kalib9

នារីៗមិនគួរមើលរំលង វិធីសាស្ត្រការពារខ្លួនឯងដ៏ងាយ ប៉ុន្តែប្រសិទ្ធភាពខ្ពស់មួយចំនួនទាំងនេះឡើយ

១. ចងចាំកន្លែងដែលជាចំណុចខ្សោយ ឬងាយនឹងរងគ្រោះ ៖ ចំណុចងាយនឹងរងគ្រោះបំផុត គឺ ភ្នែក ច្រមុះ បំពង់ក ទ្រូង ជង្គង់ និងក្រលៀន។ អ្នកអាចវាយតបតទៅលើមនុស្សអាក្រក់ ឬជនដែលវាយប្រហារអ្នកដោយប្រើមធ្យោបាយណាមួយក៏បានដូចជា ទាត់ ធាក់ ប្រើដៃចាក់ ជាដើមតាមដែលអ្នកចង់បានទៅលើចំណុចខ្សោយនៃរាងកាយជននោះ។ តាមពិតទៅអ្នកអាចវាយតទល់នៅត្រង់ផ្នែកមួយណានៃជនអាក្រក់ក៏បាន ប៉ុន្តែការវាយចំចំណុចខ្សោយ គឺមានប្រសិទ្ធភាព និងទទួលបានលទ្ធផលវិជ្ជមានច្រើនជាង។

២. ចលនាដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុត ៖ ចលនាដ៏ល្អបំផុតមួយក្នុងចំណោមចលនាវាយការពារខ្លួនជាច្រើនដទៃទៀត គឺការចាប់កដៃ។ ប្រើដៃរបស់អ្នកម្ខាងចាប់ម្រាមកូនដៃ និងម្រាមដៃនាងរបស់ជនអាក្រក់  ហើយប្រើដៃម្ខាងទៀតចាប់ម្រាមដៃកណ្តាល និងម្រាមចង្អុល បន្ទាប់មកបត់កដៃជននោះទៅមុខ។ ក្នុងករណីប្រសិនបើអ្នកមិនអាចចាប់ដៃជនអាក្រក់ អ្នកត្រូវដាល់ជននោះ ឬប្រើម្រាមដៃរបស់អ្នកចាក់ចូលឲ្យចំកន្លែងដែលនៅចន្លោះ ឆ្អឹងដងកាំបិត និងគ្រាប់ពោន។កន្លែងច្បាស់លាស់បំផុតសម្រាប់ការវាយប្រហារតបត គឺត្រង់ក្រលៀននៃជនអាក្រក់។ ការវាយលុកតំបន់នេះនឹងធ្វើឱ្យជនអាក្រក់ដែលចង់ធ្វើបាបអ្នកកម្រើកលែងបានមួយស្របក់ ហើយអ្នកនឹងមានពេលគ្រប់គ្រាន់ដើម្បីគេចខ្លួន។

៣.​​​ ប្រសិនបើអ្នកត្រូវគេចាប់ជាប់ពីខាងមុខ ៖ ស្ថិតក្នុងស្ថានភាពនេះ អ្នកត្រូវរុញដៃទាំងសងខាងរបស់អ្នកទៅខាងមុខ ហើយក្ដាប់ដៃពីមុខឆ្អឹងត្រគាករបស់អ្នក។ ការធ្វើបែបនេះ គឺនឹងជួយបង្កើតគម្លាតគ្រប់គ្រាន់រវាងអ្នក និងជនដែលវាយប្រហារអ្នក។ បន្ទាប់មក ចាប់ផ្ដើមប្រើថ្ងាសរបស់អ្នកទង្គិចទៅលើច្រមុះជននោះ។ ការធ្វើបែបនេះនឹងធ្វើឲ្យជនដែលចង់ធ្វើបាបអ្នកថយឃ្លាតឆ្ងាយពីអ្នក បន្ទាប់មកអ្នកត្រូវលើកជង្គង់អុកឲ្យចំក្រលៀនគេ។ ប្រសិនបើនៅសល់គម្លាតខ្លះទៀតរវាងអ្នកនិងជនអាក្រក់ ក្នុងករណីនេះ គឺមានវិធីមួយដែលអ្នកអាចការពារខ្លួនឯងដោយប្រើបាតដៃរបស់អ្នក។ ប្រើដៃស្ដាំរបស់អ្នកវាយទៅលើចង្កា និងច្រមុះជននោះ រួចបន្តលើកជង្គង់អុកឲ្យចំក្រលៀន បន្ទាប់មកវាដល់ពេលដែលអ្នកត្រូវគេចខ្លួនបានហើយ។

៤. របៀបរលាស់ដៃ នៅពេលត្រូវចាប់ជាប់ ៖ អ្នកអាចរលាស់ដៃចេញពីការជាប់របស់ជនណាម្នាក់បានយ៉ាងងាយ ដោយគ្រាន់បង្វិលដៃរបស់អ្នកទៅផ្នែកម្ខាងផ្ទុយពីទិសដៅនៃមេដៃរបស់ជនដែលវាយប្រហារអ្នក បន្ទាប់មកកន្ត្រាក់ទាញដៃអ្នកចេញឱ្យខ្លាំងតាមដែលអ្នកអាចធ្វើបាន។

៥. ប្រសិនបើអ្នកត្រូវគេចាប់ជាប់ពីក្រោយ ៖ ក្នុងករណីនេះដើម្បីអាចគេចផុត អ្នកត្រូវចំកោង ឬឱនចុះឲ្យលឿនបំផុត ហើយព្យាយាមងើយវាយប្រហារទៅលើ
ជនអាក្រក់ដោយប្រើផ្នែកខាងក្រោយនៃក្បាលរបស់អ្នក។ ប៉ុន្តែ បើទោះជាអ្នកមិនអាចងើយទង្គិចក្បាលទៅជននោះក៏ដោយ ក៏ការឱនចុះអាចធ្វើឱ្យអ្នកដែលវាយប្រហារលើអ្នកដាក់ជើងរបស់គេទៅមុខ ក្នុងស្ថានភាពនេះចូរអ្នកឱនក្បាលចុះក្រោម ដើម្បីចាប់ទាញជើងជននោះម្ខាងឡើង។ នៅពេលជននោះដួល ចូរចាប់ផ្ដើមគេ​​​ចខ្លួន។

៦. ប្រសិនបើអ្នកត្រូវគេជាប់ពីចំហៀង ៖ ប្រើប្រាស់កែងដៃរបស់អ្នកវាត់ទៅលើតំបន់សៀតផ្កា ថ្កាម ឬច្រមុះ នៃជននោះ បន្ទាប់ពីនេះគេនឹងឈានថយក្រោយពីរបីជំហានជាក់ជាមិនខាន។ ក្រោយមកអ្នកត្រូវវាយឲ្យចំពោះ ឬទ្រូងជននោះបន្តទៀ់តដោយប្រើកែងដៃ។

៧. ប្រសិនបើអ្នកទៅគេរុញផ្ទប់ទៅនឹងជញ្ជាំង ៖  ក្នុងស្ថានភាពនេះអ្នកចាំបាច់ត្រូវគិតដល់កន្លែងដែលងាយនឹងរងគ្រោះបំផុតនៃរាងកាយជននោះ ហើយធ្វើការវាយត្រង់កន្លែងងាយនឹងរងគ្រោះមួយក្នុងចំណោមកន្លែងដទៃទៀត អាស្រ័យលើទីតាំងរបស់អ្នក។ ប្រសិនបើជននោះដាក់ដៃរបស់គេទាំងសងខាងឃាំងលើអ្នក ចូរប្រើបាតដៃរបស់អ្នកវាយឲ្យចំក្លៀកជននោះ។ ប្រសិនបើដៃរបស់អ្នកម្ខាងទម្លាក់ចុះក្រោមនោះ វាគឺជាឱកាសល្អមួយដែលអ្នកអាចវាយទ្រូង ក ឬថ្កាម នៃជនអាក្រក់បាន។ ប៉ុន្តែការតទល់មួយទៀតដ៏មានប្រសិទ្ធិភាព និងមានឥទ្ធិពលបំផុត គឺការប្រើក្បាលទង្គិចឲ្យចំថ្កាមជននោះ។ នៅពេលជនដែលវាយប្រហារអ្នកវង្វេងស្មារតី អ្នកនឹងអាចរត់គេចចេញទៅបាន៕

error: Content is protected !!