kalib9

រៀម ច័ន្ទបរមី តាំង​ចិត្ត​ប្រមូល​ការ​គាំទ្រ​ឲ្យ​ខ្លាំង​មកវិញ ក្រោយ​ផ្អាក​មួយ​ខ្យល់ធំ

(ភ្នំពេញ)៖ បន្ទាប់ពីរសាត់ខ្លួនចាកឆ្ងាយ ពីវិថីសិល្បៈអស់មួយសន្ទុះធំ ស្របពេលលេចធ្លាយដំណឹងស្នេហ៍ ជាមួយមន្រ្តីគយ កញ្ញា រៀម ច័ន្ទបរមី ពេលនេះបានប្រកាសដាក់ខ្លួន ចូលវិស័យសិល្បៈជាថ្មីឡើងវិញ ជាមួយសន្ទុះទីផ្សារផ្តល់អំណោយផល ផងនោះ។ ជាមួយគ្នានេះ ស្រីស្រស់ រៀម ច័ន្ទបរមី បានតាំងចិត្តយ៉ាងមុតមាំថា នាងនឹងកៀរគរប្រជាប្រិយភាព ពីអ្នកគាំទ្រ ឲ្យបានខ្លាំងមកវិញ បន្ទាប់ពីធ្លាក់ទីផ្សារគាំទ្រ ស្ទើរតែហៅលែងឮរួចមក។

គេចាំបានថា តារាសម្តែងស្រីសម្តីផ្អែម កញ្ញា រៀម ច័ន្ទបរមី បានដាក់ខ្លួនចូលប្រឡូក សិល្បៈកាលពីអំឡុងឆ្នាំ២០០៩។ អាជីពសិល្បៈរបស់ ច័ន្ទបរមី កាលនោះ គឺទទួលបានការគាំទ្រច្រើន ជាមួយនឹងការសម្តែង ក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តខ្លី បែបអប់រំជាដើម។

កញ្ញា រៀម ច័ន្ទបរមី បានថ្លែងប្រាប់ Khmertalking ឲ្យដឹង នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រោយពេលខ្លួនបានផ្អាក អាជីពសិល្បៈអស់រយៈពេលប្រមាណ២ឆ្នាំមកនោះ ពេលនេះ ក៏បានសម្រេចចូលប្រឡូក លើកវិស័យសម្តែងដូចមុនវិញ។ ប៉ុន្តែការផ្អាកពីរសិល្បៈ ជិតពីរឆ្នាំហើយមកចាប់ផ្តើមពីសូន្យ គឺវាលំបាកណាស់ តែក៏ខំដើរលើវិថីនេះដែរ ព្រោះស្រឡាញ់ខ្លាំង។

តារាស្រីកញ្ញា រៀម ច័ន្ទបរមី បានបន្តថា «ការចូលចាប់អាជីពសិល្បៈ ឡើងវិញនេះដែរ ខ្ញុំក៏ទទួលបានការហៅថត ឈុតច្រៀងកាយវិកាខារ៉ាអូខេ មួយចំនួនរួម និងខ្សែភាពយន្តរឿង «សង្រ្គាមមរតក»។ បច្ចុប្បន្នក៏កំពុងមានខាងផលិតករ មួយចំនួនបានទាក់ទងហៅសម្តែងជាបន្តបន្ទាប់ដែរ ប៉ុន្តែដោយសារបញ្ហាសុខភាព មិនអំណោយផល ខ្ញុំមិនទាន់ហានទទួលយកឡើយ ក្រែងធ្វើការងារឲ្យគេមិនកើត!»។

តារាសម្តែងស្ថិតក្នុងវ័យ២៦ឆ្នាំ កញ្ញា រៀម ច័ន្ទបរមី បានបញ្ជាក់បន្ថែមថា ទោះបីជាការផ្តើមមកសាងកេរ្តិ៍ លើវិថីសិល្បៈ ហាក់មានការលំបាកបន្តិច ក៏ពិតមែនតែនាងនឹងព្យាយាម ដើម្បីប្រមូលការគាំទ្រ និងប្រជាប្រិយភាពឲ្យបានដូចដើមមកវិញ ដោយហេតុថា អាជីពសិល្បៈជាការងារ តែមួយគត់ដែលខ្លួនស្រឡាញ់៕

កញ្ញា រៀម ច័ន្ទបរមី

កញ្ញា រៀម ច័ន្ទបរមី

កញ្ញា រៀម ច័ន្ទបរមី

ប្រភព : khmertalking