kalib9

ភាពគួរឲ្យស្រលាញ់ Vs ភាពសុិចសុី (ទស្សនៈបុរសពេលសំទ្បឹងមើលនារីម្តងៗ)

ចំពោះ​មនុស្ស​ស្រី​ទាំង​ឡាយ តើ​អ្នក​មាន​ដែល​ធ្លាប់​ឆ្ងល់​ទេ​ថា ​នៅ​ពេល​ដែល​មនុស្ស​ប្រុស​ម្នាក់​​សម្លឹង​មក​អ្នក ​តើ​​គាត់​ចាត់​ទុក​អ្នក​ថា​ជា​មនុស្ស​ស្រី​គួរ​អោយ​ស្រលាញ់​ ឬ​​ជា​មនុស្ស​ស្រី​ស៊ិចស៊ី​ទៅ​? ហើយ​តើ​មាន​​ចំណុច​​អ្វី​ខ្លះ​ដែល​​ជា​ភាព​ខុស​ប្លែក​គ្នា? ថ្ងៃនេះ​ ខ្មែរអាន សូម​បក​ស្រាយ​ចំងល់​ទាំង​អស់​នេះ​ជាមួយ​នឹង​អត្ថបទ​ខាង​ក្រោម ដែល​ដក​ស្រង់​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ដោយ​ផ្ទាល់​។

មិន​ថា​យោង​ទៅ​លើ​រូបរាង សកម្មភាព បុគ្គលិក​លក្ខណៈ ឬមួយ​ក៏​ជា​ការ​និយាយ​ស្ដីនោះ​ទេ មនុស្ស​ប្រុស​​មាន​ទំនោរ​ក្នុង​ការ​បែង​ចែក​មនុស្ស​ស្រី​ជា​ពីរ​ប្រភេទ​ទីមួយ​គឺ គួរ​អោយ​ស្រលាញ់ ​ឬ​ទី​ពីរ​ ស៊ិចស៊ី។ ប៉ុន្តែ​​ចង់​សួរ​ថា​តើ​​ឃ្លា​ទាំង​ពីរ​នេះ​​មាន​ន័យ​បែប​ណា? តើ​ការដែល​ថា​មនុស្ស​ស្រី​ម្នាក់​ជា​មនុស្ស​គួរ​អោយ​ស្រលាញ់ ​គឺ​សំដៅ​ទៅ​លើ​រូបរាង ឬ​មួយ​ក៏​កាយវិការ​របស់​នាង? ប្រសិន​បើ​បុរស​ដែល​អ្នក​លួច​ស្រលាញ់​និយាយ​ប្រាប់​អ្នក​ថា​អ្នក​គួរ​អោយ​ស្រលាញ់ តើ​នេះ​មាន​​ន័យ​ថា​គេ​គ្រាន់​តែ​ចាត់​ទុក​អ្នក​ជា​ក្មេង​ស្រី​ម្នាក់​ ឬ​ត្រឹម​ជាមិត្ត​ភក្ដិ​​ម្នាក់​ទេ?

ចុះ​បើ​សិន​ជា​មនុស្ស​ប្រុស​និយាយ​ប្រាប់​អ្នក​ថា​អ្នក​ជា​មនុស្ស​ស្រី​ ដែល​ស៊ិចស៊ី តើ​នេះ​មាន​ន័យ​ថា​​អ្នក​ជាមនុស្ស​ស្រី​ចិត្ត​ងាយ ហើយ​​​គ្រាន់​តែ​ជា​គោល​ដៅ​សំរាប់​ពួកគេ​​ចង់​ទាក់​ទង​​តែ​ប៉ុណ្ណោះ​ទេ? ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​សំណួរ​ដែល​ពិបាក​ក្នុង​ការ​ស្វែង​​រក​ចំលើយ។ តោះ​បើ​អញ្ចឹង​កុំ​អោយ​ខាត​ពេល​យូរ មក​អាន​​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ដែល​យើង​បាន​ដក​ស្រង់​ខាង​ក្រោម​នេះ​ ដើម្បី​ស្វែង​រក​ចំលើយ​ទាំង​អស់​គ្នា ថាតើ​ពាក្យ​គួរ​អោយ​ស្រលាញ់​ និង​ ស៊ិចស៊ី​នេះ មាន​អត្ថន័យ​បែប​ណា​ចំពោះ​មនុស្ស​ប្រុស៖

ចំណុច​អ្វី​ខ្លះ​ដែល​បុរស​យល់​ថា​អ្នក​ជាមនុស្ស​ស្រី​គួរ​អោយ​ស្រលាញ់​?

តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ទេ​​ប្រយោគ​ដែល​​មនុស្ស​ប្រុស​​តែង​និយាយ​ប្រាប់​​មិត្តភក្ដ​ពួក​គេ​ថា រូប​គេ​មាន​មិត្តស្រី​ដែល​គួរ​អោយ​ស្រលាញ់ម្នាក់?  មនុស្ស​ស្រី​ដែល​គួរ​អោយ​ស្រលាញ់​ អត្ថន័យ​សំរាប់​មនុស្ស​ប្រុស ​គឺ​ជា​មនុស្ស​ស្រី​ដែល​ក្លាយ​មក​ពី​មិត្ត​​ទៅ​ជា​សង្សារ។ នាង​គឺ​​ជា​មនុស្ស​ស្រី​ដែល​បុរស​​យល់​ថា ស្និទ្ធស្នាល​ជាមួយ​ដូច​ជា​មិត្ត​ភក្ដ ចូល​ចិត្ត​ធ្វើ​រឿង​គួរ​អោយ​ក្នាញ់ ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​បុរស​ជា​សង្សារ​ចូល​ចិត្តធ្វើ អាច​ចូល​ចំណោម​ចុះ​ជាមួយ​នឹង​មិត្តភក្ដ​ប្រុសៗ​របស់​គេ ហើយ​នឹង​គ្មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​រឿង​គួរ​អោយ​ស្រលាញ់​ផ្សេង​ដែល​គូរ​សង្សារ​ដទៃ​ចូល​ចិត្ត​ធ្វើ ឧទាហរណ៍ដូច​ជា​ការធ្វើ​​នំ​ Cookies អោយ​មិត្ត​ប្រុស​ញ៉ាំ​ជាដើម។

ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​បុរស​​ៗ​ ចាត់​ទុក​អ្នក​ថា​ជា​មនុស្ស​​ស្រី​ដែល​គួរ​អោយ​ស្រលាញ់​ម្នាក់​៖

១) នាង​ចូល​ចិត្ត​លេង​សើច

ចំនុច​ដែល​បែង​ចែក​មនុស្ស​ស្រី​ម្នាក់​​ថាជា​មនុស្ស​ស្រី​ស៊ិចស៊ី ឬ​គួរ​អោយ​ស្រលាញ់​នោះគឺ អត្តចរិត​ក្នុង​ការ​លេង​សើច​របស់​នាង។ មនុស្ស​ស្រី​ម្នាក់​ដែល​ចូល​ចិត្ត​លេង​សើច​ច្រើន​គឺ​ពិត​ជា​ទាក់​ទាញ និង គួរ​អោយ​ស្រលាញ់។ មនុស្ស​ស្រី​បែប​នេះ​គឺ​ជា​មនុស្ស​ស្រី​ដែល​អាច​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​ និង​គួរ​អោយ​អស់​សំណើច​ជាច្រើន​ដែល​អាច​ធ្វើ​អោយ​​គូសង្សារ​របស់​នាង​​សើច​សប្បាយ និង​ហួសចិត្ត​​ដោយ​មិន​ដឹង​ខ្លួន។ ពួក​នាង​ជា​មនុស្ស​ស្រី​ដែល​​អាច​​ប្រលែង​គ្នាលេងចាក់​ក្រលេក​ ជាមួយ​នឹង​អ្នក មិន​ខ្លាច​ក្នុង​ការ​លេង​បាល់​ទាត់​ជាមួយ​នឹង​អ្នក ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ជាមួយ​នឹង​អ្នក សូម្បី​តែ​ការ​លេង​ វីដេអូ​ហ្គេម។

២) នាង​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជាមនុស្ស​ស្រី​ម្នាក់

មួយម៉ាត់​នេះ​ហាក់​ដូច​ជា​ចំលែក​បន្តិច ប៉ុន្តែ​គឺ​ចង់​មាន​ន័យ​ថា​មនុស្ស​ស្រី​ម្នាក់​គឺ​ពិត​ជា​គួរ​អោយ​ស្រលាញ់​នៅ​ពេល ដែល​នាង​បញ្ចេញ​កាយ​វិការ​ក្រមិចក្រមើម និង​ភាព​ជាមនុស្ស​ស្រី​របស់​នាង។ ​ពួក​នាង​គឺ​ពិត​ជា​គួរ​អោយ​ស្រលាញ់​នៅ​ពេល​ដែល​ពួកគេ ចូល​ចិត្ត​ប្រើ​របស់​របរ​ដែល​មាន ពណ៌​ផ្កា​ឈូក ឬ​ចូល​ចិត្ត​លេង​ជាមួយ​នឹង​តុក្កតា​ខ្លាឃ្មុំ​​។ល។

៣) នាង​មាន​ចរិត​​ស្លូត​ត្រង់

មនុស្ស​ស្រី​ដែល​គួរ​អោយ​ស្រលាញ់​គឺ​នៅ​ពេល​​ពួក​នាង​បង្ហាញ​ថា​នាង​ជាមនុស្ស​ស្លូត​ត្រង់ ហើយ​មិន​សូវ​ដឹង​ពី​រឿង​ទំនាក់​ទំនង​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី (និង​រឿង​ស៊ី​ជម្រៅ​ផ្សេងទៀត…)។

៤)​ នាង​ចូល​ចិត្ត​ប្រើ​សម្លេង​​ស្រទន់​

មនុស្ស​ប្រុស​ជា​ច្រើន​សុទ្ធ​តែ​យល់​ស្រប​ដូច​គ្នា​​ថា មនុស្ស​ស្រី​ម្នាក់​គួរ​អោយ​ស្រលាញ់នៅ​ពេល​ដែល​​ពួកនាង​និយាយ ដោយ​ប្រើ​សម្លេង​ដ៏​ស្រទន់​ពី​ធម្មជាតិ​របស់​ពួកនាង។ ឧទាហរណ៍​ដូច​ជា​សម្លេង​ដែល​ពួក​នាង​​​ចូល​ចិត្ត​ប្រើ​នៅ​ពេល​ពួក​នាង​និយាយ​ទៅ​កាន់​កូន​ក្មេង ឬ សត្វចិញ្ចឹម។ ប៉ុន្តែ​​ជា​ការ​កត់​សម្គាល់​ បើ​សិន​ជា​នាង​និយាយ​បែប​នេះ​ច្រើន​ពេក​ វា​ក៏​អាច​គួរ​អោយ​ធុញ​ទ្រាន់​ដែរ។

៥) នាង​​ចូល​ចិត្ត​ភាព​ស្និទ្ធស្នាល ប៉ុន្តែ​មិន​ស៊ី​ជម្រៅ

មូល​ហេតុ​ដែល​មនុស្ស​ប្រុស​ធម្មតា ​ភាគ​ច្រើន​គ្មាន​ទំនោរ​ចង់​ទាក់​ទង​ ជាមួយ​នឹង​នារីៗ​ដែល​ស៊ិចស៊ី​ខ្លាំងនោះ ពីព្រោះ​ពួក​នាង​មើល​ទៅ​ ទាក់​ទាញ​ខ្លាំងពេក​ (ហើយ​បង្កើត​ទៅ​ជាចំណង់​ស៊ីជម្រៅ​ផ្សេង​) លើស​ពីនេះនារី​ដែល​ស៊ិចស៊ី​ខ្លាំង​គឺ​ពិត​ជា​ត្រូវ​ចំនាយ​ កម្លាំង​កាយ​ចិត្ត​ខ្លាំង​បន្តិច​ហើយ​បើសិន​ជា​ចង់​ ទាក់​ទង​ជាមួយ​នឹង​ពួកនាង ពីព្រោះ​អ្នក​​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​​ព្រោះ​​ច្បាស់​ណាស់​ថា​ប្រាកដ​ជាមាន​ប្រុស​ផ្សេង​ទៀត​ ជាច្រើន​នាក់​ក៏​ចាប់​អារម្មណ៍​ជាមួយ​នឹង​នាង​​ដូច​គ្នា​ដែរ​។ ​ខុស​ពី​នារី​ស៊ិចស៊ី នារី​ដែល​គួរ​អោយ​ស្រលាញ់គឺ​ មាន​អត្តចរិក​​រួសរាយ​អស្ចារ្យ​ម្យ៉ាង ដែល​ផ្ដល់​ទំនុក​ចិត្ត​អោយ​​អ្នក​នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ពួក​នាង។​ បុរស​ជាច្រើន​​ប្រាកដ​ជា​យល់​ស្រប​នឹង​ចំណុច​នេះ។

៦) នាង​ចូលចិត្ត​សើច​​​ពេល​​​ស្ដាប់​អ្វី​ដែល​កំប្លែង

នៅពេល​ដែល​មនុស្ស​ស្រី​ម្នាក់​​ចូល​ចិត្ត​សើច ហើយ​ចេះ​លេង​សើច​ជាមួយ​នឹង​អ្នក​នោះ​ពួកនាង គឺ​ពិត​ជា​គួរ​អោយ​ស្រលាញ់​ខ្លាំង​មែន​ទែន។ នេះ​គឺ​ជា​អ្វីៗ​ដែល​បុរស​ភាគ​ច្រើន​ចង់​បាន​ពីគូសង្សារ​របស់​ពួកគេ។ ការ​សើច​តិចៗ​របស់​នាង​គឺ​ពិត​ជា​គួរ​អោយ​ក្នាញ់ ហើយ​គឺ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត​ខ្លាំង​បំផុត។

៧) នាង​គឺ​ជា​មនុស្ស​ស្រី​​មិន​សូវ​ចេះ​និយាយ​ស្ដី ហើយទុយមុយ

ចំណុច​នេះ​ក៏​មិន​អាច​​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នោះទេ​ ក៏​ប៉ុន្តែ​បើ​ក្រលេក​មើល​ទៅ​លើ Profile របស់​មនុស្ស​ស្រី​ប្រភេទនេះ​វិញគឺ​ពិត​ជា​មាន​អ្នក​យល់​ថា​ពួកនាង​គឺ​គួរ​អោយ​ស្រលាញ់។ ម៉្យាង​មនុស្ស​ស្រី​ដែល​​អឹម​អៀន មិន​សូវ​ចេះ​និយាយស្ដី​ត្រូវ​បាន​បុរស​យល់​ថា ជា​មនុស្ស​ស្រី​គួរ​អោយ​ស្រលាញ់​ ជាជាង​មនុស្ស​ស្រី​ស៊ិចស៊ី។ ពាក្យ​មួយ​ឃ្លា​បន្ទាប់​ទៀត​នេះ​អាចថា​រៀង​ឆោត​បន្តិច ប៉ុន្តែ​សំរាប់​បុរស​ខ្លះ ការ​ពាក់​វ៉ែនតា គ្មាន​ការ​ផាត់​មុខ ការ​ស្លៀក​សំលៀក​បំពាក់​ប្លែកៗ ការ​ចូល​ចិត្ត​លេង​ហ្គេម ទាំងអស់​នេះ​សុទ្ធ​តែ​ជា​ភាព​គួរ​អោយ​ស្រលាញ់​ម្យ៉ាង​របស់​មនុស្ស​ស្រី។

ចំណុច​អ្វី​ខ្លះ​ដែល​បុរស​យល់​ថា​អ្នក​ជាមនុស្ស​ស្រី​ស៊ិចស៊ី​?

​បើ​សិន​ជា​អាច​ជ្រើសរើស ថាតើ​មនុស្ស​ស្រី​ម្នាក់​ចង់​បាន​ភាព​គួរ​អោយស្រលាញ់ ឬ​ក៏​ភាព​ស៊ិចស៊ីនោះ ពួក​នាង​ប្រាកដ​ជា​ឆ្លើយ​ស្រប​គ្នា​ទាំងអស់​គ្នា​ថា ចង់​បាន​ភាព​ស៊ិចស៊ី​ច្រើន​ជាង​មិន​ខាន! ដូច្នេះ​​​រវាង​ភាព​ស៊ិចស៊ី និង​ភាព​គួរអោយ​ស្រលាញ់​ ចំណុច​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​មនុស្ស​ស្រី​ម្នាក់​មើល​ទៅ​ស៊ិចស៊ី? ខាងក្រោម​នេះ​ជា​​​ចំលើយ​របស់​មនុស្ស​ប្រុស​​បាន​ប្រាប់​ពី​​ ៧ចំណុច​ដែល​ពួក​គេ​ចាត់​ទុក​ថា​មនុស្ស​ស្រី​ម្នាក់​គឺ​ពិត​ជា​​ស៊ិចស៊ី​​។​ តោះ​អញ្ចឹង​មក​អាន​ជាមួយ ខ្មែរអាន ខាងក្រោម​ទាំង​អស់​គ្នា​៖

១) នាង​មាន​ភាព​ជឿជាក់​ និង មានទំនុក​ចិត្ត

​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង គឺ​មើល​ទៅ​ពិត​ជា​មាន​ភាព​ស៊ិចស៊ី​ខ្លាំង​បំផុត។ មនុស្ស​ស្រីដែល​ដឹង​ថា​​ខ្លួន​ឯង​ត្រូវ​ការ​អ្វី​ពិត​ប្រាកដ​នោះ​គឺ​ពិត​ជា​ស៊ិចស៊ី ហើយ​​មាន​ភាព​ទាក់​ទាញ​​ចំពោះ​មនុស្ស​ប្រុស​​ស្ទើរ​តែ​ទាំងអស់។ ចំនុច​ពិសេស​មួយ​ទៀត​នោះ​គឺ មនុស្ស​ស្រី​ដែល​​មាន​ទំនុក​ចិត្ត​ក្នុង​ជិវិត ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​រឿង​លើ​គ្រែ​ដូច​គ្នា ហើយ​ចំនុច​នេះ​​បុរស​គ្រប់​គ្នា​ប្រាកដ​ជា​យល់​ស្រប។

២) នាង​មាន​​​ដង​ខ្លួន​ស៊ិចស៊ី (រូបរាង​អក្សរ​ S)

មិន​ចាំ​បាច់​អធិប្បាយ​ច្រើន​ចំពោះ​ចំណុច​នេះ​​នោះ​ទេ ពីព្រោះ​បុរស​គ្រប់​រូប​ស្ទើរ​តែ​ ១០០​ភាគរយ ប្រាកដ​ជា​យល់​ស្រប​ដូច​គ្នា​ថា មនុស្ស​ស្រី​ដែល​មាន​ដងខ្លួន​អក្សរ​ S គឺ​ពិតជាមាន​ភាព​ទាក់​ទាញ និង ស៊ិចស៊ី​ខ្លាំង​បំផុត។

៣) នាង​មាន​​ភាព​វៃ​ឆ្លាត

ការ​មាន​ប្រាជ្ញា​ឬ​ភាព​វៃ​ឆ្លាត​ ក៏​ជាភាព​ស៊ិចស៊ី​មួយដែរ​ដែល​មនុស្ស​ស្រី​អាច​មាន។ បុរស​មួយ​ចំនួន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​អាន​សៀវភៅ ចេះ​ដឹង​ជ្រៅជ្រះ​ទៅលើ​បញ្ហា​អ្វី​មួយ និង​អាច​បង្រៀន​អ្នក​ផ្សេង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ភាព​ឈ្លាសវៃ​ទោះ​បី​ទាក់​ទង​នឹង​បញ្ហា​អ្វី​ក៏ដោយ នឹង​បង្កើន​ភាព​ទាក់​ទាញ​នឹង​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ប្រុស ហើយ​មើល​ទៅ​គឺ​ពិត​ជា​ស៊ិចស៊ី។

៤) នាង​​មាន​​សមត្ថភាព​អាច​ពឹងពាក់​ខ្លួន​ឯង​បាន

មនុស្ស​​ប្រុស​ខ្លះ​យល់​ថា​មនុស្ស​ស្រី​ដែល​ស៊ិចស៊ី គួរ​តែ​​ជា​មនុស្ស​ស្រី​ដែល​ឯករាជ្យ​ ហើយ​មាន​សមត្ថភាព​អាច​ពឹងពាក់​ខ្លួន​ឯង​បាន។ នេះ​គឺ​ជា​ភាព​ទាក់​ទាញ​ម៉្យាងដែល​ពួក​នាង​មាន ដោយ​អាច​សំរេច​គោល​បំណង​និង​ការងារ​របស់​ពួក​នាងបាន​ដោយ សមត្ថភាព​ខ្លួន​ឯង ចំណុច​នេះ​គឺ​ពិត​ជាស៊ិចស៊ី។

៥) នាង​មាន​ចិញ្ចើម​កោងស៊ិចស៊ី និង​កែវ​ភ្នែក​ដែល​ទាក់​ទាញ

មនុស្ស​ស្រី​​មួយ​ចំនួន​គ្រាន់​តែ​បុរស​ៗ​សម្លឹង​មុខ​របស់​នាង ពួកគេ​អាច​និយាយ​ភ្លាម​ថាមនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ពិត​ជា​ទាក់​ទាញ​ និង​ស៊ិចស៊ី។ នេះ​ក៏​ដោយ​សារ​តែ​​នារី​ខ្លះ​ ពួក​នាង​មាន​ចិញ្ចើម​ដែ​ល​កោង​ស្អាត បូក​រួម​ជាមួយ​នឹង​កែវ​ភ្នែក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ និង​ភាព​ជឿ​ជាក់​។ មនុស្ស​ភាគ​ច្រើន​និយាយ​ថា​មនុស្ស​ប្រុស​ចូល​ចិត្ត​សម្លឹង​មើល​រាង​កាយ​មនុស្ស​ស្រី​មុន​នឹង ពួក​គេ​វាយ​តម្លៃ​ថា​ពួក​នាង​ស៊ិចស៊ី ឬ​អត់ ក៏​ប៉ុន្តែ​តាម​ពិត​គឺ​មិនមែន​សុទ្ធ​តែ​បែប​នេះ​ទាំង​ស្រុង​នោះ​ទេ មនុស្ស​ប្រុស​ខ្លះ​នឹង​សម្លឹង​មើល​មុខ​របស់​នារី​ដែល​ពួកគេ​ចាប់​អារម្មណ៍​មុនគេ​បង្អស់។

​៦) នាង​មាន​សក់​ដ៏​សែន​ទាក់​ទាញ

តើ​អ្នក​មាន​ដែល​ទស្សនា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ​ពី តួ​ស្រី​ទើប​តែ​ងើប​ពីគេង ហើយ​រលាស់​សក់​របស់​នាង​ដែរ​ឬទេ? នេះ​គឺ​ជារូប​ភាព​ក្នុង​ក្ដី​ស្រមៃ​របស់​បុរស​គ្រប់​រូប នៅ​ពេល​ពួក​គេ​ក្រោក​ពី​គេង​ហើយ​សម្លឹង​មើល​ទៅ​ដៃ​គូ​របស់​ពួកគេ។

៧) នាង​មាន​ក្ដី​ស្រមៃ និង ​ងប់​ងល់​ជាមួយ​​អ្វី​ដែល​នាង​ធ្វើ

​មនុស្ស​ប្រុស​ខ្លះ​​មិន​សូវ​ជា​មើល​ពី​រូប​សម្រស់ ឬ អោយ​តម្លៃ​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ស្រី​ម្នាក់​ទេ ប៉ុន្តែ​ពួក​គេ​យល់​ថា មនុស្ស​ស្រី​ដែល​មាន​ក្ដី​ស្រមៃ និង ងប់​ងល់​ជាមួយ​នឹង​អ្វី​ដែល​ពួក​នាង​ធ្វើ គឺ​ពិត​ជា​មានភាព​ស៊ិចស៊ី​ដែល​គួរ​អោយ​ទាក់​ទាញ​ម៉្យាង។ ឧទាហរណ៍​មាន​ដូច​ជា ងប់​ងល់​ជាមួយ​នឹង​សកម្មភាព​ណាមួយ ងប់​ងល់​ជាមួយ​នឹង​តន្ត្រី និង​ក្ដី​ស្រលាញ់។ល។

ប្រភព៖ ចំណេះ