kalib9

ផ្កាបំពង់ស្រមោច ! គេឃើញមានដុះតែបីខេត្តនៅខ្មែរ តែគេឃើញមានច្រើននៅលើភ្នំបូកគោខេត្តកំពត !

រុក្ខជាតិ: បំពង់ស្រមោច NEPENTHES(Nepenthaceae)

ប្រទេសនានាក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះកំពុងធ្វើដំណើរទៅមុខតាមចរន្តទេសចរណ៍ក្នុងការស្រូបទាញភ្ញៀវនៅនឹងកន្លែងនិងក្រៅតំបន់។ ព្រះរាជាណាចក្រកម្ពុជាសម្បូណ៌ដោយសម្បត្តិធម្មជាតិសំបូរបែបមានជាអាទិ តំបន់ខាងលិចទីក្រុងកំពតនៅលើកំពូលភ្នំ កម្ពស់ជាង១.០០០ម ក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ នឹងជួបប្រទះនូវរុក្ខជាតិមួយពួកដែលជាគុម្ពព្រឹក្ស (Slender plant) វារលើដី ឬ តោងដើមជិតខាងមានចុងស្លឹករាងដូចបំពង់មានគម្របផង តែបំពង់នេះមានសណ្ឋានខុសៗគ្នាទៅតាមប្រភេទ(Specias) មានឈ្មេាះថា«បំពង់ស្រមោច» (recipients a fourmis) ។

បំពង់ស្រមោចមានច្រើនប្រភេទនៅកម្ពុជា ប៉ុន្តែប្រភេទដែលគេស្គាល់ច្រើនមាននៅខេត្ត៣: –នៅខេត្តកំពង់ធំ មានឈ្មេាះបំពង់ស្រមោច(NEPENTHES Anamensis Macfarl) ដើមវាតូចឆ្មា វារលើដើមឈើ ស្លឹកមានរោម បំពង់មាន២យ៉ាង បំពង់ខ្ចីនិងបំពង់ចាស់និងដុះលើដីទំនាបមានខ្សាច់ស្ថិតក្នុងព្រៃរបេាះនៅក្នុងខេត្តកំពង់ធំ។

–នៅខេត្តពោធិសាត់ មានឈ្មេាះថាបំពង់ស្រមោចពោធិសាត់ (NEPENTHES thorelii Lecomte) ដើមវាជាវល្លិវារតោងឈើជិតខាង ស្លឹកគ្មានរោម តែដូចស្លាប។ បំពង់មាន២ប្រភេទ ដោយបំពង់ខាងលើមានរាងដូចកូនដប ឯបំពង់ខាងក្រោមរាងជាបំពង់តូចៗ ហើយដុះក្នុងភក់ល្បប់កណ្តាលព្រៃ (Forest Swamps) ក្នុងខេត្តពោធិសាត់។

–នៅខេត្តកំពត មានឈ្មេាះបំពង់ស្រមោចកំពត (NEPENTHES Kampotiana Lecomte) ។ ជាឈ្មេាះគុម្ពព្រឹក្សតូចមួយប្រភេទមានកំពស់រហូត១ម ច្រើនវារលើដើមជិតខាងដុះនៅលើដីសើម(ពេលចាប់ផ្តើមរដូវវស្សា) តាមមាត់ព្រៃលើដីទំនាប ឬ លើភ្នំជាពិសេសលើភ្នំបូកគោ។ បំពង់ខ្លីតែធំជាងបំពង់នៅខេត្តកំពង់ធំ គម្របមានឆ្នូតៗខាងក្នុង។ ក្នុងបំណងថែរក្សាធនធានធម្មជាតិ និងជីវចម្រុះទាំងនេះអោយបានគង់វង្សសំរាប់មនុស្សរាប់ជំនាន់បានឃើញ ស្រាវជ្រាវរៀនសូត្រទៅមុខទៀតនេាះ សូមចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិយើងអោយបានល្អ ដើម្បីជាប្រយោជន៍ដល់កូនចៅយើង។

 

 

 

error: Content is protected !!