kalib9

ប្រទះឃើញសាកសពសត្វចម្លែក រសាត់អណ្ដែតទើរលើឆ្នេរសមុទ្រ នៃប្រទេសអូស្រ្តាលី ខណៈធ្វើឲ្យអ្នកជំនាញទាល់គំនិត!

អូស្រ្តាលី៖ សាកសពសត្វចម្លែកមួយក្បាល ត្រូវបានគេប្រទះឃើញ រសាត់អណ្តែតមកទើរលើ ឆ្នេរសមុទ្រមួយកន្លែង ក្នុងប្រទេសអូស្ត្រាលី ត្រូវបានគេថតបង្ហោះចែកចាយពេញលើបណ្តាញសង្គម បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈសូម្បីតែជំនាញក៏ទាល់គំនិត មិនដឹងថាជាអ្វីឲ្យបាកដ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា សាកសពសត្វដ៏ចម្លែកមួយក្បាលខាងលើនេះ ត្រូវបានប្រទះឃើញដោយអ្នកស្រី Sherry Simmons មានអាយុ៤៧ឆ្នាំ គឺនៅខណៈពេលដែលអ្នកស្រី កំពុងតែបណ្តើរកូនឆ្កែឈ្មោះថា Tank ដើរលេងនៅលើឆ្នេរខ្សាច់ Mulambin Beach ស្ថិតក្នុងរដ្ឋ Queensland ប្រទេសអូស្រ្តាលី។

តាមរយៈការអះអាងពីអ្នកស្រី Simmons បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ដំបូងឡើយអ្នកស្រីគិតថា វាប្រហែលគ្រាន់តែជាបំណែកដុំឈើដ៏ធំមួយតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលអ្នកស្រីបានដើរចូលទៅមើលជិត ទើបដឹងថា តាមពិតវាមិនមែនដូចអ្វី ដែលអ្នកស្រីគិតនោះឡើយ។

រូបភាព៖ អ្នកស្រី Simmons និងកូនឆ្កែ Tank

អ្នកស្រី Simmons បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមើលពីចម្ងាយគិតថា វាជាដុំឈើដ៏ធំមួយដុំ ប៉ុន្តែនៅពេលដែលខ្ញុំទៅមើលជិត ទើបដឹងថាវាមិនមែននោះទេ។ ខ្ញុំបានយកឈើទៅរុកប៉ះវា ខ្លួនរបស់វារាងទន់ៗ ហើយខ្ញុំឃើញវាមានព្រុយតូចៗ ដូចជាត្រី ប៉ុន្តែចម្លែកត្រង់ថា ផ្នែកផ្សេងទៀតគ្មានភ្នែកនោះទេ។ វាមើល៎ទៅធ្ងន់ណាស់! ប្រសិនបើអ្នកមើលវាដល់ចុងកន្ទុយ វាហាក់បីដូចជាជើងយ៉ាងអ៊ីចឹង» ។

 

អ្នកស្រី Simmons បានបន្តទៀតថា៖

«ខ្ញុំពិតជាភាពភ័យខ្លាចបន្តិចបន្តួចដែរ ព្រោះថាមិនដឹងវាជាសត្វអ្វីឲ្យប្រាកដ។ ប្រសិនបើគ្មានកូនឆ្កែខ្ញុំមកជាមួយទេ ខ្ញុំប្រហែលជានៅមើលវិភាគវា ឲ្យយូរជាងនេះជាមិនខាន» ។

 

រូបភាព៖ សាកសពសត្វចម្លែកដែលត្រូវបានគេប្រទះឃើញ ទើរលើឆ្នេរសមុទ្រ ក្នុងប្រទេសអូស្រ្តាលី

ជាមួយគ្នានេះដែរ បើតាមការសន្និដ្ឋានរបស់អ្នកស្រី Simmons ជឿជាក់ថា សត្វចម្លែកដែលប្រទះឃើញនោះ ទំនងអាចជាសត្វតោសមុទ្រ ខណៈអ្នកលេងអីុនធើណែតជាច្រើន ក៏ជឿជាក់យ៉ាងដូច្នោះដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តនៅនាយកដ្ឋានបរិស្ថានក្នុងទីក្រុង Queensland (Queensland’s Environment Department) បានលើកឡើងថា វាមិនទំនងទាល់តែសោះ ដែលថាជាសត្វតោសមុទ្រនោះ។

ក្រុមអ្នកជំនាញខាងលើ បានអះអាងថា វាអាចជាថ្លើមរបស់សត្វត្រីឆ្លាម ប៉ុន្តែក្នុងនោះពុំទាន់រកឃើញមានភស្ថុតាង បញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ។

ដូច្នេះការអះអាងរបស់ក្រុមអ្នកជំនាញ ក៏នៅមិនទាន់មានប្រសិទ្ធភាព ឬប្រាកដទេថា វាអាចជាការពិត ឬយ៉ាងណានោះឡើយ។ ខណៈបច្ចុប្បន្ន គេក៏កំពុងតែបន្តការស៊ើបអង្កេតទៀតផងដែរ ៕

រូបភាពតំណាង (សត្វតោសមុទ្រ ដែលត្រូវបានជឿជាក់ថា ស្រដៀងទៅនឹងសាកសពសត្វចម្លែក ដែលត្រូវបានគេប្រទះឃើញ)

ប្រភព៖​ khmerload