kalib9

ឃើញ​ខាង​ប្រុស​ក្រ ម្ដាយឳពុក​ខាង​ស្រី​ជួល​គ្រូ​ទាយ​ឲ្យ​និយាយ​ថា​ខុស​ថ្ងៃ​ខែ តែ ១០​ឆ្នាំ​ក្រោយ​ស្ទើរ​ក្អួត​ឈាម

មុន​រៀប​អាពាហ៍ពិពាហ៍ ចាស់​ទុំ​តែង​រក​គ្រូ​ពិនិត្យ​មើ​ក្រែង​ខុស​ខែ​ឆ្នាំ ដែល​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​យូរ​មក​ហើយ។ មិន​ខុស​គ្នា គ្រួសារ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់ បាន​រក​គ្រូ​ឲ្យ​មើល​ដែរ ប៉ុន្តែ​បែរ​ជា​ផ្ដល់​លុយ​កាក់​ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ប្រាប់​កូន​ស្រី និង​សង្សារ​របស់​កូន​ស្រី​ថា ខែ​ឆ្នាំ​មិន​ត្រូវ​គ្នា បើ​ជម្នះ​រៀប​ការ​អាច​ជួប​គ្រោះ​ធំ​ដល់​ជីវិត ធ្វើ​ឲ្យ​អ្នក​ទាំង២ បែក​គ្នា​ទាំង​នៅ​ស្រលាញ់។ ចំណែក​មូលហេតុ ដែល​ម្ដាយ​ឲ្យ​គ្រូ​ទាយ​បោក​ប្រាស់​បែប​នេះ ព្រោះ​មិន​ចង់​ឲ្យ​កូន​ស្រី ភ្ជាប់​សាច់​ឈាម​ខាង​ប្រុស ដែល​មាន​គ្រួសារ​ក្រ។

 

ដំណាល​រឿង​ដំបូង គឺ​ខាង​ប្រុស​ជា​កូន​អ្នក​ស្រែ​ចម្ការ ប៉ុន្តែ​តស៊ូ​រៀន​សូត្រ​ណាស់ រហូត​រសាត់​មក​ដល់​​ទី​ក្រុង។ រូប​គេ​បាន​រៀន​បរិញ្ញាបត្រ​ដោយសារ​អាហារូបករណ៍ ហើយ​អំឡុង​ពេល​នោះ​ក៏​បាន​ចូល​​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​សម្ភារៈ​សំណង់​មួយ​កន្លែង ដោយ​ទទួល​បាន​ប្រាក់​ខែ​មធ្យម​គ្រាន់​ទប់​ទល់​ការ​ចំណាយ​ថ្លៃ​រៀន​សូត្រ។ ពេល​ធ្វើ​ការ គេ​ជា​មនុស្ស​ឆ្លាត រៀន​សូត្រ​តិកនិក​បាន​លឿន និង​លួច​គំនិត​រក​ស៊ី​បាន​យ៉ាង​ច្រើន​ពី​អ្នក​ជំនួញ។

 

ដោយសារ​ជា​មនុស្ស​ស្លូត​បូត ឧស្សាហ៍​ព្យាយាម គេ​បាន​ទទួល​ការ​ស្រលាញ់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ជា​ពិសេស​កូន​ស្រី​តែ​ម្នាក់​គត់ របស់​អ្នក​នាំ​ចូល​សម្ភារៈ​សំណង់​នោះ​តែ​ម្ដង។ ចេញ​ចូល​ក្នុង​ហាង ភ្នែក​សម្លឹង​គ្នា​មិន​ដាក់ ការ​ស្រលាញ់​មាន​កាន់​តែ​ខ្លាំង​ឡើង ឯ​ឪពុក-ម្ដាយ សង្ស័យ​ដែរ តែ​មិន​ទាន់​និយាយ ត្បិត​អី​ស្ដាយ​បុគ្គលិក​ដ៏​ចំណាន​នេះ។ ប៉ុន្តែ​ថ្ងៃ​មួយ កូន​ស្រី​ក៏​បាន​សារភាព​ប្រាប់​ឪពុក​ម្ដាយ​ដោយ​ត្រង់ ថា​ស្រលាញ់​គ្នា​ជាមួយ​បុគ្គលិក​នោះ​តែ​ម្ដង ដោយ​បញ្ជាក់​ថា​គេ​ជា​មនុស្ស​អាច​ទុក​ចិត្ត​បាន។

 

 

ម្ដាយ-ឪពុក ដែល​ជា​ម្ចាស់​ជំនួញ មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ មិន​ហ៊ាន​ប្រកែក​នឹង​កូន​ភ្លាម​ទេ គ្រាន់​តែ​ប្រាប់​ថា​ចាំ​មើល​ថ្ងៃ​ខែ ប៉ុន្តែ​តាម​ពិត​គឺ​ដឹង​ថា​គ្រួសារ​ខាង​ប្រុស ជា​អ្នក​ស្រែ​ចម្ការ​កូន​ខ្មែរ​សុទ្ធសាធ ទើប​រក​វិធី​បំបែក​បែប​ត្រជាក់។ ថ្ងៃ​មួយ ម្ដាយ-ឪពុក បាន​នាំ​គូ​សង្សារ​នេះ ទៅ​ទាយ​មើល​គ្រូ​ដ៏​ល្បី​ឈ្មោះ​ម្នាក់។ គ្រូ​ទាយ​នោះ មើល​ភ្លាម ក៏​និយាយ​ភ្លែត ថា​កូន​ប្រុស​ឆ្នាំ​មមែ និង​កូន​ស្រី​ឆ្នាំ​រកា បើ​រៀប​ការ​រួម​រស់​ជាមួយ​គ្នា នឹង​មាន​គ្រោះ​ធំ​ដល់​ជីវិត។ អ្នក​ទាំង​២ រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ម្ដាយ​ខាង​ស្រី​ក៏​បាន​លួង​លោម​តាម​ពាក្យ​គ្រូ​ទាយ មិន​ឲ្យ​រៀប​ការ​ឡើយ។ ចំណែក​ខាង​ប្រុស ទោះ​បី​មាន​ចិត្ត​ស្រលាញ់ ក៏​មិន​ហ៊ាន​បំពាន បាន​ត្រឹម​ដក​ខ្លួន​ទាំង​សោក​ស្ដាយ បន្ទាប់​ពី​ឪពុក-ម្ដាយ​ខាង​ស្រី លួង​លោម​រួច។

 

តាម​ពិត ថ្ងៃ​ខែ អ្នក​ទាំង​២ មិន​មាន​បញ្ហា​អ្វី​ឡើយ ហើយ​បើ​តាម​ជើង​លេខ គឺ​អាច​រក​ស៊ី​ធូរធារ​ទៀត​ផង។ ប៉ុន្តែ​ដោយសារ​ម្ដាយ-ឪពុក​ខាង​ស្រី រើស​អើង​គ្រួសារ​ខាង​ប្រុស​ជា​អ្នក​ស្រែ​ចម្ការ ហើយ​ចង់​ផ្សារ​សាច់​ឈាម​ជាមួយ​អ្នក​មាន​មុខ​មាត់ សែស្រឡាយ​ចិន ផង​នោះ ក៏​បាន​ដាក់​លុយ​មួយ​ចំនួន​ឲ្យ​គ្រូ​ទាយ និយាយ​ផ្ទុយ​ការ​ពិត ដើម្បី​បំបែក​អ្នក​ទាំង២ ដោយ​វិធី​ត្រជាក់ និង​ផ្សំ​ផ្គុំ​ជាមួយ​កូន​អ្នក​ធ្វើការ​ធំ​ដំ​ម្នាក់​ទៀត ដែល​មាន​មុខ​មាត់​ក្នុង​សង្គម។

 

ខាង​ស្រី បាន​រៀប​ការ ១​ឆ្នាំ​ក្រោយ​បែក​ពី​ខាង​ប្រុស តាម​ពាក្យ​គ្រូ​ទាយ ដែល​ម្ដាយ​ជួល​ឲ្យ​និយាយ​កុហក។ ចំណែក​ប្ដី​របស់​នាង ពិត​ណាស់​ជា​កូន​អ្នក​មាន ហ៊ឺហា សព្វ​គ្រប់ ប៉ុន្តែ​ដើរ​លេង​គ្មាន​គិត​ការ​រក​ស៊ី ព្រោះ​ធ្លាប់​តែ​ពឹង​លុយ​ឪពុក​ម្ដាយ។ ច្រើន​ថ្ងៃ ច្រើន​ខែ រៀប​ការ​រួច នៅ​តែ​មិន​កែ​ខ្លួន ធ្វើ​ឲ្យ​ប្រពន្ធ​ទឹក​ភ្នែក​រាល់​ថ្ងៃ និយាយ​ប្រាប់​ម្ដាយ-ឪពុក ឈឺ​ចាប់​ស្អិត​ទ្រូង​តាម តែ​មិន​ហ៊ាន​មាត់ ខ្លាច​ខ្មាស​គេ មាន​តែ​ប្រាប់​ឲ្យ​កូន​ទ្រាំ។

 

ចំណែក​ខាង​ប្រុស​ជា​កូន​អ្នក​ក្រ​វិញ បាន​លា​ឈប់​ពី​កន្លែង​ការងារ​ក្រោយ​ពេល​បែក​គ្នា​ជាមួយ​កូន​ស្រី​របស់​ថៅកែ។ បុគ្គលិក​ដែល​ចូល​ក្រោយ​មក សុទ្ធតែ​អ្នក​មិន​ស្មោះ​ត្រង់ បន្លំ​ស៊ី​តាំង​ពី​អ្នក​កាន់​លុយ រហូត​ដល់​អ្នក​ដឹក ធ្វើ​ឲ្យ​ចំណូល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ជួន​ក្រោយ​មក មាន​គូ​ប្រជែង​ច្រើន ធ្វើ​ឲ្យ​ជំនួញ​គ្រឿង​សំណង់​ស្ទើរ​ដួល​ម្ដងៗ ដោយ​យក​លុយ​ធ្លាប់​រក​បាន​ពី​មុន មក​ទប់​ទល់​ចំណាយ​សម្រាប់​បុគ្គលិក​ប៉ុណ្ណោះ។

 

 

កូន​អ្នក​ស្រែ​ចម្ការ​នោះ បាន​ទៅ​រៀប​ការ​ជាមួយ​នារីឆ្នាំ​រកា​​ម្នាក់ ដែល​ជា​អ្នក​មាន​ជីវភាព​មធ្យម ក្រោយ​នារី​ជា​សង្សារ​មួយ​ឆ្នាំ។ ដោយសារ​ធ្លាប់​មាន​បទ​ពិសោធន៍ ដឹង​ពី​ការ​នាំ​ចូល​គ្រឿង​សំណង់ រូប​គេ​បាន​យក​ប្រាក់​សន្សំ​ពេល​ធ្វើ​ការ និង​លុយ​ឪពុក​ម្ដាយ​ខាង​ស្រី​ជួយ​ខ្លះ មក​បើក​នាំ​ចូល​គ្រឿង​សំណង់​ដែរ ហើយ​មាន​អតិថិជន​កុម្ម៉ង់​បន្តបន្ទាប់ ព្រោះ​ចេះ​តិកនិក​ច្រើន និង​រួសរាយ​ដាក់​អ្នក​ទិញ។ ក្រោយ​មក គេ​បាន​នាំ​ចូល​គ្រឿង​អគ្គិសនី​ទៀត រហូត​រក​លុយ​ទិញ​បាន​ផ្ទះ និង​ឡាន​ស៊េរី​ទំនើប​ជិះ។

 

រយៈ​ពេល ៥​ឆ្នាំ​ក្រោយ ជំនួញ​កាន់​តែ​ជោគជ័យ គេ​បាន​បើក​ជា​ក្រុមហ៊ុន​នាំ​ចូល​សម្ភារៈ​សំណង់​តែ​ម្ដង ដោយ​នាំ​ចូល​ច្រើន​ជាង ហាង​ដែល​ថៅកែ​ខ្លួន​ធ្លាប់​នាំ​ចូល​ទៅ​ទៀត។ ថ្ងៃ​មួយ ក្រុមហ៊ុន​ចាស់​ដែល​គេ​ធ្លាប់​ធ្វើ​ការ​ឲ្យ មាន​បំណង​ចង់​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ថ្មី​នេះ គ្រាន់​បាន​ដោះ​ដូរ​ទំនិញ​គ្នា​ខ្លះ ដោយ​មិន​ដឹង​ថា​​ថៅកែ​ជា​អតីត​បុគ្គលិក​របស់​ខ្លួន​ឡើយ។ គ្រាន់​តែ​ណាត់​ជួប ឃើញ​មុខ​ថៅកែ​ភ្លាម ទាំង​ប្ដី-ប្រពន្ធ ដែល​ធ្លាប់​រើស​អើង​បុគ្គលិក​ថា​មក​ពី​ស្រែ បាន​ប្រែ​ជា​កោត​ស្ញប់​ស្ញែង ព្រោះ​មិន​នឹក​ស្មាន​ថា គេ​ជា​មនុស្ស​ឆ្លាត រក​ស៊ី​ឡើង​លឿន​យ៉ាង​នេះ។ មិន​ត្រឹម​តែ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជា​បណ្ដាញ កូន​អ្នក​ស្រែ​ចម្ការ​មាន​ភព្វ​ឡើង​ជា​ថៅកែ ក៏​បាន​ជំរុញ​ឲ្យ​ថៅកែ​ចាស់​របស់​ខ្លួន យក​គ្រឿង​អគ្គិសនី​លក់​បន្ថែម​ទៀត។

 

ទៅ​ដល់​ផ្ទះ​វិញ ទាំង​ប្ដី-ប្រពន្ធ នាំ​គ្នា​នឹក​ស្ដាយ​ក្រោយ ដែល​យក​កូន​ទៅ​ឲ្យ​រង​ទុក្ខ​លំបាក​ជាមួយ​កូន​អ្នក​មាន តែ​គ្មាន​កំណើត គ្មាន​គំនិត​រក​ស៊ី។ ចំណែក​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្លួន​ចម្រុង​ចម្រើន ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម បែរ​ជា​រើស​អើង​ថា​ក្រ ទាំង​មិន​ដឹង​អនាគត​ច្បាស់។ រឹត​តែ​ស្ដាយ​ក្រោយ គឺ​ជួល​គ្រូ​ទាយ​និយាយ​កុហក ទាំង​កូន​ស្រី​ស្រលាញ់​ខ្លាំង។ ចំណែក​កូន​ស្រី ដែល​មើល​ថ្ងៃ​ខែ ជា​មួយ​កូន​អ្នក​មាន​ថា​ល្អ​នោះ រៀប​ការ​បាន​ត្រឹម ៩​ឆ្នាំ ក៏​លែង​លះ​គ្នា​វិញ​ទាំង​ឈឺ​ចាប់ ព្រោះ​មិន​អាច​ទ្រាំ​បាន​ត​ទៅ​ទៀត។

 

តម្លៃ​អប់​រំ​នៃ​រឿង​នេះ៖ អ្នក​អាច​មើល​ឃើញ​អតីតកាល និង​បច្ចុប្បន្ន​កាល​របស់​មនុស្ស​ម្នាក់ តែ​មិន​អាច​មើល​ឃើញ​ពី​អនាគត​របស់​គេ​ឡើយ។ តើ​មាន​លុយ​ច្រើន​ដើម្បី​អ្វី បើ​គ្មាន​សុភមង្គល​ក្នុង​ជីវិត។ អ្នក​ខ្លះ​បង្ខំ​កូន​ស្រី​រៀប​ការ​ជាមួយ​កូន​អ្នក​មាន ពេល​ជួប​ទុក្ខ​លំបាក ទើប​ភ្ញាក់​ខ្លួន​ស្ដាយ​ក្រោយ អាណិត​ស្រណោះ​កូន​ស្រី​ខ្លួន​ឯង។

 

កូន​អ្នក​ក្រ មិន​មែន​សុទ្ធ​តែ​គ្មាន​គំនិត​នោះ​ទេ អ្នក​ខ្លះ​ងើប​ពី​ក្រ ទើប​ប្រឹង​តស៊ូ​ពុះ​ពារ​គ្រប់​ឧបសគ្គ ដើម្បី​ឆ្លង​ឲ្យ​ផុត​ពី​ការ​លំបាក​ទាំង​នោះ។ បើ​ឃើញ​ចរិត​គេ​ល្អ គួរ​ផ្ដល់​ឱកាស ឬ​គិត​ពី​សុភមង្គល និង​ការ​ស្រលាញ់​របស់​កូន។ បច្ចុប្បន្ន​ឪពុក-ម្ដាយ​ច្រើន​តែ​និយាយ​ថា “ផ្ដល់​ឱកាស​ឲ្យ​កូន​ជ្រើស​រើស” ព្រោះ​មិន​ចង់​សម្រេច​ខុស​នេះ​ឯង៕

error: Content is protected !!