kalib9

អ្នកដែលរំពឹងលើ Channel YouTube អាចនឹងមិនងាយទៀតទេ…

ក្រុមហ៊ុន YouTube បានប្រកាសជាផ្លូវការ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ ម្ចាស់​គណនី (Channel Owner) ណា​ដែល​មិន​មាន​អ្នក Subscribers ដល់ 1000 នាក់ និងចំនួន View មិនឡើងដល់ 4000 ម៉ោង​ទេ នោះខ្លួន នឹងមិនអនុញ្ញាតិផ្តល់លុយ អោយម្ចាស់គណនីឡើយ លុះត្រាតែ គោរពទៅតាម គោលការណ៍ មួយនេះ ទើបម្ចាស់គណនីគ្រប់រូប អាចបង្កើនចំណូលលុយ តាមរយៈ YouTube បាន។

ការផ្លាស់ប្តូរគម្រោងថ្មីនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2018 ខាងមុខទៅហើយ មិន​ថា គណនីថ្មីនោះទេ សូម្បីតែគណនីចាស់ ក៏ត្រូវគោរពតាមគោលការណ៍ ថ្មីនេះដូចគ្នាដែរ។ ដំណឹង​អាក្រក់​មួយទៀត ចំពោះ YouTubers ទាំងអស់ ប្រសិនបើ មានការរាយការណ៍ (Report) មិនពេញចិត្ត ពីសំណាក់ ទស្សនិកជននោះ ក្រុមហ៊ុន YouTube ក៏នឹងចាត់វិធានការ លុបគណនីចោលពី YouTube Partner Program (YPP) ទៀតផង។

YouTube បានបញ្ជាក់ថា ការរៀបចំ គោលការណ៍នេះឡើង គឺដោយសារតែ ចង់អោយ​សហគមន៍ YouTubers មាន​ការ​រីកលូតលាស់ គ្រប់ទីកន្លែង និងកាន់តែធំៗទៅ ឧទាហរណ៍ជាក់ស្តែង ដូចជាលោក Logan Paul ចឹង ដែលជា Content Creator និងមានអ្នក Subscribers ដល់ទៅ 15 លាននាក់ មិន​មែន​សម្រាប់ អ្នកដែលមាន 250 Subscribers ហើយផុសវីដេអូ 1 ខែ 1 ដងទេ។

អញ្ចឹង សម្រាប់ YouTubers ថ្មីៗ ប្រហែលជាអាច ត្រូវត្រៀមចិត្ត ជាមុន ព្រោះថាពេលនេះ មិនថាអ្នក​នៅ​ទីណា ប្រទេសនោះទេ គឺត្រូវអនុវត្តតាម គោលការណ៍ខាងលើនេះ ទើបអ្នកអាចមានសិទ្ធិ ចាប់ផ្តើម រកលុយពី YouTube បាន។