺធ្ងន់ធ្ងរណាមួយ។ ការព្យាយាមយកចិត្តទុកដាក់លើអាការៈផ្សេងៗដែលកើតមានលើរាងកាយ មិនមែនបានន័យថាអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលចេះតែភ័យព្រួយថាខ្លួនឯងមានជម្ងឺនោះទេ ប៉ុន្តែការយល់ដឹងអំពីសុខភាពខ្លួនឯងបន្តិចបន្តួចមិនដែលធ្វើឲ្យនរណាម្នាក់ឈឺឡើយ។ ខាងក្រោមជារោគសញ្ញាសំខាន់ៗមួយចំនួនដែលអាចនឹងកើតមានក្នុងអំឡុងពេល ១ ខែ (ឬតិចជាងនេះទៀត) មុនពេលគាំងបេះដូង ៖

៨. អស់កម្លាំង ៖ អាការៈនៃការអស់កម្លាំងល្ហិតល្ហៃខុសប្រក្រតី ដោយគ្រាន់តែធ្វើសកម្មភាពធម្មតាដូចជា រៀបចំកន្លែងគេង ឬងូតទឹក សោះក៏ធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់ខ្លាំងដែរនោះវា គឺជារោគសញ្ញាដ៏សំខាន់មួយដែលបង្ហាញឲ្យដឹងថា ការគាំងបេះដូង កំពុងជិតកើតមានឡើងលើអ្នកហើយ។ ស្ត្រីគឺមានភាគរយទទួលបាននូវរោគសញ្ញាដាស់តឿននេះច្រើនជាងបុរស។

៧. ឈឺចាប់ក្នុងពោះ ៖ ការឈឺចាប់ក្នុងពោះ ចង្អោរចង់ក្អួត (ក្នុងពេលពោះទទេ ឬទទួលទានឆ្អែត) មានអារម្មណ៍ថាហើមពោះ ឬ ឈឺចុកក្រពះ គឺជារោគសញ្ញាមួយចំនួនដែលទូទៅបំផុត។ រោគសញ្ញាទាំងនេះកើតមានឡើងស្មើគ្នារវាងស្ត្រី និងបុរស។ ការឈឺចាប់ក្នុងពោះនៅមុនពេលកើតមានជម្ងឺគាំងបេះដូង គឺមានលក្ខណៈពិសេសមួយ ដោយបន្ទាប់ពីបាត់ឈឺចាប់បានបន្តិច ក៏ស្រាប់តែឈឺឡើងវិញម្ដងទៀត។

៦. គេងមិនលក់ ៖ ការគេងមិនលក់ ក៏ផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនូវហានិភ័យនៃជម្ងឺគាំង៖ បេះដូង ឬជម្ងឺដាច់សសៃឈាមខួរក្បាលផងដែរ ហើយជាធម្មតាវាតែងកើតមានឡើងក្នុងចំណោមស្ត្រី។
កត្តានៃការគេងមិនលក់ ជារឿយៗរួមបញ្ចូលទាំងកម្រិតនៃការថប់បារម្ភ និងការភ្លេចភ្លាំងកើនឡើងខ្ពស់។ រោគសញ្ញារួមមកជាមួយផ្សេងទៀតមានដូចជា ពិបាកចូលគេង ពិបាកក្នុងការរក្សាការគេង និងឆាប់ក្រោក ឬភ្ញាក់ពីព្រលឹម។

៥. ដង្ហើមខ្លី ៖ ពិបាកដកដង្ហើម ការដង្ហក់ ឬដកដង្ហើមបានខ្លីៗ មានអារម្មណ៍ដូចមិនអាចស្រូបខ្យល់ចេញចូលបានគ្រប់គ្រាន់ វិលមុខ ជារឿយៗ វាកើតមានឡើងទាំងចំពោះស្ត្រី និងបុរស នៅ
រយៈពេល ៦ខែ មុនពេលកើតមានជម្ងឺគាំងបេះដូង។

៤. សក់ជ្រុះ ៖ ជ្រុះសក់ ក៏ត្រូវបានគេចាត់ទុកថាជាការបង្ហាញមួយផ្សេងទៀតពាក់ព័ន្ធទៅនឹងហានិភ័យនៃជម្ងឺបេះដូងផងដែរ។ ជារឿយៗវាជះឥទ្ធិពលទៅលើបុរស ប៉ុន្តែស្ត្រីមួយចំនួនក៏អាចស្ថិតនៅក្នុងក្រុមដែលប្រឈមនឹងគ្រោះថ្នាក់ដែរ។ រីឯការទំពែកវិញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃកម្រិតអ័រម៉ូន Cortisol (អ័រម៉ូនស្ត្រេស)។

៣. ចង្វាក់បេះដូងលោតខុសប្រក្រតី ៖ ជាញឹកញយ គឺអម​ជាមួយដោយការស្លន់ និងថប់បារម្ភ ជាពិសេសក្នុងចំណោមស្ត្រី។ វាកើតមានឡើងដោយនឹកស្មានមិនដល់ ហើយបង្ហាញចេញដោយភាពខុសប្លែកពីគ្នាដូចជា ចង្វាក់បេះដូង arrhythmia ( ឬចង្វាក់បេះដូងលោតខុសប្រក្រតី) ឬ tachycardia (ការកើនឡើងនៃអត្រាបេះដូង) ។ ចង្វាក់បេះដូងលោតខុសប្រក្រតីមានរយៈពេលពី ១​ ទៅ ២ នាទី ប្រសិនបើនៅតែបន្តលោតខុសចង្វាក់លើសពីនេះ រួមជាមួយនឹងអាការៈវិលមុខ និងអស់កម្លាំងផងនោះ អ្នកគួរតែទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។

២. បែកញើសខ្លាំងខុសពីធម្មតា ៖ ការបែកញើសហួសប្រមាណ គឺជារោគសញ្ញាព្រមានដំបូងនៃជម្ងឺគាំងបេះដូង។ វាអាចកើតមានឡើងគ្រប់ពេលមិនថាថ្ងៃ ឬយប់។ ជាញឹកញយស្ត្រី គឺទទួលបាននូវរោគសញ្ញានេះ ហើយជារឿយ ការបែកញើសត្រូវបានគេយល់ច្រឡំថាកើតមានបណ្ដាលមកពីអាកាសធាតុក្ដៅ ឬបែកញើសពេលយប់​បណ្ដាលមកពីការរាំងរដូវ។

១. ឈឺដើមទ្រូង ៖ បុរស និងស្ត្រី ជួបប្រទះនូវអាការៈនៃការឈឺទ្រូងក្នុងអាំងតង់ស៊ីតេ និងទម្រង់ផ្សេងៗពីគ្នា។ ចំពោះបុរស ការឈឺទ្រូង គឺជារោគសញ្ញាសំដៅទៅលើអាការៈដំបូងនៃជម្ងឺគាំងបេះដូងដែលមិនគួរព្រងើយកន្តើយឡើយ។ ទោះជាយ៉ាងណា វាប៉ះពាល់ដល់ស្ត្រីតែ ៣០ ភាគរយ ប៉ុណ្ណោះ។ ការឈឺទ្រូងអាចរីករាលដាលទៅជាមានអារម្មណ៍ថាមិនស្រួលនៅត្រង់ដៃទាំងសងខាង ឬម្ខាង (ភាគច្រើនដៃខាងឆ្វេង) ឆ្អឹងថ្កាមផ្នែកខាងក្រោម ស្មាទាំងសងខាង ក ឬពោះ។ ការឈឺចាប់អាចមានលក្ខណៈមួយជាអចិន្ត្រៃយ៍ ឬ បណ្ដោះអាសន្ន៕

ប្រភព ៖ Brightside