kalib9

ទម្រង់ប្រអប់ដៃទាំង៥នេះ អាចប្រាប់ពីអត្តចរិករបស់មនុស្សបាន

តាមរយៈក្បួននៃការទស្សន៍ទាយបាតដៃរបស់ប្រទេសចិន គេធ្វើការផ្គូរផ្គង រូបរាង ឬទម្រង់នៃដៃ ជាមួយនឹងធាតុទាំង៥នៃផែនដី ដើម្បីទស្សន៍ទាយអំពីអនាគត ឬបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ធាតុទាំងនោះមាន ធាតុដី ធាតុភ្លើង ធាតុទឹក ធាតុឈើ និងធាតុដែក។ ធាតុនីមួយៗសុទ្ធតែមានអត្ថន័យខុសៗពីគ្នា។ ពិនិត្យមើលទម្រង់នៃដៃរបស់អ្នកថាតើត្រូវនឹងធាតុមួយណា រួចអានការពណ៌នាលម្អិតខាងក្រោម ៖

១. ដៃធាតុដី ៖ មនុស្សដែលមានប្រអប់ដៃធាតុដី គឺសំដៅលើអ្នកដែលមាន ប្រអប់ដៃ ឬបាតដៃ និងម្រាមដៃ ក្រាស់។ គល់នៃម្រាមមេដៃរបស់ពួកគេ ក៏ក្រាស់ និងធាត់ផងដែរ។ ពួកគេមានកដៃធំ ឬក្រាស់ ដើម្បីទ្រប្រអប់ដៃ ឬបាតដៃរបស់ពួកគេ ហើយស្បែកត្រង់ដៃរបស់ពួកគេអាចគ្រើមជាងផ្នែកដទៃ។ មនុស្សដែលមានដៃធាតុដៃ គឺជាមនុស្សមានភាពផ្សារភ្ជាប់យ៉ាងជ្រៅទៅនឹងឬសគល់របស់ពួកគេ មានន័យថា មិនថាពួកគេត្រូវឡើងខ្ពស់ប៉ុណ្ណានៅក្នុងជីវិតក៏ដោយ ក៏ពួកគេមិនដែលភ្លេចកន្លែងដើម ឬភ្លេចកំណើតរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ហើយពួកគេក៏ជាមនុស្សស្លូតត្រង់ ចេះគួរសម មានសុជីវធម៌ មានភាពកក់ក្ដៅហើយចូលចិត្តការចុះសម្រុងជាមួយនឹងអ្នកដទៃ។ ពួកគេជាមនុស្សពោរពេញដោយភាពសប្បាយរីករាយ គួរឲ្យស្រឡាញ់ ផ្អែមល្ហែម គួរឲ្យចង់ជួបស្គាល់។ មនុស្សដែលមានដៃធាតុដីក៏ត្រូវបានគេដឹងផងដែរថា ជាប្រភេទមនុស្សងាយនឹងធ្លាក់ចូលអន្លង់ស្នេហ៍។ ពួកគេជាប្រភេទមនុស្សដែលគិតចេញពីបេះដូង ហើយមានមនោសញ្ចេតនាខ្ពស់។ ពួកគេជាអ្នកដែលស្រឡាញ់នរណាម្នាក់ដោយគ្មានលក្ខខ័ណ្ឌ ហើយជាធម្មតាសុខចិត្តបោះបង់ ឬចាកចេញពីផ្លូវរបស់ខ្លួនឯង ដើម្បីផ្គត់ផ្គង់ជាប្រយោជន៍ ឬបម្រើដល់អ្នកដទៃ។ ជារួមពួកគេជាប្រភេទមនុស្សដែលមិនអត្មានិយម ដោយគិតពីអ្នកដទៃជាជាងខ្លួនឯង។

២. ដៃធាតុភ្លើង ៖ មនុស្សជាមួយនឹងដៃធាតុភ្លើង គឺមានប្រអប់ដៃ ឬបាតដៃ រួមជាមួយនឹងម្រាមដៃ វែង។ ក្រចកដៃអាចនឹងស្រួច ប៉ុន្តែគន្លាក់នៃម្រាមដៃរបស់ពួកគេមិនបង្ហាញឲ្យមើលឃើញច្បាស់ទេ។ អ្នកដែលមានបាតដៃប្រភេទនេះជាមនុស្សមាន សេចក្ដីអង់អាច និងមហិច្ឆតា ខ្ពស់ ហើយជាអ្នកដែលគិតបានលឿន។

ពួកគេតែងមានការប្រុងប្រយ័ត្នចំពោះអ្វីៗដែលនៅជុំវិញរបស់ពួកគេ ហើយចិត្តគំនិតរបស់ពួកគេវិញ គឺដំណើរការជាប់ជានិច្ច។ ពួកគេជាទូទៅជាមនុស្សមានភាពស្វាហាប់ខ្លាំង និងមានថាមពល។ លើសពីនេះទៀត ពួកគេជាប្រភេទមនុស្សដែលដឹងច្បាស់អំពីអ្វីដែលពួកគេចង់បាន និងអ្វីដែលពួកគេមិនចង់បាននៅក្នុងជីវិត។

ការយល់ច្បាស់ពីចិត្តគំនិតរបស់ខ្លួនឯង ជាហេតុធ្វើឲ្យពួកគេងាយនឹងធ្វើការសម្រេចចិត្តចំពោះអ្វីមួយ។ ការសម្រេចចិត្តរបស់ពួកគេជាទូទៅ គឺល្អមានភាពល្អិតល្អន់ និងចំគោលដៅ។ នេះក៏មានន័យថា ពួកគេមិនមែនជាប្រភេទមនុស្សដែលងាយនឹងលង់ស្រឡាញ់នរណាម្នាក់ឡើយ ដោយសារតែបែបនេះទើបគ្មានអ្វីគួរឲ្យឆ្ងល់ទេដែលមនុស្សមានដៃធាតុភ្លើងមិនមានមនុស្សច្រើននៅក្នុងជីវិត ក៏ព្រោះតែពួកគេមិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងថាមពលទៅលើអ្នកដែលពួកគេមិនយកចិត្តទុកដាក់លើ ឬខ្វល់ជាមួយ។

៣. ដៃធាតុទឹក ៖ សំដៅលើអ្នកដែលមានប្រអប់ដៃ ឬបាតដៃ រលោង ប៉ុន្តែម្រាមដៃអាចមើលទៅកន្តុញៗ។ ក្រចកជាធម្មតាមានប្រវែងវែង ប៉ុន្តែគន្លាក់នៃម្រាមដៃមិនបង្ហាញឲ្យមើលឃើញច្បាស់ទេ។ ចុងម្រាមនៃមនុស្សដែលមានដៃធាតុទឹក គឺមានរាងមូល។ អ្នកដែលមានដៃធាតុទឹក គឺជាបុគ្គលដែលមានទេពកោសល្យខ្ពស់ ហើយមានភាពល្អប្រសើរក្នុងការសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗ។

ពួកគេជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់ ពូកែសង្កេតការណ៍ និងពូកែខាងទំនាក់ទំនងដែលមានន័យថា ពួកគេអាចក្លាយជាអ្នកសង្កេតការណ៍ ឬជាការទូតបាននៅពេលចាំបាច់ណាមួយ។ ពួកគេជាមនុស្សមានការប្រុងប្រយ័ត្ន និងពូកែរក្សាការសម្ងាត់។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ មនុស្សដែលមានដៃធាតុទឹកជាមនុស្សមានភាពឧស្សាហ៍ក្នុងការងារ និងតែងមានគំនិតណែនាំ បង្ហាញផ្លូវដល់អ្នកដទៃដែលមានន័យថា ពួកគេជាទូទៅមិនថ្កោលទោស ឬមានប្រកាន់ច្រើនឡើយ។

ពួកគេមានការអត់អោនខ្ពស់ និងងាយទទួលយកអ្នកដទៃ។ ពួកគេជាប្រភេទមនុស្សដែលនឹងទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ដោយគ្មានការត្អូញត្អែរ។ ពួកគេមានភាពអំណរចំពោះរាល់ទំនាក់ទំនងទាំងអស់ដែលពួកគេមាននៅក្នុងជីវិត និងតែងមានការការពារខ្ពស់ចំពោះអ្វីដែលជារបស់ពួកគេ។ ប៉ុន្តែនៅពេលឈានមកដល់រឿងស្នេហាវិញ គឺពួកគេចូលចិត្តការពារចំពោះមនុស្សដែលពួកគេស្រឡាញ់ ប៉ុន្តែមិនមែនជាការហួងហែងហួសកម្រិតពេកឡើយ។

៤. ដៃធាតុឈើ ៖ សំដៅលើដៃដែលវែង ប៉ុន្តែរាងស្គមបន្តិច ហើយមើលឃើញទម្រង់ឆ្អឹងច្បាស់។ គន្លាក់នៃម្រាមដៃ និងឆ្អឹងស្គមៗ គឺលេចឡើងងាយនឹងមើលឃើញច្បាស់។ អ្នកដែលមានដៃធាតុឈើ គឺជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត។ គំនិតរបស់ពួកគេ គឺមិនងាយនឹងមាននរណាម្នាក់អាចយល់លម្អិតបានភ្លាមត្រឹមពេលតែប៉ុន្មាននាទីឡើយ។

ពួកគេមានបំណងបង្កើតអ្វីដែលមានសោភ័ណ្ឌភាព និងដែលអាចផ្ដល់ភាពសប្បាយរីករាយ។ ក្នុងនាមជាអ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់ ពួកគេមានទំនោររស់នៅក្នុងពិភពលោករបស់ខ្លួនឯង។ នេះក៏មានន័យថា ពួកគេប្រភេទមនុស្សដែលមិនងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែប្រសិនបើលង់ស្រឡាញ់នរណាហើយ គឺលង់ខ្លាំងដកចិត្តមិនរួច។

ពួកគេឆាប់រំភើបចិត្ត ហើយដោយសារពួកគេមានគំនិតច្នៃប្រឌិតនោះអារម្មណ៍របស់ពួកគេក៏ដើរតួយ៉ាងសំខាន់ក្នុងការនាំយកនូវភាពច្នៃប្រឌិតរបស់ពួកគេ។ ពួកគេក៏ជាមនុស្សចចេស ក្បាលរឹង និងឆាប់មានកំហឹងចំពោះការបង្កើតអ្វីថ្មីមួយ ប៉ុន្តែជាធម្មតាពួកគេជាមនុស្សមានសណ្ដានចិត្តល្អ កក់ក្ដៅ ហើយតែងតែមានកង្វល់នឹងខ្លួនឯងពីកំណើតតែម្ដង។

ពួកគេមិនចូលចិត្តអនុញ្ញាតឲ្យមនុស្សជាច្រើនចូលមកនៅក្នុងជីវិតរបស់ពួកគេទេ ហេតុនេះនៅពេលពួកគេបើកឱកាសអនុញ្ញាតឲ្យនរណាម្នាក់ចូលមកក្នុងជីវិតរបស់ពួកគេនោះមានន័យថា ម្នាក់នោះគឺពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកគេ។

៥. ដៃធាតុដែក ៖ សំដៅលើដៃដែលមាន ក្រចក បាតដៃ និងម្រាមដៃ រាងការេ។ បាតដៃ គឺទន់ ធាត់មានសាច់ច្រើន ហើយយឺត។ គល់ដៃបាតដៃ គឺក្រាស់ ហើយមានរាងបួនជ្រុងទ្រវែងឆ្ពោះទៅរកក្រចក។ អ្នកដែលមានដៃធាតុដែកមានជំនាញខ្ពស់ក្នុងភាពជា អ្នកដឹកនាំ សហគ្រិន ហើយដំណោះស្រាយរបស់ពួកគេ គឺតែងមានភាពសមហេតុសមផលខ្ពស់។

ពួកគេជាមនុស្សដែលស្ដាប់ហេតុផល មុននឹងធ្វើការសន្និដ្ឋាន ដែលបង្ហាញថាពួកគេជាមនុស្សមានភាពយុត្តិធម៌ខ្ពស់។ ជាទូទៅ ការសម្រេចចិត្តរបស់ពួកគេ គឺមិនមានភាពលំអៀងឡើយ ហើយបើទោះជាស្ថិតក្នុងសម្ពាធអ្វីមួយក៏ដោយ ក៏ពួកគេនៅតែរក្សាភាពស្ងប់ស្ងាត់ និងស្ងប់អារម្មណ៍ជានិច្ច។

មនុស្សដែលមានដៃធាតុដែកតែងតែមានស្នេហាដោយផ្អែកលើគុណសម្បត្តិនៃដៃគូ។ ពួកគេដឹងពីអ្វីដែលពួកគេចូលចិត្ត និងមិនចូលចិត្ត។ ពួកគេ គឺជាប្រភេទមនុស្សដែលអាចគ្រប់គ្រងរឿងជាច្រើនក្នុងពេលតែមួយបាន ហើយចេះជួយយកអាសារអ្នកដទៃក្នុងពេលដែលគេជួបទុក្ខ៕

ប្រភព ៖ Meaww

ផ្តល់សិទ្ធដោយ៖ Moha Sneha

error: Content is protected !!