kalib9

ប្រទេសចិនមានការបំពុល​ហួសកម្រិតប្រកាសអាសន្នហើយ…

រដ្ឋាភិបាល​ទីក្រុងប៉េកាំង នឹងបិទក្រុមហ៊ុនដំឡើង​សម្ភារៈចំនួន ១,០០០កន្លែង រួមជាមួយមជ្ឈមណ្ឌល​ទីផ្សារ និងឡូជីស្ទីក ​៣០០កន្លែងផ្សេងទៀត ឲ្យបាន​​នៅត្រឹម​ឆ្នាំ២០២០ ដើម្បីបើកផ្លូវសម្រាប់​គោលដៅ​សមាហរណកម្ម នៃទីក្រុង​ប៉េកាំង-ធាន​ជីន-ហេប៊ៃ​ គេចចេញពីការបំពុលដែលកាន់តែលើសកម្រិត​ប្រកាសអាសន្ន។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅយប់​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ដោយឡែក សម្រាប់​ឆ្នាំ២០១៨នេះ ទីក្រុងប៉េកាំង នឹងបិទក្រុមហ៊ុន​ដំឡើងសម្ភារៈ​​ប្រមាណ ៥០០កន្លែង ព្រមទាំង​មជ្ឈមណ្ឌល​ទីផ្សារ​និងឡូជីស្ទីក​ចំនួន ១៧៦កន្លែង ហើយធ្វើការផ្លាស់​ប្តូរ​មហាវិទ្យាល័យ ក៏ដូចជា​មន្ទីរពេទ្យ​​មួយចំនួន​ទៀត ទៅកាន់ជាយ​ក្រុងវិញ​ដើម្បីគេច​ចេញពីការបំពុល និងចរាចរណ៍ដ៏កកស្ទះ។ នេះបើតាម លោក Liu Bozheng អនុប្រធាន​នៃការិយាល័យ​ទីក្រុងប៉េកាំង ដែលទទួលបន្ទុក​លើការធ្វើសមាហរណកម្ម​តំបន់​ ប៉េកាំង​-​ធាន​​ជីង-ហេប៊ៃ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៥ ប្រទេសចិន បានដាក់ចេញ​នូវគម្រោងរយៈពេល ០៣ឆ្នាំ សម្រាប់ការ​អភិវឌ្ឍ​​ ដោយរួមបញ្ចូលគ្នា​នូវ​ទីក្រុងប៉េកាំង ធានជីង (Tianjing) និង ហេប៊ៃ (Hebei) ដែលជាយុទ្ធសាស្រ្តមួយ ដើម្បីធ្វើឲ្យមានតុល្យភាពនៃការអភិវឌ្ឍតំបន់ទាំង​បី​។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង បានសម្រេច​ការងារប្រមាណ៩៩០មុខហើយ ដើម្បីលើកស្ទួយការអភិវឌ្ឍ​ជារួម នៅក្នុង​តំបន់ទាំងនេះ។

សម្រាប់​ប្រទេសចិន​ ជា​ពិសេសទីក្រុង​ប៉េកាំងតែម្តង សារធាតុពុល​បញ្ចេញ​ពីរោងចក្រ និងការកក​ស្ទះចរាចរណ៍ ពិតជាចំណោទ​ដ៏ធំបំផុត នាប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែកំណើត​នៃការអភិវឌ្ឍ និងចំនួនប្រជាជន​ច្រើនជាង ២១​លាននាក់។ កាលពី​​ពេលថ្មីៗ​កន្លងទៅ អ្នកជំនាញ​បានព្រមាន​ថា ទីក្រុងប៉េកាំង និងស្រុតចូល​ទៅក្នុងដី ប្រសិនបើ​​ការសាងសង់​អគារ កំណើន​ប្រជាជន និងជាពិសេស​ការបូមទឹក​ក្រោមដីយក​មកប្រើប្រាស់ នៅតែមិនព្រម​កាត់បន្ថយទេនោះ៕