kalib9

ជាកូនខ្មែរមួយរូប តើយើងយល់ច្បាស់ពីពាក្យ​ថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ហើយរឺនៅ?

ជាកូនខ្មែរមួយរូប តើយើងយល់ច្បាស់ពីពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ហើយរឺនៅ? កូនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និង ចែកឲ្យដាច់រវាងពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌។ មានអ្នកខ្លះគ្រាន់តែលឺគេថា និងកាត់ន័យតាមការយល់ដោយខ្លួនឯង ហើយយកទៅប្រើដោយមិនយល់ន័យច្បាស់លាស់ទៀតផង។

អ្វីទៅដែលហៅថាសុភាវធម៌?

សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រឹត្យក្រម ពាក្យទូន្មានណែនាំ ច្បាប់ វិន័យ)

សុភាវធម៌ មានន័យថា ជាក្រឹត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីអោយមនុស្ស មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។ ហើយសុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ និងគុណធម៌។

អ្វីទៅសុជីវធម៌?

សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត អោយប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖ – ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ ឋានៈ និងទីកន្លែង ជាដើម -ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន – ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ដែលមានចែង សម្រាប់រក្សាសណ្ដាប់ធ្នាប់ វិន័យ និងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។

តើអ្វីទៅសីលធម៌?

កន្លងមក ខ្មែរយើងខ្លះ ចំណាំនាំគ្នាប្រើពាក្យនេះ តាមសម័យប៉ុលពត ដែលគេប្រើពាក្យនេះ សំដៅទៅលើ ចំណងរវាងបុរសនិងស្ត្រី។ តែពេលនេះ យើងសិក្សាអំពីអត្ថន័យពិតប្រាកដ របស់ពាក្យសីលធម៌។

សីលធម៌ = សីល (ដំណើរប្រព្រឹត្ត វៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

សីលធម៌ សំដៅទៅលើ វិន័យក្រឹត្យក្រម សម្រាប់អប់រំខ្លួន អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់។ តើសីលធម៌មានអ្វីខ្លះ?

នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀន កាន់ក្រឹត្យ វិន័យអោយបានប្រាំសាខា ធំៗ គឺ ៖ -មិនគិត មិនប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬសេចក្ដីសុខ របស់ខ្លួន ឬ របស់អ្នកដទៃ ដោយ កាយ វាចា ចិត្ត និងគំនិត។ -មិនលួចកេងប្រវ័ញ្ច លើអ្នកដទៃ ដើម្បីប្រយោជន៍ របស់ខ្លួន ដោយការប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត និងគំនិត -មិនភូតភរ កុហកបោកប្រាស់ មិនបំផ្លើសការពិត អោយកើតមាន សៅហ្មង ឬ អន្តរាយ -មិនសេពគ្រឿងស្រវឹង ដែលធ្វើអោយបាត់សតិស្មារតី លែងស្គាល់ ខុសត្រូវ ល្អអាក្រក់ សុចរិត ទុច្ចរិត -មិនប្រព្រឹត្តខុស នៅក្នុងវិន័យផ្លូវភេទ មិនក្បត់ភក្ដីភាព ចំពោះស្វាមីភរិយា មិនបង្ក អនាធិបតេយ្យ ផ្លូវភេទ ដោយប្រការណាមួយឡើយ ជាពិសេសត្រូវចេះរំលត់ លោភៈទោសៈមោហៈ របស់ខ្លួន។

តើគុណធម៌ ជាអ្វី?

-គុណធម៌ = គុណ(ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)

គុណធម៌មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។

តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះ-អាសន្ន ឬមាន ការខ្វះខាត ជាដើម។ -ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។ – ការនិយាយស្ដីលើកកម្លាំងចិត្ត – ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា -ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន ឬសង្គមជាតិ អោយចេះជួយខ្លួនឯង អោយរៀនស្វែងរកផ្លូវប្រសើរ ក្នុងជីវិត – ការមានសេចក្ដីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាច ជួយខ្លួនឯងបាន -ការផ្ដល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស អោយចាកផុត ពីការប្រព្រឹត្ត អំពើអាក្រក់ ជាដើម។ ហេតុដូច្នេះហើយ ក្នុងនាមជាកូនខ្មែរ យើងត្រូវតែស្វែងយល់ឲ្យច្បាស់ពីអត្ថន័យរបស់ពាក្យទាំងអស់នេះ ជាពិសេសត្រូវរៀនពីសុភាវធម៌ខ្មែរ ដើម្បីខ្លួនឯង គ្រួសារនិងសង្គមជាតិផងដែរ។

ជាចុងបញ្ចប់សូមអរគុណដល់ អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែលបានចងក្រងឯកសារអំពីសុភាវធម៌ខ្មែរនេះឡើង ដើម្បីជាប្រយោជន៍ទៅដល់កូនខ្មែរក្នុងសិក្សាស្វែងយល់៕