kalib9

“សង្ហា” និង “សង្ហារ” ខុសគ្នាតែ “រ” មួយទេ តែអត្ថន័យវិញខុសគ្នាដូចមេឃហើយនិងដី

សព្វថ្ងៃនេះការប្រើប្រាស់ភាសាខ្មែរនៅលើបណ្ដាញសង្គមកាន់តែមានភាពទូលំទូលាយ និងពេញនិយម ដោយអ្នកប្រើប្រាស់ភាគច្រើនបាននាំគ្នាបោះបង់ចោលទម្លាប់ក្នុងការសរសេរជាភាសាអង់គ្លេសសំនៀងខ្មែរ មកជាអក្សរខ្មែរវិញម្ដង ។

ប៉ុន្តែអ្វីដែលជាបញ្ហាក្នុងពេលបច្ចុប្បន្ននោះគឺ អ្នកប្រើប្រាស់មួយចំនួនបានសរសេរអក្សរខ្មែរទាំងមិនត្រូវអក្ខរាវិរុទ្ធ ឬ ប្រើប្រាស់ពាក្យខុសអត្ថន័យទាំងមិនដឹងខ្លួនជាដើម ។ ជាក់ស្ដែង ពាក្យថា “សង្ហា” និង “សង្ហារ” ត្រូវបានអ្នកប្រើប្រាស់ភាគច្រើនប្រើក្នុងន័យសំដៅទៅលើបុរសដែលមានមុខមាត់និងរូបរាងស្អាត ប៉ុន្តែការពិតពាក្យទាំង ២ នេះគឺមានអត្ថន័យខុសគ្នាដូចជាមេឃហើយនឹងដី ។

  • សង្ហា (ន) ដែលរុងរឿង , មានរូបល្អអង់អាច , ឆើតឆាយ , ស្រស់ , ស្រស់បស់ ។

ឧទាហរណ៍ ៖ បុរសសង្ហា តែងខ្លួនយ៉ាងសង្ហា ។

  • សង្ហារ (ន) ការនាំយក , ការបំប្រួញ , សង្ខេប ការបំផ្លាញ ។
  • សង្ហារ (កិ) បំផ្លាញ បំបាត់បង់ ផ្ដាច់ផ្ដិល , សម្លាប់ ។

ឧទាហរណ៍ ៖ សង្ហារជីវិត (សម្លាប់ ឬ ផ្ដាច់ផ្ដិលជីវិត) ។

  • សង្ហារ (រាជសព្ទ) ត្រាសម្រាប់ក្សត្រិយ៍ , ត្រាផែនដី

ឧទាហរណ៍ ៖ បោះព្រះសង្ហារ ។

ដូចនេះចាប់ពីពេលនេះតទៅ អ្នកប្រហែលជាដឹងហើយថាគួរសរសេរ “សង្ហា” ឬ “សង្ហារ” ៕

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​