kalib9

ម្ចាស់ផលិតកម្ម «BKS» លោក ឈុន សុវណ្ណភក្ដី ត្រូវ​​ប្រពន្ធ​ប្ដឹង​សុំ​​លែងលះ​ ខណៈ​​តុលាការ​បាន​​សម្រេច​ជាស្ថាពរ ​និង​ប្រគល់​កូន​ទាំងពីរ​ ឲ្យ​ទៅ​ភរិយា​ជា​អ្នក​ចិញ្ចឹម!

(ភ្នំពេញ)៖ ទីបំផុតបណ្ដឹងសុំលែងលះភរិយារបស់លោក ឈុន សុវណ្ណភក្ដី ដែលត្រូវបានគេស្គាល់ថាឈ្មោះ អ្នកនាង ម៉ែន ចេននីត ដែលបានប្ដឹងទៅតុលាការសុំលែងលះ ជាមួយលោក ឈុន សុវណ្ណភក្ដី បានចប់ជាស្ថាពរហើយ ដោយបានសម្រេចឲ្យអ្នកទាំងពីរ លែងលះតាមផ្លូវច្បាប់ ដែលបានចេញសាលក្រម ជាធរមានតាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែទើបតែបែកធ្លាយ ជាសាធារណៈនៅថ្ងៃនេះ។ ក្នុងនោះ តុលាការសម្រេចឲ្យភាគីដើមបណ្ដឹង គឺភរិយារបស់លោក ឈុន សុវណ្ណភក្ដី ជាអ្នករ៉ាប់រង ទទួលចិញ្ចឹម ផ្គត់ផ្គង់លើកូនទាំង២ ចំណែកឯភាគីចុងចោទក៏បានយល់ព្រម ហើយក៏មានសិទ្ធជួបប្រាស្រ័យ ទាក់ទងកូនគ្រប់ពេលវេលា បានដែរ។

តាមសាលដីការប្រកាសរបស់តុលាការ ទទួលបានការយល់ព្រមពីសំណាក់ភាគី ទាំងដើមចោទ និងចុងចោទនោះ បានចេញសេចក្ដីថ្លែងការណ៍ ជាផ្លូវការថា ដើមចោទដែលត្រូវជាភរិយារបស់លោក ឈុន សុវណ្ណភក្ដី បានធ្វើលិខិតស្នើសុំលែងលះ ជាមួយនឹងស្វាមី ឈ្មោះ ឈុន សុវណ្ណភក្ដី ដែលមានឈ្មោះពិតថា ឈុន ភក្ដី ដោយមិនទាមទារអាហារ កាតព្វកិច្ចចិញ្ចឹមកូនឡើយ។ ចំណែកឯកូនស្រីឈ្មោះ «ឈុន សុវណ្ណចាន់អារ៉េយ៉ា» ត្រូវប្ដូរត្រកូនមកដាក់ឈ្មោះ «ម៉ែន សុវណ្ណចាន់អារ៉េយ៉ា» វិញ ដោយសារភាគីដើមចោទ បានស្នើសុំទៅកាន់តុលាការ ឲ្យប្ដូរដាក់ត្រកូលរបស់ខ្លួនវិញម្ដង។ រីឯ លោក ឈុន សុវណ្ណភក្ដី ក៏បានឯកភាពគ្នា ជាមួយនឹងភាគីម្ខាងទៀត ដោយព្រមព្រៀងគ្នាឲ្យភរិយា ប្ដូរឈ្មោះបាន ដោយមិនមានជំទាស់អ្វីនោះទេ។

នៅក្នុងនោះដែរ ភរិយារបស់ លោក ឈុន សុវណ្ណភក្ដី គឺជាអ្នកមានអំណាចមេបា មានសិទ្ធ និងករណីកិច្ច ចិញ្ចឹមបីបាច់ ថែរក្សាកូនឈ្មោះ ឈុន សុវណ្ណចាន់អារ៉េយ៉ា។ ចំណែកឯលោក ឈុន សុវណ្ណភក្ដី ដែលជាចុងចម្លើយវិញ ក៏បានយល់ព្រមចំពោះសាលដីកា ទាំងអស់របស់តុលាការ ព្រមទាំងមានសិទ្ធសួរសុខទុក្ខ ជួបប្រាស្រ័យទាក់ទងកូន បានគ្រប់ពេលវេលា។

នៅក្នុងដំណាក់កាល ទាញហេតុផលផ្ទាល់មាត់ របស់ភាគីចុងចម្លើយលោក ឈុន សុវណ្ណភក្ដី បានឯកភាព ព្រមលែងលះគ្នា ជាផ្លូវការ ជាមួយនឹងភរិយា ចាប់ពីពេលចេញសាលដីការនេះតទៅ ដោយនាង ម៉ែនចេននី ស្ថិតនៅក្នុងភាព «មេម៉ាយ» រយៈពេល១២០ ថ្ងៃ គិតចាប់ពីថ្ងៃចេញសាលក្រមជាស្ថាពរ។

ជាមួយនឹងសាលក្រម ចប់ជាស្ថាពរនៃបណ្ដឹងលែងលះ គួរឲ្យភ្ញាក់ផ្អើលនេះ គេសង្កេតឃើញថា កាលពីពេលថ្មីៗនេះ លោក ឈុន សុវណ្ណភក្ដី ហាក់ដូចជាមិនបានខ្វាយខ្វល់ ជាមួយនឹងបណ្ដឹងលែងលះភរិយា ដែលកំពុងមានកូន២នេះឡើយ ផ្ទុយទៅវិញ លោកបែរជាប្រារព្ធពិធីខួបសម្បថ១ឆ្នាំ នៃការរាប់អានគ្នាជាមួយ នាយចឺម យ៉ាងអធឹកអធម ទៅវិញ។

គួរបញ្ជាក់ថា ប្ដីប្រពន្ធ លោក ឈុន សុវណ្ណភក្ដី និង អ្នកនាង ម៉ែនចេននីត បានរៀបការជាមួយគ្នា កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ស្របច្បាប់ជាមួយគ្នានោះទេ។ ក្នុងកំឡុងពេលរស់នៅជាមួយគ្នា អ្នកទាំងពីរ ទទួលបានកូនស្រីម្នាក់ ឈ្មោះ ឈុន សុវណ្ណចាន់អារ៉េយ៉ា ដែលបានចាប់កំណើត តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៦ និង កូនម្នាក់ទៀត នៅក្នុងផ្ទៃចំនួន៤ខែ។ ដោយសារការរស់នៅជាមួយគ្នា មិនចុះសម្រុង ចេះតែឈ្លោះប្រកែកគ្នារហូត មិនចេះឈប់ឈរ ជាហេតុធ្វើឲ្យអ្នកនាង ម៉ែន ចេននីត អស់មនោសញ្ចេតនារួមរស់ជាប្ដីប្រពន្ធបន្ត ហើយបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងលែងលះ ឡើងតុលាការតាមផ្លួវច្បាប់តែម្ដង៕

អតីតភរិយា ឈុន ភក្តី

អតីតភរិយា ឈុន ភក្តី

ឈុន ភក្តី និង នាយ ចឺម

ប្រភព : khmertalking