kalib9

ក្រុម​តារាចម្រៀង K-pop ១៦០ នាក់​នឹង​ទៅ​សម្តែង​នៅ​កូរ៉េខាងជើង​ឆាប់ៗ​នេះ​

​ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មីនា​ថា តារាចម្រៀង K-pop កូរ៉េខាងត្បូង​នឹងធ្វើ​ការប្រគំ​តន្ត្រី​ជា​លើកដំបូង​នៅ​កូរ៉េខាងជើង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ខណៈ​ភាពកក់ក្តៅ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ បានចាប់ផ្តើម​ចេញពី​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ថ្មីៗ​នេះ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​បន្ទាប់ពី​ការចរចា​អន្តរ​កូរ៉េ​នៅឯ​ប៉ុស្តិ៍​ព្រំដែន​ប៉ាន់​មុន​ជុម​បានឱ្យដឹងថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នឹង​បញ្ជូន​អ្នក​សម្តែង​សរុប ១៦០ នាក់​ទៅ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី ៣១ មីនា​ដល់​ថ្ងៃទី ៣ មេសា​។​

​ក្រុម​តារាចម្រៀង​ទាំងនេះ​នឹង​រួមបញ្ចូល​តារាចម្រៀង​ប៉ុប​ពេញនិយម ចូ យ៉ុង​ភី​ល និង​នាង​ឆ​យ ជីន​ហ៊ី ក្រុម Red Velvet និង នាង​សូ​យុន ដែលជា​សមាជិក​នៃ​ក្រុម K-pop ដ៏​ល្បីល្បាញ Girls’ Generation ។​

​លោក យូ​ន សាង ប្រធាន​គណៈប្រតិភូ​កូរ៉េខាងត្បូង​នៃ​កិច្ចចរចា​ខាងលើ បាន​និយាយប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ជ្រើសរើស​បទ​ច​ម្រៀ​ង​ដែល​ចង់បាន​ពី​ភាគី​ទាំង​២”​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និយាយថា កូរ៉េខាងជើង​បាន​អញ្ជើញ​ក្រុម​សិល្បៈ​កូរ៉េខាងត្បូង “​ដើម្បី​រក្សា​សន្ទុះ​សន្តិភាព​និង​ការផ្សះផ្សា​” ដែល​ត្រូវបាន​ជំរុញ​ដោយ​កីឡា​អូឡាំពិក​រដូវរងា និង​ត្រូវបាន​កសាងឡើង នៅពេលដែល​ប្រេសិត​ពិសេស​កូរ៉េខាងត្បូង​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ដើមខែ​នេះ​៕ ដោយ៖ កញ្ញាដាលីស

នាង​សូ​យុន សមាជិក​ក្រុម Girls’ Generation ក៏​នឹងចូលរួម​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ដែរ