kalib9

បើជាកូនខ្មែរត្រូវអាន និងស៊ែរ! ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧៖ ស្តេច​ចក្រព័ត្រ​ជំនាញ​ខាង​ប្រើ​នយោបាយ​ចិញ្ចឹម​សត្រូវ​ឱ្យ​វាយប្រហារ​សត្រូវ!

ជីវប្រវត្តិ និង​ស្នាដៃ​ដ៏​អស្ចារ្យ​លើ​ការ​ដឹកនាំ​ប្រទេស​ឱ្យ​រីក​ចម្រើន និង​មាន​អំណាច​ខ្លាំងពូកែ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រូវលាតត្រដាង​តាម​រយៈ​អត្ថបទ​រៀបរៀង​ដោយ​ លោក ​មី​សែ​ល ត្រា​ណេ ហើយ​ទន្ទឹម​នេះ​ លោក ​វង់ សុធា​រ៉ា សាស្ត្រាចារ្យ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិភាគ​លើ​សេចក្តីសន្និដ្ឋាន​បែប​ទុទ្ទិដ្ឋិ​និយម​​ទៅ​លើ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​របស់​លោក ​ហ្ស​ក សឺ​ដេ​ស ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស។

 

១-​ជីវប្រវត្តិ​សង្ខេប  
ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ធរ​និ​ន្ទ្រ​វរ្ម័ន​ទី​២ ព្រះ​មាតា​ព្រះ​នាម​ចុ​ឌា​មុន្នី ដែល​ជា​ព្រះរាជ​បុត្រី​ព្រះបាទ​ហ​សិវ​រ្ម័​នទី​៣ ហើយ​ព្រះ​អង្គ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​ព្រះបាទ​សូ​រិ​យាវ​រ្ម័​នទី​២ ។ ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង​ជ័យ​រាជទេវី ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​ស្រិ​ន្ទ្រ​វរ្ម័ន ។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម​ឡើយ​ឈ្មោះ ជ័យ​ធ៌​ន ប្រសូត​ប្រមាណ​ឆ្នាំ​១១២៥ ហើយ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​ក្នុង​គ្រឹ​ស្ត​សករាជ​១១៦២ ក្នុង​ចន្លោះ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។

ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ប្រទេស​ខ្មែរ​មាន​ផ្ទៃ​នគរធំ​ទូលាយ ខាងកើត​ទល់​នឹង​ប្រទេស​ចាម ខាងត្បូង​ទល់​នឹង​សមុទ្រ ខាងលិច​ទល់​នឹង​ភូមា ខាងជើង​ទល់​នឹង​ប្រទេស​ចិន ពោល​គឺ​ប្រទេស​យើង​ពុំ​ទាន់​បែកបាក់​នៅឡើយ ។ ភាព​ធំធេង​នៃ​នគរ​ខ្មែរ​នា​សម័យ​នោះ ពុំ​មែន​ជា​លទ្ធផល​នៃ​ការ​វាតទី​និយម​ទេ ព្រះ​អង្គ​គ្រាន់តែ​កាន់កាប់​ដោយ​ពង្រឹង​តំបន់​នានា ដែល​ជា​អតីត​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ។

ព្រះ​អង្គជា​ស្តេច​សឹក​មួយ​អង្គ​ដ៏​ខ្លាំងពូកែ និង​មាន​ព្រហ្ម​វិហារធម៌​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​បង្ក្រាប​ពួក​បះបោរ​នៅ​ក្នុង​ប្រទេស ដោយ​បង្រួបបង្រួម​ខេមរជន​ទាំងអស់​ដែល​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ព្រះ​អង្គ​ឱ្យ​ដើរ​ផ្លូវ​តែ​មួយ​តាម​ដង្ហែ​ព្រះ​អង្គ ។ ក្រោយ​ពី​ការ​បង្ក្រាប​ពួក​បះបោរ និង​បង្រួបបង្រួម​ជាតិ​បាន​ហើយ ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​លើកទ័ព​ទៅ​វាយ​ចំ​ប៉ានៅ​វិជ័យ​ក្នុង​ការ​វាយបក​សង​វិញ ដែល​ចាម​បាន​វាយ​ឈ្លានពាន​ក្នុង​រាជ្យ​របស់​បិតា​ព្រះ​អង្គ ។

នៅ​ពេល​ដែល​ព្រះ​អង្គ​កំពុង​ជាប់ដៃ​ច្បាំង​នៅ​ប្រទេស​ចំ​បា​៉​នោះ បិតា​របស់​ព្រះ​អង្គ​ក៏​សុគត​ទៅ ។ នៅ​ឆ្នាំ​១១៦៥ ពេល​ដែល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ ត្រូវ​មន្ត្រី​ម្នាក់​ធ្វើ​គត​នោះ ព្រះ​អង្គ​ក៏​ទ្រង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយ​សង្គ្រោះ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ ។ ប៉ុន្តែ​ជា​ការណ៍​ឥតប្រយោជន៍ ព្រោះ​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វរ្ម័ន​បាន​ឡើង​គ្រងរាជ្យ​ផុត​ទៅ​ហើយ ។

ដូច្នេះ​ហើយ​បានជា​ព្រះ​អង្គ​ត្រូវ​សម្ងំ​មួយ​រយៈ​សិន ដើម្បី​រង់ចាំ​ឱកាសល្អ​ប្រហែល​១២​ឆ្នាំ គឺ​រហូត​មក​ដល់​ឆ្នាំ​១១៧៧ ឆ្លៀតពេល​ដែល​ពួក​ចាម​ចូល​មក​លុកលុយ និង​ដុត​បំផ្លាញ​រាជធានី​អង្គរ ហើយ​បាន​ធ្វើ​គត​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វរ្ម័ន ពេល​នោះ​រាជបល្ល័ង្ក​នៅ​ទំនេរ ។ ពេល​នោះ​ព្រះ​អង្គ​យល់​ថា ជាឱកាសល្អ​​មក​ដល់​ហើយ​ដើម្បី​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ ។ ប៉ុន្តែ​មុន​នឹង​ប្រកាស​ព្រះ​អង្គជា​ព្រះ​ចៅ​ក្រុង​កម្ពុជា ព្រះ​អង្គ​ត្រូវ​កម្ចាត់ទ័ព​ចាម​ឈ្លានពាន​ឱ្យ​អស់ពី​ទឹកដី​ជា​មុន​សិន ។

ស្រប​ទៅ​នឹង​គំនិត​ដូចនេះ​ហើយ ទើប​ព្រះ​អង្គ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​ស្រោចស្រង់​ប្រទេស​កម្ពុជា​ឡើង​វិញ ព្រះ​អង្គ​បាន​អំពាវនាវ និង​ប្រមូល​ខេមរជន​ដើម្បី​វាយ​ទៅ​លើ​ប្រទេស​ចាម​វិញ ។

២-​មូលហេតុ និង​ព្រឹត្តិការណ៍​នៃ​ចម្បាំង​រវាង​ខ្មែរ​និង​ចាម​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ 


ក​-​ការ​បង្ក្រាប​អំពើ​បះបោរ​នៅ​ម​ល្យ​ង
មុន​ពេល​ដែល​ព្រះ​អង្គ​សងសឹក​ទៅ​លើ​ពួក​ចាម​វិញ​នោះ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រូវ​ប្រឈម​មុខ​ទល់​នឹង​ការ​បះបោរ​មួយ ដែល​បង្ក​ឡើង​ដោយ​ជន​មួយ​ក្រុម​នៅ​ម​ល្យ​ង​ក្នុង​តំបន់​ខាងត្បូង​នៃ​ខេត្តបាត់ដំបង។

ក្រុម​បះបោរ​នេះ​បាន​ដើរ​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជារាស្ត្រ​នៅ​តំបន់​នោះ​ដោយ​មាន​បំណង​ចង់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​បុត្រ​ចិញ្ចឹម​របស់​ព្រះ​អង្គ ព្រះ​នាម​វិទ្យា​ន​ន្ទ​នៈ (​ជា​ព្រះរាជបុត្រ​ចាម​មួយ​ព្រះ​អង្គ ចុះចូល​ជាមួយ​ព្រះ​អង្គ​តាំងពី​ក្មេង​មក​ម្ល៉េះ​) ឱ្យ​ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​អំពើ​បះបោរ​នោះ រហូត​ដល់​បាន​ទទួល​ជ័យជម្នះ ។ ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​ខ្មែរ​ក៏​ស្ថិត​នៅ​ក្នុង​សេចក្តីសុខ​ក្សេមក្សាន្ត​ឡើង​វិញ។

ខ​-​ការ​សងសឹក​របស់​ខ្មែរ​ទៅ​លើ​ពួក​ចាម
នៅ​ឆ្នាំ​១១៩០​ឆ្លៀតពេល​ស្តេច​ចាម ព្រះ​នាម​ជ័យ​ឥន្ទ្រ​វរ្ម័ន​ទី​៤ បាន​លើកទ័ព​មក​វាយ​ខ្មែរ​ម្តងទៀត​នោះ បន្ទាប់​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ធ្វើ​នយោបាយ​ឱ្យ​ប្រទេស​យួន​ទៅ​ជា​អ​ព្យា​ក្រឹត្យ​រួច​ហើយ ព្រះ​អង្គ​ក៏​លើកទ័ព​ទៅ​បង្ក្រាប ។ ជា​ការ​សងសឹក​ព្រះ​អង្គ​ក៏​លើកទ័ព​ទៅ​វាយលុក​កាន់តែ ជ្រៅ​ទៅ​ៗ ក្នុង​ប្រទេស​ចំ​ប៉ា ហើយ​វាយ​យក​បាន​ក្រុង​វិជ័យ និង​ចាប់​បាន​ស្តេច​ចាម​អង្គ​នោះជា​ឈ្លើយសឹក ហើយ​បញ្ជូន​មក​ស្រុក​ខ្មែរ ។

ពេល​នោះ​ព្រះ​អង្គ​បាន​តាំង​ព្រះ​អនុជ​ថ្លៃ ព្រះ​អង្គ​អិន​ឱ្យ​នៅ​គ្រប់គ្រង​ក្រុង​វិជ័យ ។ ឯ​បុត្រ​ចិញ្ចឹម​របស់​ព្រះ​អង្គ ព្រះ​នាម​វិទ្យា​ន​ន្ទ​នៈ​នោះ ឱ្យ​នៅ​គ្រប់គ្រង​ភាគ​ខាងត្បូង​វិញ គឺ​នៅ​ក្រុង​ប​ណ្ឌុ​រង្គ ។ ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​ចំ​ប៉ា​បាន​បែង​ចេញ​ជា​ពីរ គឺ​ក្រុង​វិជ័យ​នៅ​ខាងជើង និង​ក្រុង​ប​ណ្ឌុ​រង្គ​នៅ​ខាងត្បូង ។

តែ​នៅ​អំឡុង​ឆ្នាំ​១១៩៣-១១៩៤​វិទ្យា​ន​ន្ទ​នៈ មានគំនិត​ក្បត់​នឹង​ព្រះ​អង្គ​វិញ ដោយ​បាន​ទៅ​ញុះញុង​ពួក​ចាម​នៅ​ក្រុង​វិជ័យ​ឱ្យ​ងើប​បះបោរ​ប្រឆាំង​នឹង​ស្តេច​ខ្មែរ​ដែល​គ្រប់គ្រង​នៅ​ក្រុង​វិជ័យ​នោះ ។ ស្តេច​ខ្មែរ​អង្គ​នេះ​បាន​ភៀសខ្លួន​ចេញពី​ក្រុង​វិជ័យ​ទៅ ដែល​ជា​ឱកាស​ហុច​ឱ្យ​វិទ្យា​ន​ន្ទ​នៈ​ចេញ​មុខ​បង្រួបបង្រួម​ប្រទេស​ចាម​ទាំង​ពីរ​ឱ្យ​នៅ​តែ​មួយ​ឡើង​វិញ ។

នៅ​ឆ្នាំ​១២០៣ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ដោះ​លែង​ស្តេច​ចាម​ជ័យ​ឥន្ទ្រ​វរ្ម័ន​ទី​៤​ឱ្យ​មាន​សេរីភាព និង​ចាត់​ឱ្យ​ស្តេច​ចាម​អង្គ​នេះ​ដឹកនាំ​ទ័ព​បង្ក្រាប​វិទ្យា​ន​ន្ទ​នៈ តែ​មិន​បាន​ជោគជ័យ ព្រោះ​វិទ្យា​ន​ន្ទ​នៈ​បាន​ធ្វើ​គុត​ស្តេច​ចាម​អង្គ​នេះ ។ នៅ​ឆ្នាំ​១២០៣ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក៏​បាន​ចាត់​ស្តេច​ចាម​មួយ​អង្គ​ផ្សេង​ទៀត ដែល​ត្រូវជា​ឪពុកមា​របស់​វិទ្យា​ន​ន្ទ​នៈ​ឱ្យ​ចេញ​ទៅ​បង្ក្រាប​ម្តង រហូត​បាន​ទទួល​ជ័យជម្នះ​ដោយ​កម្ចាត់​វិទ្យា​ន​ន្ទ​នៈ​ចេញពី​ប្រទេស​ចំ​ប៉ា ។

ចាប់តាំងពី​ពេល​នោះ​មក គឺ​ឆ្នាំ​១១០៣​ដល់​១២២០ ប្រទេស​ចំ​ប៉ា​ក៏​ធ្លាក់​ជា​ស្រុក​ចំណុះ ហើយ​ដែល​គ្រប់គ្រង​ដោយ​ឪពុកមា​របស់​វិទ្យា​ន​ន្ទ​នៈ អុង​ធន​បតី​គ្រាម ។

៣-​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

Image result for ជ័យវរ្ម័នទី ៧
-​ការ​កសាង​អង្គរធំ ឬ​អង្គរ​ទី​៣
ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ​ដែល​មានគុណ​បំណាច់​យ៉ាង​ធំ​ចំពោះ​ប្រទេស​ជាតិ ដោយ​បាន​រំដោះទឹកដី​ឱ្យ​ផុត​ពី​ការ​ត្រួតត្រា​របស់​បរទេស ក្រៅពី​ព្រះ​អង្គ​ទ្រង់​ជា​ស្តេច​សឹកសង្គ្រាម ព្រះ​អង្គ​ក៏​ជា​ព្រះរាជា​ខ្មែរ​មួយ​អង្គ​ដែល​កសាង​សមិទ្ធិ​ច្រើន​ជាងគេ​បំផុត ជា​ពិសេស​គឺ​អង្គរ​ទី​៣ ឬ​អង្គរធំ ។

សិលាចារឹក​មួយ​នៅ​សាយ​ហ្វុ​ង (​ទល់មុខ​វៀងចន្ទន៍​ប្រទេស​លាវ​) ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រះ​អង្គជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ​ខ្លាំង​ណាស់​ដែរ ដោយសារ​តែ​ការ​ខំប្រឹង​ប្រែង និង​ការ​យកចិត្តទុកដាក់​របស់​ព្រះ​អង្គ​ចំពោះ​សេចក្តី​សុខទុក្ខ​ប្រជារាស្ត្រ ដោយ​ព្រះ​អង្គ​យល់​ឃើញ​ថា «​ទុក្ខសោក​របស់​រាស្ត្រ គឺជា​ការ​ឈឺចាប់​វេទនា​របស់​ព្រះ​អង្គ ហើយ​ខ្លាំង​ជាង​ការ​ឈឺចាប់​របស់​ព្រះ​អង្គ​ទៅ​ទៀត​» ។

នៅ​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ទឹកដី​ខ្មែរ​មាន​ទំហំ​ធំ​ទូលំទូលាយ ជាង​ក្សត្រ​អង្គ ណា​ៗ​ទាំងអស់ ។

ក្រោយ​ពី​ព្រះ​នាង​ជ័យ​រាជទេវី​សុគត​ទៅ​ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង ឥន្ទ្រ​ទេវី ដែល​ត្រូវជា​បង​បង្កើត​របស់​ព្រះ​នាង​ជ័យ​រាជទេវី ។ ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​ក្ស​ត្រី​យ​ដែល​សម្បូរ​ដោយ​តម្រិះ​វិជ្ជាការ​ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា​មួយ ។

កិច្ចការ​ជាដំបូង​ដែល​ត្រូវ​បំពេញ​ជា​បន្ទាន់​នៅ​ដើម​រជ្ជកាល​របស់​ព្រះ​អង្គ គ្រឹ​ស្ត​សករាជ​១១៨១ គឺ​ការ​កសាង​រាជធានី​អង្គរធំ ដើម្បី​ជំនួស​រាជធានី​យ​សោ​ធ​រៈ​បុ​រៈ ដែល​ត្រូវ​បាន​ពួក​ចាម​ដុត​បំផ្លាញ​ចោល ។ ដើម្បី​ការពារ​ទីក្រុង​នេះ ព្រះ​អង្គ​បាន​កសាង​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ក្រុង​ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ ។ នៅ​ចំ​កណ្តាល​រាជធានី ព្រះ​អង្គ​បាន​កសាង​ប្រាសាទបាយ័ន ដើម្បី​ទុក​គោរព​ដល់​ព្រះពុទ្ធ​សាសនា ។

បាយ័ន​គឺជា​ប្រាសាទភ្នំ​ដែល​សាង​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​នៅ​ក្នុង​ប្រាង្គ​កណ្តាល​មាន​តំកល់​ព្រះពុទ្ធ​បដិមា​មួយ​ព្រះ​អង្គ ដែល​មាន​កម្ពស់​ជិត​៩​ម៉ែត្រ ។ ត្រង់នេះ​សរ​ឱ្យ​ឃើញ​ថា ព្រះ​អង្គ​មាន​ទេព​កោសល្យ​ចេះ​សម្របសម្រួល​អ្វី​ដែល​ជា​របស់​ចាស់ (​ប្រាសាទភ្នំ​) ឱ្យទៅ​ជា​របស់​ថ្មី (​ពុទ្ធ​រាជ​) ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួក​ព្រាហ្មណ៍ និង​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ ។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ក្សត្រ​មួយ​ព្រះ​អង្គ ដែល​មាន​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធ​សាសនា (​លោកេស្វរៈ​) បន្ត​អំពី​ព្រះ​បិតា​របស់​ព្រះ​អង្គ ។

គេ​ពុំ​បានដឹង​ថា តើ​ព្រះ​អង្គ​សុគត​នៅ​ឆ្នាំ​ណា​ទេ ព្រះ​អង្គ​បាត់​ដំណឹង​ពី​អង្គរ​នៅ​អំឡុង​ឆ្នាំ​១២០២ និង​១២១៨ ។

ក្រៅពី​ជា​ស្តេច​សឹក​ដ៏​ខ្លាំងពូកែ​នោះ ព្រះ​អង្គ​ក៏​ជា​ស្តេច​ដែល​បាន​សាង​ប្រាសាទ​ច្រើន​ជាងគេ​បំផុត និង​ជា​ក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​គុណធម៌​ដល់​ប្រជានុរាស្ត្រ ដោយ​ព្រះ​អង្គ​បាន​សាង​មន្ទីរពេទ្យ​ព្យាបាល​រោគ​ជា​ច្រើន​ពាសពេញ​នគរ ។

ក្នុង​វិស័យ​សំណង់ ក្រៅពី​ការ​កសាង​រាជធានី (​អង្គរធំ​) ឬ​អង្គរ​ទី​បី​នោះ ព្រះ​អង្គ​បាន​កសាង​ប្រាសាទព្រះខ័ន នៅ​ឆ្នាំ​១១៩១ សម្រាប់​ជាទី​រំលឹក​ដល់​ព្រះ​វរបិតា​ ប្រាសាទ​តាព្រហ្ម​នៅ​ឆ្នាំ១១៨៦ សម្រាប់​តម្កល់​បរម​រូប​នៃ​ព្រះ​វរមាតា និង​រូប​សម្តេចព្រះគ្រូ​, ប្រាសាទបន្ទាយឆ្មារ ដើម្បី​ថ្វាយ​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ព្រះ​នាម​ស្រិ​ន្ទ្រ​កុមារ ដែល​មានគុណ​ចំពោះ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ ក្នុង​ចម្បាំង​ជាមួយ​ចាម និង​ជន​ក្បត់​រាហូ ។

នៅ​តំបន់​អង្គរ ព្រះ​អង្គ​បាន​សាង​ប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទ​នគរ ប្រាសាទតាព្រហ្ម ប្រាសាទ​ចោម​ព្រះ (​នៅ​សុរិន្ទ​ស្រុក​សៀម​) ប្រាសាទ​សិ​ង្គ (​នៅ​កញ្ជ​នៈ​បុរី ស្រុក​សៀម​) ប្រាសាទ​កំផែង​តូច (​ស្រី​ស្លា​កេ​ត ស្រុក​សៀម​) ប្រាសាទ​នាង​រាំ (​នគររាជ​សីមា​) ដែល​ជា​មន្ទីរ​ពេទ្យ ។

ដើម្បី​បុព្វហេតុ​ផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ ព្រះ​អង្គ​ថែម​ទាំង​ជួសជុល​ឡើង​វិញ​នូវ​ប្រាសាទ ចាស់​ៗ ដែល​ទ្រុឌទ្រោម ឬ​ក៏​បាន​សាងសង់​នូវ​ប្រាសាទ​ថ្មី រចនាបថ​បាយ័ន​នៅ​លើ​គ្រឹះ​នៃ​ទេវស្ថាន ចាស់​ៗ​ដូច​ជា​នៅ​ប្រាសាទ​គោ នា​ខេត្តកំពង់ធំ​ជាដើម ជា​ហេតុ​ដែល​នាំ​ឱ្យ​គេ​ឃើញ​នៅ​មាត់ទ្វារ​នៃ​ប្រាសាទ​គោ​នេះ​ដែល​បាន​សាង​ឡើង​ដោយ​ព្រះ​ហ​ស្ថ​របស់​ព្រះ​អង្គ នូវ​វត្តមាន​នៃ​ក្បាច់​ផ្តែរ​នា​សតវត្ស​ទី​៧ ដែល​ជា​រចនាបថ​សម្បូរ​ណ៍​ព្រៃ​គុក ។

ប្រាសាទ នីមួយ​ៗ មាន​វត្ថុ​ប្រើប្រាស់​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដូច​ជា​នៅ​ប្រាសាទតាព្រហ្ម មាន​ចាន​មាស​មួយ​គុក ដែល​មាន​ទម្ងន់​ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន​៣៥ គ្រាប់​គជ់​ចំនួន​៤០៦២០​គ្រាប់ ត្បូង​ចំនួន​៤៥៤០​គ្រាប់ ផ្តិលមាស រនាំង​ពី​ស្រុក​ចិន​ចំនួន​៨៧៦ ក្លស់​ចំនួន​៥២៣ និង​គ្រែ​សូត្រ​ចំនួន​៥១២ ។

ដើម្បី​ការពារ និង​ថែរក្សា​ប្រាសាទ​ទាំង​អស់នេះ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​បាន​បង្កើត​ឱ្យ​មាន​ភូមិ​ចំណុះ​ជា​ច្រើន និង​ចាត់​ឱ្យ​មាន​រៀបចំ​កិច្ចការរដ្ឋបាល និង​បុគ្គលិក​ប្រចាំការ​ជា​ច្រើន​នាក់​ទៀត ដូច​ជា​មាន​អធិការ មាន​អ្នក​ចាំ​គាល់​បម្រើ និង​មាន​ស្រី​របាំ​ផង ។

ក្រៅពី​ការ​កសាង​ប្រាសាទ ព្រះ​អង្គ​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជានុរាស្ត្រ ដោយ​បាន​សាងសាលា​សំណាក់​១២១​សម្រាប់​អ្នកដំណើរ​វត្ត​អារាម​សម្រាប់​ទុក​ទទួល​និស្សិត សាសនិកជន​ឱ្យ​ចូល​រៀន​វិជ្ជាផ្សេង​ៗ ។

ក្រៅពី​នេះ​ព្រះ​អង្គ​បាន​រៀបចំ​ឱ្យ​មាន​ក្រសួងសុខាភិបាល​ដោយ​បង្កើត​ឱ្យ​មាន​មន្ទីរពេទ្យ​ចំនួន​១០២​នៅ​ពាសពេញ​នគរ មាន​បុគ្គលិក មាន​គ្រូពេទ្យ បង្កើត​ឱ្យ​មាន​គ្រឿង​បរិភោគ និង​មាន​ឱសថ​គ្រប់​យា​៉​ង មនុស្ស​គ្រប់​វណ្ណៈ​អាច​ចូល​ព្យាបាល​បាន​នៅ​ក្នុង​មន្ទីរពេទ្យ​ដូច​គ្នា ។

ក្នុង មួយ​ឆ្នាំ​ៗ ក្រសួងសុខាភិបាល​របស់​ព្រះ​អង្គ​បាន​ចាយវាយ​ស្រូវ​អង្ករ​អស់​១១.១៩២​តោន ល្ង​អស់​២.១២៤​គីឡូក្រាម ក្រវាញ ១០៥​គីឡូក្រាម ខ្លឹមចន្ទន៍​៣.៤០២​គីឡូក្រាម ថ្នាំ​គ្រុន​៤.០០០​គ្រាប់ ថ្នាំ​ឫសដូងបាត​១.៩៦០​ប្រអប់ ។

ក្រៅពី​នេះ​ឃ្លាំង​ព្រះរាជ​ទ្រព្យ​បាន​បើក​ឱ្យ​នូវ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ឱសថ ដូច​ជា​ទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួន ជាដើម ចំនួន​បី​លើក​ក្នុង មួយ​ឆ្នាំ​ៗ ។

ក្រោយ​ពេល​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ សុគត​ទៅ សំណង់​ប្រាសាទ​នានា​ត្រូវ​បាន​បញ្ឈប់ ប៉ុន្តែ​អានុភាព​របស់​ខ្មែរ​នៅ​តែ​រុងរឿង​នៅឡើយ​រហូត​ដល់​ចុង​សតវត្ស​ទី​១៣ មុន​ការ​បាក់បែក​មហានគរ​ខ្មែរ​ដោយសារ​ភ្លើងសង្គ្រាម​វាតទី​និយម ។

«​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ​នៅ​ក្រុង​កម្ពុជា ៖ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» ដោយ​លោក ហ្ស​ក សឺ​ដេ​ស ពួក​អ្នក​តែងរឿង​សៀវភៅ និង​អ្នក​តែងរឿង​កាសែត នៅ​តែ​និយាយ​អំពី​សេចក្តី​ស្ងាត់កំបាំង​របស់​អង្គរ ហើយនឹង​ល្បង​ធ្វើ​ឱ្យ​សាធារណជន​ជឿ​ថា យើង​មិន​បានដឹង​អ្វី​សោះ​អំពី​ដើម​កំណើត​និង​អំពី​សករាជ​នៃ​ប្រាសាទខ្មែរ​ទាំងនេះ​ឡើយ ។

ទោះ​អ្នកប្រាជ្ញ​បាន​រិះរក​កំណត់​៥០​ឆ្នាំ ក្នុង​ពិធី​ពិនិត្យ​គេហដ្ឋាន​បុរាណ និង​សិលាចារឹក​បុរាណ​ក្តី ក្នុង​វេលា​នេះ​យើង​បានដឹង​ឥត​ចន្លោះ អំពី​ដែល​ស្តេច​ទាំង​ប៉ុន្មាន​សោយរាជ្យ ត​ៗ​គ្នា ក្នុង​ក្រុង​អង្គរ​តាំងពី​ចុងឆ្នាំ​៩០០​ដរាប​ដល់​ដាច់​ឆ្នាំ​១៤០០ ។ យើង​បានដឹង​ស្ទើរតែ​ទាំងអស់​ថា ស្តេច​អង្គ​ណា​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​ណា ហើយ​ចូល​ទិវង្គត​ពី​ឆ្នាំ​ណា​មាន​ជាប់​សែ​លោហិត​ដូច​ម្តេច​នឹង​ស្តេច​មុន ហើយ​ជាប់​សែ​ដូច​ម្តេច​នឹង​ស្តេច​ដែល​ទទួល​រាជ្យ​តទៅ ។

សិលាចារឹក​ខ្មែរ អាច​ធ្វើ​ឱ្យ​យើង​ដឹង​បាន​ថា ស្តេច​ណា​បាន​កសាង​ប្រាសាទ​ណា​ៗ​។ ដំណឹង​ដែល​ស្រង់​បាន​ពី​ក្នុង​ពង្សាវតារ​ចិន​ខ្លះ និង​សេចក្តី​ដែល​ពិនិត្យ​ផ្ទៀង​នឹង​ចារឹក​នៅ​ច​ម្ប៉ា (​ស្រុក​ចាម​) ខ្លះ នាំ​ឱ្យ​យើង​បានដឹង​នូវ​ភាគ​ខ្លះ​អំពី​សឹក​សាម​សង្គ្រាមជ័យ ឬ​អំពី​ការ​ចងស្ពានមេត្រី​នឹង​ស្រុក​ប្រទេស ប៉ុន្តែ​ក្នុង​សេចក្តី​ទាំងនេះ​មិន​ប្រទះ​ឃើញ​រឿង​រ៉ា​វ​ស្តេច​ណាមួយ ល្មម​ឱ្យ​ស្រង់​យក​មក​ប្រមូល​ចងឱ្យ​បានជា​ប្រវត្តិ​មួយ​ចប់​ដោយ​ជាក់លាក់​បាន និស្ស័យ​អត្តភាព​របស់​ស្តេច នីមួយ​ៗ យើង​ម៏​មិន​បាន​ស្គាល់ ហើយ​ថែម​ទាំង​ព្រះ​រូប ផ្សេង​ៗ ដែល​សាង​ជា​តំណាង​អង្គ​ស្តេច​ទាំងឡាយ​នេះ មិនមែន​ជា​តួអង្គ​ស្តេច​ណាមួយ ដោយ​ពិត​នោះ​ឡើយ សុទ្ធតែ​សាង​ឡើងជា​តួ​ព្រះ​ឥសូរ ជា​ព្រះ​នារាយណ៍ ឬ​ជា​លោកេស្វរៈ ។

ប៉ុន្តែ​នៅ​មាន​សេចក្តី​ប្លែក ចន្លោះ ដោយឡែក​ៗ​ដែរ គឺ​អំពី​ស្តេច​មួយ​អង្គ​ដែល​ក្នុង​សម័យ​ចុង​សតវត្ស​ទី​១២ បាន​រចនា​នូវ​ទីក្រុង​ដោយ​ប្រាសាទ ដែល​មានមុខ​មនុស្ស​ញញឹម​ពីលើ​កំពូល​មក គឺ​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ ដែល​ខ្ញុំ​មាន​ប្រាថ្នា​នឹង​រំឭក​ដល់​និស្ស័យ​យា​៉​ង​ខ្លាំង ហើយ​យា​៉​ង​គួរ​ខ្លាច​នៃ​អត្តភាព​របស់​លោក ។

រឿង​រា​៉​វ​ដែល​ជា​ប្រវត្តិ​របស់​ស្តេច​នេះ ឃើញ​ប្លែក​ផ្សេង​តែឯង​ណាស់ គឺជា​ដំបូង​អ្នក​តែង​ពង្សាវតារ​ក្នុងស្រុក​ខ្មែរ​ទុកដាក់​លោក​ជា​តួ​បន្ទាប់បន្សំ​ដែល​គ្មាន​បាន​កសាង​អ្វី​សោះ ហើយ​ដែល​សោយរាជ្យ​សម្បត្តិ​ក្នុង​សម័យ​ដែល​ស្រុក​ទេស​កំពុង​ផ្តើម​កើត​សេចក្តី​អន្តរាយ ។ ជ័យជម្នះ​របស់​ស្តេច​នេះ​ទើបតែនឹង​ល្បី​ខ្ចរខ្ចាយ​ឡើង​ក្នុង​ឆ្នាំ​១៩០៣ នូវ​វេលា​ដែល​លោក ល្វី​ហ្វ៊ី​ណូ​ត៍ បាន​បោះពុម្ពផ្សាយ​ចារឹក សំស្ក្រឹត​មួយ ច្បាប់​ឡើង​ក្នុង​ប៊ូ​ល្វី តាំង​សាលា​បារាំង​សែ​ល​នា​ចុង​បូព​ប្រទេស គឺ​ចារឹក​ដែល​លោក​ស៊ក​ម៉ា​ស្ប៉េ​រ៉ូ រក​ឃើញ​នៅ​តំបន់​សាយ​ហ្វុ​ង ដែល​នៅ​ចំ​ពីមុខ​ក្រុង​វៀងចន្ទន៍ គឺជា​ចារឹក​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​សម្តែង​អំពី​ស្នា​ព្រះ​ហស្ត​កសាង​រោង​ព្យាបាល​មួយ​ក្នុង​ឆ្នាំ​១១៦៨ ។

ហើយ​លោក​ល្វី​ហ្វ៊ី​ណូ​ត៍ កត់​សម្គាល់ថា សេចក្តី​ចារឹក​នេះ​មាន​បំណង​ដូច​គ្នា​នឹង​សេចក្តី​ដែល​មាន​ក្នុង​ចារឹក​មួយ​ច្បាប់​ទៀត​ក្នុង​ខេត្ត​ត្រាំ​ង ហើយ​ចាំ​បាន​ថា​ព្រះ​នាម​ស្តេច​ជ័យ​វរ្ម័ន​ទី​៧​នោះ​មាន​ពោល​ជា​ញឹកញយ​ក្នុង​ចារឹក​ចាម ផ្សេង​ៗ ថា​ជា​អ្នក​វាយ​ដណ្តើម​ស្រុក​យ៉ាង​ធំ លោក​ល្វី​ហ្វ៊ី​ណូ​ត៍ ថ្លែងសេចក្តី​យល់​ឃើញ​ថា តាំងពី​វេលា​នេះ​ទៅ​ចារឹក​ទាំងនេះ​ដែល​រៀងរាយ​តាំងពី​ក្នុងស្រុក​លាវ​ទៅ​ដល់ត្រើយ​ស្រុក​អណ្ណាម និង​ដល់​តំបន់​ទំនាប ស្រុក​កូសាំងស៊ីន នោះ​ចារឹក​ខ្លះ​បញ្ជាក់​នូវ​ជ័យជម្នះ​របស់​ស្តេច​នេះ ចារឹក​ខ្លះ​បញ្ជាក់​នូវ​ការ​បុណ្យ និង​គុណប្រយោជន៍​របស់​ទ្រង់ ចារឹក​ទាំងនេះ​បំភ្លឺ​ឱ្យ​ឃើញ​នូវ​ព្រះ​ភ័ក្ត្រ​ស្តេច​ធំ​មួយ ព្រះ​អង្គ​ក្នុង​រឿង​ជា​អតីត​ដែល​នៅ​ក្នុង​សេចក្តី​ងងឹត​របស់​ស្រុក​ខ្មែរ ។

ការ​ស្រាវជ្រាវ​រក​ក្នុង​រវាង​៣០​ឆ្នាំ​ក្រោយ​នេះ បាន​បញ្ជាក់​នូវ​សេចក្តី​យល់​ឃើញ​នេះ​ដោយ​ពេញ​ជួន​បរិបូណ៌ ។ ការ​រក​ឃើញ អ្វី​នីមួយ​ៗ​ថ្មី​ឡើង​ក្នុង​ពង្សាវតារ​របស់​ស្រុក​ខ្មែរ សុទ្ធតែ​ទៅ​លើ​កិត្តិនាម​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧​ទាំងអស់ ។ ហើយ​ព្រះមហាក្សត្រ​ដែល​កាលពី​ឆ្នាំ​១៩០០ គេ​ស្គាល់​តែ​ព្រះ​នាម​នេះ ឥឡូវនេះ​គេ​ទុកដាក់​ថា «​ជា​ស្តេច​ធំ​បំផុត​» ក្នុងស្រុក​ខ្មែរ គឺជា​ស្តេច​ដែល​បាន​ពង្រីក​ព្រះរាជ​អាណាខេត្ត ដរាប​ដល់​ព្រំ​កម្រិត​ជាទី​បំផុត ថែម​យក​នគរ​ចាម​មក​បញ្ចូល​ជាមួយ​បាន​មួយ​គ្រា​ទៀត​ផង ព្រមទាំង​បាន​កសាង​ប្រាសាទ​យ៉ា​ង ធំ​ៗ ស្តុកស្តម្ភ​ជា​ច្រើន​ក្នុងព្រះ​នគរ​ដែល​គ្មាន​ស្តេច​ណា​ដែល​ធ្វើ​បាន​ដូច្នេះ ។

សិលាចារឹក​ជា​ច្រើន​ដែល​ទ្រង់​ចាត់​ឱ្យ​ចារឹក​ទុក​នៅ​ប្រាសាទតាព្រហ្ម នៅ​បន្ទាយឆ្មារ និង​ប្រកាស​រោង​ព្យាបាល​ទាំងឡាយ ចារឹក​ធំ​របស់​ព្រះ​អគ្គមហេសី ព្រះ​នាង​ឥន្ទ្រ​ទេវី ដែល​លោកមា​រ្យាល់ រក​ឃើញ​ពី​ឆ្នាំ​១៩១៦ នៅ​ជើង​ពិមានអាកាស ហើយ​ដែល​លោក​ល្វី​ហ្វ៊ី​ណូ​ត៍ ចេញផ្សាយ​ក្នុង​ឆ្នាំ​១៩២៥ ចារឹក​ចាម​នៅ​ស្រុក​មី​សឺ​ន ចារឹក​ទាំងនេះ​ហើយ​ដែល​ជា​គោល​ដើម​ដែល​ខ្ញុំ​ស្រង់​យក​មក​ដើម្បី​ពណ៌នា​អំពី​កិច្ចការ​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ មួយអន្លើ​ដោយ​រឿង​រា​៉​វ ផ្សេង​ៗ ដែល​ទាញ​យក​មក​ពី​ចម្លាក់​នៅ​ជញ្ជាំង​នៃ​ប្រាសាទបាយ័ន និង​បន្ទាយឆ្មារ ដែល​មាន​ទំនង​ជាមួយ​គ្នា​នឹង​អក្សរ​ចារឹក​ទាំងឡាយ​នោះ ។

ព្រះរាជ​បរិវត្តន៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​នោះ យើង​បាន​ស្គាល់​ជា​ពិតប្រាកដ ។

ព្រះ​វររាជ​បិតា​ដែល​ទ្រង់​ព្រះ​នាម​ថា ធរ​ណិ​ន្ទ្រ​វរ្ម័ន​ទី​២ សោយរាជ្យ​សម្បត្តិ​យា​៉​ង​តិច​ឆ្នាំ​ក្នុង​អំឡុង​គ្រឹ​ស្ត​សករាជ​១១៥៥ ទ្រង់​ត្រូវជា​ព្រះ​អនុជ​រួម​អយ្យិកា​នឹង​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​បាន​ផ្សាយ​ព្រះរាជ​អាណាខេត្ត​ដល់​ស្រុក​តុងកឹង ហើយ​ដែល​កសាង​ប្រាសាទអង្គរវត្ត ។ ចំណែក​ខាង​ព្រះ​វររាជ​មាតា​ដែល​ទ្រង់​ព្រះ​នាម​ថា ចួ​ឌា​ម​ណឺ នោះ​ទ្រង់​ជាប់​ទៅ​ក្នុង​ព្រះរាជ​វង្ស​មុនី ដែល​សោយរាជ​សម្បត្តិ​ស្ទើរតែ​ពេញ​សតវត្ស​ទី​១១​ទាំងមូល ហើយ​ព្រះរាជ​វង្ស​នេះ​ត​ជាប់​មក​ពី​ជាតិ​ដទៃ​ប្រហែលជា​ជាតិ​ជ្វា ហើយ​ជាប់​ព័ន្ធ​ខាង​ប៉ែក ស្រី​ៗ ទៅ​នឹង​ស្តេច​គ្រង​ស្រុក​ខ្មែរ​មុន តាំង​តែ​ពី​មុន​បាន​សាង​អង្គរធំ ជា​រាជធានី ។

ព្រះបាទ​ជ័យ​វរ្ម័ន​ប្រសូត​ក្នុង​អំឡុង​ឆ្នាំ​១១២០ ឬ​បើ​យ៉ាង​ក្រោយ​ណាស់​ក្នុង​ឆ្នាំ​១១២៥ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ។ ទំនងជា​ទ្រង់​យក​ព្រះ​ទេពី​តាំងពី​នៅ​ក្នុង​វ័យ​ជា​ព្រះ​កុមារ​ណាស់ ហើយ​ព្រះ​ទេពី​នោះ​ជា​ក្ស​ត្រី​ដែល​តទៅ​មាន​អំណាច​លើ​ទ្រង់​ជា​ខ្លាំង ហើយ​មាន​ព្រះរាជ​បុត្រា​១​ព្រះ​អង្គ ដែល​តទៅ​មុខ​យើង​នឹង​មាន​ពេល​និយាយ​ឡើងជា​ថ្មី​ទៀត ។

ជា​ក្រោយ​ហេតុភេទ​ដែល​យើង​មិន​បានដឹង​ច្បាស់​នៅឡើយ ព្រះបាទ​ជ័យ​វរ្ម័ន​យាង​ចេញពី​ក្រុង​កម្ពុជា ទុក​ព្រះ​ទេពី និង​ព្រះរាជបុត្រ​ក្នុង​ទី​នេះ ដែល​យាង​ទៅ​នោះ គឺ​ទៅ​ក្នុង​ចម្បាំង ឬ​ដោយ​សេចក្តី​ដែល​ជា​អភ័យ​ដល់​ព្រះ​អង្គ​ដែល​យើង​មិន​បានដឹង​ឡើយ ទ្រង់​យាង​ទៅ​គង់នៅ​ស្រុក​ច​ម្ប៉ា​ក្នុង​ខេត្ត​វិជ័យ គឺ​ក្នុង​ខេត្ត​ប៊ិ​ញ​ឌិ​ញ​សព្វ​ថ្ងៃនេះ ។

ព្រះបាទ​ជ័យ​វរ្ម័ន​ឃ្លាត​បាត់​ទៅ​នេះ​នាំ​ឱ្យ​ព្រះ​អគ្គ​ទេពី​មានទុក្ខ​ជា​ទម្ងន់ ហើយ​សិលាចារឹក​នៅ​ពិមានអាកាស​ដែល​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ព្រះ​រៀម​តែង​ទុក​នោះ​បញ្ជាក់​នូវ​ព័ត៌មាន​នេះ​ដោយ​ច្បាស់លាស់ ។ ចារឹក​នោះ​ពោល​ថា ព្រះ​នាង​មានទឹក​ព្រះ​នេត្រ​ជោរ​ដល់​ស្រព​ព្រះ​កាយ ទ្រង់​សោយសោក​ដូច​ជា​នាង​សិ​តា រលឹក​អាល័យ​ព្រះ​ស្វាមី​ដែល​ឃ្លាត​ព្រាត់ប្រាស​ទៅ ។ ព្រះ​នាង​ទ្រង់​សុបិន​ឃើញ​ព្រះ​ភស្តា ហើយ​ថា​ទ្រង់​យល់​ឃើញ​នូវ​សេចក្តី​ត្រេកអរ​ក្នុង​សុបិន​នេះ​ដែល​បង្កើត​សេចក្តី​ទុក្ខ​ផង ។ ព្រះ​នាង​តាំង​បែ​បន់​សូម​ឱ្យ​ព្រះ​ស្វាមី​យាង​ត្រឡប់​មក​វិញ ។ ព្រះ​នាង​ទ្រង់​រក​ឱសថ​រំងាប់​នូវ​សេចក្តី​ទុក្ខ​សង្រេងសង្រៃ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ក្នុង​ការ​កាន់​ក្រឹត្យ ។

ចារឹក​នោះ​សម្តែង​ថា ព្រះ​នាង​បាន​ទទួល​សេចក្តី​ចេះ​ដឹង​អំពី​សំណាក់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​ព្រះ​រៀម ហើយ​ទ្រង់​ទុកដាក់​ព្រះពុទ្ធ​ជាទី​ស្រឡាញ់​បំផុត ជាទី​រលឹក​ប្រាថ្នា ព្រះ​នាង​ទ្រង់​ត្រេ​ច​តាម​ផ្លូវ​ជាទី​ស្រួល​របស់​ព្រះអរហន្ត ដែល​នៅ​ជា​ចន្លោះ​ភ្លើង​នៃ​សេចក្តី​រសាប់រសល់ និង​សមុទ្រ​នៃ​សេចក្តី​ឈឺចាប់ ។

ត្រូវ​សម្គាល់​ទុក​ថា សេចក្តី​ឧស្សាហ៍​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ដែល​ស្តេច​ជា​ព្រះ​ស្វាមី​ព្រះ​នាង​នឹង​ធ្វើ​ឱ្យ​យើង​ឃើញ​នូវ​ភស្តុ​តាង​យា​៉​ង​ពិស្តារ​ជា​ក្រោយ​រាជាភិសេក​របស់​ទ្រង់ ។

ក្នុង​សម័យ​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​គង់នៅ​ឯ​ស្រុក​ចម្ប៉ា​នោះ ព្រះបាទ​ធរ​ណិ​ន្ទ្រ​វរ្ម័ន​ទី​២ ជា​ព្រះ​វររាជ​បិតា​ទ្រង់​ទិវង្គត ហើយ​ស្តេច​ដែល​ទ្រង់​ព្រះ​នាម​ថា យ​សោ​វរ្ម័ន មិនដឹង​ជា​ជាប់​ពូជពង្ស​មកពីណា ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ដំណ​មក ។ រជ្ជកាល​របស់​ស្តេច​នេះ​មាន​កើតរឿង​រ៉ា​វ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​យា​៉​ង​ជ្រៅ​ទូលាយ​កើតឡើង ហើយ​ដែល​មាន​ចារឹក​នៅ​ប្រាសាទបន្ទាយឆ្មារ ព្រមទាំង​មាន​ឆ្លាក់​ជាប់​នៅ​ជញ្ជាំង​ក្នុង​ប្រាសាទ​ដដែល ។

មាន​ធម្មជាតិ​អ្វីមួយ ដែល​សេចក្តី​ចារឹក​ឱ្យឈ្មោះ​ថា រាហុ ទាំង​ចម្លាក់​នៅ​ជញ្ជាំង​ក៏​ឆ្លាក់​ជា​រូប​រាហុ​ដែរ មក​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ព្រះបាទ យ​សោ​វរ្ម័ន​នោះ​បាន​ព្រះ​កុមារ​ជា​ព្រះរាជ​បុត្រា​ព្រះបាទ​ជ័យ​វរ្ម័ន ជួយ​ការពារ​រួច​ផុត​សេចក្តី​អន្តរាយ ។ សេចក្តី​ចារឹក​នោះ​ពោល​ដូច្នេះ ក្នុង​វេលា​ដែល​ភ​រត​រាហុ​កើត​គំនិត​ក្បត់​ព្រះ​ចៅ​យ​សោ​វរ្ម័ន ឡើង​ដើម្បី​ដណ្តើម​យក​ព្រះ​បរមរាជវាំង សេនា ទាហាន​ក្នុង​ព្រះ​នគរ​ក៏​បាក់​រត់​អស់​…​ស្តេច (​ព្រះរាជ​បុត្រា​ព្រះបាទ​ជ័យ​វរ្ម័ន​) តាំង​ប្រយុទ្ធ​តទល់​ជាមួយ​គ្នា មាន​សេនា​២​នាក់​ច្បាំង​ការពារ​សងខាង​ទ្រង់ ទ្រង់​វាយ​ភរ​តរ​ហុ ត្រូវ​ច្រមុះ​ដួល​ផ្ងារ​ទៅ ។

ផុត​ពី​កណ្តាប់ដៃ​ឧត្បាត​មិនយូរ​ប៉ុន្មាន ព្រះបាទ​យ​សោ​វរ្ម័ន ក៏​ទ្រង់​លុះ​ក្នុង​កណ្តាប់ដៃ​មន្ត្រី​ក្បត់​បះបោរ​ម្នាក់​ទៀត ។ មន្ត្រី​ក្បត់​នេះ​ឡើង​សោយរាជ្យ​សម្បត្តិ​ពី​ក្នុង​ឆ្នាំ​១១៦៥ តាំង​ព្រះ​នាម​ជា​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ ។ ដំណឹង​សេចក្តី​បះបោរ​នេះ​ក៏​ផ្សាយ​ទៅ​ដល់​ស្រុក​ចម្ប៉ា ចារឹក​នៅ​ពិមានអាកាស​ពោល​ថា ព្រះបាទ​ជ័យ​វរ្ម័ន​យាង​ត្រឡប់​មក​ជា​ប្រញាប់​ដើម្បី​ជួយ​ដោះ​ទុក្ខ​ស្តេច​យ​សោ​វរ្ម័ន ។

យើង​អាច​នឹង​ដៅ​សេចក្តី​បាន​ថា ដែល​ទ្រង់​យាង​មកនេះ​គឺ​ដើម្បី​នឹង​ទាមទារ​យក​អំណាច​កម្ពុជ​រាជ្យ​នោះ​ផង ប៉ុន្តែ​ចារឹក​ពោល​តទៅ​ទៀត​ថា ខ្មាំង​ដណ្តើម​យក​រាជសម្បត្តិ​បាន​ទៅ​ហើយ​បាន​សម្លាប់​ព្រះបាទ​យ​សោ​វរ្ម័ន​ជា​ស្រេច​ផង ព្រះបាទ​ជ័យ​វរ្ម័ន ក៏​គង់នៅ​ក្នុង​ក្រុង​កម្ពុជា ចាំ​បាន​ឱកាសល្អ​ដើម្បី​នឹង​ស្រោចស្រង់​ផែនដី​ដែល​ធ្ងន់​ទៅ​ដោយ​បទល្មើស​ជា​ឧក្រិដ្ឋ ។ ព្រះ​នាង​ដោយ​អំណាច​សេចក្តី​កាន់​ក្រឹត្យ​បាន​ជួប​ព្រះ​ស្វាមី​វិញ ហើយ​ក៏​ចេញពី​ត្រណម​ដែល​កាន់​តឹង​នោះ ទ្រង់មាន​សេចក្តី​ប្រាថ្នា​ចង់​ឃើញ​ព្រះ​ស្វាមី​ស្រង់​យក​ផែនដី​ពី​ក្នុង​សមុទ្រ គឺ​សេចក្តី​គ្រោះកាច​ដែល​ត្រាំ​នៅ​នេះ​ឡើង​មក​វិញ ។

បើ​និយាយ​សម្តី​ផ្សេង​វិញ​គឺថា ព្រះបាទ​ជ័យ​វរ្ម័ន​ដែល​យាង​ចូល​មក​យឺតយូរ​ពេក ហើយ​ឃើញ​ជន​ក្បត់​តាំងនៅ​លើ​រាជបល្ល័ង្ក​ទៅ​ហើយ ក៏​មិន​យាង​ត្រឡប់​ទៅ​ស្រុក​ច​ម្បា​៉​វិញ​ឡើយ ។ ដោយ​សេចក្តី​ញុះញង់​របស់​ព្រះ​អគ្គ​ទេពី ហើយដោយ​អំណាច​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​ទេពី​យា​៉​ង​លើសលុប មាន​តែ​សេចក្តី​លោភ​យសស័ក្តិ​ទើប​ស្មើ ទ្រង់​ក៏​គង់នៅ​ក្នុង​កម្ពុជ​ប្រទេស​រង់ចាំ​ពេល​ឱកាស​ដែល​ស្រួល​ល្អ ។ ទ្រង់​ចាំ​អស់​កំណត់​១៥​ឆ្នាំ ។

ក្នុង​សម័យ​ដែល​មាន​បះបោរ​ដណ្តើម​យក​រាជសម្បត្តិ​ក្នុងស្រុក​ខ្មែរ​នេះ មាន​មនុស្ស​ម្នាក់​មិនដឹង​ជា​មកពីណា ថា​ឈ្មោះ​ជ័យ​ឥន្ទ្រ​វរ្ម័ន (​ទី​៤) មក​ដណ្តើម​យក​រាជសម្បត្តិ​ស្រុក​ច​ម្បា​៉ ពី​ក្នុង​ឆ្នាំ ១១៦៦-១១៦៧ ។ កិច្ច​ជាដំបូង​របស់​ស្តេច​នេះ គឺ​ចងស្ពានមេត្រី​នឹង​នគរ​អណ្ណាម ដោយ​ចាត់​រាជទូត​ឱ្យ​នាំ​តង្វាយ​ទៅ​ថ្វាយ​ស្តេច​ស្រុក​អណ្ណាម កាលពី​ឆ្នាំ​១១៧០ ។ ឃើញ​ថា​បាន​សេចក្តីសុខ​សាន្ត​ខាង​ប៉ែក​ខាងជើង​ហើយ ក៏​តាំង​បែរ​ត្រឡប់​ឆ្ពោះ​មក​ស្រុក​ក្រុង​កម្ពុជា​វិញ ។

ជ័យ​ឥន្ទ្រ​វរ្ម័ន​ជា​ស្តេច​លើ​ពួក​ចាម អួតអាង​ឫទ្ធានុភាព​ដូច​ជា​ក្រុង​រាពណ៍ តាំង​លើក​កងទ័ព​ដោយ​រាជរថ​ឆ្ពោះ​មក​ច្បាំង​នឹង​ប្រទេស កម្ពុជា ជា​ប្រទេស​ល្អ ឧបមា​បីដូច​ជា​ស្ថានសួគ៌ នេះ​គឺជា​សេចក្តី​ដែល​មាន​ពោល​ក្នុង​ចារឹក​នៅ​ពិមានអាកាស ។ ប៉ុន្តែ​គូសត្រូវ​មាន​ឫទ្ធានុភាព​ណាស់​ដែរ ហើយ​ការ​ប្រយុទ្ធ​នោះ​ក៏​ទៅ​ជា​មិន​ម៉ឺង​ម៉ាត់​។ ក្នុង​វេលា​នោះ ស្តេច​ជ័យ​ឥន្ទ្រ​វរ្ម័ន​ក៏​ផ្លាស់​គំនិត​ជា​ថ្មី គឺ​តាំង​លើក​មក​វាយ​ស្រុក​ខ្មែរ​ដោយ​ផ្លូវ​សមុទ្រ​វិញ​។

ក្នុង​ឆ្នាំ​១១៧៧ ក៏​ចាត់​លើក​កងទ័ពជើងទឹក​មក​ដោយ​ទូក សំពៅ​ចាម មាន​ចិន​ម្នាក់​ដែល​ជា​អ្នក​លង់​សំពៅ​នាំ​ផ្លូវ​មក លុះ​លើក​មក​ដល់​ពាម​ទន្លេមេកុង គឺ​កាត់​ឆ្ពោះ​តម្រង់​រហូត​ទៅ​ដល់​ទន្លេសាប ។ ពួក​កងទ័ព​នេះ​ចូល​លុកលុយ​មហានគរ​បាន ហើយ​ក៏​ប្រហារ​ស្តេច​ត្រី​ភូ​វនា​ទិ​ត្យ​បង់​។ កងទ័ព​ចាម​ក៏​លុកលុយ​កម្ទេច​ព្រះ​នគរ ជញ្ជូន​យក​របស់ទ្រព្យ​បានជា​ច្រើន​នាំ​យក​ទៅ ។

ក្នុង​វេលា​នោះ​រាជសម្បត្តិ​ក៏​ទៅ​ជា​ទំនេរ ហើយ​ព្រះបាទ​ជ័យ​វរ្ម័ន​ដែល​នៅ​រង់ចាំ​ពេល​បាន​១២​ឆ្នាំ ក៏​ឃើញ​ថា​ដល់​ពេល​ដែល​គួរ​របស់​ទ្រង់ ហើយ តែ​មុខ​នឹង​តាំង​ព្រះ​អង្គជា​មហាក្សត្រ ទ្រង់​តាំង​ចាត់ការ​កម្ចាត់​ពួក​ដែល​លុកលុយ​ស្រុក​ចេញពី​ព្រះ​នគរ​ជា​មុន​សិន ។ ទ្រង់​តាំង​ចេញ​ត​សង្គ្រាម​ជើង​ទឹកនឹង​ពួក​ចាម ចម្បាំង​ត្រង់នេះ​ហើយ​ដែល​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​បន្ទាយឆ្មារ គឺជា​ចម្បាំង​ដែល​ដោះ​ក្រុង​កម្ពុជា​ឱ្យ​រួច​ផុត​ស្រឡះ​ចេញពី​ខ្មាំងសត្រូវ ។

វេលា​៤​ឆ្នាំ​ត​ពី​ខ្មាំងសត្រូវ​ចូលលុក​លុយ​ស្រុក​ក្នុង​ឆ្នាំ​១១៧៧​មក គឺ​ដល់​មក​ក្នុង​ឆ្នាំ​១១៨១ ក្រុង​កម្ពុជា​បាន​សេចក្តីសុខ​ក្សេមក្សាន្ត​ឡើង​វិញ ហើយ​ព្រះបាទ​ជ័យ​វរ្ម័ន​ក៏​តាំង​ពិធី​រាជាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ​ក្នុង​ពេល​ជាមួយ​ដែល​ទ្រង់​តាំង​រៀប​ពិធី​សម្ពោធ​ទីក្រុងថ្មី​ៗ។ ក្រុង​យ​សោ​ធ​បុ​រ​គួរនា​ដូច​ជា​ស្រី​ក្រមុំ​ក្នុង​ត្រកូល​ខ្ពស់ សក្តិ​សមឥត​ទាស់​នឹង​គួរ​ស្រឡាញ់ ហើយ​រាគ​កំពុង​រោលរាល ប្រដាប់​តុបតែង​ដោយ​វាំង​មួយ ដែល​រចនា​ដោយ​ថ្ម​ដ៏​មាន​តម្លៃ ហើយ​ស្លៀកពាក់​នូវ​កំពែង​ដែល​ព័ទ្ធ​ជុំវិញ បើក​មក​រូប​សមរស​ជាមួយនឹង​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​បាន​កើត​នូវ​សេចក្តី​សុខសួស្តី​ដល់​មនុស្សជាតិ​ទាំងអស់​ក្នុង​ឱកាស​បុណ្យ​ជាទី​អឹ​ក​ធឹ​ក នៅ​ក្រោម​ឆត្រ​ជ័យ​ដែល​លើកតម្កើង​ឡើង។ នេះ​ជា​សេចក្តី​ដែល​ពោល​ក្នុង​សិលាចារឹក​ដែល​នៅ​ក្នុង​ប្រាសាទ​ជ្រុង​កំពែង​នគរ៕

 

ប្រភព៖ anarchak

error: Content is protected !!