kalib9

ចម្លែកខុសគេ ចិញ្ចឹមក្រពើដ៏ធំមួយក្បាលក្នុងផ្ទះ មើលថែទាំ ដុសទាំងធ្មេញឲ្យ និងចាត់ទុកដូចសមាជិកគ្រួសារ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានចិញ្ចឹមក្រពើដ៏ធំមួយក្បាល នៅក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងមិនបារម្ភ ឬភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ជាពិសេស ថែមទាំងចាត់ទុកដូចសមាជិកគ្រួសារ។

ម្ចាស់សត្វក្រពើមួយក្បាលខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Muhammad Iwan មានអាយុ៤១ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងតំបន់ Sempur ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Muhammad បានទិញក្រពើមួយក្បាលនេះ ពីអ្នកនេសាទម្នាក់ នៅឯឆ្នេរសមុទ្រ Pangandaran Beach តាំងតែពីកំឡុងឆ្នាំ១៩៩៧ មកម៉្លេះ ជាមួយនឹងតម្លៃត្រឹមតែ ១,៣១ផោន (ប្រហែលជា ១,៨៥ដុល្លារអាមេរិក ឬជិត២ដុល្លារអាមេរិក) តែប៉ុណ្ណោះ ហើយលោកបានដាក់ឈ្មោះឲ្យវាថា Kojek ។ បើគិតមកទល់ពេលនេះ Kojek មានអាយុ២១ឆ្នាំហើយ។

រូបភាព៖ លោក Muhammad Iwan និងក្រពើជាទីស្រលាញ់របស់គាត់ Kojek
កាលនោះ Kojek នៅជាកូនក្រពើតូចមួយតែប៉ុណ្ណោះ ដែលមានទម្ងន់ខ្លួនស្រាល និងមានប្រវែងខ្លួនត្រឹមតែ ២៥សង់ទីម៉ែត្រ។ ប៉ុន្តែនៅពេលនេះ វាមានទម្ងន់ខ្លួនរហូតដល់ទៅ ២០០គីឡូក្រាម ជាមួយនឹងប្រវែងខ្លួនដល់ទៅ ២,៦ម៉ែត្រឯណោះ។

លោក Muhammad ត្រូវបានគេរាយការណ៍ថា ជារៀងរាល់ថ្ងៃ លោកតែងតែងូតទឹក យកច្រាសដុសលាងសម្អាតស្បែក Kojek និងដុសធ្មេញឲ្យវា ក៏ដូចជាផ្តល់ចំណីត្រីឲ្យស៊ីជាប្រចាំ។

Kojek វាចូលចិត្តស៊ីត្រីណាស់ យ៉ាងហោចណាស់ក៏អស់ចន្លោះពី ១,៥ ទៅ ៥គីឡូក្រាមក្នុងមួយថ្ងៃដែរ។ លោក Muhammad តែងតែប្រលែងលេងជាមួយ Kojek ដើម្បីបង្កើនភាពស្និទ្ធស្នាល ចំណែកឯកូនតូចៗរបស់លោក ក៏លេងនៅក្បែរនោះ ទាំងមិនមានការភ័យខ្លាចដែរ។

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ បន្ទាប់ពីមានរូបភាព ក៏ដូចជាវីដេអូឃ្លីបមួយចំនួន ត្រូវបានបង្ហោះចែកចាយ សាយភាយលើអីុនធើណែត ជាច្រើនកន្លងមក បានធ្វើឲ្យទាក់ទាញដល់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន មកពីទីជិតទីឆ្ងាយ រួមមាន អាមេរិក អូស្រ្តាលី និងពួកខាងអឺរ៉ុបជាច្រើនផ្សេងទៀត តែងនាំគ្នាធ្វើដំណើរមកលេងផ្ទះ លោក Muhammad ដើម្បីមើល Kojek ។

រូបភាព៖ លោក Muhammad Iwan និងក្រពើជាទីស្រលាញ់របស់គាត់ Kojek
យ៉ាងណាមិញ តាមការអះអាងពីសំណាក់លោក Muhammad បានឲ្យដឹងថា ថ្វីត្បិតតែក្រពើវាជាសត្វដ៏កាចសាហាវ ដែលមនុស្សគ្រប់គ្នាខ្លាចរអាមែនពិត ប៉ុន្តែសម្រាប់លោក គឺលោកពិតជាស្រលាញ់ និងយកចិត្តទុកដាក់ចំពោះ Kojek ខ្លាំងណាស់។ ហើយលោកតែងតែលាងសម្អាត ផ្លាស់ប្តូរអាងទឹកឲ្យវា យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ និងតែងតែជួយដុសលាងសម្អាតស្បែក និងធ្មេងញឲ្យជានិច្ច ដើម្បីជួយឲ្យវាមានសុខភាពល្អ។

លោក Mahammad បានប្រាប់ទៀតថា កាល Kojek នៅតូច វាក៏ធ្លាប់ខាំដៃលោកដែរ ប៉ុន្តែនៅពេលដែលលោក មើលថែទាំវាជារៀងរាល់ថ្ងៃមក Kojek កាន់តែដឹងជាងមុន ហើយវាពិតជាសកម្ម ជាមួយនឹងលោកណាស់។

ជាពិសេស មានភ្ញៀវទេសចរណ៍ជាច្រើន តែងជួយផ្តល់ជាកញ្ចប់ថវិកាមួយចំនួន សម្រាប់ជួយមើលថែទាំ Kojek សរុបទៅជាង ៥២,៣០០ផោន (ប្រហែលជា ៧៤,០០០ដុល្លារអាមេរិក) ឯណោះ។

លោកបានបន្ថែមចុងក្រោយថា Kojek គឺជាសត្វចិញ្ចឹមមួយក្បាល តែវាក៏ជាចំណែកមួយដ៏សំខាន់ នៅក្នុងគ្រួសាររបស់លោកផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ លោក Muhammad Iwan និងក្រពើជាទីស្រលាញ់របស់គាត់ Kojek
រូបភាព៖ លោក Muhammad Iwan និងក្រពើជាទីស្រលាញ់របស់គាត់ Kojek
រូបភាព៖ លោក Muhammad Iwan និងក្រពើជាទីស្រលាញ់របស់គាត់ Kojek

ប្រភព៖ khmerload

error: Content is protected !!