kalib9

ក្នុងឆ្នាំ២០១៧ ថៃ បញ្ជូនសាកសពពលរដ្ឋខ្មែរ ត្រឡប់មកវិញជិត៤០នាក់ មិនទាន់រាប់ទាំងបាត់ខ្លួន

ភ្នំពេញៈ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានចាប់បញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៧ មានប្រមាណជា១៣.៣៩៦នាក់ ក្នុងនោះមានសាកសពពលរដ្ឋ ចំនួន៣៦នាក់។

យោងតាមរបាយការណ៍ បូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឆ្នាំ២០១៧ និងលើកទិសដៅការងារទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា “ថៃបានចាប់បញ្ជូនពលរដ្ឋខ្មែរ ឲ្យត្រឡប់មកវិញចំនួន ១៣.៣៩៦នាក់ ក្នុងនោះ ស្រី៤.១៦៩នាក់ កុមារ៤៦៩នាក់ និងសាកសព៣៦នាក់។ កម្លាំងយើងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ៨៣៨នាក់ ស្រី២០៨នាក់ និងកុមារ១០៣នាក់”។ ចំពោះសភាពការណ៍សន្តិសុខ នៅតាមព្រំដែនវិញ កាលពីឆ្នាំ២០១៧ មានស្ថានភាពស្ងប់ស្ងាត់ល្អ ។

របាយការណ៍ដដែលអះអាងថា ប៉ុន្ដែក៏មានសកម្មភាពមិនប្រក្រតីកើតឡើង ចំនួន៣៨៨លើក ច្រើនជាងគេនៅព្រំដែន កម្ពុជា-ថៃ ៣៦៥លើក កម្ពុជា-វៀតណាម ១៥លើក និងព្រំដែន កម្ពុជា-ឡាវ ៨លើក ក្នុងនោះមានការរំលោភដែនអាកាស ការរាយលួសបន្លា ការរុករានដីធ្វើចម្ការ ការឈូសឆាយធ្វើផ្លូវជាដើម ។

នគរបាលការពារព្រំដែន បានរក្សាការជួបប្រជុំជាមួយសមភាគីសរុប ចំនួន ៤៩១លើក (ថៃ២៣១លើក វៀតណាម ២៦៩លើក និងឡាវ ៩លើក) ដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍ព្រំដែន ដោះស្រាយព្រឹត្តិការណ៍មិនប្រក្រតីនានា នៅតំបន់ជាប់ព្រំដែន ពិសេសការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ។

ជាមួយគ្នានេះផងដែរ បានការពារឲ្យគណៈកម្មារធិការបច្ចេកទេសព្រំដែន សម្រេចភារៈកិច្ចវាស់វែងបោះបង្គោលព្រំដែនជាមួយថៃ បានចំនួន៣ទីតាំង (៣បង្គោល) ស្ថិតក្នុងភូមិសាស្ដ្រ ខេត្តឧត្តរមានជ័យ ជាមួយវៀតណាម បានចំនួន៤ទីតាំង (ខេត្តស្វាយរៀង ២បង្គោល និងខេត្តមណ្ឌលគីរី ២បង្គោល) សាងសង់បង្គោលប្រភេទថ្មបេតុងបំពេញបន្ថែមចំនួន ៥៩៧ទីតាំង (៦៥៨បង្គោល) និងបោះបង្គោលតម្រុយព្រំដែនចំនួន ៣៨៤ទីតាំង ស្មើ៥២២បង្គោល៕

ប្រភព៖ Campost